បទល្មើសព្រៃឈើ​ជាង​៣០០​ករណី​ទៀត​ត្រូវ​បាន​​គេ​ទម្លាយ​ក្រោយ​ក្រសួង​បដិ​សេធ

សហគមន៍ជនជាតិដើមកួយ​ខេត្ត​ព្រះ​វិហារ បាន​បញ្ចេញ​ភស្តុតាង​បទ​ល្មើស​ព្រៃឈើ​ជាង​ ៣០០​ករណីដែល​អះ​​អាង​ថា បាន​កើត​ឡើង​ថ្មីៗ​​នៅ​ក្នុង​តំបន់​ការ​ពារ​ព្រៃ​ព្រះ​រការ ក្រោយ​ពី​មន្ទីរ​បរិស្ថាន​ខេត្ត​នេះ បាន​ទម្លាក់​កំ​ហុ​ស​​​​លើ​​សកម្ម​ជន​​ព្រៃឈើ លោក ម៉ា ចិត្រា ​​ថា​មាន​ចេតនា​ញុះ​ញង់ ធ្វើ​ឱ្យ​ប៉ះ​ពាល់​មុខ​មាត់​រដ្ឋាភិ​បាល។

សហគមន៍​ជនជាតិដើម​ភាគតិច​​កួយ ឃុំ​ប្រមេរ ស្រុក​ត្បែង​មាន​ជ័យ ខេត្ត​ព្រះ​វិហារ កា​​ល​ពី​ថ្ងៃ​ទី១​២ ខែ​ឧសភា បាន​បញ្ចេញ​ភស្តុតាង​នៃ​បទ​ល្មើស​កាប់​ឈើ​ជាង​ ៣០០ករណី កើត​ឡើង​ក្នុង​ដែន​ជម្រក​សត្វ​​ព្រៃ​ព្រៃ​​ព្រះរការ ខេត្ត​ព្រះ​វិហារ។

ប្រភពនោះ សំអាង​ថា ភស្តុតាង​ទាំង​នេះ បាន​ពី​ការ​ចុះ​ល្បាត កាល​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ២០២៥ ដោយ​ប្រទះ​ឃើញ​បទ​ល្មើស​ចំនួន​ ៣៣៤​ករណី និង​ទី​កន្លែង​បោះ​តង់​អ្នក​អារ​ឈើ ឡាម​ម៉ាស៊ីនអារ​ឈើ និង​សម្ភារ​ជួស​ជុល​ម៉ាស៊ីន ស្ថិត​នៅ​ចំនុច​ជាំ​ទឹក​ខ្មៅ អូរ​ស្កាច អូររំស៊ែ។

ប្រភពអះអាងថា ឈើ​ដែលត្រូវរងការកាប់បំផ្លាញមាន​មុខកា​ត់​ចាប់​ពី​ ២៥សម ដល់​១៧៨​សម ដែល​ក្នុងនោះ​មាន​ប្រភេទ​ឈើ ផ្តៀក ឈើទាល ដើមរាង ឈើក្រម ត្រសេក និង​គគី ជាដើម។

ពួកគេនិយាយក្នុងសេចក្តីថ្លែងការណ៍នោះ​ថា ជា​ការ​សោក​ស្តាយ​ជា​ខ្លាំង ចំពោះ​ការ​អនុវត្ត​ផែន​ការ​ចុះល្បាត​ការ​ពារ​ព្រៃ​ពី​សំណាក់​ក្រសួង​បរិស្ថាន មិន​អាច​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​បាន។

សម្រាប់សហគមន៍ជនជាតិដើមកួយ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ នៅ​តែ​បន្ត​កើត​មាន​បែប​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​​ពី​​កង្វះ​សមត្ថ​ភាព និង​ឆន្ទៈ​ក្នុង​ការ​ការ​ពារ​ព្រៃឈើ ធន​ធាន​ធម្មជាតិ ពី​សំណាក់​ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ពាក់​ព័ន្ធ។

បញ្ហានេះ វាបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​មក​លើជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ បរិស្ថាន និង​ទំនៀមទម្លាប់​របស់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ខេត្ត​ព្រះវិហារ​ជាខ្លាំង។

សហគមន៍​ ស្នើ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការរា​រាំង​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចូល​រួម​ចំណែក​ការ​ពា​រ​ព្រៃ​ឈើ ធនធានធម្មជាតិ របស់​ប្រជាពលរដ្ឋ​មូល​ដ្ឋាន ជន​ជាតិ​ដើម​ភាគ​តិច និង​សាធារណជន។ លើសពីនេះ ត្រូវបង្កបរិយាកា​ស​ល្អដល់​សហគមន៍​​​មូល​ដ្ឋាន អង្គ​ការ​សង្គម​ស៊ីវិល ក្នុង​ការ​រួម​ចំណែក​ធ្វើ​សកម្ម​ភាព​ដើម្បី​ការ​ពារ ​ថែ​រក្សា និង​អភិរក្ស​ព្រៃ​ឈើ ធនធាន​ធម្មជាតិ ដែល​ជា​សម្បត្តិ​រួម​របស់​យើង​ទាំង​អស់​គ្នា។

បន្ថែមពីនេះ ពួកគេ ជំរុញឱ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ចុះ​ពិនិត្យ​ដោយ​ផ្ទាល់​ក្នុង​ព្រៃការ​ពារ ជាជាង​ចាំ​តែ​យក​របាយ​ការណ៍​ពីមន្ត្រី​ថ្នាក់​ក្រោម ដែល​អាច​មិន​មាន​ព័ត៌មាន​ពិត​ពី​ការ​បំផ្លាញធ​ន​​ធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មួយនេះ។

លើសពីនេះ តំណាងសហគមន៍ជនជាតិដើមភាគតិចកួយ ស្រុក​ត្បែង​មាន​ជ័យ អ្នកស្រី សុក មឿន ប្រាប់​VOD​នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា​នេះ​ថា ពួកគាត់​១៥​នាក់ បាន​ឆ្មក់​ចុះ​ល្បាត​រក​ឃើញ​បទ​ល្មើស​លួច​កាប់បំផ្លាញ​ព្រៃឈើ​ច្រើន​រយ​ករណី ដូចបា​ន​បង្ហាញ​ក្នុង​សេចក្តី​ថ្លែង​ការណ៍។

អ្នកស្រីអះអាងថា បទល្មើសកាប់បំផ្លាញព្រៃឈើក្នុ​ង​តំបន់​ព្រៃ​ការ​ពារ​ព្រៃ​ព្រះ​រការ នៅតែ​បន្ត​រង​ការ​កាប់បំផ្លាញ​យ៉ាង​គំហុក ហាក់​គ្មាន​ការ​ជួយ​ទប់​ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​នោះ​ទេ។

ម្យ៉ាងវិញទៀត អ្នកស្រី​សោក​ស្តាយ​ចំពោះ​ទង្វើ​ចោទ​ប្រកាន់​របស់​មន្រ្តី​បរិស្ថាន​ខេត្ត​ព្រះវិហារ​លើ​សកម្មជន​ព្រៃ​ឈើ លោ​ក ម៉ា ចិត្រា ថាជា​រឿ​ង​មិន​ពិត ជា​ចេតនា​គំរាម​គា​ត់ មិន​ឱ្យ​ការ​ពារ​ព្រៃឈើ​ប៉ុណ្ណោះ។

អ្នកស្រីថា៖ «ខាងក្រសួងបរិស្ថាន​ហេតុអ្វី​ចោទ លោក ម៉ា ចិត្រា ចេញ​របាយ​ការណ៍​មិន​ពិត មិន​មែន​មិន​ពិត​ទេ គេ​ចុះមើល​ល្បាត​ត្រឹម​ត្រូវ​របស់​គេ​ណាស់ មិន​មែន​ដើ​មឈើ​ពី​ឆ្នាំ​ណា​អីណា ក្នុង​ឆ្នាំ​នេះ​ឯង មិន​មែន​តិច​ដើម​ទេ ប្រហែល​​ជា​ ៣-៤០០​ដើម ឬ​៥-៦-៧០០​ដើម​ផង មិន​ទាន់រាប់​អស់​ណា នៅ​ឆ្នាំ​នេះ​ឯង។ ខ្ញុំ​គាំទ្រ​ថា​អត់​ពិត​ទេ គឺ​លោក​ ម៉ា ចិត្រា គាត់​ធ្វើត្រូវ​របស់​គាត់​ហើយ គាត់​មិន​បាន​បំភ្លៃ​ព័ត៌មាន​មិន​ពិត​នោះ​ទេ ព្រោះ​អស់​ខ្ញុំ​ដើរ​ចុះ​ល្បាត​រក​ឃើញ​បទ​ល្មើស​​មែន»។

តំណាងសហគមន៍ព្រៃព្រះរការ​ម្នាក់​ទៀត គឺ​លោក ខាក់ ភារិទ្ធ​ម៉ាស៊ី និយាយ​ថា ការ​បង្ហោះ​បទល្មើស​ថ្មីៗ​ជិត​៤០០​ករណី​​ទៀត​​នេះ ដើម្បី​បញ្ជាក់​ថា បទ​ល្មើស​ព្រៃឈើ​ក្នុង​តំប​ន់​ព្រៃ​ព្រះ​រការ​ពិត​ជា​រង​ការ​កាប់​បំផ្លាញ។

លោកបន្តថា ការបង្ហាញ​ភស្តុតាងបទល្មើសនេះ ចង់​បញ្ជាក់​ផង​ដែរ​ថា ការ​ចោទ​ប្រកាន់​សកម្មជន​ព្រៃ​ឈើ លោក ម៉ា ចិត្រា ថាប​ង្ហោះ​ព័ត៌មាន​មិន​ពិត​នោះ មិន​​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ទេ។

តែផ្ទុយទៅវិញ លោក​ថា បទ​ល្មើស​កាប់​ឈើ ក្នុង​ព្រៃ​ព្រះ​រការ​នេះ កើត​ឡើង​ច្រើន​ជាង លោក ចិត្រា បង្ហោះ​ទៅ​ទៀត។

លើសពីនេះ លោក​ចង់​ឱ្យ​មន្ត្រី​ថ្នាក់​ជាតិ ចុះ​មក​ដល់​កន្លែង​បទ​ល្មើស ដើម្បី​ឱ្យ​ដឹង​ថា សកម្មជនព្រៃ​ឈើ​អ្នក​ប្រឌិត​រឿង ឬ​អាជ្ញាធរ​ពាក់​ព័ន្ធ​របស់​ក្រសួង ជា​អ្នក​ភូត​កុហក់​ថ្នាក់​លើ ដើម្បី​តែ​ផលប្រយោជន៍​គប់​គិត​ជាមួយ​ជន​ល្មើស ឬ​ចុះ​ជួប​សហគមន៍​ក៏​បាន ។

លោកថា៖ «សម្រាប់ខ្ញុំ​ពិតជា​មាន​ការសោកស្ដាយមែនទែន ដោយ​សា​រ​ព្រៃ​ឈើ​ជាច្រើន​ដេក​ដួល​ពេញ​ព្រៃ​ ហើយ​អត់​មាន​មន្ត្រី​បរិស្ថាន​ណា​ទៅ​អើ​ពើ​ គឺ​ធ្វើ​ដូច​អត់​មាន​រឿ​ង​អី​នៅ​ក្នុង​ព្រៃ​អ៊ីចឹង ព្រោះ​ខ្ញុំ​បាន​ដឹង​ថា​បរិស្ថាន​គាត់​ទៅ​ដល់​ថ្ងៃ​ហ្នឹង​ ទៅ​តែ​គាត់​អត់​ចូល​ទៅ​ដល់​កន្លែង​បទ​ល្មើស​កាប់​ទេ ពួក​គាត់​នៅ​ក្បែរៗ​តែ​នៅ​ខាង​ក្រៅ អត់​ហ៊ាន​ចូល​ទៅ​ដល់​កន្លែង​កាប់ឈើ​ទេ អ៊ីចឹ​ង​ខ្ញុំគិត​ថា​ពួក​គាត់​អត់​មាន​ឆន្ទៈ​ក្នុង​ការ​ចូល​រួម​ការ​ពារ​ព្រៃឈើ​ទេ បើ​នៅ​តែ​បណ្ដែត​បណ្ដោយ​អ៊ីចឹង​ទេ ព្រៃ​ឈើមើ​ល​ទៅ​អត់​គង់​ទេ បើ​ដោយ​សារ​មន្ត្រី​អត់​មាន​ឆន្ទៈ​ក្នុង​ការ​ចូល​រួម​ការ​ពារ​ផង​ហ្នឹង»។

កាល​ពី​ថ្ងៃទី​១០ ខែ​ឧសភា ក្រសួង​បរិស្ថាន តាម​​រ​យៈ​​មន្ទី​​របរិស្ថាន​​ខេត្ត​​ព្រះ​​វិហារ បាន​ចេញ​​លិខិត​បដិសេធ​ចំពោះ​ការ​អះអាង​របស់ លោក ម៉ា ចិត្រា ដែល​ថា មាន​បទ​ល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការ​ពារ​ព្រៃ​ព្រះ​រការ។

ក្រសួងចាត់ទុកថា ការអះអាងនេះ ជារូបភាព​នៃ​បទ​ល្មើស​ចាស់ ​មាន​​ចរិត​ញុះ​ញង់​​បង្ក​​បញ្ហា​នានា​ក្នុង​​សង្គម ប៉ះពាល់​មុខ​មាត់​ថ្នាក់​ដឹកនាំ និង​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​ផង​ដែរ។

លើសពីនេះ ក្រសួងថា លោក ម៉ា ចិត្រា តែង​តែចូល​ធ្វើ​​សកម្ម​​ភាព ក្នុង​​តំបន់​​ការ​ពារ​ដោយ​​គ្មាន​ច្បាប់​អនុ​ញ្ញាត បាន​​បង្កើត​ព័ត៌មាន​មិន​ពិត ដើម្បី​បម្រើ​ឱ្យ​នយោបាយ​របស់​ក្រុម​អគតិ​​ក្រៅ​ច្បាប់​នៅ​​ក្រៅ​​ប្រទេស ខណៈការចោទនេះ ទាំង​ក្រសួង​​មិន​​ទាន់​​បាន​បើក​​ការ​​ស៊ើប​​អង្កេត​រក​ការ​ពិតនៅ​ឡើយ។

ជុំវិញ​បញ្ហា​នេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួ​ន សូរីដា និយាយ​ថា នេះជា​ភាព​​អាម៉ាសធំធេងណាស់​របស់​ក្រសួង​បរិស្ថាន ដែល​ចេះ​តែ​បដិសេធ និង​ច្រាន​ចោល គ្មាន​ការ​សិក្សាស្រាវ​ជ្រាវ​ជាមុន។

លោកបន្តថា ការបង្ហាញភស្តុតាងបទល្មើសថ្មីច្រើន​រយ​ករណី​របស់​សហគមន៍​នេះ ហាក់​បានបក​អាក្រាត​ទ​ង្វើ​ទុច្ចរិត​របស់​ជន​ខិល​ខូច ។

សម្រាប់លោក សូរីដា យល់ថា ក្រោម​ការដឹកនាំ​របស់​បក្ស​កាន់​អំណាច​នេះ គឺ​គ្មាន​ទំនួល​ខុសត្រូវ​ចំពោះ​ជោគ​វាសនា​ប្រទេស​ជាតិ មាតុ​ភូមិ និង​ប្រជាជន​ខ្លួន ព្រម​ទាំង​សម្បត្តិ​ធម្មជាតិ​របស់ដូន​តា​នោះ​ទេ។

លោកថា៖ «វាជារឿង​អាម៉ាស់ ជារឿងអាម៉ាស់​ពិតប្រាកដហើយ ហើយ​ក៏​ជា​រឿង​កម្សោយ​នៃ​ការ​ដឹក​នាំ​របស់​ខ្លួន​ដែរ នៅ​ពេល​ដែល​សមត្ថ​កិច្ច​ដែល​ជា​ក្រសួង​ជំនាញ​ជាក់​ស្តែង​ ដូច​ក្រសួង​បរិស្ថាន ដែល​ធ្វើ​កិច្ច​ការ​នៅ​ក្នុង​ការ​ការ​ពារ​ព្រៃ​ឈើហើយ​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន បែរ​ទៅ​ជា​ប្រជាពលរដ្ឋ​ ឬ​សកម្មជន​ដីធ្លី​គាត់​មាន​ឆន្ទៈ​ ឬ​ក៏​ទឹក​ចិត្ត​នៅ​ក្នុង​ការ​ការ​ពារព្រៃ​ឈើ​ទៅ​វិញ ហើយ​នៅ​ពេល​ដែល​ព្រៃឈើនៅ​ក្នុង​ដែន​ការ​ពារ​របស់​ក្រសួង​បរិស្ថាន ប៉ុន្តែ​មិន​បាន​បំពេញ​តួនាទី​របស់​ខ្លួន​ បែរ​​​ជាត្រូវ​បាន​បំផ្លិច​បំផ្លាញ ​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្លួន​ចេញ​មុខ​បដិសេធ​ទៅ​ទៀត អាហ្នឹងជាភាព​អាម៉ាស់​ខ្លាំងណាស់​ក្នុង​ការ​ដឹក​នាំ​របស់​ក្រសួង​បរិស្ថាន»។

VOD មិនទអាចទាក់ទងប្រធានមន្ទីរបរិស្ថាន​ខេត្តព្រះវិហារ លោក សុង ចន្ទសុជាតិ ដើម្បី​​សុំប្រតិ​កម្ម​ជុំវិញ​ការ​រក​ឃើញ​របស់​សហគមន៍​ជាតិ​ជាតិ​ដើម​ភាគ​តិច​កួយ​នេះ​បាន​ទេ។

យ៉ាងណា អ្នកនាំពាក្យក្រសួងបរិស្ថាន ខ្វៃ អាទិត្យា ប្រាប់ VOD កាលពីថ្ងៃទី១២ខែឧសភាថា កិច្ចការ​​ការ​ពារ​ធន​ធាន​​ធម្ម​ជាតិ ចាំបាច់​​ត្រូវ​ការ​​ចូល​រួម​​ពី​​គ្រប់​​ភាគី ដើម្បី​ថែ​រក្សា​ព្រៃ​ឈើ ក្នុង​នោះសហគមន៍​​តំបន់​ការ​ពារ ត្រូវ​សហការ​​ជាមួយ​​មន្រ្តី​មាន​​សមត្ថ​កិច្ច ដើម្បី​​រាយ​ការណ៍​​ពី​​បទ​ល្មើសព្រៃ​​ឈើ។

សកម្មជនព្រៃឈើដែលរងការចោទ​ប្រកាន់​ គឺ​លោក ម៉ា ចិត្រា និយាយ​ថា ការ​បង្ហាញ​ភស្តុ​តាងយ៉ាង​ច្រើន​ខាង​លើ​នេះ ឆ្លុះ​បញ្ចាំង​ថា លោក​មិន​បាន​និយាយ​ប្រឌិត ឬ​ញុះ​ញង់​នោះ​ទេ។

លោក​បន្តថា ក្រសួងបរិស្ថាន ឬមន្ទីរបរិស្ថាន​ខេត្ត ​គួរ​តែ​រៀន​ទទួល​ស្គាល់​ការ​ពិត ដើម្បី​រួម​គ្នាទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ ជាជាង​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្តុតាង បង្ក​ភាព​អាម៉ាស​ដល់ថ្នាក់​ដឹកនាំ​របស់​ខ្លួន។

លោកថា៖ «អ្វីដែលខាងមន្ទីរបរិស្ថាន​ខេត្តព្រះវិហា​រ គាត់​ចេញ​លិខិត​ហ្នឹង ខ្ញុំ​មើល​ទៅ​គាត់​ចេះ​តែ​ចេញ​ឲ្យ​តែ​បាន ខ្លាច​មាន​ការ​ស្ដី​បន្ទោស​ពី​ថ្នាក់​លើ ហើយ​ការ​ពិត​នៅ​តែ​ជា​ការ​ពិត​បទ​ល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ដែន​ជម្រក​ការ​ពារ​សត្វ​ព្រៃ​ព្រះ​រការហ្នឹ​ង ​គឺ​វា​កើត​មាន​ពិត​ប្រាកដ ដូច​ដែល​ខ្ញុំបាន​ចុះ​ទៅ​ធ្វើ​វីដេអូ​ ខ្ញុំ​ទៅថត​វីដេអូ​ហ្នឹង ហើយ​ខ្ញុំ​មិន​ចេះ​កាត់​តរូប​ភាព ហើយ​ក៏មិន​ចេះ​កាត់​តដាក់​ថ្ងៃ​ខែ ដាក់​និយាម​កាល​ ឬ GPS​អ្វី​នោះ​ដែរ អ៊ីចឹ​ង​ហើ​យ​ខ្ញុំ​មើល​ថា​ការ​ចេញ​លិខិត​នេះ​ ជា​ការ​គ្មាន​ការទទួល​ខុស​ត្រូវ​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិ​ហារ​នោះ​ទេ»។

យ៉ាងណា បើគេសង្គេតពីការសិក្សា​នានា ដែល​រក​ឃើញ​ដោយ​ស្ថាប័ន​ល្បីៗ​របស់​ស្ថាប័ន​អន្តរជាតិ​ជិត​១០​ឆ្នាំ​ទៅ​នេះ បទ​​ល្មើស​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា មិន​ថយ​ចុះ​ទេ ទោះ​រដ្ឋាភិ​បាល​បាន​​ដាក់​តំបន់​នេះ​ជា​តំបន់​ព្រៃ​ការ​ពារ​ក្តី។

យោងតាមរបាយការណ៍ស្រាវជ្រាវ និងការវិភាគ​​លើ​​រូប​ភាព​ផ្កាយ​​រណប ដែល​​ចេញ​ផ្សាយ​ដោយ​​ម៉ុង​​ហ្គាបេ កាល​​ពី​​​​ខែ​​មេសា ឆ្នាំ​២០២៤ ប្រទេស​​កម្ពុជា​​បាន​បាត់​​បង់​ព្រៃ​ឈើ​ក្នុង​​ឆ្នាំ២០២៣ ប្រមាណ​​ជាង ១២​​ម៉ឺន​​ហិកតា​ ( ១២១ ០០០​ហិកតា)។

ការបាត់​បង់នេះ ដោយ​សារ​តែកា​រ​រកស៊ី​វិនិយោគ​ ដូច​ជា អាជីវកម្ម​​រ៉ែ​មាស និង​​រ៉ែ​ដែក ការ​​ធ្វើ​ទំនប់​​វារី​អគ្គិសនី និង​ការ​កាប់​ឈើខុស​ច្បាប់​ជាច្រើន ក្នុង​នោះ មាន​ជាង​ពាក់​កណ្តាល​​​ជា​ព្រៃឈើ ដែល​ស្ថិត​ក្នុង​តំបន់​ការ​ពារ​ដែ​ន​ជម្រក​សត្វ​ព្រៃ​ការពារ​ ដោយ​សារ​ការ​ពង្រីក​​អណ្តូង​​រ៉ែ​មាស​គ្រប់​​គ្រង​​ដោយ​​ចិន និង​ការ​បើក​អណ្តូង​រ៉ែ​​ដែ​ក​ ដែល​ជា​​កម្ម​សិទ្ធិ​របស់​ឈ្មួញ​​ឈើ ​អ្នក​ឧកញ៉ា ទ្រី ភាព។

ដោយឡែក លោក ទ្រី ភាព ដែលឈ្មោះអាស្រូវខាងបំផ្លាញព្រៃឈើដែលស្ថាប័នអន្តរជាតិរកឃើញនេះ មិនត្រូវបានចាត់វិធានការច្បាប់ទេ តែគាត់ត្រូវបានតែងតាំងជាទីប្រឹក្សាមេដឹកនាំកំពូល​ទៅវិញ។

ទាំងនេះជំរុញឱ្យមានការលើកឡើងថា វប្បធម៌​នីទណ្ឌ​ភាព ជា​មូល​ហេតុ​ចម្បង​ជំរុញ​ឱ្យ​មាន​បទ​ល្មើស​ធ​​នធាន​ធម្មជាតិ​​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​គំហុក ហើយ​មន្ត្រី​ខិល​ខូច និង​យក​ឱកាស​នេះ ទម្លាក់​កំហុស​ដាក់​អ្នក​កា​​រពារ​ព្រៃឈើ ដើម្បី​បិទ​បាំង​ទង្វើ​ទុចរិត​របស់​ខ្លួន ដោយ​គប់​គិត​គ្នាជា​ប្រព័ន្ធ ចេញ​លិខិត​បដិសេធ​មួយ​សន្លឹ​​ក​ក៏​រួច​ខ្លួន ដែល​បង្ក​ឱ្យ​អ្នក​ការ​ពារ​ព្រៃឈើ ពេល​ខ្លះក្លាយ​ជា​ជន​ជាប់​ចោទ​ក៏​មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ