សភា​លើក​ដៃ​​យក​លុយ​រាស្ត្រ​ជិត​១លាន​ដុល្លារ​​ក្នុង​​១​ខែ​​តែ​ឱប​​ដៃ​​មើល​​រាស្ត្រ​​រង​គ្រោះ​ពី​ប្រព័ន្ធ​យុត្តិ​ធម៌

តំណាងរាស្រ្តជិត ២០០​នាក់ ស៊ី​ប្រាក់​ខែ​រាស្រ្ត​ម្នាក់​ ៥ពាន់​ដុល្លារ​ក្នុង​មួយ​ខែ រង​ការ​រិះ​គន់​ថា បន្ត​ឱប​ដៃ​មើល​ម្ចាស់​ឆ្នោត​​​ច្រើន​លាន​នាក់​រង​គ្រោះពី​ប្រព័ន្ធ​យុត្តិ​ធម៌ បើ​ទោះ​បី​អ្នក​រង​គ្រោះចាញ់​ក្រុម​ឧក​ញ៉ា​ខ្លះ​បាន​ស្លាប់​ជា​បន្ត​បន្ទាប់ ដោយ​សារ​វិបត្តិ​បំណុល ក៏​ព្រោះ​តែ​យុត្តិធម៌​ពួក​គេត្រូវ​បាន​តុលាការ​បោះ​​​ចោល​ក្តី ។

តំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ លោក ម៉ែន សុថាវរិន្ទ និយាយ​ថា តំណាង​រាស្រ្ត​គឺ​ជា​អ្នក​បង្កើត​ច្បាប់ ឃ្លាំ​មើល​ការ​អនុវត្ត​ច្បាប់ បើ​ការ​អនុវត្ត​មាន​ភាព​មិន​ប្រត្រតី មាន​ចន្លោះ​ប្រហោង​ ប៉ះ​ពាល់​ដល់​សិទ្ធិ​ពលរដ្ឋ តំណាស្រ្ត​រាស្រ្ត​មាន​សិទ្ធិ​ហៅ​មន្រ្តី​ទាំង​នោះ​សាក​សួរ ឬ​អាច​ហៅ​មកស្តី​បន្ទោស​ជាដើម។

បន្ថែមលើនេះ លោក​ថា តំណាង​រាស្រ្ត​ត្រូវ​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​រាស្រ្ត​ជា​ប្រចាំ​ ដោះ​ស្រាយ​ទុក្ខ​លំបាក​ពលរដ្ឋ​គ្រប់​និន្នាការ តែ​លោក​ថា​បច្ចុប្បន្ន​តំណាង​រាស្រ្ត​មិន​បាន​បំពេញ​តួនាទី​ឱ្យ​សម​ជាតំណាង​រាស្រ្ត​ដែល​ទទួល​បាន​ប្រាក់​ខែ​ពី​ញើស​ឈាម​ម្ចាស់​ឆ្នោត​នោះ​ទេ។

លោកថា៖ «តាំង​ពីគេរំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ឆ្នាំ​២០១៧​មក តំណាង​រាស្រ្ត គឺ​អត់​មាន​គណបក្ស​ប្រឆាំង​ទេ និយាយ​ឱ្យ​ចំ គឹ​ឯ​ក​បក្ស អ៊ីចឹ​ង​បាន​អត់​ខ្វល់! ពួក​ហ្នឹង​មាន​ខ្វល់​ជាមួយ​រាស្រ្ត​ឯណា! មិន​មែន​រាស្រ្ត​អ្នក​បោះ​ឲ្យ​គាត់​ឯណា គឺបក្ស​អ្នក​ឱ្យ​តើ! តាម​ខ្ញុំ​មើល​ទៅ​អត់​ដែរ​សោះ ទាំង​តំណា​ង​រាស្ត្រ ទាំង​ព្រឹទ្ធ​សភា។ តំណាង​រាស្រ្ត បាន​ប្រាក់​ខែ​ច្រើន​ទាល់​តែ​យើង​ទៅ​ជួយ​ប្រជា​ពលរដ្ឋ​​ដោះ​ស្រាយ​ឱ្យ​ច្រើន។ បើ​មិន​អ៊ីចឹង​បាន​ន័យ​ថា អត់​បំពេញ​តួនាទី​ជា​តំណាង​​រប​ស់​រាស្ត្រ​ទេ​ គឺគេ​ថា​អាហ្នឹង​គឺ​វា​ខុស រាស្ត្រ​ត្រូវ​តែ​មាន​ការ​តវ៉ា»

បើតាម លោក សុថាវរិន្ទ តំណាង​រាស្រ្ត​មាន​ប្រាក់​ខែ​ ៥ពាន់​ដុល្លារ បូក​រួម​ទាំង​ប្រាក់​ចុះ​បេសកកម្ម​ផ្សេង​ទៀត និង​ការ​ផ្តល់​សាំង​ប្រមាណ ១៥០​លីត្រ​ក្នុង​មួយ​ខែ ហើយ​បើ​ប្រធាន​គណៈ​កម្មាធិការ​នីមួយៗ​ក្នុង​សភា មាន​ការ​ឧបត្ថម្ភ​ច្រើន​ជាង​តំណាង​រាស្រ្ត​ ដែល​ជា​សមាជិក​ធម្មតា​ទៅ​ទៀត។

ជុំវិញរឿងនេះ VOD មិនអាសុំការឆ្លើយតបពីអ្នកនាំពាក្យ​រដ្ឋសភា​កម្ពុជា លោក ឡេង ប៉េង​ឡុង បាន​ទេ​នៅ​ថ្ងៃ​នេះ ដោយ​ទូរសព្ទ​ចូល​មិន​មាន​អ្នក​ទទួល។

យ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​រិះ​គន់​របស់គណបក្ស​ប្រឆាំង​ មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ទេ ដោយ​លោក​ថា ទាំង​តំណាង​រាស្រ្ត ទាំង​ក្រុមការ​ងារ​បក្ស​ប្រជាជន​កម្ពុជា និង​មន្រ្តី​រដ្ឋាភិបាល​ តែង​តែ​ទៅ​ដល់​មូល​ដ្ឋាន​ពលរដ្ឋ ដើម្បី​ដឹង​ពី​សុខទុក្ខ​រាស្រ្ត។

ក្នុង​ន័​យ​នេះ លោក​ថា បើ​តំណាង​រាស្រ្ត​អសកម្ម​មែន មិន​មែន​ពលរដ្ឋ​បោះ​ឆ្នោត​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ឱ្យ​ដឹក​នាំ​ប្រទេស​ចំនួន​ជាង ៨៣​ភាគ​រយ ដែល​លោក​ថា​ជា​ចំនួន​ច្រើន​លើស​លប់ដែល​បោះ​ឆ្នោត​គាំ​ទ្រ​បក្ស​កាន់​អំណាច​ឱ្យ​ដឹក​នាំ​ប្រទេស។

លោកថា៖ «អសកម្ម ឬមិន​អសកម្ម មិន​មែន​លើ​គណបក្ស​ប្រឆាំង អ្នក​ថា​ឯណា វា​លើ​ការ​វាយ​តម្លៃ​របស់​ប្រជា​ជន ដែល​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល គណបក្ស​ចូល​ទៅ​មូល​ដ្ឋាន​គ្រប់​ភូមិ​ឃុំ ខេត្ត ស្រុក ទូទាំង​ប្រទេស ហ្នឹង! អាហ្នឹង​ម៉េច​ក៏គាត់​មិន​និយាយ​ផង[…] រាល់​ថ្ងៃ គេ​ធ្វើ​សកម្មភា​ព​ដូច​ទឹក​ពុះ មិន​មែន​នៅ​សម្ងំ​នៅ​ប៉ារីស ហើយ​ថា យើង​អ្នក​ធ្វើការ​ទេ»។

ផ្ទុយពីការលើកឡើងរបស់ លោក សុខ ឥសាន ជន​រងគ្រោះ​ម្នាក់​ក្នុង​ចំណោម​អ្នក​រង​គ្រោះ ៧០០០​គ្រួសារ​ ដែល​ចាញ់​បោក​អតីត​ឧកញ៉ា ឡេង ចាន់ណា គឺ​លោក យ៉ា សំអេង ប្រាប់​ថាបច្ចុប្បន្ន​ពលរដ្ឋ​រស់​នៅ​ក្រោម​សម្ពាធ​បំណុល​ធ្ងន់​ធ្ងរ ក្រោយ​យុត្តិធម៌​ត្រូវ​ជាប់​គាំង​ជាង​១ឆ្នាំ​ទៅនេះ​ ធ្វើ​ឱ្យ​អ្នក​ខ្លះ​បែក​បាក់​គ្រួសារ និង​ចំណាក​ស្រុក ជាដើម តែ​មិន​ដែល​ឃើញ​តំណាង​រាស្រ្តសួរ​សុខ​ទុក្ខ​រាស្រ្ត​ទេ។

លោកថា៖ «ធម្មតា​តំណាងរាស្ត្រទទួល​បាន​ប្រាក់​ខែ​ពី​ប្រជា​ពលរដ្ឋ​ តាម​រយៈ​ការ​ប្រមូល​ពន្ធដារ​ទទួល​បាន​ពី​យើង​ជាពលរដ្ឋ។ បើក​ចំពោះ​ការ​មក​សួរ​សុខ​ទុក្ខ គឺ​មិន​ដែល​មាន​ទេ សូម្បី​តែ​វត្ត​មាន​លេច​ឮ​ថា​មាន​ឯកឧត្ត​ម​នេះ ឯក​ឧត្តម​​នោះ តំណាង​រាស្ត្រ​នេះតំ​ណាង​រាស្ត្រ​នោះ ដឹង​ពី​ព័ត៌មាន​បង​ប្អូន​ប្រជា​ពលរដ្ឋ​សួរ​សុខ​ទុក្ខ​ចំណុច​នេះ ចំណុច​នោះ ដល់​ណាដល់​ណីង​ហើយ គ្មាន​ទេ គ្មាន​ឃើញ​ពី​ណា​ក្អក ឭ​ពី​ណា​និយាយ​អីតិច​ផង»។

​ជុំវិញរឿងនេះ អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​​ដើម​កំណើត​​ខ្មែរ លោក ហុង លីម ប្រាប់់​VOD​ថា  តំណាង​រាស្រ្តប្រ​ទេស​ជឿន​លឿន​ គេ​គិត​គូរ​ខ្លាំង​ណាស់​ពីប​ញ្ហា​ពលរដ្ឋ​ដែល​ខុស​គ្នា​ពី​តំណាងរាស្រ្ត​នៅ​ស្រុក​ខ្មែរ ដែល​លោក​ថា អង្គុយ​ចាំ​តែ​បើក​ប្រាក់​ខែ​ពី​រាស្រ្ត​​ដោយ​គ្មាន​ភាព​អៀន​ខ្មាស់។​

លោកថា៖ «នឹកអាណោច​អាធម​ចំពោះ​អ្នក​១០០​នាក់​ជាង ដែល​ជា​សមាជិក​សភា​ដែល​អត់​មាន​ធ្វើ​សកម្ម​ភាព​អីទាល់​តែ​សោះ គឺ​គ្មាន​ការ​ខ្មាស់​អៀន គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ខ្ញុំ​តែង​តែ​គិត​ថា មិន​ដឹង​បង្កើត​រដ្ឋ​សភា​ប្រកាច់​យក​ហ្នឹង​ យក​មកធ្វើ​អី! បិទ​អារដ្ឋ​សភាហ្នឹ​ង​ទៅ ទាំង​រដ្ឋសភា ព្រឹទ្ធ​សភា […] បញ្ហា​គ្រប់​បែប​គ្រប់​យ៉ាង […] តំណាង​រាស្ត្រ​ទាំង​អស់​ហ្នឹងមិន​ដឹង​ធ្វើ​អី​ទេ។ ស៊ី​ប្រាក់​ខែ​ហ្នឹង​គឺ​ជា​អំពើ​ទុច្ចរិត គឺ​ជា​អំពើ​កខ្វក់​ គឺ​ជាអំពើ​ដែល​គួរ​ឱ្យ​ខ្មាស់​អៀន។ តំណាង​រាស្ត្រ​ទាំ​ង​អស់ហ្នឹង​មែន​ទែន ត្រូវ​តែ​ងូត​ទឹក​ចាន​ទាប ឬ​ក៏​ទៅ​លោត​លើ​ស្ពាន​ជ្រោយ​ចង្វារ​ឱ្យ​ងាប់​ទាំង​អស់​គ្នា​ហ្នឹង បាន​សមរម្យ សមផល»

រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា៧៧ ចែងថា តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា ជា​តំណាង​ប្រជាជាតិ​ខ្មែរទាំង​មូល ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។

គេសង្កេតឃើញថា រយៈពេលជាងមួយឆ្នាំនៃការ​ដឹក​​នាំ​របស់ លោក ហ៊ុន ម៉ាណែត កំណើន​នៃអំពើ​ឆបោក​ពី​បុគ្គល​មាន​ងារ​ជា​ឧកញ៉ា និង​បុគ្គល​ដែល​ស្និទ្ធិ​នឹង​មេដឹកនាំ​បាន​កើត​មាន​ជា​បន្តបន្ទាប់ ខណៈ​ក្រុម​ឈ្មួញ​ទាំង​នោះ​តែង​តែ​បង្ហាញ​ខ្លួន​ស្និទ្ធិ​នឹង​មេដឹក​នាំ​ ជ្រក​ក្រោម​ស្លាក​ជា​អ្នកគាំទ្រ​បក្ស​កាន់​អំណាច។

អង្គការខុមហ្វ្រែលកាលពី​ឆ្នាំ២០២០ ធ្លាប់​រក​ឃើញ​ថា សមាជិក​សភា​ ១២៣​រូប​របស់​បក្ស​កាន់អំណាច​ដែល​ចុះ​មូល​ដ្ឋាន គឺ​ក្នុង​បំណង​សំណេះ​សំណាល​ជាមួយ​ពលរ​ដ្ឋ​ ដើម្បី​ពង្រឹង​ផ្ទៃ​ក្នុងរប​ស់​គណបក្ស និង​អម​ដំណើរ​ថ្នាក់​ដឹ​ក​នាំ​តែ​ប៉ុណ្ណោះ។

បើគេគណនាលើការចំណាយប្រាក់ខែឱ្យតំណាង​រាស្ត្រ​ទាំង​នៅ​ក្នុង​រដ្ឋ​សភា ១២៥​រូប និង​ព្រឹទ្ធ​សភា​ ៦២​រូប ដោយ​មិន​រាប់​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ផ្សេងៗ​ទៀត រ​ដ្ឋ​ត្រូវ​ចំណាយ​ថវិកា​បើក​ប្រាក់ខែ​ឱ្យ​តំណាង​រាស្ត្រ​ជិត​ ១លាន​ដុល្លារ​ក្នុង​១ខែ ខណៈ​តំណាង​រាស្ត្រ​បច្ចុប្បន្ន​មាន​ប្រាក់​ខែ​ម្នាក់៥០០០​ដុល្លារ។ បើក្នុង​មួយ​ឆ្នាំ​វិញ រដ្ឋាភិបាល​ត្រូវ​ចំណាយ​ជាង ១១​លាន​ដុល្លារ សម្រាប់​បើកប្រាក់​ខែ​ឱ្យ​ស្ថាប័ន​ឃ្លាំមើ​ល​ការ​អនុវត្ត​ច្បាប់​ទាំង​ពីរ​នេះ។

សម្រាប់ប្រាក់ខែតំណាងរាស្រ្តទាំងនោះ ទទួលបាន​មក​ពី​ការ​បង់​ពន្ធ​រាប់​ចាប់​តាំង​ពី​ក្រុម​គណបក្ស​ប្រឆាំង ក្រុម​រង​គ្រោះ​ដី​ធ្លី ក្រុម​កម្មករ មន្រ្តី​សង្គម​ស៊ីវិល​ជាដើម ប៉ុន្តែ​ពលរ​ដ្ឋ​ថា ពួក​គេអសកម្ម ក្នុង​ការ​ជួយ​ដោះ​ស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ទៅ​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ