សាច់ញាតិជនរងគ្រោះ បង្ហាញការមិនពេញចិត្តចំពោះសេចក្តីសម្រេចរបស់សាលាដំបូងខេត្តកំពង់ស្ពឺ និងរបាយការណ៍បញ្ជូនរឿង នៃការស៊ើបអង្កេតរបស់នគរបាលយុត្តិធម៌ ដែលរកឃើញថា អតីតមន្រ្តីសហព័ន្ធសហជីពកម្ពុជា គឺជាជនដែលបង្កក្នុងអំពើគ្រោះថ្នាក់ចរាចរណ៍កាលពីជាង៦ឆ្នាំមុន។
ការត្អូញត្អែរនៅពេលនេះ របស់សាច់ញាតិ លោក រ៉ុង បញ្ញា គឺនៅចំពេលដែលសាលាឧទ្ធរណ៍ភ្នំពេញ បានលើកយករឿងក្តី ដែលកប់ទុកប្រមាណ ៦ឆ្នាំមកហើយនេះ មកជំនុំជម្រះនៅថ្ងៃទី១៣ ខែឧសភានេះ។
ថ្លែងប្រាប់អ្នកកាសែតនៅខាងមុខសាលាឧទ្ធរណ៍ភ្នំពេញ នៅព្រឹកអង្គារនេះ លោក រ៉ុង ឈុន និយាយថា វាពិតជារឿងអយុត្តិធម៌ដែលចៅក្រមនៃតុលាការខេត្តកំពង់ស្ពឺ រួមទាំងសមត្ថកិច្ចនគរបាល ធ្វើរបាយការណ៍ ដោយចោទប្រកាន់ថាក្មួយរបស់លោក គឺលោក រ៉ុង បញ្ញា បែរជាជនដែលបង្កក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទៅវិញ កាលពី៦ឆ្នាំមុននោះ។
មិនតែប៉ុណ្ណោះ សម្រាប់សវនាការនៅព្រឹកនេះ លោកហាក់រារែកថា យុត្តិធម៌ដែលនឹងត្រូវទទួលបាននៅចុងខែឧសភាខាងមុខនេះ ប្រហែលជាមិនខុសពីអ្វីដែលតុលាការខេត្តកំពង់ស្ពឺ សម្រេចប៉ុន្មាននោះទេ។
បើទោះជាបែបណា លោក រ៉ុង ឈុន នៅតែមានសុទិដ្ឋិនិយមថា តុលាការអាចនឹងមានសុភវិនិឆ័យដោយឈរលើការពិត ច្រើនជាងនៅក្នុងសំណុំរឿងមួយនេះ។
តែលោកនៅតែយល់ឃើញថា មិនគួរណាស្ថាប័នជំនាញទាំងវិស័យយុត្តិធម៌ និងអ្នកអនុវត្តច្បាប់ របស់ខេត្តកំពង់ស្ពឺ បំពេញការងារដោយមិនបានតម្កល់ផលប្រយោជន៍ជាតិ ដូចពាក្យសម្បថរបស់ខ្លួន និងអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ក្នុងនាមស្ថាប័នដែលផ្តល់នូវយុត្តិធម៌សង្គមបែបនេះសោះ។
លោកថា៖ «បើតុលាការឈរលើឯករាជ្យភាព ស្អាតស្អំ ហើយសម្រេចទៅតាមវិជ្ជាជីវៈ ក្មួយខ្ញុំនឹងទទួលបានយុត្តិធម៌។ ប៉ុន្តែយើងលំបាកណាស់ក្នុងសង្គមកម្ពុជាយើង សម្រាប់អ្នកតស៊ូមតិ និងអ្នកនយោបាយ សកម្មជនសង្គម យើងពិបាកទទួលបានយុត្តិធម៌ណាស់»។
លោក រ៉ុង បញ្ញា ដែលត្រូវជាក្មួយរបស់លោក រ៉ុង ឈុន គឺជាអតីតមន្រ្តីសហព័ន្ធសហជីពកម្ពុជា។ លោកត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៩ នៅក្នុងភូមិសាស្រ្តភូមិត្រពាំងស្ដុកគ្រូ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នៅក្នុងឧបទ្ទវហេតុកាលណោះ តៃកុងរថយន្តដឹកភ្ញៀវទេសចរនៃក្រុមហ៊ុនឯកជនរបស់ ប៊ីអេស(BS) បានរត់គេចខ្លួន ខណៈលោក រ៉ុង បញ្ញា ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ទាក់ទិនរឿងនេះ ម្តាយរបស់លោក រ៉ុង បញ្ញា គឺអ្នកស្រី រ៉ុង ប៉ោមួយ បានដាក់បណ្តឹងទាស់ ដោយចោទប្រកាន់ក្រុមហ៊ុនរថយន្តដឹកភ្ញៀវទេសចរ ប៊ីអេស បើកបរដោយធ្វេសប្រហែសបណ្តាលឱ្យស្លាប់ ហើយក្រុមហ៊ុននេះត្រូវបានធានារ៉ាប់រងដោយក្រុមហ៊ុន កាំមិនកូ។
ប៉ុន្តែក្រុមសាច់ញាតិរបស់លោក រ៉ុង បញ្ញា អះអាងថា រហូតមកដល់ពេលនេះ គ្មានសំណងសូម្បីមួយរៀល កុំថាឡើយដល់ទទួលបាននូវយុត្តិធម៌។
ជុំវិញរឿងក្តីនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ លោក ងួន រតនា សម្រេចលើកពេលប្រកាសសាលដីកា នៅថ្ងៃទី៣០ ខែឧសភា ពេលព្រឹក។
លោក ជូង ជូងី មេធាវីតំណាងដោយអាណត្តិរបស់ អ្នកស្រី រ៉ុង ប៉ោមួយ ដែលត្រូវជាម្តាយរបស់ លោក រ៉ុង បញ្ញា លើកឡើងថា ការដែលលោកប្តឹងទាស់ប្រឆាំងសាលក្រម របស់តុលាការខេត្តកំពង់ស្ពឺ មកសាលាឧទ្ធរណ៍នេះ ក៏ព្រោះតែចរិកសាលក្រមនេះ មានលក្ខណៈលម្អៀង និងអយុត្តិធម៌សម្រាប់កូនក្តីរបស់ខ្លួន។
ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ស្ពឺ លោក សំ ប៊ុនពៅ បានសម្រេចនៅក្នុងសាលក្រមរបស់ខ្លួន ដូចគ្នាទៅនឹងរបាយការណ៍របស់ លោក ង៉ុយ ធុល ដែលជានគរបាលខេត្តនេះដែរ ដោយចាត់ទុក លោក រ៉ុង បញ្ញា គឺជាជនបង្កនៅក្នុងអំពើគ្រោះថ្នាក់ចរាចរណ៍កាលណោះ។
ផ្ទុយពីអ្វីដែលសាលក្រម កំណត់ថាអតីតមន្រ្តីសហជីពរូបនេះ មានកំហុសក្នុងរឿងបើកបរ សម្រាប់ក្រុមសហជីពវិញ អះអាងផ្សេងពីនេះ។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ បានប្រាប់អ្នកកាសែត ក្រោយកើតហេតុ៤ថ្ងៃថា ឧបទ្ទវហេតុនេះ មានមន្ទិលសង្ស័យជាច្រើនករណី ដែលមានភាពមិនប្រក្រតី ខុសគ្នាស្រឡះពីរបាយការណ៍នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ។
មិនតែប៉ុណ្ណោះ បើពិនិត្យកន្លែងកើតហេតុ រកឃើញថា សពលោក រ៉ុង បញ្ញា បានប៉ើងខ្ទាតចេញពីកន្លែងបុកប៉ះជិត៤០ម៉ែត្រ ជាដើម។ តែបែរជានគរបាលអះអាងថា ឡានរបស់ក្រុមហ៊ុន ប៊ីអេស បានព្យាយាមចាប់ហ្វាំង ក្នុងពេលម៉ូតូជនរងគ្រោះវ៉ាជែងខុសបច្ចេកទេសទៅវិញ។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្វែងរកការបំភ្លឺបាននៅឡើយទេ ពីភាគីក្រុមហ៊ុនដឹកភ្ញៀវទេសចរ ប៊ីអេស ខណៈមន្រ្តីតុលាការខេត្តកំពង់ស្ពឺ ក៏ពុំអាចស្វែងរកការផ្តល់ការអត្ថាធិប្បាយណាមួយបាននៅឡើយដែរ នៅថ្ងៃទី១៣ ខែឧសភានេះ ។
ដោយឡែក មេធាវីការពារសិទ្ធិឱ្យដើមបណ្តឹងរដ្ឋប្បវេណី គឺលោក ជូង ជូងី បានផ្តល់បទសម្ភាសន៍ក្រោយបិទបញ្ចប់សវនាការថា អ្វីដែលលោកប្តឹងទាស់ប្រឆាំងសាលក្រម របស់តុលាការខេត្តកំពង់ស្ពឺនេះ គឺទាមទារឱ្យសាលាឧទ្ធរណ៍ បង្គាប់ទៅចៅក្រម និងព្រះរាជអាជ្ញានៃតុលាការខេត្តកំពង់ស្ពឺ ត្រូវបើកការស៊ើបអង្កេត និងដំណើរការក្តីឡើងវិញ ជាពិសេស ត្រូវចោទប្រកាន់អ្នកបើកបររបស់ក្រុមហ៊ុន ប៊ីអេស ដែលធ្វេសប្រហែសក្នុងការបើកបរបណ្តាលឱ្យជីវិតមនុស្សត្រូវបាត់បង់។
លើសពីនេះទៀត លោក ជូង ជូងី អះអាងថា ក្រៅពីកូនក្តីរបស់ខ្លួន មិនទទួលបាននូវយុត្តិធម៌ហើយ បែរជាដាក់បន្ទុកប្រឆាំងកូនក្តីរបស់លោកថា ជាជនដែលបង្កក្នុងបទល្មើស នៃអំពើគ្រោះថ្នាក់ចរាចរណ៍នេះថែមទៀត។
លោកថា៖«យើងទាមទារឱ្យតំណាងមហាអយ្យការ ធ្វើអធិបញ្ជាទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ធ្វើការស៊ើបអង្កេតចោទប្រកាន់ឡើងវិញ ចោទប្រកាន់អ្នកបើករថយន្ត ដែលបុក រ៉ុង បញ្ញា ឱ្យស្លាប់នៅនឹងកន្លែង ហើយស្នើសុំឱ្យសាលាឧទ្ធរណ៍ សម្រេចឱ្យតុលាការខេត្តកំពង់ស្ពឺ ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរឿងនេះឡើងវិញ»។
យ៉ាងនេះក្តី លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ(Licadho) យល់ឃើញថា បញ្ហានេះ ប្រាកដណាស់នៅមានមន្ទិលសង្ស័យជាច្រើនទៀត ដូចអ្វីដែលក្រុមសហជីពរកឃើញ ពីតម្រុយនៃភស្តុតាងពិតមែន។
លោកបន្តថា ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នា ក្នុងរឿងនីតិវិធីនៃការផ្តល់យុត្តិធម៌នេះ ទាំងស្ថាប័នតុលាការថ្នាក់ទាប និងនគរបាលថ្នាក់មូលដ្ឋាន ត្រូវបង្ហាញពីភស្តុតាង និងលទ្ធផលនៃការស៊ើបអង្កេត ដែលគួរឱ្យជឿទុកចិត្តបាន ទើបអាចធានាបានថា បញ្ហានេះនឹងបញ្ចប់ការរិះគន់ និងការចោទប្រកាន់នានាទៅរួច។
បើមិនដូច្នេះទេ ទាំងតុលាការ និងនគរបាលយុត្តិធម៌ នៅតែជាគោលដៅនៃការវាយប្រហារ មិនចប់មិនហើយ ណាមួយនោះឡើយ។
លោកថា៖ «ករណីលោក រ៉ុង បញ្ញា នេះនៅតែមានមន្ទិលសង្ស័យ ហើយក្រុមគ្រួសារជនរងគ្រោះនៅតែទាមទារយុត្តិធម៌ដល់ លោក រ៉ុង បញ្ញា ។ អីចឹងករណីនេះ វាត្រូវតែមានគណៈកម្មការមួយស៊ើបអង្កេតរឿងនេះឱ្យបានច្បាស់លាស់ ដើម្បីយុត្តិធម៌ ហើយរកមូលហេតុអំពីគ្រោះថ្នាក់លើ លោក រ៉ុង បញ្ហា នេះឱ្យបានពិតប្រាកដ»។
កាលនៅបំពេញការងារ ក្នុងនាមជាអ្នកតស៊ូមតិសម្រាប់សំឡេងកម្មករ លោក រ៉ុង បញ្ញា គឺជាមេដឹកនាំសហជីពម្នាក់ ដែលមានភាពសកម្ម និងមិនរាថយ មិនខុសគ្នាពី លោក រ៉ុង ឈុន ប៉ុន្មានឡើយ។ ព្រោះតែការតស៊ូនេះហើយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ លោកត្រូវបានកម្លាំងសន្តិសុខរបស់ខណ្ឌដូនពេញ ក្រោមការបញ្ជារបស់ លោក សុខ ពេញវុទ្ធ បានបង្រ្កាប និងប្រើហិង្សាបណ្តាលឱ្យ លោក រ៉ុង បញ្ញា ត្រូវបែកក្បាលហូរឈាមស្រោចពេញខ្លួនកាលណោះ។
មិនបង្អង់យូរ ក្រុមសន្តិសុខទាំងនោះ បានចាប់អូសលោក រ៉ុង បញ្ញា ទាញចូលរថយន្ត និងបន្តដឹកយកទៅឃុំខ្លួន ខណៈពួកគេប្រមូលម្តុំតវ៉ាដោយអហិង្សា នៅមុខវត្តបទុមវត្តី៕