បទវិភាគ៖ តើអ្វីនៅពីក្រោយការចាប់ខ្លួន​អតី​ត​ឧកញ៉ា ហេង សិទ្ធី នៅ​ប្រទេស​រុស្សី?

វិធានការចាប់ខ្លួនអតីតអ្នក​ឧកញ៉ា ហេង សិទ្ធី ដាក់​ពន្ធនាគារ​នៅ​ប្រទេស​រុស្ស៊ី ហាក់​ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង​នៅ​ឡើយ​ច្រើន​ខែ​ទៅ​នេះ បើទោះ​ជា​គេ​ធ្លាប់​ដឹង​ថា គាត់​ជា​បុគ្គល​មួយ​រូប ត្រូវ​បាន​ព្រះ​មហា​ក្សត្រ ផ្តល់​គោរម​ងារ​ជា​ឧកញ៉ា នៅ​ក្នុង​របប​ដឹក​នាំ​របស់​គ្រួសារ​ហ៊ុន​ក៏​ដោយ។

ក្នុង​តំណែង​ជា​ឧកញ៉ា​នេះ គេ​ក៏​ប្រទះ​ឃើញ ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បង្ហាញ​ខ្លួន​ស្និទ្ធ​នឹង​មេដឹក​នាំ​បក្ស​កាន់​អំណាច​មួយ​ចំនួន រួម​ទំាង​មាន​ចេញ​ជា​ព័ត៌មាន​ខ្លះ ពី​ការ​ដែល​គាត់​ជួយ​លុយ​ទៅ​រដ្ឋាភិ​បាល​ក្រោម​រូបភាព​មនុស្ស​ធម៌​ខ្លះៗ​ផង​ដែរ។

ប៉ុន្តែក្រោយមកក៏ឮថា គោរពងារនៅត្រូវបានដកយក​វិញ ក្រោម​បទ​ចោទ​ផ្សេងៗ ដែល​ទម្លាយដោយ​សារ​ព័ត៌​មាន​ស្និទ្ធ​នឹង​រដ្ឋាភិ​បាល។

ក្រោមហេតុផលនេះ គេ​មក​ក៏​មាន​សំឡេង​គួ​រ​ឱ្យ​ភ្ញាក់​ផ្អើល​ដែល​លោក ហេង សិទ្ធី ទម្លាយ​ពីរឿង​អាស្រូវ​របស់ លោក ហ៊ុន តូ និង​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ក្នុង​ជួរ​រដ្ឋាភិ​បាល​ថា ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋ​ជន​ឆបោក​តាម​​អន​ឡាញ និង​គ្រឿង​ញៀន ដែល​លោក ហ៊ុន តូ មាន​ងារ​ជា​អ្នកឧកញ៉ា សែ​ស្រឡាយ​ហ៊ុន ត្រូវ​ជា​ក្មួយ​លោក ហ៊ុន សែន ។

ក្រោយម​ក​ទើប​លេច​ឮថា លោក ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ប្រទេស​រុស្ស៊ី ក្រោយ​ក្រសួង​ការ​បរទេស​កម្ពុជា ប្រកាស​លុប​សុពល​ភាព​លិខិត​ឆ្លង​ដែន​គាត់។

ផ្តើមចេញពីមូលដ្ឋាន​វិភាគ អតីត​អ្នក​ឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​ជួយ​លុយ​រាប់​លាន​ដុល្លារដល់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​នោះ ត្រូវ​បាន​ឃុំ​ខ្លូន​ក្នុង​ពន្ធនាគារ​ប្រទេស​រុស្សី ក្រោម​ការ​ស្នើ​​សុំ​ពីរដ្ឋាភិបាល​គ្រួសារ​ហ៊ុន ក្រោយ​ទម្លាយ​រឿង​អាស្រូវ​​បទ​ឧក្រិដ្ឋ​ឧកញ៉ា​ ហ៊ុន តូ ក្មួយ​លោក ហ៊ុន សែន។

មនុស្សសិទ្ធិ​ លោក ហេង សិទ្ធី ទម្លាយ​ឱ្យ​VOD​ដឹង​ថា លោក សិទ្ធី ត្រូវ​ឃាត់​ខ្លួន​កាល​ពី​ខែ​មករា ឆ្នាំ​២០២៥ នៅ​ប្រទេស​រុស្សី ក្រោមកា​រ​ស្នើសុំ​ពី​ស្ថាប័ន​ធំៗ​ចំនួន៤ មាន រដ្ឋាភិបាល​កម្ពុជា ក្រសួង​មហា​ផ្ទៃ ក្រសួង​យុត្តិ​ធម៌ ក្រសួង​ការបរទេស រួម​ទាំង​ប៉ូលិស​អន្តរ​ជាតិ Interpol មួយទៀត​ផង​ដែរ។

បើតាមប្រភព​ដដែល លោក​ សិទ្ធី ត្រូវ​ចោទ​ពីប​ទ​គំរាម​ទារ​ប្រាក់​ ២លាន​ដុល្លារ​អាមេរិក ពី​ជនជាតិ​សិង្ហ​បុរី ឬ​ភាសា​អង់​គ្លេស​ ហៅថា​ «Blackmail» ហើយ​ក្រសួង​មហា​ផ្ទៃ​បាន​ដាក់​បញ្ចូល​នៅក្នុង​និវេទ​ក្រហម​របស់​អាំង​ទែ​ប៉ូល​ថា​ ទោ​ស​របស់​លោក​អាច​ជាប់​គុក​អស់​មួយ​ជីវិត។

ដោយឡែក អ្នកស្រី Daria Rudenko មេធាវីអន្តរជាតិ​ការ​ពារ​ក្តី​ឱ្យ លោក ហេង សិទ្ធី ត្រូវ​បាន​សារ​ព័ត៌មាន ​ឌឹ ខេម​បូឌា ដេលី ដក​ស្រង់​សម្តី​ចុះ​ផ្សាយ​ថា បក្ស​​កា​ន់​​អំណាច​​ស្នើ​សុំ​​​ឲ្យ​​រុស្ស៊ីចាប់​​កូ​ន​ក្ដី​​របស់​​ខ្លួន ក្រោយ​ដឹង​​​ពី​ផែន​​ការ​បង្កើត​បក្ស​​នយោបាយ​មួយ​ក្នុង​​ឆ្នាំ​​២០២៥ យក​​គំរូ​តាម​​ប្រទេស​​មហា​អំណាច​​ធំៗ​ ដើម្បី​ប្រឆាំង​​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

​ជ្រុងមួយទៀតនៃមូលដ្ឋានវិភាគនេះ គឺ​អ្នក​ឧកញ៉ា ហេង សិទ្ធី គឺជា​អគ្គនា​យក​ក្រុម​ហ៊ុន ម៉ារីថាម​ឌីវេឡុប​ម៉ិន​គ្រុប ដែល​ជា​សេដ្ឋី​មួយ​រូ​ប​នៅ​កម្ពុជា ធ្លាប់​ជួយ​លុយ​រាប់​លាន​ដុល្លារ​ដល់​រដ្ឋាភិ​បាល​គ្រួសារ​ហ៊ុន រួម​ទាំង​កាក​បាទ​ក្រហម​កម្ពុជា​ដែល​មាន លោក​ស្រី ប៊ុន រ៉ានី ភរិយា​លោក ហ៊ុន សែន ​ជា​ប្រធាន​ផង​​ដែរ។

ជាក់ស្តែងលោកបានឱ្យលុយ ១លាន​ដុល្លារ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន អំឡុង​ពេល​កម្ពុជា​ផ្ទុះ​ជំងឺ​កូវីដ-១៩​ជាដើម។

បុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន​ម៉ារីថាមឌីវេឡុបម៉ិនគ្រុប ដែ​ល​ជា​ជំនួញ​ធំៗ​ក្នុង​ដៃ​របស់​លោក ហេង សីទ្ធី រួម​មាន​ដូច​ជា រីស៊ត​លំដាប់​​ផ្កាយ នៅ​ខេត្ត​ព្រះ​សីហនុ រ​ក​ស៊ី​វិស័យ​ធនាគារ វិស័យ​សំណង់ និង​អគារ​ពាណិជ្ជ​កម្ម​កម្ពស់​​២៤ជាន់ នៅ​ក្រុង​ភ្នំពេញ ជាដើម។ 

លោក សិទ្ធី ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ផ្តល់​គោរមងារ​ជាអ្នក​ឧកញ៉ា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ​២០២១ ប៉ុន្តែ​ដក​គោរម​ងារ​នេះ​វិញ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៤។

ការដកនេះតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ជន​ជាតិ​សិង្ហ​បុរី​ម្នាក់ឈ្មោះ Phua GekSeng បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ដោយ​ចោទ​ប្រកាន់​លោក ហេង សិទ្ធី ពី​បទ​បរិហារ​កេរ្តិ៍ និង​គំរាមទារ​ប្រាក់​២លាន​ដុល្លារ។

អ្នកសិក្សាបញ្ហាសង្គម និង​នយោបាយ លោក ប៉ោ មករា មើល​ឃើញ​ថា អ្វី​ដែល​កើត​ឡើង​ចំពោះ​លោក ហេង សិទ្ធី គឺ​ជា​ទំនាស់​ក្នុង​ទីលាន​ជំនួញ​ធ្វើ​ឱ្យ​ភាគី​ជម្លោះ​ទាំង​សង​ខាង ចង់​ឈ្នះ​ចាញ់​នឹង​គ្នា​ទើប​រាល​ដាល​ទៅ​បង្កើត​រឿង​នយោបាយ​ជាដើម។

លោកថា ដើម្បីបញ្ចៀស​រឿង​​ពា​ល​ស៊ី​ពាល​ក្នុង​ពិភព​ជំនូញ​នេះ ទាម​ទារ​ឱ្យ​មាន​ប្រព័ន្ធ​នីតិរដ្ឋ​រឹងមាំ​ដើម្បី​កាត់​ក្តី​ដោយ​លម្អៀង តែ​ថា សម្រាប់​ប្រព័ន្ធ​នីតិ​រដ្ឋ​កម្ពុជា​វិញ​នៅ​ទន់​ខ្សោយ បង្កើត​បានជាអំ​ពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ប៉ះ​ពាល់​គ្រប់​វិស័យ រួម​ទាំង​ការ​ធ្វើ​ជំនួញ​នេះ​ជា​ដើម។

លោកថា៖ «បញ្ហាទំនាស់របស់ឧកញ៉ា ហេង សិទ្ធី ហ្នឹង! ខ្ញុំ​មើល​ឃើញ​ផ្ដើម​ចេញ​អំពី​គេ​ហៅ​ថា​ពិភព​ជំនួញ។ អ៊ីចឹង​ទំនាស់​​ផល​ប្រយោជន៍​ហ្នឹង ​គឺ​ធំ​ណាស់ តែ​ត្រូវ​ការ​ប្រព័ន្ធ​តុលាការ​មួយ​ឯករាជ្យ​ពិត​ប្រាកដ! ត្រូវ​ការ​ប្រព័ន្ធ​តុលាការ​មួយ​ប្រព័ន្ធ​ច្បាប់​មួយ​ដែល​មាន​នីតិ​រដ្ឋ​ ដូច្នេះ​ទើប​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​មិន​មាន​អ្នកដែល​ដេក​រង​ភាព​អយុត្តិ​ធម៌។ យើង​ដឹង​ហើយ​ថា​បញ្ហា​ពាក់​ព័ន្ធ​ទៅ​នឹង​នីតិ​រដ្ឋ​របស់​កម្ពុជា​ មាន​បញ្ហា​ទន់​ខ្សោយ ដោយ​យោង​ទៅ​លើ​របាយ​ការណ៍​ភីស៊ី​អាយ​ហ្នឹង គឺ​មាន​ពិន្ទុ​ទាប​មែន​ទែន​ ដូច្នេះ​ប្រព័ន្ធ​នីតិ​រដ្ឋ​ខ្សោយ​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​អំពើ​ពុករលួយ​ វា​ធ្វើ​ឲ្យ​មាន​ជម្លោះ​គ្រប់​ប្រភព​ទាំង​អស់ មាន​ទាំង​ក្នុង​ពិភព​ជំនួញ​នៅ​ក្នុង​ពិភព​សង្គម​ផ្សេងៗ»

ជាការកត់សម្គាល់ ចាប់​តាំង​ពី​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ មក លោក ហេង សិទ្ធី បាន​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ លាត​​ត្រដាង​ពី​ការ​រួម​ដៃ​គ្នា​រវាង​មន្ត្រី​រដ្ឋាភិបាល​ជាមួយ​ឧក្រិដ្ឋ​ជន បើក​ល្បែង​អន​ឡាញ​ខុស​ច្បាប់ ការ​ជួញ​ដូរ​មនុស្ស ការ​បោក​ប្រាស់​តាម​អន​ឡាញ និង​ការ​លាងលុយ​កខ្វក់ ជាដើម។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលដែល​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ទាំង​នោះ មាន​ដូច​ជា លោក គួច ចំរើន លោក សរ ថេត លោក កើត រិទ្ធ និង​ឧកញ៉ា ហ៊ុន តូ បង​ប្អូន​ជីដូន​មួយ​លោក ហ៊ុន ម៉ាណែត គឺជា​ជន​ឧក្រិដ្ឋ​ឆបោក ការ​ចាប់​ជំរិត និង​ជា​មេខ្លោង​គ្រឿង​ញៀន ដែល​មាន​ការ​គាំទ្រ​ពី​មន្ត្រី​រដ្ឋាភិ​បាល រួម​ទាំង​ប៉ូលិសអន្តោប្រវេសន៍​ផង​ដែរ។

អំឡុងខែធ្នូ ឆ្នាំ២០២៤ ក្រសួង​មហាផ្ទៃ ប្រកាស​មោឃភាព​លិខិ​តឆ្លង​ដែន​របស់​ លោក ហេង សិទ្ធី បន្ទាប់​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​អតីត​ឧកញ៉ា​រូប​នេះកាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៤ ពី​ប​ទ​គំរាម​កំហែង​ហែក​កេរ្តិ៍​មាន​ស្ថាន​ទម្ងន់​ទោស។

យ៉ាងណា អ្នកស្រី Daria Rudenko មេធាវីអន្តរជាតិ​ការ​ពារ​ក្តី​ឱ្យ លោក ហេង សិទ្ធី ត្រូវ​បាន​សារ​ព័ត៌​មាន ឌឹ ខេម​បូឌា ដេលី​ ស្រង់​សម្តី​ចុះ​ផ្សាយ​ថា នេះ​ជា​រឿង​នយោបាយ​សុទ្ធ​សាត ​ដែល​មាន​ចេតនា​មិន​ឱ្យ​ លោក ហេង សិទ្ធី បង្កើត​បក្ស​នយោបាយ​ប្រឆាំង​គ្រួសារ​ហ៊ុន។

អ្នកស្រី Daria Rudenko អះអាង​ថា មូលហេតុ​​ដែល​​ធ្វើ​​​ឲ្យ​​គណបក្ស​​កាន់​​អំណាច​​ដឹ​ង​​អំពី​ផែន​ការ​​បង្កើត​​គណបក្ស​​នយោបាយ​​របស់ ​លោក ហេង សិទ្ធី ដោយ​សារ​​ពួក​គេ​​បា​ន​​ប្រើ​ប្រាស់​ប្រព័ន្ធ​​បច្ចេក​វិទ្យា​​តាម​​ចាប់​​សំឡេង។

អ្នកស្រី​មេធាវី Daria Rudenko ​​អះ​អាង​​ថា នៅ​​ពេល​​នេះ ក្រុម​​មេធាវី​​កំពុង​​ធ្វើ​ការ​​លើ​ករណី​​នេះ​ដោយ​​យកចិត្ត​​ទុក​ដាក់​​​បំផុត ហើយ​ក្រុម​មេធាវី​បាន​ដាក់​​បណ្តឹង​​ឧទ្ធរណ៍​ ដែល​​នឹង​​ត្រូវ​​ពិចារណា​​ដោយ​​តុលាការ​​ក្នុង​ប្រទេស​រុស្សី។

ជាងនេះទៀត តាមរយៈលិខិតសេរសេរដោយដៃរបស់ លោក ហេង សីទ្ធី ផ្ញើចេញ​ពី​ពន្ធនាគារប្រទេស​រុស្សី ដែលV​OD​ទទួល​បាន គឺ​លោក ហេង សិទ្ធី បាន​​អំពាវនាវ​​ឲ្យ​យុវជន​​អាយុ​​ចាប់​ពី ១៥​​ឆ្នាំ ងើប​​ឡើង​ទាំង​អស់​​គ្នា​​ជាមួយ​​លោក ដើម្បី​​​ជំរុញ​ឲ្យ​​មាន​​កា​រ​​ផ្លាស់​ប្ដូរ​​របប​ដឹកនាំ​​ដែល​កំពុង​តែ​​ធ្វើ​​ដំណើរ​ឆ្ពោះ​ទៅ​​រក​គ្រោះថ្នាក់​​បំផុត​​ក្នុង​​រយៈ​ពេល​​ដ៏​​​ខ្លី​​ខាង​មុខ។

លោក​ថា ដូច្នេះ​ត្រូវតែ​បង្កើត​ចលនា​រួម​មួយ​ដែល​មាន​ឈ្មោះ​​ថា «ចលនា​១៨​លាន» ដើម្បី​​បង្វែរ​ទិស​ដៅ​​​នៃ​​ការ​ដឹក​នាំ និង​​របប​​នយោបាយ​​នា​ពេ​ល​​បច្ចុប្បន្ន ឲ្យ​ក្លាយ​​ទៅ​ជា​​របប​នយោបាយ​ប្រជា​ធិប​តេយ្យ​​បែប​​សង្គម​​និយម។

លោក​បន្ត​ថា រដ្ឋាភិបាលគ្រួសារហ៊ុន​ បាន​​ឆ្លៀត​​ឱកាស​ស្នើសុំ​​ឲ្យ​ចាប់​​ខ្លួន​​លោក​​ ក្នុង​​ពេល​​ដែល​លោក​​កំពុង​​​ធ្វើ​​ទស្សនកិច្ច ​​ក្នុង​​ន័យ​​ទំនាក់​ទំនង​​ការ​ទូត ​​ជាមួយ​​បណ្តា​​ប្រទេស​​មហា​អំណាច​​នានា ដូចជា​ អាមេរិក ចិន រុស្ស៊ី ជប៉ុន ជាដើម។

យ៉ាងណា ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត គិត​ថា​ ​បើ​មើល​ពី​ប្រជា​ប្រិយ​ភាព​ លោក ហេង សិទ្ធី បច្ចុប្បន្ន​ហាក់​គ្មាន​អ្វី​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ខ្លាច​បិទ​ខ្ទប់ មិន​ឱ្យ​បង្កើត​បក្ស​ប្រកួត​ប្រជែង​ជាមួយ​ លោក ហ៊ុន សែន នោះ​ទេ។ ដែល​ខុស​ពី​លោក សម រង្ស៊ី លោក កឹម សុខា និង​អ្នក​នយោបាយ​ជើង​ចាស់​ផ្សេង​ទៀត ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​នេះ។

លោកថា ផែនការទៅបង្កើតបក្សនេះ ហាក់​គ្រាន់​តែ​ជាកា​រ​ទាញ​យក​ប្រជា​ប្រិយ​ពី​មហា​ជនពេល​ លោក ហេង សិទ្ធី កំពុង​រង​គ្រោះ​ដោយ​ដៃ​ លោក ហ៊ុន តូ ក្នុង​សង្រ្គាម​ជំនួញ​តែប៉ុណ្ណោះ​។

លោក​ថា៖ «ខ្ញុំមើលទៅមិនឃើញថា ដោយ​សារ​គាត់​គ្រោង​បង្កើត​បក្ស​នាំ​ឱ្យ​គេ ចាប់​ខ្លួន​ទេ ព្រោះ​គាត់​មិន​មែន​ជាមនុស្ស​ដែល​មាន​សក្ដានុ​ពល​ទេ ទោះ​បី​បង្កើត​បក្ស​ក៏​គាត់​ទៅ​ប្រជែង​ជាមួយ​នឹង​ពួក​កាន់​អំណាច មិន​ឈ្នះ​គេ​ដែរ។ តែ​បើសិន​ជា​រឿង​ទំនាស់​ត្រូវ​ច្រើន​ជាង​រឿង​ទំនាស់​ក្នុង​អាជីវកម្ម។ លោក ហេង សិទ្ធី ក៏​ចិត្ត​ក្ដៅ ហើយ លោក ហ៊ុន តូ ក៏​ចិត្ត​ក្ដៅ ហើយ​ពួក​អ្នក​ដែល​រ​ក​ស៊ី​ជាមួយ​គ្នា​ ក្នុង​របរ​ពាណិជ្ជ​កម្ម​ស្រុក​ខ្មែរ​នោះ ប្រហែល​ជា​រឿង​ហ្នឹង​ច្រើន​ជាង។ ការ​ដែល​គាត់និយាយ​ពី​ការ​បង្កើត​បក្ស​នេះ វា​គ្រាន់​តែ​ក៏​ជា​ហេតុ​ផល​មួយ​ ដើម្បី​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍រ​បស់​មតិ​មហាជន​ថា គាត់មាន​ស្មារតី​ស្នេហា​ជាតិ​ដូច​ដែល​អ្នក​ដទៃៗ​អ៊ីចឹង»។

បន្ថែមលើនេះ​សម្រាប់ លោក ម៉ែន ណាតមើល​ឃើញ​ថា ឧកញ៉ា​នៅ​ស្រុក​ខ្មែរ​សុទ្ធ​តែ​ការ​ពារដោយ​គ្រួសារ​ហ៊ុន ដែល​គ្រួសារ​នេះ​បាន​ចែក​ដែន​ដី​គ្នា​ឱ្យ​រក​ស៊ី ដើម្បី​បាន​លុយ​មួយ​ផ្នែក​ជួយ​ទ្រទ្រង់​អំណាច​របស់​បក្ស​កាន់​អំណាច។

យ៉ាងណា លោកមិនបដិសេដទេ​ថា លោក​ សិទ្ធី ជា​ជន​រ​ង​គ្រោះ​ក្រោម​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញរបស់ សែ​ស្រឡាយ​គ្រួសារ​ហ៊ុន ដែល​កើត​ចេញ​ពី​ប្រព័ន្ធ​ដឹក​នាំ​បែប​គ្រួសារ​និយម​នេះ ហើយ​ថា អ្នក​មិន​រើ​បម្រះ​នឹង​មាន​វាសនា​ដូច​លោក ហេង សិទ្ធី ដូច​គ្នា​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេនប៉ុណ្ណោះ។

លោក​ថា៖ «ប្រជាពលរដ្ឋខ្មែរ និងមន្ត្រី​រាជកា​រអី​ទាំង​អស់​ហ្នឹង​ កុំ​ឲ្យ​ចេះ​តែ​អរគុណ​សន្តិភាព​របស់ លោក ហ៊ុន សែន​ខ្លាំង​ពេក ពីព្រោះ​ថា​ឲ្យ​តែ​ប៉ះ​មុខ​មាត់​ក្រុម​គ្រួសារ​ លោក ហ៊ុន សែន គឺ​រង​គ្រោះ​ទាំង​អស់​គ្នា​ណា​ក៏ដោយ​ក៏​រង​គ្រោះ។យើង​មើល​ជាក់​ស្តែង​ ដូច​ករណី​ លោក ហ៊ុន តូ នេះ​គឺ​ល្បី​ល្បាញ​ខ្លាំង​ណាស់​ ខាង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអ​ន្តរ​ជាតិ តែ​មិនទាន់​មាន​នរណា​ម្នាក់​ហ៊ាន​ចាត់​ការ​ លោក ហ៊ុន តូ ទេ។ អ៊ីចឹ​ងរឿង​នេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា ក្រៅ​ពី​គ្រួសារ​ លោក ហ៊ុនសែន ឱ្យ​តែ​ប៉ះ​ពាល់​អំណាច​គេ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​គ្រួសារ​ហ្នុង! នឹង​ទទួល​និង​ការ​ដាក់​ទណ្ឌ​កម្ម​ពី​ក្រុម​គ្រួសារ ហ៊ុន សែន ប្រជា​ពលរដ្ឋ​ខ្មែ​ររង​គ្រោះ​ខ្លាំង​ណាស់​រឿង​ហ្នឹង»។

យ៉ាងណា ការលើកឡើង​របស់ លោក ហេង សិទ្ធី ដែល​ថា លោក ហ៊ុន ជា​ ពាក់​ព័ន្ធ​ជ្រៅ​ជាមួយ​ឧក្រិដ្ឋ​ជនគ្រឿង​ញៀន និង​ឧក្រិដ្ឋ​ឆបោក​តាម​អន​ឡាញ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​រក​ឃើញ របស់​សហគមន៍​អន្តរ​ជាតិមួយ​ចំនួន។

ភស្តុតាងមួ​យ​ក្នុង​ចំណោម​ជាច្រើន​ទៀត ​ពោល​គឺ​កាល​ពី​ថ្ងៃទី​​១ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ក្រសួង​រតនា​គា​​ជាតិ​​អាមេរិក បាន​រក​​ឃើ​ញ​​ថា ក្រុម​​ហ៊ុន ហួយ​​វ័​ន​គ្រុប របស់​​ឧកញ៉ា ហ៊ុន តូ ក្មូយ​​ប្រុស លោក ហ៊ុន សែន មាន​​ជាប់​​ពាក់​​ព័ន្ធ​​​បទ​​ឧក្រិដ្ឋ​​កម្ម​លាង​​លុយ ហើយ​​ថា ក្រុម​​ហ៊ុ​ន​​នេះ​ កំពុង​​ជ្រៀត​​ចូល​​ក្នុង​​ប្រព័ន្ធ​​ហិរញ្ញ​​វត្ថុ​​អាមេរិក​​ផង​ដែរ។

បើតាមប្រភពដដែល ចាប់​​ពី​ខែ​សីហា ឆ្នាំ​​២០២១ ដល់​​ខែ​មករា ឆ្នាំ​​២០២៥ បុត្រ​​សម្ព័ន្ធ​​របស់​​ក្រុម​ហ៊ុន​​នេះ បាន​​លាង​​លុយ​​កខ្វក់​​​ចំនួន​ ៤ពាន់​​លាន​​ដុល្លារ ឱ្យ​​ក្រុម​​ឧក្រិដ្ឋ​​ជន។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសេនត៍ បញ្ជាក់​​ក្នុង​​របាយ​​ការណ៍​​ថា ក្រុម​​ហ៊ុន​ហួយ​​វ័ន​​គ្រុប​របស់ លោក ហ៊ុ តូ ធ្វើ​​អាជីវកម្ម​​ឱ្យ​ពួ​​ក​ចោរ​​បច្ចេក​​វិទ្យា​នៅ​​កូរ៉េ​​ខាង​​ជើង និង​​ពួក​ឧក្រិដ្ឋ​ជន​​ផ្សេង​​ទៀត ដែល​លួច​​លុយ​​ពី​​​ពលរដ្ឋ​​អាមេរិក​​រាប់​​ពាន់​​លាន​​ដុល្លារ​ជា​​រៀង​​រាល់​​ថ្ងៃ។

បន្ថែមលើនេះ លោកថា ការដាក់វិធានការលើក្រុមហ៊ុន​ហួយវ័ន​គ្រុប មិន​ឱ្យ​​ចូល​​ទៅ​​​ក្នុង​​ប្រព័ន្ធ​​ហិរញ្ញ​​វត្ថុ​​អាមេរិក​​នៅ​​​ពេល​​នេះ ដើម្បី​​បិទ​​ច្រក​កុំ​​ឱ្យ​​ឧក្រិដ្ឋ​​ជន​​ធ្វើ​​សកម្មភាព​លាង​លុយ​បាន​ទៀត​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ