សពពលករខ្មែរចំនួន ២នាក់ទៀត ត្រូវបានរកឃើញនៅក្នុងគំនរថ្មនៃអគារដែលដួលរលំ ដោយសារគ្រោះរញ្ជួយដី នៅប្រទេសថៃ ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ៤នាក់។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា តាមលទ្ធផលនៃការពិនិត្យកោសល្យវិច័យ (DNA) របស់មន្ទីរពេទ្យនគរបាលថៃ គឺមានពលករខ្មែរ ២នាក់ទៀត បានស្លាប់ដោយគ្រោះរញ្ជួយដី នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងនោះមាន លោក សាន់សឿន អាយុ ៣៨ឆ្នាំ និងអ្នកស្រី សុខ គិមសី អាយុ ៣១ឆ្នាំ។
ក្រសួងបន្តថា ក្រោយទទួលបានដំណឹងនេះ ក្រសួង ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ទទួលបន្ទុកចំណាយលើការរៀបចំបូជាសព និងបំពេញឯកសារនានា ស្របតាមនីតិវិធីរបស់ប្រទេសថៃ ព្រមទាំងតាមដានចំពោះសំណងនានា ដែលគ្រួសារនៃសពត្រូវទទួលបានពីភាគីថៃ។
ជាមួយគ្នានេះ ក្រសួងនឹងបន្តសហការជាមួយអាជ្ញាធរថៃ ដើម្បីកំណត់អត្តសញ្ញាណពលករដែលបាត់ខ្លួន និងបានផ្តល់ការគាំពារទាន់ពេលវេលាដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានទទួលមរណភាព និងរងរបួសដោយសារគ្រោះមហន្តរាយធម្មជាតិនេះ។
គិតចាប់ពីថ្ងៃកើតហេតុមកដល់ថ្ងៃទី១៤ ខែមេសានេះ មានសាកសពពលករខ្មែរចំនួន ៤នាក់ហើយ ដែលត្រូវបានរកឃើញថាស្លាប់ និង ២នាក់ទៀត រងរបួស ក្នុងហេតុការណ៍គ្រោះរញ្ជួយដី នៅប្រទេសថៃ។
ជុំវិញករណីគ្រោះរញ្ជួយដីនៅថៃនេះដែរ នគរបាលថៃ ក៏បានចាប់ខ្លួនជនជាតិចិនម្នាក់ និងថៃ ៣នាក់ ដែលជាអ្នកទទួលខុសត្រូវលើការសាងសង់អគារកម្ពស់ ៣០ជាន់ ដែលបាក់រលំ និងសង្កត់ស្លាប់មនុស្សជាច្រើននាក់ ក្នុងនោះក៏មានពលករខ្មែរផងដែរ។
សារព័ត៌មានក្នុងស្រុករបស់ថៃ ឱ្យដឹងទៀតថា ជនសង្ស័យទាំង ៤នាក់ ត្រូវជាប់ចោទអំពីបទល្មើសរំលោភច្បាប់សំណង់ និងបំពានច្បាប់ស្តីពីក្រុមហ៊ុនបរទេសនៅលើទឹកដីថៃ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ ដែលបានធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែមេសា នៅរាជធានីបាងកក។
ក្រោយហេតុការណ៍បាក់រំលំអគារនេះ អាជ្ញាធរស៊ើបអង្កេតថៃ បានយកសំណាកដែកនៅគំនរបាក់បែក ទៅធ្វើពិសោធន៍។ លទ្ធផលបញ្ជាក់ឲ្យឃើញថា ដែកដែលប្រើសម្រាប់សាងសង់នោះ មិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសទេ។ មិនតែប៉ុណ្ណោះ អាជ្ញាធរថៃក៏រកឃើញទៀតថា ក្រុមហ៊ុនទទួលសាងសង់អគារនេះ បានលួចបន្លំហត្ថលេខាជាច្រើនរបស់វិស្វករ ដែលទទួលខុសត្រូវការសាងសង់ទៀតផង។
គ្រោះរញ្ជួយដីផ្តើមនៅភូមា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ដែលបានរាលដាលដល់ថៃ ហើយដែលបានបណ្តាលឱ្យអគារមួយរបស់ថៃ ដួលរលំនោះ បានសម្លាប់មនុស្សប្រមាណ ៥០នាក់ ហើយជាង ៤០នាក់ទៀត បាត់ខ្លួន។ ក្នុងចំណោមជនរងគ្រោះ មានជនជាតិថៃ ខ្មែរ ឡាវ និងភូមា ដែលភាគច្រើនជាកម្មករ៕









