អំពើពុករលួយបែបប្រទាក់ក្រឡាគ្នាច្រើនឆ្នាំទៅនេះ ត្រូវបានគេមើលឃើញថា កំពុងស្តែងចេញតាមរយៈការហូរចូលយ៉ាងគំហុកនៃអាហារផ្ទុកសារធាតុគីមី រួមលំហូរនាំចូលផ្លែទុរេន ដែលមហាជនកំពុងតែផ្ទុះប្រតិកម្មពេលនេះ ជុំវិញហានិភ័យសុខភាព ក្រោយពីមានការទម្លាយពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាលថ្មីៗ ផ្តល់សញ្ញាអាសន្នថា ប៉ុន្មានឆ្នាំទៀត កម្ពុជានឹងជួបសោកនាដ្ឋកម្ម ដោយជំងឺមហារីក បើគ្មានអ្វីប្រែប្រួល ដោយក្រសួងថា បច្ចុប្បន្នជំងឺនេះ កំពុងសម្លាប់មនុស្សជាមធ្យម៣៨នាក់ក្នុងមួយថ្ងៃ។ បញ្ហានេះអ្នកជំនាញសុខភាព អះអាងថា ជំងឺមហារីកផ្តើមចេញពីអាហារមានជាតិគីមី។
នេះបើតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ឈាង រ៉ា ថ្លែងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០» ។
លោកបញ្ជាក់ថា ប្រទេសកម្ពុជារកឃើញអ្នកជំងឺមហារីកថ្មីប្រមាណ២ម៉ឺនករណី ហើយប្រភេទជំងឺនេះ បានឆក់យកជីវិតមនុស្សម្នាក់នៅរៀងរាល់ ៤០នាទីម្តង ឬ៣៨នាក់ ក្នុងមួយថ្ងៃ ខណៈកម្ពុជាមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងនូវប្រភេទជំងឺនេះ ឱ្យបានពេញលេញទាំងស្រុងនៅឡើយ។
លោកថា៖ «កាន់តែគួរឱ្យសោកសង្រេងទៀតនោះ គឺសោកនាដ្ឋកម្មនេះកើតមានលើកុមារផងដែរ ក្នុង១ឆ្នាំមានប្រមាណជា ១០០ករណី នៅកម្ពុជា។ នៅលើពិភពលោក ជំងឺកុមារអាចព្យាបាលជាប្រមាណជា៨០ភាគរយ។ ប៉ុន្តែនៅកម្ពុជា អត្រានេះមានទាបជាង២០ភាគរយប៉ុណ្ណោះ។ ប្រសិនប្រើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណជា ២១ម៉ឺននាក់ ទាំងក្មេងទាំងចាស់ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ»។
បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញបញ្ជាភ្លាមៗ ឱ្យមានវិធានទប់ស្កាត់ការនាំចូលបន្លែត្រីសាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗ លើអាហារ ដើម្បីកាត់បន្ថយជំងឺមហារីក។
លោកថា៖«ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងអាជ្ញាធរពាក់ព័ន្ធ ពិនិត្យឱ្យបានតឹងរ៉ឹងលើការនាំចូល បន្លែត្រីសាច់ និងការប្រើប្រាស់ជាតិគីមីផ្សេងៗឱ្យបានហ្មត់ចត់ទៅលើកិច្ចការងារនេះ ដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកដោយសារអាហារូបត្ថម្ភ»។
ទោះជាមានការព្រមានបែបនេះ ប៉ុន្តែវិធានការទប់ស្កាត់ហាក់មិនមានប្រសិទ្ធភាពទេ តួយ៉ាងប្រមាណជាមួយសប្តាហ៍ក្រោយ លោក ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យទប់ស្កាត់ គេប្រទះក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម និងសេចក្តីរាយការណ៍នានា បង្ហាញថា ផ្លែទុរេន មានផ្ទុកសារធាតុគីមីបាននាំចូលយ៉ាងគំហុកពីប្រទេសវៀតណាម ត្រូវបានគេចែកចាយបន្តលើទីផ្សារកម្ពុជា។
កាលពីថ្ងៃទី១៣ ខែឧសភានេះ សារព័ត៌មានក្នុងស្រុកឈ្មោះថា TNM បានផ្សាយថា ផ្លែទុរេនវៀតណាម សម្រុកឆ្លងដែនមកខ្មែរយ៉ាងគំហុក ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល៍ ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។
នៅថ្ងៃដដែលនេះ សារព័ត៌មាន កោះសន្តិភាព ចុះផ្សាយដែរថា វៀតណាម នាំទុរេនយ៉ាងគំហុកមកលក់ឱ្យឈ្មួញខ្មែរ នៅច្រកព្រំដែនអន្តរជាតិព្រៃវល្លិ៍ ក្នុង១ថ្ងៃៗរាប់សិបរថយន្ត ដូចគេហែរកឋិន។
លើសពីនេះ គេក៏ប្រទះឃើញមានប្រតិកម្ម ពីអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន រួមទាំងតំណាងរាស្ត្រគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលផងដែរ ជុំវិញលំហូរចូលអាហារមានផ្ទុកសារធាតុគីមីនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក យ៉ែម ប៉ុញ្ញាឬទ្ធ បានបញ្ចេញប្រតិកម្មដែរ ដោយនិយាយលើហ្វេសប៊ុករបស់លោក កាលពីនៅថ្ងៃទី១៤ ខែឧសភានេះថា បន្លែផ្លែឈើ ត្រីសាច់ ដែលមានសារធាតុគីមីលើសកម្រិត ជាក្តីបារម្ភឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។
លោកគូសបញ្ជាក់ថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការផ្សព្វផ្សាយ ស្ដីពីផ្លែទុរេនដែលមានសារធាតុគីមីលើសកម្រិត អាចត្រូវបាននាំចូលកម្ពុជា តាមព្រំដែនច្រករបៀងនានា។
សម្រាប់លោក យ៉ែម ប៉ុញ្ញាឫទ្ធ នៅតែស្នើសុំយ៉ាងទទូចដល់ក្រសួងស្ថាប័នពាក់ព័ន្ធ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ សហការគ្នាទប់ស្កាត់ឱ្យបានតឹងរ៉ឹងជាទីបំផុត ដើម្បីសុវត្ថិភាពចំណីអាហារ សុខភាពប្រជាពលរដ្ឋ ។
ចំណែក អាខោនហ្វេសប៊ុកឈ្មោះថា បងធី កំពុងថ្ម និយាយថា បើគ្មានការបើកដៃពីមន្ត្រីពាក់ព័ន្ធទេ ទំនិញទាំងនោះមិនអាចដឹកឆ្លងចូលកម្ពុជាបានទេ។
ក្រោយការផ្ទុះប្រតិកម្មព្រមៗគ្នានេះ អគ្គនាយកដ្ឋគយនិងរដ្ឋាករ ដែលជាសេនាធិការរបស់រដ្ឋាភិបាលបានចេញលិខិតបញ្ជាក់មួយ បង្ហាញពីឆន្ទៈទប់ស្កាត់លំហូរចូលទុរេនមានផ្ទុកសារធាតុគីមីនេះ។
លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និយាយក្នុងលិខិតចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ថា ស្ថាប័ននេះ «នឹងពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់» ដោយបានដាក់ចេញវិធានការច្រើនចំនុច។
ស្ថាប័នរដ្ឋមួយនេះ អះអាងថា ដើម្បីចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ ប្រើប្រាស់សារធាតុគីមីដែលប៉ះពាល់ដល់សុខភាពប្រជាជន ត្រូវចាត់វិធានការតាមដានទប់ស្កាត់ការលួចប៉ុនប៉ងនាំចូលដោយខុសច្បាប់ផ្លែទុរេនស្រស់តាមច្រករបៀង ក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ និងវិធានបច្ចេកទេសផងដែរ ឱ្យមានប្រសិទ្ធភាព ។
ជុំវិញបញ្ហានេះ សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់VODនៅថ្ងៃទី១៤ ខែឧសភានេះថា លោកគាំទ្រចំពោះវិធានការទប់ស្កាត់។ ប៉ុន្តែលោកថា ត្រូវសម្អាតអំពើពុករលួយជាអាទិភាព ទើបអាចទប់ស្កាត់បាន។
លោកបន្តថា ករណីហូរចូលនូវអាហារ ត្រី សាច់ បន្លែ និងផ្លែឈើមានផ្ទុកសារធាតុគីមី មិនមែនជារឿងថ្មីរបស់កម្ពុជាទេ ដែលការណ៍នេះលោកគិតថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវលុបបំបាត់អំពើពុករលួយសិន។
លោកថា៖ «ជារឿងដដែល គឺអំពើពុករលួយ បើសិនជានៅតែមានមន្ត្រីខិលខូចនៅតាមព្រំដែនក្ដីអីក្ដី បើកស៊ុមគ្រលុំគ្នាដើម្បីបើកច្រកបង្ហូរហូរចូលរបស់ដែលមានគីមី អាហារចំណីដែលមានគីមីចូលមកហ្នឹង ត្រូវតែពិនិត្យមើល ជាពិសេសពិនិត្យមើលរឿងអំពើពុករលួយ រឿងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្រ្តីនានាហ្នឹង»។
ប្រហាក់ប្រហែលគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង និយាយថា បញ្ហាអំពើពុករលួយជាដើមចម បង្កឱ្យមានបញ្ហាទាំងអស់នេះរ៉ាំរ៉ៃក្នុងសង្គម រហូតក្រសួងផ្តល់សញ្ញាអាសន្ន។
លោកថា៖ «ខ្ញុំថារឿងនេះ គឺជារឿងមួយដែលមានកង្វល់ជាយូរមកហើយ ដែលយើងឃើញថាមានទុរេនដែលមានជាតិគីមី បន្លែត្រីសាច់ដែលមានជាតិគីមីហ្នឹង ហូរចូលកម្ពុជាហ្នឹង ខ្ញុំថាមកពីមូលហេតុសំខាន់បីយ៉ាង គឺបញ្ហាទី១ គឺការធ្វេសប្រហែសរបស់មន្ត្រីតាមច្រកព្រំដែន ដែលមិនបានធ្វើការត្រួតពិនិត្យឲ្យបានដិតដល់។ ទី២ទៀត ដែលខ្ញុំមើលឃើញ គឺអាចពាក់ព័ន្ធជាមួយអំពើពុករលួយរបស់មន្ត្រីជាបុគ្គលហ្នឹងអាចជ្រៀតជ្រែករកផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឲ្យទំនិញខូចគុណភាព បន្លែផ្លែឈើដែលមានជាតិគីមីខ្ពស់នោះ អាចចូលមកកម្ពុជាបានដោយងាយស្រួល»។
ដោយឡែក ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ធ្លាប់ប្រាប់VODថា មហារីកនេះ មិនមែនជាប្រភេទជំងឺដែលឆ្លងទេ ប៉ុន្តែថា ជំងឺមហារីកវាកើតចេញពីចំណីអាហារដែលមានសារធាតុគីមី។
លោកថា៖ «ជំងឺមហារីក វាកើតចេញពីគីមីជាច្រើន ដែលគេផ្សំនៅក្នុងចំណីអាហារ នៅក្នុងវត្ថុធាតុដើមផ្សេងៗដែលធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពបងប្អូនប្រជាពលរដ្ឋយើង។ អីចឹងក្រសួងក៏បានរកឃើញហើយ រដ្ឋាភិបាលក៏បានរកឃើញជំងឺមហារីកនេះនៅក្នុងស្រុក មានច្រើនករណីដូចជា មហារីកសុដន់ ជំងឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងមហារីកផ្លូវរំលាយអាហារ មហារីកឈាម ខួរក្បាល ទាំងអស់ហ្នឹងហើយដែលវាមកទុំលើសេរីរាង្គកាយយើង និងមួយទៀតជំងឺមហារីកច្រមុះ មានការស្លាប់ច្រើនហើយលឿន»។
ច្បាប់ស្តីពី សុវត្ថិភាពម្ហូបអាហារ ដែលប្រកាសឱ្យប្រើនៅខែឧសភា ឆ្នាំ២០២២ ត្រង់មាត្រា៣៩ និង៤០ចែងពីការដាក់ទោស ចន្លោះពី៥ឆ្នាំរហូតដល់១៥ឆ្នាំ និងពិន័យជាប្រាក់ រហូត៤០០លានរៀល ដោយមិនគិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត កាលបើអំពើនោះបង្កឱ្យពិការៈភាពចិន្ត្រៃយ៍ ឬបាត់បង់អាយុជីវិតអ្នកប្រើប្រាស់។
យ៉ាងណា អ្នកឃ្លាំមើលបារម្ភថា ពលរដ្ឋកម្ពុជានឹងជួបសោកនាដ្ឋកម្ម វាយលុកពីជំងឺមហារីក ពីអាហារមានសារធាតុគីមី ដូចការលើកឡើងរបស់ក្រសួងសុខាភិបាល បើរដ្ឋាភិបាលមិនអាចបោសសំអាតអំពើពុករលួយជាប្រព័ន្ធ ដែលចាក់ឫសជ្រៅក្នុងជួរក្បាលម៉ាស៊ីនដឹកនាំបានទេនោះ។
អង្គការតម្លាភាពអន្តរជាតិ បានចេញរបាយការណ៍ថ្មីមួយ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ រកឃើញថា អំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤ មានស្ថានភាពអាក្រក់ជាងឆ្នាំមុន ដែលទាមទារឱ្យកម្ពុជាដោះស្រាយបញ្ហានេះជាប្រព័ន្ធ និងទ្រង់ទ្រាយធំ។
បើតាមរបាយការណ៍នោះ កម្ពុជា មានអំពើពុករលួយខ្ពស់ជាប់គ្នាជិត១ទសវត្សរ៍ បើធៀបនឹងប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។ ប្រទេសដែលមិនអាចរើខ្លួនពីអំពើពុករលួយញាំញីបាន បញ្ហាចម្បងមួយ គឺឥទ្ធិពលនយោបាយជ្រៀតជ្រែតប្រព័ន្ធយុត្តិធម៌។
ប្រភពនោះបញ្ជាក់ថា ដើម្បីរើខ្លួនចេញពីការញាំញីដោយអំពើពុករលួយបែប្រទាក់ក្រឡាគ្នាបាន ចាំបាច់ត្រូវបើកលំហសេរីភាពបញ្ចេញមតិ និងរៀបចំការបោះឆ្នោតឱ្យមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យ៕









