ពលរដ្ឋរិះគន់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្រុង​ប៉ោយ​ប៉ែត​ក្រោយ​​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹ​ក​ភ្លៀង

ភ្លៀងធ្លាក់ពីរ​មេធំៗ ក្នុង​រយៈ​ពេល​ពីរថ្ងៃ​ជាប់​គ្នា បាន​ធ្វើ​ឱ្យ​ក្រុង​ប៉ោយ​ប៉ែត​ជន់​លិច​យ៉ាង​ដំណំ។ ផ្លូវ​ជា​ច្រើន​ខ្សែ​ស្ថិត​នៅ​ក្រោម​ជំនន់​ទឹក​ភ្លៀង លាយ​ឡំ​ទឹក​ស្អុយ​និង​សំរាម មាន​កម្ពស់​លើស​កន្លះ​ម៉ែត្រ ដោយ​តំបន់​ខ្លះ​លិច​បាត់​ម៉ូតូ​ទាំង​​ស្រុង។

ពលរដ្ឋនៅ​សង្កាត់​អូរជ្រៅ កញ្ញា ចាន់​ធិន ប្រាប់​វីអូឌី​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា​ថា មក​ទល់​​ពេ​ល​នេះ​​​នៅ​តំ​បន់​ខ្លះ​ទឹក​ស្រក​អស់ ចំណែក​ខ្លះមា​ន​ទឹក​ដក់ និង​ភក់​ជ្រាំ​បង្ក​ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ។ កញ្ញា​សង្កេត​ឃើ​​ញ​ឡាន​​ម៉ូតូ​​ជាច្រើន​គ្រឿង កំពុង​បញ្ឈរ​ចោល​ត្រៀប​ត្រារ​ង់​ចាំ​ការ​ជួស​ជុល ក្រោយ​​ខូច​ខា​​ត​ដោ​យ​សារ​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់​មិន​ទាន់។

ពលរដ្ឋ​រូបនេះ ទាម​ទារ​ឱ្យ​អាជ្ញាធរ​ដោះ​ស្រាយ បញ្ចៀ​ស​មិ​ន​​​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​ម្ដង​ទៀត ដ្បិត​ពល​រដ្ឋ​នៅ​ក្រុង​ប៉ោយ​ប៉ែត​រង​​ទុក្ខ​ ដោយ​សារ​បញ្ហា​​ហេដ្ឋា​រចនា​​ស​ម្ព័​​​ន្ធ​មិន​រៀប​រយ​ច្រើន​ឆ្នាំ​មក​ហើយ។

កញ្ញាថា៖ «សំណូមពរ​ឱ្យ​អាជ្ញាធរ​គ្រប់​គ្រង​នៅ​ទី​ហ្នឹង​ គាត់​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ប្រព័ន្ធ​លូ​ផ្លូវ​ថ្នល់​ដែល​វា​ខូច​ខាត ដែល​លូ​វា​តូច វា​ស្ទះ​ទឹក។ ទឹក​ភ្លៀង​ពីរ​បី​ម៉ោង​លិច​ក្រុង​អ៊ីចឹង ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ប្រជាជន​អស់​ហើយ»។

តំបន់ដែលរងការជន់លិចខ្លាំង​នៅក្រុងប៉ោយប៉ែត រួម​មាន​ ផ្លូវ​ក្នុង​តំបន់​សាលា​ព្រហ្ម​និមិត្ត ផ្លូវ​វត្ត​ថ្មី វត្ត​ត្រាច និង​ផ្លូវ​ផ្សារ​ត្រី។

ជំនន់​ទឹក​ភ្លៀង​នេះ ក៏​បាន​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍ ហើយ​ថែម​ទាំង​មាន​ស​​ត្វអសិរពិស​ ដូច​​ជា ​សត្វ​ពស់​ចូល​​​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ។ 

អ្នករត់ម៉ូតូឌុបនៅសង្កាត់ផ្សារ​កណ្ដាល លោក ស៊ុយ ចាន់ ខក​ខាន​ចេញ​ទៅ​រក​ប្រាក់​​ចំណូល​ពីរ​ថ្ងៃ​ ដោ​​យ​​សា​រ​​ម៉ូតូ​ខូច​ធ្ងន់​ធ្ងរ។ លោក​កត់​សម្គាល់​ឃើញ​បញ្ហាជំ​នន់​ទឹក​ភ្លៀង​នេះ​​ កើ​​ត​ឡើង​ដោយ​សារ​ប្រ​ព័ន្ធ​​លូតូ​ច គួប​​​ផ្សំ​ការ​ទុក​ដាក់​សំរាម​​មិន​បាន​ត្រឹម​ត្រូវ ខណៈ​ផ្លូវ​ខ្លះធ្វើ​គ្មាន​បច្ចេក​ទេស គ្មាន​ប្រព័ន្ធ​រំដោះ​ទឹក បណ្ដា​ល​ឱ្យ​​ទឹក​ដក់​ទោះ​ភ្លៀង​តិច​តួច​ក្ដី។

លោក​បន្ត​ថា បញ្ហា​នេះ​កើត​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ ដោយ​គ្មាន​អាជ្ញាធ​រ​ឬ​ម​ន្ត្រី​​ណា​​ដុតដៃដុ​ត​ជើង​​​ដោះ​​ស្រាយ ក្រៅ​តែ​ពី​ការ​ចុះ​មក​មើល ហើយ​ថត​បង្ហោះ​ហ្វេស​ប៊ុក​តែ​ប៉ុណ្ណោះ។

លោក​ថា៖ «ផ្លូវមួយចំនួន​ប្រើ​ការ​អត់​កើត​ទេ ពេល​ដែល​ចូល​ខែ​វស្សា​ម្ដងៗ មិន​ចាំបាច់​តែ​​មេឃ​ភ្លៀង​ខ្លាំ​ង​អញ្ចេះ​​ទេ។ ហើយ​ដល់​ពេល​លិច​ខ្លាំង​អញ្ចេះ​ កាន់​តែ​ប្រើ​ការ​លែង​កើត។ ប្រជាជន​នៅ​ប៉ោយ​ប៉ែត គឺ​ពិបាក​រ​ស់​​​​នៅ​​មែន​ទែន ហើយ​​ទទូច​ស្នើ​រិះ​គន់​ទៅ​ដល់​មន្ត្រី​​ដែល​ពាក់​ព័ន្ធ​ហ្នឹង គឺ​អត់​មា​​នមន្ត្រី​ណា​​មួយ​អើពើ​ទេ។ ប្រហែ​ល​​​ជា​មិន​បាន​​ប្រយោជន៍​​ដល់​គេ​ហើយ​មើល​ទៅ មិន​បាន​ប្រយោជន៍​ផ្ទាល់​ខ្លួន​លុយ​ចូល​ហោប៉ៅ​គេ បាន​គេ​​​មិ​​នសូវ​ខ្វាយ​ខ្វល់​អ៊ីចឹង»។

ជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត កាលពីថ្ងៃទី១០ ខែ​ឧសភា បាន​បង្ក​ការ​ប៉ះ​ពាល់​ដល់​សង្កាត់​ចំនួន​បី គឺ​​សង្កាត់​អូរជ្រៅ សង្កាត់​ផ្សារ​កណ្តាល និង​សង្កាត់​និម្មិត្ត ខណៈ​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​តំបន់​នោះ​​ក៏​ជន់លិច​​ផង​ដែរ​។ តំបន់​ខ្លះ​ទឹក​មាន​ជម្រៅ​កន្លះ​ម៉ែត្រ មួយ​ម៉ែត្រ រហូត​ដល់​ពីរ​ម៉ែត្រ​ក៏​មាន។

ក្នុងការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក​របស់ ប្រធាន​ក្រុម​ការ​ងារ​រាជរដ្ឋាភិបាល​ចុះជួ​យ​ក្រុង​ប៉ោយ​ប៉ែត លោក ប៉ាន់​ខែម ប៊ុន​ថន នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​​ឧសភា​នេះ បាន​បង្ហាញ​ពី​ក្រុម​ការ​ងារ​របស់​មន្ទីរ​សាធារណការ និង​រដ្ឋ​បាល​ខេត្ត ចុះកា​ស់​កាយ និង​ផ្លាស់​ប្ដូរ​ទំហំ​លូ​ពី ៨តឹក ទៅ​ទំហំ​មុខ​កាត់​មួយ​ម៉ែត្រ​វិញ។ លោក​បញ្ជា​​ក់​​ថា ​បញ្ហា​ជំនន់​ទឹក​ភ្លៀង​នេះ គឺ​បណ្ដាល​មក​ពី​ទំហំ​លូ​តូច មិន​អាច​រំដោះ​ទឹក​បាន​ទាន់​ពេល។

លោក​ថា៖ «យើងនឹងយកលូចាស់មុខ​៨តឹក​នេះ​ចេញ យើង​ដាក់​ចូល​មុខ​មួយ​ម៉ែត្រ ហើយ​យើង​ស្ដា​រ​ឱ្យ​ស្អាត យើ​​ង​ធ្វើ​​នីវ៉ូ ឱ្យ​ត្រឹម​ត្រូវ។ អ៊ីចឹង​សូម​ជម្រាប​ដល់​បង​ប្អូន​អ្នក​ក្រុង​ប៉ោយ​ប៉ែត ឱ្យ​ជ្រាប​ថា​​សូម​មេ​ត្តា​ជួយ​សហ​កា​​រគ្នា កន្លែង​នេះ​អនុគ្រោះ​កំណាត់​ផ្លូវ​ពី​សណ្ឋាគារ​ប៉ោយ​ប៉ែត ស៊ីធី ទៅ​សាលា​ព្រហ្ម​និម្មិត្ត សូម​ប​ង​ប្អូន​ជួ​​យ​​ប​ញ្ចៀ​​ស​ចរាចរណ៍​មួយរ​យៈពេ​ល​សិន ទុក​ឱ្យ​ក្រុម​ការ​ងារ​បច្ចេក​ទេស​គាត់​ធ្វើ»។ 

ទោះយ៉ាងណា ប្រជាពលរដ្ឋនៅតែទទូចឱ្យអាជ្ញាធរ និង​មន្ត្រី​ពាក់​ព័ន្ធ ដោះ​ស្រាយ​បញ្ហា​​ទាក់​ទង​នឹង​កា​ររ​ស់​នៅ​ផ្សេង​ទៀត​ ដូ​ច​ជា​ បញ្ហា​ទឹក​ភ្លើង ផ្លូវ​ហុយ​និង​ខូច​ស្ទើរ​គ្រប់​កន្លែង ព្រម​ទាំង​បញ្ហា​ចរាចរណ៍​​ដែល​បង្ក​ការ​វឹក​​វរ​ដោ​យ​សារ​អ្នក​បើក​បរ​ជាជន​ជាតិ​បរទេស​ផង​ដែរ។

ពលរដ្ឋ​ទាំងនោះ ចាត់​ទុកក្រុងប៉ោយប៉ែតជាក្រុងស៊ី​វីល័យ​មួយ ដែល​មន្ត្រី​គ្រប់​គ្រង​​​នៅ​តំបន់​នេះ​មិន​គួ​រ​សម្ងំ​ប្រ​ព្រឹ​ត្ត​តែ​អំពើ​ពុក​រលួយ និង​បណ្ដោយ​ឱ្យ​មាន​បញ្ហា​ទាំង​នេះ​កើត​ឡើង​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ