ប្រជាពលរដ្ឋជាង២០គ្រួសារនៅខេត្តត្បូងឃ្មុំ ទាមទារឱ្យឧកញ៉ាម្នាក់សងសំណងពួកគេវិញ ក្រោយខ្ចីលុយធនាគារទិញដីពីក្រុមហ៊ុនឧកញ៉ារូបនេះជាង៣ឆ្នាំ តែមិនបានប្លង់ធ្វើឱ្យពួកគេប្រឈមវិបត្តិបំណុលវ័ណ្ឌក។
តំណាងជនរងគ្រោះម្នាក់ លោក វ៉ាត់ សុភា ប្រាប់ VOD ថាគាត់បានសម្រេចចិត្តទិញដីទ្បូត៍របស់ឧកញ៉ា សូ សេត ដែលមានឈ្មោះក្រុមហ៊ុន SO SET CO,LTD កាលអំឡុងឆ្នាំ២០២២។
ប្រភពបន្តថា ថវិកាដែលពួកគាត់យកទិញដីនោះ ក្នុងមួយឡូត៍ ៥ ទៅ ៦ពាន់ដុល្លារ គឺខ្ចីពីធនាគារ ដោយរំពឹងថានឹងបានប្លង់ដីត្រឹមត្រូវដូចអ្វីដែលក្រុមហ៊ុនធ្លាប់បានសន្យា តែជាង៣ឆ្នាំហើយមិនបានប្លង់នោះទេ។
លោកថា៖ «នឹកឃើញថា ដីហ្នឹងវាថោកនាំគ្នាទិញ ទៅចងការធនាគារគ្រប់តែគ្នាហ្នឹង ខ្ញុំនិងប្រជាពលរដ្ឋទាំងអស់ហ្នឹងមិនមាននរណាមានលុយផ្ទាល់ខ្លួនទេ ហើយអ្នកដែលតវ៉ាហ្នឹង គឺអ្នកដែលគេឲ្យលុយផ្ដាច់អស់ហ្មងហ្ហាស អ្នកខ្លះក៏មួយប្លង់បីពាន់ទៅ អ្នកខ្លះក៏មួយប្លង់ពីរពាន់ប្រាំអ៊ីចឹងទៅ ខ្ញុំពីរប្លង់ប្រាំមួយពាន់ លុយខ្ចីធនាគារទិញ[…] ប្រជាពលរដ្ឋម្ចាស់ដីដែលគេលក់ឲ្យទៅឧកញ៉ា សូ សេត ហ្នឹងគេអត់បានលុយគ្រប់ក៏គេយកដីរបស់គេវិញ ដោយវាស់ដាក់ឈ្មោះគេវិញចឹងដល់ពេលចឹងក៏បែរផ្សាយថា ដីប្រជាពលរដ្ឋគេយកវិញហើយ ឧកញ៉ា សូ សេត គាត់ឲ្យលុយគេអត់គ្រប់ ចឹងគេយកវិញហើយ»។
បន្ថែមពីនេះ លោកក៏បានស្នើឱ្យក្រុមហ៊ុនឧកញ៉ា សូ សេត ពន្លឿនដោះស្រាយបញ្ចប់បញ្ហានេះ ដោយសងសំណងជូនពួកគាត់ជាជនរងគ្រោះវិញផង។
តាមរយៈវីដេអូជាង១០នាទីរបស់សារព័ត៌មានក្នុងស្រុក បានចុះផ្សាយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ក្រោយពលរដ្ឋដែលរស់នៅភូមិទួលពន្លៃ ឃុំជីរោរ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានអះអាងថា ពួកគេបានចាញ់បោកក្រុមហ៊ុនដីទ្បូត៍ ទិញដីខ្យល់ ដែលមានឧកញ៉ា សូ សេត ជាម្ចាស់ក្រុមហ៊ុន។
ក្រុមជនរងគ្រោះនិយាយថា៖ «ខ្ញុំសំណូមពរឱ្យឧកញ៉ា សូ សេត ដោះស្រាយហើយឱ្យតែលុយមកវិញមក ព្រោះខ្ញុំមិនមែនលុយខ្លួនឯងទេ លុយអង្គការហ្នឹង»។
ឆ្លើយតបរឿងនេះ ឧកញ៉ា លោក សូ សេត បានបញ្ជាក់ប្រាប់ VOD ដោយខ្លីថា លោកកំពុងដោះស្រាយបញ្ហានេះហើយ។
លោកថា៖ «ហើយម្នាក់ដែលទាក់ទងខ្ញុំឲ្យកូនខ្ញុំទៅទាក់ទងយូរហើយ ការងារហ្នឹងគេដោះស្រាយរហូតហើយ ម៉េចបានទៅចឹង អត់អីទេ ឥឡូវចាំខ្ញុំឲ្យកូនខ្ញុំទៅជួបលេខហ្នឹងផ្ទាល់ អត់ទេ អត់អីណា ចាំមើលតិចទៀត ចាំខ្ញុំឲ្យគេទាក់ទងទៅ ខ្ញុំរវល់ៗ ខ្ញុំកំពុងប្រជុំ»។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សួន សូរីដា យល់ថា ការបោកប្រាស់ពីក្រុមឧកញ៉ានៅតែបន្តយាយីពលរដ្ឋបែបនេះ ដោយសារប្រព័ន្ធអនុវត្តច្បាប់ស្ដង់ដារពីរ គឺលំអៀងលើអ្នកមានលុយនិងមានអំណាច ហើយថា ពលរដ្ឋនឹងក្លាយជាជនរងគ្រោះតជំនាន់។
លោកថា៖ «ផលប៉ះពាល់ទីមួយ គឺភាពវេទនារបស់ប្រជាពលរដ្ឋ តាមរយៈការចាញ់បោកជាបន្តបន្ទាប់ ទៅលើក្រុមឧកញ៉ាហ្នឹង បើសិនជារដ្ឋាភិបាលមិនចាត់វិធានការច្បាស់លាស់ នៅក្នុងការដាក់ទោសទៅលើជនឆបោកទេ ចឹងវាធ្វើឱ្យអំពើឆបោកហ្នឹង វាចេះតែរីកធំទៅៗ ហើយអ្នកដែលរងគ្រោះទីមួយ គឺប្រជាពលរដ្ឋហើយ ពីព្រោះពលរដ្ឋជាអ្នករងគ្រោះជាអ្នកខាតបង់លុយកាក់ ចឹងប្រជាពលរដ្ឋជាអ្នករងគ្រោះទីមួយ រងគ្រោះដូចយើងបានឃើញហើយ ពួកគាត់ខ្ចីលុយធនាគារយកទៅរកស៊ីជាមួយឧកញ៉ាហ្នឹង ដូច្នេះអ្នកដែលជំពាក់ធនាគារពិតប្រាកដ គឺប្រជាពលរដ្ឋ ហើយអ្នកដែលត្រូវសងបំណុលគឺប្រជាពលរដ្ឋ»។
ប្រធានអង្គការប្រជាធិតេយ្យខ្មែរប្រចាំអូស្រ្តាលី លោក ស៊ឹង សែនករុណា លើកឡើងថា ដើម្បីបញ្ចៀសពលរដ្ឋពីបញ្ហានេះ រដ្ឋាភិបាលបក្សគ្រួសារហ៊ុនត្រូវអនុវត្តច្បាប់ ដោយហ៊ានវះកាត់មន្រ្តីពុករលួយ និងឧកញ៉ាឆបោក។
លោកបន្តថា ការព្រងើយកន្តើយរបស់រដ្ឋាភិបាលគ្រួសារហ៊ុន បានរុញពលរដ្ឋឱ្យកាន់តែធ្លាក់ជ្រៅក្នុងវិបត្តិបំណុល ដោយសារតែពួកមានអំណាចបោកពលរដ្ឋ ក្រោមគោរម្យងារជាឧកញ៉ានេះ។
លោកថា៖ «បើសិនជារដ្ឋាភិបាលហ្នឹង មិនយកចិត្តទុកដាក់ មិនអនុវត្តឲ្យបានត្រឹមត្រូវ ដែលពលរដ្ឋអាចទទួលយកបាន អំពីវិធានការហ្នឹងទេ ចង់មិនចង់ពលរដ្ឋក៏សាធារណជនគេចោទប្រកាន់ហើយ គេថាមេដឹកនាំរដ្ឋាភិបាលហ្នឹង ពិតជានៅពីក្រោយខ្នង ពាក់ព័ន្ធនឹងផលប្រយោជន៍ទទួលបានផលប្រយោជន៍ការពារគ្នាទៅវិញទៅមក ឲ្យឃើញគ្រាន់តែរូបភាពមានវិធានការ ច្បាប់ចាប់ខ្លួនអ៊ីចឹងមែន ប៉ុន្តែលុយដែលឧកញ៉ាឆបោករាប់លានដុល្លារ ដែលគឺមិនត្រូវបានមានវិធានការរឹបអូស ដើម្បីសងសំណងទៅប្រជាពលរដ្ឋវិញទេ»។
បើតាមជនរងគ្រោះ លោក វ៉ាត់ សុភា អះអាងថា លោកបានដំណឹងមកថា ឧកញ៉ា សូ សេត ក៏ធ្លាប់មានរឿងអាស្រូវឆបោកពលរដ្ឋក្នុងពលរដ្ឋលក់ដី និងផ្ទះ ជាច្រើនខេត្តផងដែរ។
លោកថា៖ «និយាយរួម ពេលផ្ទុះព័ត៌មានពួកខ្ញុំទៅចឹងទៅ មានការលេចឮមកច្រើនថា គាត់ហ្នឹងបើកដីឡូត៍ខេត្តត្បូងឃ្មុំផងកំពង់ចាមផង មានសៀមរាបមានកោះកុងមានអីច្រើនកន្លែង ប៉ុន្តែឮព័ត៌មានហ្នឹងចេញទៅក៏ឮគេថាបោកគេគ្រប់កន្លែងគេថាអញ្ចឹង»។
តាមរយៈការចុះផ្សាយព័ត៌មានក្នុងស្រុក អំឡុងខែធ្នូ ឆ្នាំ២០១៩ ឧកញ៉ា សូ សេត ធ្លាប់រំលោភយកដីរដ្ឋ តាមរយៈការធ្វើរបងចាក់ដីខ្សាច់ ដោយបានបំពានមកកៀកនឹងជើងប៉មទន្លេបិទ ដែលសាងសង់ឡើងនៅក្នុងសម័យអាណានិគមនិយមបារាំង ស្ថិតនៅតាមជួរមាត់ទន្លេមេគង្គក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ផងដែរ៕









