វិបត្តិ​កសិករ​ចង្អុល​បង្ហាញ​ពី​កង្វះ​ការ​ទទួល​ខុស​ត្រូវ​របស់​មេដឹក​នាំ​ត​ជំនាន់

បញ្ហា​​កសិផល​​គ្មាន​​ទីផ្សារ​ បាន​​ក្លាយ​​​ទៅ​​ជា​វិបត្តិ​​សង្គម​រីក​​កាន់​​តែ​ធំ​ឡើងៗ ធ្វើ​ឱ្យ​​​ប្រជា​​កសិករ​ខ្មែរ​​កាន់​​តែ​ច្រើន​ឡើង​ បាន​​ទុក​ដី​ស្រែ​ដី​​ចម្ការ​​របស់​​ខ្លួន​​ចោល ​​ហើយ​​ធ្វើ​​ចំណាក​ស្រុក​​ឡើង​ស្ងាត់​​ភូមិ​​ទៅ​​កាន់​​ប្រទេស​​ថៃ និង​​ទៅ​​តាម​​តំបន់​​ផ្សេង​​ទៀត​ ដើម្បី​​រក​​ប្រាក់​​បង់​សង​​ធនា​គារ។

​ខណៈ​បច្ចុប្បន្ន​ចំនួន​ប្រជាពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ​ បាន​​កើ​ន​ឡើង​​ដល់​ ​៥លាន​​៤ម៉ឺន​​នាក់ ក្នុង​ទំហំ​ទឹក​ប្រាក់​​ប្រមាណ​ជាង ៥៨,៩៤​ពាន់​លាន​ដុល្លារ។ ​​​នេះ​​​ជា​ជ្រុង​​សំខាន់​មួយ​ដែល​បង្ហាញ​ថា រដ្ឋាភិបាល​គ្រួសារ​ហ៊ុន បរាជ័យកម្មវិធី​នយោបាយ​លើក​កម្ពស់​ជីវភាពកសិករ។

លោក មេឃ អូន វ័​យ​​៣០ឆ្នាំ ជាកសិករ​ដាំដំឡូងមី នៅ​ស្រុក​វាល​វែង ​ខេត្ត​ពោធិ៍​សាត់ ​បាន​​និយាយ​បែប​ចម្អក​​​ថា បច្ចុប្បន្ន​​​នៅ​​ក្នុង​ភូមិ​​របស់លោក​​​អស់​​អ្នក​​ក្រ​​ហើយ។

គាត់ថា ​​អ្នកក្រ​បាន​​រត់​ចោល​​ស្រុក​ឡើងស្ងាត់ឈឹង​ ទៅស៊ីឈ្នួ​ល​គេ​នៅប្រទេស​ថៃ និង​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត ដោយ​​សារ​តែ​ដំឡូងមីឆ្នាំ​នេះ ​ធ្លាក់​ថ្លៃ​​ខ្លាំង​​​ធ្វើ​ឱ្យ​អ្នក​​ភូមិ​ខាត​​គ្រប់​​គ្នា ​ពុំមាន​ប្រាក់​បង់សង​​ធនាគារ ​និង​បង់​​​ថ្លៃ​ជី​ឡើយ ដូច្នេះ​ហើយ​ក៏​នាំគ្នា​ធ្វើចំណាកស្រុក​រកប្រាក់​មក​ដោះ​បំណុលគេ​។

កសិកររូបនេះ​ និយាយ​​ថា នៅពេល​នេះ​កុំ​ថា​ឡើយ​​​ទៅ​​រក​ប្រាក់​​​មក​​ដាំដំឡូង​ឱ្យបាន​ពេញ​ចម្ការ​ឡើងវិញ សូម្បី​តែលុយ​សម្រាប់​ហូបចុកពេញ​​មួយឆ្នាំទៅ​មុខទៀត​ ក៏​មិនដឹងថា ​ត្រូវ​ទៅ​រក​ពី​ច្រកណាទេ បើម្នាក់​ៗ​សងធនាគារ​​មិន​ទាន់​​រួចផង ​ទៅ​ខ្ចីគេ​ធ្វើ​ម៉េចគេ​ឱ្យទៀត​។

លោកថា៖ «អស់ហើយ​អ្នកក្រ​ ភូមិខ្ញុំ​រាល់​ថ្ងៃអស់​អ្នក​ក្រ​ពីឥឡូវទៅ​ហើយហ្នឹង ពីព្រោះ​​រត់​ចោល​​ស្រុក​អស់​ហើយ​​ហ្នឹង​​មាន​អីនៅទៀត​ មាន​អ្នកក្រណានៅទៀត ភូមិ​ស្ងាត់ឈឹងហ្មង។ ហីបើសិនមាននៅ​មុខជូរៗ​មុខសុទ្ធអត់លុយ​អ្នកដែលនៅៗ។ មិនបាច់ថាដល់​រកលុយ​មក​ដាំវិញផង លុយហូប​ចុក​ម៉ា​ឆ្នាំទៅមុខទៀត មិន​ដឹង​​ទៅ​ច្រកណា​ផង​ បើម្នាក់​ៗ​សងធនាគារ​​មិន​ទាន់​​រួចផងហ្នឹង​ ​ទៅ​ខ្ចីគេ​ធ្វើ​ម៉េចបាន​ទៀត​។ ចឹងបានគេថា តិចទៀត​អស់អ្នកក្រហើយ ឥឡូវអ្នកភូមិខ្ញុំ​អស់អ្នកក្រ​ហើយ ​ស្ងាត់ឈឹង មានអី​ទៀតរត់ចោល​​ស្រុក​អស់ហើយ​ហ្នឹង»​។

រដ្ឋាភិបាល​កម្ពុជា ​បាន​កំណត់​រួច​ជាស្រេច​ហើយ​ថា ប្រទេសកម្ពុជា​នឹង​ចាក​ចេញ​ពី​ប្រទេស​ក្រីក្រ ​ក្លាយ​​ទៅ​ជា​ប្រទេស​​អ្នក​មាន​​​នៅ​ក្នុង​​​ឆ្នាំ​​២០៥០ រួម​ទាំង​បាន​ដាក់​ចេញ​នូវ​កម្ម​វិធី​នយោបាយ​លើក​កម្ពស់​ជីវភាពកសិករ បើ​យើង​មើល​បញ្ហា​​ខាង​លើ​បង្ហាញថា​ ការ​ប្តេជ្ញាចិ​ត្ត​របស់​រដ្ឋាភិបាល​មាន​តែ​លើ​ក្រដាស។

តែផ្ទុយទៅ​វិញ វា​ឆ្លុះ​បញ្ចាំង​ថា ក្រោម​ការ​ដឹក​នាំ​តជំនាន់​របស់​គ្រួសារ​ហ៊ុន កសិករ​ជួប​ទុក្ខ​វេទនា​កាន់​តែ​មាន​ទ្រង់​ទ្រាយ​ធំ​ទៅៗ​ជា​លំដាប់។

​​លើសពីនេះ កសិកររូបនោះ​ បានលើកឡើង​ថា កុំ​ថាឡើយ​​​​ដ​ល់​ឆ្នាំ​២០៥០​ បើ​​ទោះ​បី​ជា​ដល់​​​ឆ្នាំ​២១០០​ក៏​លោក​​និង​​អ្នក​​ភូមិ​​ដទៃ​​ទៀត​ មិន​​អាច​ក្លាយ​ទៅ​​​​ជា​អ្នក​​មាន​ទៅ​​តាម​​ផែន​ការ​​របស់​​​រដ្ឋាភិបាល​​បាន​​កំណត់​​នោះ​​ដែរ ពីព្រោះ​ការ​​រស់​នៅ​​​​បច្ចុប្បន្ន​​ជីវិត​​កាន់​តែ​វេទនា​ទៅៗ​ ដក​ដំឡូង​​ហើយ​ ​រក​​​តែ​លុយ​​​ដាំ​ដំឡូង​​វិញ​​គ្មាន​​ផង​ តើ​​ទៅ​ក្លាយ​ជា​អ្នក​មាន​បាន​​​យ៉ាង​ម៉េច​កើត?

សម្រាប់​​អ្នកភូមិនៅក្នុង​ស្រុក​វាល​វែង ​​ខេត្ត​​ពោធិ៍​សាត់ អ្នក​​​ខ្លះ​ធ្វើ​ចំណាក​ស្រុក​ទៅ​ថៃ ​អ្ន​ក​ខ្លះក៏​ទៅ​​ភ្នំពេញ អ្នក​ខ្លះ​ក៏​ទៅ​​កំពង់​​សោម​​បែក​គ្នា​​អស់​ កូន​បែក​ម្តាយ ម្តាយ​​បែក​កូន ប្តី​បែក​​ប្រពន្ធ​ ​ដើម្បី​​ចេញ​​​ទៅ​រក​​ប្រាក់​​មក​បង់​សង​​បំណុល​គេ​។

នៅក្នុងឃ្លីបវីដេអូ​មួយ ​​លោក ​មេឃ អូន​ បាន​​និយាយ​​ជជែក​​ជាមួយ​​មិ​ត្ត​ភក្តិ​​​ជា​កសិករ​​ក្នុង​ភូមិ​ ​​នៅ​​លើ​​​ដី​​ចម្ការដំឡូង​​មី​ ​អំពី​​តម្លៃដំ​ឡូ​​ងមី​ចុះ​ថោក​​ខ្លាំង​នៅ​ឆ្នាំនេះ​ ដែល​ធ្វើឱ្យកសិករ​ដាំ​ដំឡូង​​ត្រូវខាតគ្រប់គ្នា​។

ប៉ុន្តែ​ពួកគេ​និយាយ​ថា ពួកគេ​គ្មាន​ជម្រើស​អ្វីក្រៅពី​ត្រូវ​បន្ត​​​ដាំ​ដំឡូង​​ទៀត​​នៅឆ្នាំ​នេះ​​នោះ​​ទេ ហើយ​​​បើ​នៅឆ្នាំ​ក្រោយ​​ពួក​គេ​ខាត​​ទៀត នោះ​នឹង​​លក់​​​ដី​ចម្ការ​បង់​​សង​​ធនាគារ​ និង​ធ្វើ​ចំណាក​ស្រុក​​។

ពួកគេថា៖ «នៀក​អាមុខខាតដោយ​សារ​​ដំឡូង​ហើយ​​​នៅ​ដាំ​ទៀត មុខ​ដូច​ខ្ញុំចឹ​ង។ មើនិយាយ​​មើ​​ខាត​​ម្លឹងៗ​ហើយ​នៅ​ដាំ​ទៀត? ឆ្នាំ​មុន​វា​ជំពាក់​គេ​នៅ​រាង​ស្ទើ​ ឆ្នាំ​ហ្នឹង​ប្រថុយ​​ជំពា​ក់​គេ​​បន្ថែម​​ទៀត​ ​បើ​ថា​​ម៉េចៗ​​សារ៉េទៅ​ហើយ។ មាន​លក់​ដី​ចំការ​ដំឡូង​​ថោកៗ ម្ចាស់​ប្រញាប់​​រ​ត់​ចោល​ស្រុក​! ធ្វើតែ​​មួយ​ឆ្នាំ​នេះ​ទៀត​ទេ បើ​នៅតែខាត​ទៀត​លា​ហើយ​​ស្រុក​ខ្មែរ។ មាន​ប៉ាស្ព័រ​ហើយ​នៅ? កំពុង​​​តែ​ទាក់​​ទង​គេ។ ម៉េច​ម៉ា​ធ្វើ​ឱ្យ​ហើយ។ កុំ​អីអត់​ដាំ​ទៀត​ទេ ប៉ុន្តែ​តាម​ តាម​​ឆ្នាំ​មុន​​អស់​ខ្លះ​​ដែរ»។

អ្នកចម្ការម្នាក់​ទៀត ក៏បាន​​និយាយ​មក​​កាន់​​ លោក មេឃ អូន នៅ​ក្នុង​​វីដេអូ​នេះ​​ដែរ​ថា ឆ្នាំ​នេះ​​លោក​​ក៏ខាតដែរ ​ហើយ​​ថា​នឹង​មិន​ដាំ​ទៀត​ទេ ព្រោះ​ថា​ បើ​ដាំ​ទៀត វា​កាន់​តែ​ផុង​ខ្លួន​ជ្រៅ​ក្នុង​បំណុល​ធនាគារ។

លើសពីនេះ គាត់​ថា បើ​ពេល​នេះ​ដោះ​ស្រាយ​មិន​រួច ​គ្មា​ន​​ជម្រើស​​ណា​ផ្សេង​ក្រៅ​ពី​លក់​​​ដី​ចម្ការ ដើម្បី​យកលុយ​​បង់​សង​ធនាគារ ហើយ​​​​​ធ្វើ​ចំណាក​​ស្រុក​នោះ​ទេ។

លើសពីនេះ ​លោក ​មេឃ អូន បាន​រំលេច​ផង​ដែរ ពី​ការ​រង​សម្ពាធ​ផ្លូវ​ចិត្ត​របស់​កសិករ ក្រោយ​និយាយ​ការ​ពិត​របស់​ខ្លួន​ចេញ​ទៅ​ក្រៅ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​រដ្ឋ។

លោកថា៖ «ស្រូវ​គ្នាថោក​មិន​ឱ្យ​ថា​ ថោក​ដំឡូងគ្នា​​ថា​ថោក​​​មិន​ឱ្យ​ថា​ថោក​ ឱ្យ​ថា​ម៉េច​បើ​វា​ថោក​មែន​ ត្អូញ​ស្អី​​បើ​អាហ្នឹង​ជា​ការ​ពិត​ហ្នឹង បើ​និយាយ​ការ​ពិត​មិន​បាន​ ពិភព​លោក​នេះ​លែង​ទទួល​ស្គាល់​​ការ​​ពិ​ត​ហើយ ហើយ​អ្នក​ក្រ​អី​ក៏​ខុស​រហូត​ម៉េះ ពួក​លោក​​សុទ្ធ​​តែ​ថា ពួក​ខ្ញុំ​ខ្ជិល ហ្នឹង​ហើយ​បាន​ក្រ មិន​មែន​អ្នក​ក្រទាំ​ង​អស់សុទ្ធ​តែ​ខ្ជិល​ឯណា​​អស់​លោក​! ខ្ញុំ​ម្នាក់​ឯង​​ខ្ញុំ​មើល​​​ថែ​ចម្ការ​​២០​ហាត់​(ហិកតា)​​ហើយ​​​ថា​ខ្ជិល​ម៉េច​ទៀត​ ប្រឹង​រាល់​ថ្ងៃ​ចង់​ដាច់​គ្រលៀន​អស់​ទៅ​ហើយ បើ​វា​ខាត​ដោយ​សារ​​ស្រូវ ​ដោយ​សារ​​ដំឡូង ​​ខ្ញុំ​ថា​​ខាត​​ហើយ​​ឱ្យ​ថា​ម៉េច​»។

លោក ​មេឃ អូន ​មាន​​ដីចម្ការ​ខ្លួន​ឯង​៤​ហិកតា ចំណែក​​១៦​ហិកតា​​ទៀត ​លោក​​ជួល​​​ដី​គេ​​ដើម្បី​​ដាំ​ដំឡូង​​កាល​ពី​ឆ្នាំ​កន្លង​​មក​។

លោក​​ថា​ នៅ​​ឆ្នាំ​ក្រោយ ​ប្រសិន​​បើដំឡូង​ចុះ​ថោក​ទៀត​ ​លោក​​ក៏​​អាច​​​លក់​ដីចម្ការ​​សង​​បំ​ណុល​​ធនាគារ​ហើយ​​ក៏​​​ធ្វើ​​ចំណាក​​​ស្រុក​​ដូចអ្នកភូមិដទៃទៀត​ផង​ដែរ។

ចំណែក ​លោក ម៉ាប់ សំរឹទ្ធ រស់​នៅសង្កាត់វាល​ពង់ ក្រុង​ឧដុង្គ​ម៉ែ​ជ័យ​​ បាន​​ឱ្យ​​ដឹង​​ថា នា​​ឆ្នាំ​​កន្លង​​មក​ ​លោក​បា​​ន​ជួល​​ដី​ចម្ការ​២០០​​ហិកតា​​ដាំដំ​ឡូង​​មី​ នៅ​ក្នុង​​ខេត្ត​​កំពង់​ឆ្នាំង។ ដោយ​​សារ​​តែដំ​ឡូង​មី​​​ឆ្នាំ​នេះ ​បាន​​ធ្លាក់​ថ្លៃ​ខ្លាំង ​ធ្វើ​ឱ្យ​ លោក ​សំរឹទ្ធ ខាត​ប្រាក់​​ដើ​ម​​អស់​​ជាង​ពាក់​​កណ្តាល។​ នៅ​​​​ឆ្នាំនេះ​ ដំឡូង​​មី​ធ្លាក់​​ថ្លៃ​ខ្លាំង​​ទាំង​ដំឡូង​​មី​ស្រស់ ​ទាំង​ដំឡូង​មីក្រៀម។​

កសិករ​​​រូបនេះ ​បាន​និយាយ​ក្នុង​សំដីដើមថា៖ «និយាយ​ពី​ថា​ខា​ត​​ហៅ​លែង​​​ឮ​បង​​ឆ្នាំ​នេះ​ ដោយ​​សារ​​តែដំឡូង​​​វា​ថោក​​ខ្លាំង​ពេក ខ្ញុំ​ខាត​អស់ជាងពាក់កណ្តាល។ ដំឡូង​ខ្ញុំ​មួយ​ចំនួន​ ​ខ្ញុំ​ទុកចោល ​ពីព្រោះខ្ជិលដក ដក​​​មក​​លក់​​១គីឡូ​បាន​​តែ​​១៨០​​រៀល​​ហ្នឹង​ ឱ្យ​​​តែ​ថ្លៃ​កម្មករ​​ដក​មិន​​គ្រប់​​ផង​​ ម្ល៉ោះ​ហើយ​ទុកចោលទៅ»

លោក ​សំរឹទ្ធ ដែល​មានដីចម្ការ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​​១០ហិកតា ​និយាយ​​ថា ឆ្នាំ​នេះ​ លោក​​ជួល​​​ដី​​ចម្ការ​​គេ​តែ​១០ហិក​តា​​ទេ ដើម្បី​​បន្ត​ដាំ​ដំ​ឡូង​សាក​​មើល​​មួយ​ឆ្នាំ​ទៀត ប៉ុន្តែ​បើ​ឆ្នាំក្រោយ​តម្លៃ​ដំឡូង​នៅ​តែថោក​ទៀត​ លោក​ឈប់​​​ដាំ​ហើយ។ លោក​​ថា នៅពេលនេះ​ លោក​​​នៅ​​ជំពាក់​​បំណុល​​ធនាគារ​ជាង១ម៉ឺនដុល្លារ​ទៀត ដែល​លុយជំពាក់នេះ​មួយ​ផ្នែក​​ដោយ​សារ​​តែខាត​ដំឡូងមី​។​

បើ​តាម​កសិករនៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ នៅ​​​ឆ្នាំ​នេះ ​ដំឡូង​​​មីស្រស់​​អាច​​លក់​បាន​​ត្រឹម​តែ​ពី​​១៨០​ទៅ​២៤០​ឬ​ក៏​៣០០​​រៀល​ ខណៈ​កាលពីឆ្នាំមុន​​ដំឡូងមីស្រស់​លក់​បាន​ថ្លៃ​ ៤០០​រៀល​ក្នុង​១គីឡូក្រាម​។

 វីអូឌី​ មិន​ទាន់​អាច​ទាក់​ទង​​លោក​ ឃឹម ហ្វី​ណង់ អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​​នេសាទ ដើម្បី​ស្នើ​​​សុំ​​​ធ្វើ​​អត្ថាធិប្បាយ​​លើ​​បញ្ហា​​ដំឡូង​​មី​​ធ្លាក់​​ថ្លៃ​នៅ​ឆ្នាំ​នេះ​បាន​ទេ។

ប៉ុន្តែ​កាលពីពេល​ថ្មីៗ​នេះ ​លោក​បានលើកទឹកចិត្តឱ្យកសិករ​​ គួរ​ពិចា​រណា​ដាំដំណាំផ្សេ​ង​​ដែល​​មាន​​គោល​ន​យោ​​បាយ​គាំទ្រ​ច្បាស់​លាស់​​វិញ ដូច​ជា ស្រូវ ចន្ទី ម្រេច ឬ​បន្លែ​ជាដើម។ ទន្ទឹ​ម​​នេះ លោក ហ្វីណង់​ ហាក់បារម្ភ​​ចំពោះ​ភាព​មិន​ច្បាស់​លាស់​​​នៃ​​ទីផ្សារ​​ ធ្វើ​ឱ្យ​ដំឡូង​មី​​មាន​ការ​​ពិបាក​​ក្លាយ​ជា​ដំណាំ​អា​ទិភាព។

សម្រាប់ ​លោក អិល ឈិញ ប្រធាន​សមាគម​ដំឡូង​មី​ខ្មែរ បាន​​ថ្លែ​ង​ថា​ លោក​មិន​រំពឹង​ថា តម្លៃ​ដំឡូង​មី​​អាច​​មា​ន​​​ការ​កើន​​ឡើង​​នៅ​ក្នុង​រយៈ​ពេល​ ២​ឆ្នាំ​ខាង​មុខ​​ទៀត​នោះ​​ទេ​ ដោយ​​សារ​តម្រូវ​ការ​​សកល​​លោក​ធ្លាក់​ចុះ និង​​ពុំ​​​មាន​ការ​កែច្នៃ​ក្នុង​ស្រុក។

បើគេពិនិត្យទៅលើកម្មវិធីគោ​លនយោបាយ​អាទិភាព​ចំនួន ៦ចំនុច របស់​រដ្ឋាភិបាល​ថ្មី ដែល​បាន​ប្រកាស​ដា​ក់​​​​​ឱ្យ​អនុវត្ត​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា ឆ្នាំ​២០២៣ សំដៅ​លើក​ស្ទួយ​ជីវភាព​កសិករ រួម​ទាំង​រក​ទីផ្សារ​ ឱ្យ​​ក​​​សិករ​ក្នុង​កម្រិត​សមរម្យ រួម​ទាំង​វិធាន​ដាក់​ពង្រាយ​មន្ត្រី​បច្ចេក​ទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ-សង្កាត់​ផងនោះ វា​​ហាក់​មិន​បាន​ដោះ​​បន្ទុក​កសិករ ជុំវិ​ញ​វិបត្តិ​ទីផ្សារ​នេះ ដែល​កសិករ​តែង​តែ​ស្រែក​រក​​ជំនួយ​​​ពី​រដ្ឋាភិ​បាល​​តជំនាន់ គ្រប់​រដូវ​កាល​នៃ​ពេល​ប្រមូល​ផល​របស់​ពួក​គេ។

ភស្តុតាងទាំងនេះ បញ្ជាក់ថា មេដឹកនាំតជំនាន់​របស់​គ្រួសារ​ហ៊ុន តជំ​នាន់​ទៅ​នេះ នៅ​តែមិន​អាច​ព្យាបាល​ជំងឺ​កសិករ​​បាន​ជុំវិញ​វិបត្តិ​ទីផ្សារ​នេះ ដែល​គេ​អាច​និ​យា​​​យ​​បាន​​ថា កសិករ​រង​គ្រោះ​តជំនាន់ ពី​របប​ដឹក​នាំរបស់​គ្រួសារ​ហ៊ុន។

ការ​សិក្សាជាច្រើនទៀត ក៏បាន​ចង្អុល​បង្ហាញ​ពី​ភាព​បរាជ័យ​របស់​រដ្ឋាភិបាល ដែល​មិន​អាច​ព្យាបាល​ជំងឺ​ក​សិ​ក​រ​ជុំវិញ​វិបត្តិ​ទីផ្សារ​នេះ ដែល​ជំរុញ​​ឱ្យមា​ន​ចំណាក​ស្រុក​ប្រឈម​នឹង​គ្រោះ​ថ្នាក់ ដើម្បី​ដោះ​ស្រាយ​វិបត្តិ​បំ​ណុល។

តួ​យ៉ាងដូចជា ការរកឃើញរបស់អង្គការ CENTRAL នៅឆ្នាំ២០២៤ ពលករជាង​៦៤​ភាគរយ ដែល​ត្រូវ​បាន​សម្ភាសន៍ ​សុទ្ធ​តែ​​មាន​បំណុល​ធនាគារ គ្រឹះ​​ស្ថាន​​​មីក្រូ​ហិរញ្ញ​វត្ថុ ឬ​ចង​ការ​ឯកជន។ វិបត្តិ​បំណុល​ ធ្វើ​ឱ្យ​លំហូរ​ចំណាក​ស្រុក ងាយ​​រង​គ្រោះ​ដោយ​សារ​ការ​ជួញ​ដូរ​មនុស្ស។

ការិយាល័យឥណទានកម្ពុជា(CBC)​ បាន​ចេញ​ផ្សាយ​​របាយ​​ការណ៍​កាលពី​​ពេល​ថ្មីៗ​នេះ​​ថា ក្នុង​ឆ្នាំ២០២៤ មាន​​ពលរដ្ឋ​​ខ្មែរ​ជាង​៥លាន​៤ម៉ឺន​​នាក់ កំពុ​ង​​ប្រើ​​ប្រាស់​កម្ចី​ពី​ប្រព័ន្ធ​ធនាគារ​ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត៦០​ពាន់​លាន​ដុល្លារ​អាមេរិក។

សម្រាប់​ លោក ​សម រង្ស៊ី អតីត​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ដែល​​​ជាអ្ន​ក​​ជំនាញ​​សេដ្ឋ​កិច្ច​​ លើក​ឡើង​​កាល​ពី​​ពេល​​ថ្មីៗ​នេះ​​ថា បច្ចុប្បន្ន​​ប្រជាជនខ្មែរ​កំពុង​ប្រឈម​មុខ​នឹង​ការ​លំបាក​​គ្រប់​​សព្វ​​បែប​យ៉ាង មាន​​អំពើពុក​រ​លួ​យ បំណុល​វ័ណ្ឌ​ក​ ចំណាក​ស្រុក អស្ថិរភាព​សង្គម គឺ​​ដោយ​​ពួក​​ម៉ាហ្វី​យ៉ា​ និង​​ដោយ​​សារ​​តែ​អសមត្ថភាព​​ដឹ​​កនាំ​​​របស់​​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​។

អ្នក​សិក្សា​ស្រាវជ្រាវ​ និងអ្នកឃ្លាំមើល​សង្គម ​ដែល​​មិ​ន​​រណប​រដ្ឋាភិ​បាល​​ បាន​​ព្រមាន​​​ថា ប្រសិន​​បើ​​​និន្នា​ការ​ដូច​​​បច្ចុប្បន្ន​​​នេះ​​​នៅ​​​តែ​បន្ត កសិផលគ្មាន​ទីផ្សារ​ ប្រជាពលរដ្ឋ​ជំពាក់​បំណុលគេវ័ណ្ឌក​​កាន់តែ​កើន ​ ការ​ធ្វើចំណាក​ស្រុកកាន់​តែ​កើន ​​ដែល​នឹង​ធ្វើឱ្យ​មាន​គម្លាត​​រវាង​អ្នកមាន​​និង​អ្នកក្រ​កាន់​តែធំ នៅ​ពេល​នោះ​​នឹង​កើត​មាន​​ចលាចល​បះបោរ​ទម្លាក់គ្រួសារ​ហ៊ុន​ពីអំណាច​មិនខាន ​​ប្រសិន​​បើរដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ មិន​ចាត់​វិធានការ​​ដោះស្រាយ​​ឱ្យ​មាន​ប្រសិទ្ធភាព​​ចាប់​តាំងពីឥឡូវនេះ​ទៅ​ទេនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ