ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នៅមិនទាន់បញ្ចប់ ឬទទួលបានលទ្ធផលផ្លែផ្កានៅឡើយទេ ដោយភាគីទាំងពីរ នឹងបន្តកិច្ចប្រជុំចរចានៅជុំទី២បន្តទៀត នៅដើមខែមិថុនាខាងមុខ។
កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភានេះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៥ ខែឧសភានេះ ឱ្យដឹងថា ក្នុងកិច្ចប្រជុំចរចាជុំទី១នេះ លោក ស៊ុន ចាន់ថុល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកស្រី ចម និម្មល បានជួបជាមួយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។
ប្រភពដដែល បន្តថា ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ដោយត្រង់ទៅត្រង់មកក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងបានពិភាក្សាស៊ីជម្រៅលើអត្ថបទសេចក្តីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ។ ភាគីទាំង២ បានឯកភាពគ្នារៀបចំកិច្ចប្រជុំចរចាជុំទី២ នៅសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីតោន បន្តទៀត។
តែយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មាននោះ មិនមានបង្ហាញលទ្ធផលលម្អិតនៃកិច្ចប្រជុំចរចាក្នុងជុំទី១នេះថាតើដំណើរការបែបណា និងទទួលបានផ្លែផ្កាបែបណានោះទេ។
កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ លោក Donald J. Trump ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ចេញការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ដោយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ ដែលកម្ពុជានឹងត្រូវអាមេរិកដំឡើងពន្ធគយរហូតដល់ ៤៩ភាគរយ។
ការដំឡើងពន្ធដល់ ៤៩ភាគរយលើទំនិញកម្ពុជា នាំទៅកាន់សហរដ្ឋអាមេរិកនេះ ជាកម្រិតខ្ពស់បំផុត បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅលើពិភពលោក ក្នុងនោះប្រទេសវៀតណាម ៤៦ភាគរយ, ថៃ៣៦ភាគរយ ឡាវ៤៨ភាគរយ ចិន ៣៤ភាគរយ និងសិង្ហបុរី១០ភាគរយជាដើម។
តែយ៉ាងណា ក្រោយពីការប្រកាសដ៏ភ្ញាក់ផ្អើលនេះ បានប្រមាណមួយសប្តាហ៍ គឺនៅថ្ងៃទី១០ ខែមេសា រដ្ឋបាល លោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីទៀត ដោយពន្យាពេលដាក់ពន្ធគយទៅលើបណ្តាប្រទេសផ្សេងៗ រួមទាំងកម្ពុជាផងដែរ រយៈពេល ៩០ថ្ងៃ ដោយកំណត់បន្ទាត់ពន្ធត្រឹម ១០ភាគរយស្មើគ្នា។
ជុំវិញបញ្ហាពន្ធនេះ អ្នកជំនាញ និងមជ្ឈដ្ឋានជាច្រើន បានព្រមានថា កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ពីព្រោះរោងចក្រជាច្រើនអាចនឹងបិទទ្វារ ដែលនឹងធ្វើឱ្យកម្មករកាន់តែច្រើន អត់ការងារធ្វើ ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការឱ្យបានទាន់ពេលវេលា ចំពោះការដំឡើងពន្ធលើទំនិញកម្ពុជា រហូតដល់៤៩ភាគរយរបស់សហរដ្ឋអាមេរិកទេនោះ។
ចំណែក ក្រុមប្រឹក្សាជាតិតស៊ូ កាលពីថ្ងៃទី៩ ខែមេសា ក៏បានចេញសេចក្តីអំពាវនាវមួយថា ស្ថានភាពនៃការយកពន្ធរបស់អាមេរិកដល់ ៤៩ភាគរយ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា ធ្លាក់ក្នុងវិបត្តិងើបមិនរួច ហើយកម្មករនឹងបាត់បង់ការងាររាប់សែនកន្លែងថែមទៀត កសិផលរបស់កសិករកាន់តែគ្មានទីផ្សារ អាជីវករនឹងលក់មិនដាច់។
ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ធ្លាប់ផ្តល់ជាយោបល់ដែរថា ដើម្បីបញ្ចៀសពីការដំឡើងពន្ធខ្ពស់ពីសហរដ្ឋអាមេរិក មេដឹកនាំគ្រួសារហ៊ុនត្រូវបន្ទន់ឥរិយាបទស្តារប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ជាពិសេសលុបបំបាត់អំពើពុករលួយ និងបក្ខពួកនិយម។
លោកបន្តថា បើមេដឹកនាំគ្រួសារហ៊ុន នៅតែប្រកាន់ជំហរមិនព្រមស្តារប្រជាធិបតេយ្យ ហើយបន្តដឹកនាំប្រទេសតាមគោលនយោបាយប្រជាភិថុតរបស់ខ្លួន ដូចឳពុករបស់លោក ដើម្បីតែចង់សម្រេចមហិច្ឆតាក្តោបអំណាច នោះបញ្ជាក់កាន់តែច្បាស់ថា គ្រួសារហ៊ុន ជាអ្នកធ្វើឱ្យពលរដ្ឋ ១៧លាននាក់ ក្លាយជាអ្នករងគ្រោះ៕









