សារលើក្រដាសប្រាក់«អំណាច​ហ៊ុន តត្រកូល ខ្មែរថ្ងូរ​តជំនាន់»​​បន្ត​ចែក​ចាយ​ក្នុង​ស្រុក​មួយ​​ចំនួ​ន​នៅ​កម្ពុជា

ហ្វេសប៊ុកឈ្មោះ ដើម្បី​យុត្តិ​ធម៌ បន្ត​អះ​អាង​ថា សារ​លើ​ក្រដាស​ប្រាក់​សរសេរ​ថា «អំណាច​ហ៊ុន តត្រកូលខ្មែរ​ថ្ងូរ​តជំនាន់» ត្រូវ​បាន​គេ​បន្ត​ចែក​ចាយ នៅក្នុ​ង​ស្រុក​មួយ​ចំនួន ក្នុង​ខេត្ត​ចំនួ​ន៣ ​គឺ​ខេត្ត​កណ្តាល កំពង់ចាម និង​កំពង់​ធំ ដែល​យុទ្ធនាការ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ជា​ផ្នែក​ជំរុញ​ឱ្យ​គ្រួសារ​ហ៊ុន​វិល​ទៅ​ស្តារ​ប្រជា​ធិប​តេយ្យ​ឈប់​បំពាន​រដ្ឋ​ធម្ម​នុញ្ញ

បើតាមហ្វេសប៊ុក ដើម្បី​យុត្តិធម៌ នៅថ្ងៃ​ទី១៥ ខែ​ឧសភា​នេះ ក្រដាស​ប្រាក់​ប្រភេទ​ ៥០០ និ​ង​១០០០រៀល រាប់​សិប​សន្លឹក ដែល​មាន​សរសេរ​សារ​ថា អំណាច​ហ៊ុន តត្រកូល​ ខ្មែរ​ថ្ងូរ​តជំនាន់ ត្រូវ​បាន​គេ​ចែក​ជូន​ព​ល​រដ្ឋ​តាម​ផ្លូវ​ជាតិ​លេខ​៦ ស្រុក​មុខ​កំពូល ខេត្ត​កណ្តាល ខេត្ត​កំពង់ចាម ស្រុក​តាំង​គោក និង​ស្រុ​​ក​សន្ទុក ខេត្តកំពង់ធំ។

ដូចគ្នានេះដែរ កាលពីថ្ងៃទី១៤ខែ​ឧសភា​នេះ ពលរ​ដ្ឋ​មួយ​ចំនួន​ នៅ​ជាយ​រាជ​ធានី​ភ្នំពេញ សង្កាត់​ចោម​ចៅ២ បាន​អះ​អាង​មក​ថា ពួក​គេ​ប្រទះ​ឃើញ​ក្រដាស​ប្រាក់​សរសេរ​សារ​ដូច​គ្នា​នេះ​ដែរ។

ហ្វេសប៊ុកឈ្មោះ ដើម្បីយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២៥ បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុ​ង​ប្រទេស និង​ក្រៅ​ប្រទេស ចូល​រួម​ធ្វើ​យុទ្ធនា​ការ​ចែក​ចាយ​ក្រដាស​ប្រាក់​រៀល​ផ្សេងៗ ដែល​មាន​សរសេរ​អក្សរ «អំណាចហ៊ុន ត​ត្រកូល ខ្មែរ​ថ្ងូរ ត​ជំនាន់» ដើម្បី​បង្ហាញ​ឆន្ទៈ​ច​ង់បាន​ប្រជាធិប​តេយ្យ ប្រឆាំង​ការកាន់​អំណាច​ផ្តាច់​ការ​គ្រួសារ​ហ៊ុន។

ចាប់ពីពេលនោះមក ពោលគឺជាងកន្លះខែទៅនេះ ក្រដាស​ប្រាក់​រៀល​មានសរ​​សេរអ​ក្សរ​ក្នុង​ន័យ​ប្រឆាំង​ការកាន់​អំណាច​ផ្តាច់​ការ​គ្រួសារ​ហ៊ុន​នេះ ត្រូវ​ពលរដ្ឋ​អះ​អាង​ជា​បន្ត​បន្ទាប់​នៅ​ភ្នំពេញ ខេត្ត​កំពង់​ចាម ខេត្ត​​កំពង់ធំ ខេត្ត​​ពោធិ៍សាត់ និង​ថ្មីៗ​នេះ នៅ​ជម្ពូ​វ័ន​ជាយ​ក្រុង​ភ្នំពេញ។

យុទ្ធនាការលើក្រដាស​ប្រាក់ បែប​ស្ងាត់​ស្ងៀម​នេះ គេ​ប្រទះ​ឃើញ​មាន​សរសេរ​នៅ​លើ​ប្រាក់​រៀល​​ពី​​ប្រភេទ៥០០​​រៀល រហូតដល់ក្រដាសប្រាក់ ៥ម៉ឺន​រៀល​ផង​ដែរ។

លើសពីនេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ធ្លាប់​បង្ហោះ​សារ​ភ្ជាប់​នឹង​ក្រដាស​ប្រាក់​ អំណាច​ហ៊ុន តត្រកូល ខ្មែរ​ថ្ងូរ​តជំនាន់​នេះ កាល​ពី​ចុង​ខែ​មេសា​ថា យុទ្ធនាកា​រ​នេះ នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស ដើម្បី​បុព្វ​ហេតុ​ប្រជា​​ធិប​តេយ្យ។

ដូចគ្នានេះដែរ អតីតមេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី ក៏​ធ្លាប់​បង្ហោះ​ក្រដាស​ប្រាក់​ដែល​មាន​សរសេ​រ​សារ​ប្រ​ឆាំង​​នឹង​អំណាច​ផ្តាច់​ការ​គ្រួសារ​ហ៊ុន​នេះ​ដែរ ដោយ​អះ​អាង​ថា ជា​ចរន្តជនរងគ្រោះ​នៅក្នុ​ង​ប្រទេស​កម្ពុជា។

យ៉ាង​ណា អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ​ក៏​ធ្លាប់​ប្រាប់​VOD​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​ព្រួយ​បារម្ភ​ណា​មួយ​លើ​យុទ្ធនាកា​រ​ក្រដាស​ប្រាក់​សរសេរ​សារ អំណាច​ហ៊ុន​តត្រកូល​ខ្មែរ​ថ្នូរតជំ​នាន់​នេះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ