ក្រសួង​ដែនដី​រង​ការ​រិះ​គន់​ថា ការ​ពារ​អាជីវកម្ម​លក់​ដី និង​ផ្ទះ​ខ្យល់​ឱ្យ​បោក​ពលរដ្ឋ

ក្រុមជនរងគ្រោះ រិះគន់​ថា ការ​ដែល​ក្រសួង​ដែន​ដី​ទម្លាយ​ថា ក្រុម​ហ៊ុន​ដែល​គ្មាន​ទុន​គ្រប់​គ្រាន់​ដើម្បី​ដំណើរ​អាជីវ​កម្ម​ ក៏​ទទួល​បាន​អាជ្ញា​ប័ណ្ណ​អភិវឌ្ឍន៍​លក់​អចលន​ទ្រព្យ​ឱ្យ​អតិថិ​ជន​ដែរនោះ ហាក់​បង្ហាញ​ពី​ការ​រួម​ដៃ​រវាង​ក្រសួង​ និង​ឈ្មួញ​ទុច្ច​រិត ឱ្យ​បោក​ពលរដ្ឋ​ក្រោម​គម្រោង​លក់ដី និង​ផ្ទះ។

ការិះគ​ន់​នេះ ក្រោយ​រដ្ឋលេខាធិ​ការ​ក្រសួង​រៀបចំ​ដែន​ដី នរគរ​រូបនីយ​កម្ម និង​សំណង់ លោក ថេង ច័ន្ទសង្វារ ទម្លាយ​​​ថា ក្រុម​ហ៊ុន​ខ្លះ​គ្មាន​ប្រាក់​រក​ស៊ី​គ្រប់​គ្រាន់ ក៏​អាច​បើក​ដំណើរ​ការ​អាជីវកម្ម​បាន​ដែរ តាម​រយៈ​ជម្រើស​ខ្ចី​លុយ​ធនាគារ ឬ​យក​លុយ​ពី​អតិថិជន​មក​ដំណើរ​ការ​ក្រុម​ហ៊ុនបណ្តើរៗ​តែ​ម្តង មិន​ចាំបាច់​មាន​លុយ​គ្រប់​គ្រាន់​ទេ។ 

ក្នុងន័យនេះ លោកថាមុនទិញ ដីឡូតិ៍ ឬ​ផ្ទះក្នុង​បុរី ពលរដ្ឋ​ត្រូវ​ស្វែង​យល់​ពី​ប្រវត្តិ​ម្ចាស់​គម្រោង​ឱ្យ​ច្បាស់​ដោយ​ខ្លួន​ឯង។

លោកថា៖ «ប៉ុន្តែបើយើង​ថា​អត់​ទេ! បើ​ខ្ញុំ​ប្រយ័ត្ន​អ៊ីចឹង អ​ត់​​​ផ្ទះ​នៅ​ហើយ! អ៊ីចឹង​ប្រថុយ​តាម​ហ្នឹង​ទៅ! អាហ្នឹង ឧស្សាហ៍​​អុជ​ធូប ឧស្សាហ៍​ទៅ​វត្ត ឧស្សាហ៍​ធ្វើ​បុណ្យ កុំ​ឲ្យ​ជួប​រឿង​កុំ​ឲ្យ​ជួប​រឿង​ចៃដន្យ​ ពីព្រោះ​ច្បាប់​អត់​ហាម​ទេ​ណា។ ច្បាប់​អត់​ហាម​ថា យ​ក​ដី​គេ​មក​អភិវឌ្ឍន៍​ច្បាប់​អត់​ហាម​ទេ ហើយ​យក​ដី​ខ្លួន​ឯ​ង​ទៅ​ដាក់​ធនាគារ​យក​លុយ​មក​អភិវឌ្ឍន៍ ក៏​ច្បាប់​អត់ហាម​ដែរ។ អាហ្នឹង គេ​ហៅ​វិនិយោគ​នោះ ​បើ​ចាំ​តែ​ក្រុម​ហ៊ុន​មួយ​មាន​ដី​ខ្លួន​ឯង​ផង ​មាន​លុយ​បរិបូណ៍ សម្រាប់​សង់​លំនៅ​ឋាន​ផង ជួល​កម្មករ​ផង ជួល​បុគ្គលិក​ធ្វើការ​ផង ហើយ​បាន​យក​ផ្ទះ​មក​លក់​ឱ្យ​បង​ប្អូន​យក​ចំណេញ​ អត់​មាន​ទេ​លើ​​ពិភពលោក អត់​មាន​ក្រុមហ៊ុន​ណា​ទៅ​ធ្វើអ៊ីចឹង​កើត​ទេ»។

តាមរយៈវីឌីអូជាង៣នាទីនោះ ដែលត្រូវបានរដ្ឋមន្រ្តី​ក្រសួង​ដែនដី នគររូប​នីយ​កម្ម និងសំណង់ លោក សាយ សំអាល់ បាន​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃទី​១៣ ខែ​ឧសភា ក៏​មាន​អ្ន​ក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ចាត់​ទុក​ថា ការ​ថ្លែង​នេះ ជា​ចេតនា​គេច​ចេញ​ពី​ការ​ទទួល​ខុស​ត្រូវ និង​ងាក​ទៅ​ការ​ពារ​ក្រុម​ហ៊ុន​ឆបោក។

គណនីហ្វេសបុកឈ្មោះ Tauch Sarou (តើច សារ៉ូ) រិះ​គន់​​ក្នុង​ន័យ​ដើម​ថា៖ «ក្នុង​ប្រទេស​ ប្រជា​រាស្ត្រ​ទុក​ចិត្ត​មន្ត្រី​ដឹក​នាំ​កិច្ច​ការ​រដ្ឋ ការ​ពារ​ជាតិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ប្រជាពលរដ្ឋ។ ​បើ​និយាយ​ដូច​លោក​ ចុះ​ចេញ​ពី​តំណែង​ទៅ ទុក​កន្លែង​ហ្នឹង​ឲ្យ​គេ​អ្នក​មាន​សមត្ថភាព​ធ្វើ​វិញ​ល្អ​ជាង»។

ហ្វេសបុក ឈ្មោះ ហរទ័យ ចោទ​សួរថា តើនរណា​ជាអ្ន​ក​ចេញ​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍? ហេតុ​អីបន្ទោស​រាស្រ្ត​ទៅ​វិញ? បើ​ម្ចាស់​គម្រោង​អួត​សុទ្ធ​តែ​ជួយ​សង្គម ថ​ត​បង្ហោះ​ផ្អើល​ពិភព​លោក ដល់​ធាតុ​ពិត​បោក​រាស្រ្ត​សោះ រាស្រ្ត​ខ្លះ ជំពាក់​គេ​ជុំ​ទិស​ដោយ​សារ​រឿង​ទិញ​ដី។

ជ្រុង​មួយនៃរឿងនេះ ជនរងគ្រោះម្នាក់ លោក ប៊ុន ធឿន រស់​នៅ​ខេត្ត​កំពត ប្រាប់​វីអូឌី​ថា លោក​​​បាន​ចាញ់បោក​ក្រុម​ហ៊ុន​គម្រោង​អចលន​ទ្រព្យ​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង ចំនួន​២ម៉ឺន​ដុល្លារ ដោយ​សារ​ឃើញ​មាន​ការ​ទទួល​ស្គាល់​ពីស្ថា​ប័ន​រដ្ឋ។

លោកថា៖ «គេថាក្រុមហ៊ុន​គេ​មាន​អាជ្ញា​ប័ណ្ណ​ ក្រុម​ហ៊ុន​គេ​ស្រប​ច្បាប់ ក្រុម​ហ៊ុន​គេ​មាន​ទំនួល​ខុស​ត្រូវ ក្រុម​ហ៊ុន​គេមាន​រដ្ឋ​បើក​អាជីវកម្ម​ឲ្យ​ពេញ​សិទ្ធិ​ត្រឹម​ត្រូវ។ ឥលូវ​អាជ្ញា​ប័ណ្ណ​យក​មក​បោក​ប្រជា​ពលរដ្ឋ គេ​មាន​ថ្នាក់​ដឹក​នាំ​គេ​ទទួល​ដឹង​ឮ ចេញ​អាជ្ញា​ប័ណ្ណ ឥលូវ​បែរ​ជា​យក​អាជ្ញា​ប័ណ្ណ​ហ្នឹង​យក​មក​បោក​ពលរដ្ឋ។ សួរ​ថា​ក្រុម​ហ៊ុន​ហ្នឹង​អ​ត់​មាន​គេច​វេស​ទៅ​ណា​ទេ ហេតុ​អី​ច្បាប់​ធ្វើ​មិន​ចេញ។ អ៊ីចឹ​ងច្បាប់​ស្រុក​ខ្មែរ​យើង​ត្រូវ​ការ​តែ​លុយ បើ​អ្នក​ណា​មាន​លុយ​នឹង​ឈ្នះ បើ​អ្នក​អត់​លុយ​គឺ​ចាញ់ ទុក​ឲ្យ​ស្លាប់​ឈឺ​បន្ត​ទៅ​ទៀត អ៊ីចឹង​ប្រជាពលរដ្ឋ​ឈឺ​ចាប់»។

ដោយឡែក​ ជនរងគ្រោះម្នាក់ទៀត​ដែល​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ លោក អង យូហៃ ប្រាប់ថា ចាញ់​បោកក្រុមហ៊ុន​​ប្រ៊ីលានស៊ីធី ទាំង​គ្រួសារ​សរុប​ជាង ៥ម៉ឺន​ដុល្លារ ក្រោយ​ការ​ជឿ​ជាក់លើ លោក ស៊ាន បូរ៉ាត់ មន្រ្តី​ស្និទ្ធ​លោក ហ៊ុន ម៉ាណែត បាន​ឃោសនា​ឱ្យ​ពលរដ្ឋ​ជឿ​ជាក់​លើក្រុម​ហ៊ុន​ឆបោក​មួយ​នេះ។

លោកថា៖ «សុទ្ធតែជឿជាក់លើ​ឯកឧត្តម ស៊ាន បូរ៉ាត់ ហើយ​និង ឡេង ចាន់ណា ព្រម​ទាំង​សម្តេច​(ហ៊ុន ម៉ាណែត) ចុះ​​ទៅ​សម្ពោធ។ ចឹង​ជឿ​ជាក់​ថា ពួក​គាត់​មិន​បោក​ពលរដ្ឋ​ទេ តែ​ចុង​ក្រោយ​ពួក​ខ្ញុំ​ទឹក​ភ្នែក​មិន​ចេញ ​ប្រជា​ពលរដ្ឋ​ពិបាកខ្លាំង​ណាស់​បង​អើយ ម្នាក់ៗ​សឹង​តែ​ចងក​សម្លាប់​ខ្លួន​អស់​ហើយ អ្នក​ខ្លះ​មក​ប្រទេស​ថៃ ទាំង​ខុស​ច្បាប់​ក៏​មាន​ដែរ។ សព្វ​ថ្ងៃរស់​ទាំង​ត្រដរ​ទេ បើ​យើង​មិន​ប្រឹង​មាន​អង្ករ​ណា​ច្រក​ឆ្នាំង បើ​សេចក្តី​សង្ឃឹម​យើង​ខំ​សន្សំ​រាប់​ឆ្នាំ គេ​បោក​​អស់​រលីង​ពឹងប្រាក់​ខែ​មួយ​ខែបា​ន​តែ​១ម៉ឺ​ន​បាត ខំ​រក​ចង់​ងាប់​ចុង​ក្រោយ​គេ​មក​បោក ស្តាយ​គំនិត​ស្តាយ​ចិត្ត​ដែ​ល​ធ្លាប់​ទុក​ចិត្ត»។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយ​ថា កម្ពុជា​ជាប្រទេស​មាន​អំពើ​ពុក​រលួយ ទើប​ក្រុម​ហ៊ុន​ឆបោក​ក៏​អាច​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ដែរ ហើយ​មានទាំង​មន្រ្តី​បក្ស​កាន់​អំណាច​ មក​ជួយ​ឃោសនា ដើម្បី​​ឱ្យ​ពលរដ្ឋ​ជឿ​ជាក់​ដូច​ក្រុម​ហ៊ុន ឡេង ចាន់​ណា ជាដើម។

ក្នុងន័យ​នេះ លោកចាត់ទុកការថែ្លងរបស់មន្រ្តីក្រសួងដែនដីនេះ បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ និង​មិន​បាន​ការ​ពារ​ផល​ប្រយោជន៍​​ពលរដ្ឋទេ តែ​ងាក​ទៅ​រួម​ដៃ​គ្នា​បោក​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ខិល​ខូច​ទៅ​វិញ ដើម្បី​ជួយ​រក​លុយ​ឱ្យ​គ្រួសារ​ហ៊ុន​ចិញ្ចឹម​អំណាច។

លោកថា៖ «ក្រុមហ៊ុន! ម្ចាស់​ក្រុមហ៊ុន​ហ្នឹង​ គឺ​មាន​ការ​ឃុប​ឃិត​ជាមួយ​នឹង​អ្នក​ធំ​អ្នក​មាន​អំណាច រក​ស៊ី​និង​មាន​ភាគ​ហ៊ុន​របស់​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​នៅ​ពីក្រោយ​ខ្នង។ យក​លុយ​ដែល​បោក​ពី​ប្រជា​ពលរដ្ឋ​ទៅឲ្យ​អ្នក​ធំ​ទៅ​ឱ្យ​ត្រកូល​​ហ៊ុន​ទៅ​ឲ្យ​រដ្ឋាភិបាល។ រដ្ឋាភិបាល​ក៏​បិទ​ភ្នែក​ធ្វើ​មិន​ដឹង​ឲ្យ​បោក​ប្រជា​ពលរដ្ឋ ឱ្យ​បា​ន​តែ​លុយ​មួយ​ចំនួន​ដែល​បោក​ហ្នឹងបាន​ចូល​ហោ​ប៉ៅ​ក្រុម​គ្រួសារ​ត្រកូ​ល​ហ៊ុន និង​អ្នក​មាន​អំណាច ដើម្បី​យក​លុយ​ទៅ​ពង្រឹង​បក្ស»។ 

ជាមួយគ្នានេះ អ្នកឯកទេសផ្នែកសង្គម គោលនយោបាយ និង​សេដ្ឋកិច្ច លោក ឌី គន្ធា ជំរុញឱ្យ​រដ្ឋាភិបាល​ពិនិត្រ​ឡើង​វិញ​ មុន​ផ្តល់សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​បើក​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បីការ​ពារ​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ។

លោកថា៖ «រដ្ឋត្រូវពិនិត្យមើលកិច្ចព្រមព្រៀងឡើងវិញ ថា​តើ​គម្រោង​ហ្នឹង បើ​ធ្វើ​ទៅ​មាន​គំរូ​ជោគ​ជ័យ ហើយ​មាន​បទ​ដ្ឋាន​គុណភា​ព​នៃ​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ទេ វាបង្កើត​ឲ្យ​មាន​ផល​ប៉ះ​ពាល់​អី​ខ្លះ​កើត​ឡើង ហើយ​នៅ​ពេល​ដែល​មាន​ផល​​​ប៉ះ​ពាល់​កើត​ឡើង​ នរណា​អ្នក​ទទួល​ខុស​ត្រូវ! ទី១​រដ្ឋ អ្នក​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ ហើយ​រដ្ឋ​ត្រូវ​ពង្រឹង​លើ​ការត្រួត​ពិនិត្យ​អភិបាល​ទៅ​លើ​កិច្ច​ព្រម​ព្រៀង រវាង​រដ្ឋ​និង​ភាគី​ក្រុម​ហ៊ុន​ឯកជន កុំ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ផ្សេងៗ ទៅ​ដល់​អតិថិជន»។

ជា​ការកត់សម្គាល់ ក្នុងអាណត្តិដឹកនាំរបស់ លោក ហ៊ុន មាណែត ជិត២​ឆ្នាំ​ទៅ​នេះ មាន​ករណីបោក​ប្រាស់​ធំៗ​ជា​ច្រើន​​បាន​ផ្ទុះ​ឡើង ក្រោម​ដៃ​ឧកញ៉ា​ខិល​ខូច​ស្និទ្ធិ​គ្រួសារ​ហ៊ុន ធ្វើ​ឱ្យ​ជន​រងគ្រោះ​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ ​គ្មាន​ការ​ពារ​ពី​ស្ថាប័ន​រដ្ឋ។

ក្នុងនោះ មានពលរដ្ឋយ៉ាងហោចណាស់ ៣ម៉ឺន​នាក់ រ​ងគ្រោះ​ដោយ​សារ​គម្រោង​អចល​ទ្រព្យ ដូច​ជា​ ចាញ់​បោក​អតីត​ឧកញ៉ា ជា សារ៉ន ហ៊ី គឹមហុង ឡេង ចាន់ណា ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប​នៅ​ខេត្ត​ស្វាយ​រៀង ជាដើម។

បើតាម អ្នករងគ្រោះប្រាប់VODថា ការជឿជាក់យកលុយ​ទៅ​ទិញ​ដី​ក្នុង​ក្រុម​ហ៊ុន​ទាំង​នោះ ព្រោះ​ឃើញ​មាន​ការ​ចុះ​បញ្ជី​​ទទួល​ស្គាល់​ស្ថាប័ន​រដ្ឋ រួម​មាន មន្រ្តី​ចេញ​មុខ​ជួយ​ឃោសនា​ឱ្យ​ក្រុម​ហ៊ុន​ឆបោក​ទាំង​នោះ ដែល​ពួក​គេ​សុទ្ធ​តែ​មាន​​តួនាទី​ខ្ពស់​ក្នុ​ង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ថែម​ទៀត៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ