មហិច្ឆតា​ក្តោប​អំណាច​ក្លាយ​ជា​ក្តី​បារម្ភ​ពី​គ្រោះថ្នាក់​លើ​​​​​កម្ពុជា​​​ក្រោម​វិធាន​ដំឡើង​ពន្ធ​អាមេរិក

អ្នកឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​ ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បរាជ័យ​នៅ​ជុំ​ទី២​ទៀត លើ​យន្តការ​ចរចា​ដើម្បី​​សុំ​ការ​យោគ​យល់ វិធាន​ដំឡើង​ពន្ធ​រហូត​ដល់​៤៩​ភាគរយ​ពី​រដ្ឋបាល លោក ដូណាល់ ត្រាំ។ ការណ៍​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​រង​គ្រោះ​​ក្នុង​កម្រិត​ធ្ងន់​ធ្ងរ បើ​មេដឹកនាំ​គ្រួសារ​ហ៊ុន នៅ​តែ​ចិញ្ចឹម​ចិត្ត ក្តោប​អំណាច​តពូជ បំពាន​រដ្ឋ​ធម្ម​​នុញ្ញ និង​បំណង​អន្តរ​ជាតិ ជុំវិញ​ការ​ជំរុញ​ឱ្យ​ស្តារ​ប្រជាធិប​តេយ្យ ​និង​ការ​ប្រើប្រាស់​​​ពាណិជ្ជ​កម្ម​មិន​ស្មោះ​ត្រង់ ធ្វើ​ជា​​ឧបរណ៍​បម្រើ​ផលប្រយោជន៍​មហាអំណាច​ចិន​នោះ។

តាមសេចក្តីប្រកាសព័ត៌មាន​​របស់រដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា​នេះ ឱ្យ​​ដឹ​ង​ថា ការ​​ចរចា​លើ​​កិច្ច​​ព្រម​​ព្រៀង​​​ពាណិជ្ជ​​កម្ម​​​បដិការ​​​រវាង​​កម្ពុជា​និង​អាមេរិក​ជុំ​ទី​១នេះ​ មិន​ទទួល​បាន​ជោគ​ជ័យ​ទេ ហើយ​​​​​នឹង​​​បន្ត​កិច្ច​​ប្រជុំ​​​ចរចា​​​នៅ​ជុំ​​ទី​២ទៀត​ នៅ​ពាក់​កណ្តាល​​ខែ​ក្រោយ។

ការ​ចរចាជុំ​ទី១នេះ ធ្វើឡើង​រយៈ​ពេល៣ថ្ងៃ គឺចាប់​ថ្ងៃទី១៣​ ដល់​ថ្ងៃទី១៥ ខែ​ឧសភា​នេះ នៅ​សហរដ្ឋ​អាមេរិក ដែ​ល​ភាគី​កម្ពុជា ដឹកនាំ​ដោយ​​អនុ​ប្រធាន​​​ទី១​ក្រុម​​​​ប្រឹក្សា​​អភិវឌ្ឍន៍​​​កម្ពុជា លោក ស៊ុន ចាន់​ថុល និង​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​​កម្ម​​កម្ពុជា លោក​ស្រី ចម និម្មល ។

រីឯភាគីអាមេរិកមាន​ ​លោកស្រី Sarah Ellerman អនុ​ប្រធាន​​តំណាង​​ពាណិជ្ជ​​កម្ម​​សហ​រដ្ឋ​​អាមេរិក​​ទទួល​​បន្ទុក​​​តំបន់​​អា​ស៊ី​​អាគ្នេយ៍​ និង​ប៉ាស៊ីហ្វិក។

តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា ប្រាប់​VODនៅថ្ងៃ​ទី១៦ ខែ​ឧសភា​នេះ​ថា លទ្ធផល​ចរចា​ជុំទី១​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​បរាជ័យ​យ៉ាង​ធំ​សម្រាប់​មេដឹក​នាំ​កម្ពុជា។ លោក​ថា នេះ​ជា​បទ​ពិសោធន៍​ និង​ជា​មេរៀន​ដែល​មេដឹក​នាំ​កម្ពុជា ត្រូវ​តែ​កែ​លម្អ​ ស្តារ​ប្រជាធិ​ប​តេយ្យ គោរព​សិទ្ធិ​មនុស្ស ដោះ​លែង​អ្នក​ទោស​មនសិកា និង​ដោះ​ដៃ​ពី​ប្លុក​លោក​កុម្មុយ​និស្ត​​ចិន ក្នុង​ការ​ធ្វើ​ជំនួញ​មិន​សុចរិត ដែលអាមេរិក​រក​ឃើញ​ថា ជា​ឧបករណ៍​បម្រើ​ឱ្យ​ផល​ប្រយោជន៍​​ចិន ដើម្បី​គេច​ពី​រនាំង​ពន្ធ​របស់​អាមេរិក។

លោកថា៖ «ការចរចាជាមួយ​សហរដ្ឋ​អាមេរិក​ ដើម្បី​ទទួល​បាន​ជោគ​ជ័យ​ ទាល់​តែ​រដ្ឋាភិបាល​កម្ពុ​ជា​បំពេញ​នូវ​លក្ខ​ខណ្ឌ​ពីរ​ ដែល​សហរដ្ឋ​អាមេរិក​ត្រូវ​ការ​ គឺ​មក​ដល់​ពេល​មុន​ពេល​ដែល​រដ្ឋាភិ​បាល​កម្ពុជា​ ទៅ​ជួប​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​កម្ពុជា មិន​បាន​បំពេញ​នូវ​លក្ខខណ្ឌ​ពីរ​នេះ​ទេ។ ​ទី១​គឺ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិប​តេយ្យ​នៅ​កម្ពុជា តាម​រយៈ​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ មាន​លោក កឹម សុខា ដែល​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នក​ទោស​​នយោបា​យ​ដទៃទៀត​ សកម្ម​ជន​បរិស្ថាន​ សកម្មជន និង​សង្គម​ជាដើម»។

លោក សូរីដា សង្កត់​ធ្ងន់​ថា ការ​ចរចា​ជុំទី​២​នឹង​បរាជ័យ​ទៀត បើ​មេដឹកនាំ​កម្ពុ​ជា​គិត​តែ​ពី​ការ​ពារ​អំណាច​បំពាន​រដ្ឋ​ធម្ម​នុញ្ញ និង​បំណង​អន្តរ​ជាតិ មិន​ព្រម​លាង​ជម្រះ​បញ្ហា​នេះ រួច​​ស្តារ​​ប្រជាធិបតេយ្យ​ប្រកប​ដោយ​ជំនឿ​ទុក​ចិត្ត​ពី​សហគមន៍​ជាតិ និង​អន្តរ​ជាតិ​ទេ​នោះ។

លោកគិតថា បើមេដឹកនាំ​កម្ពុជា​គ្រួសារ​ហ៊ុន គិត​តែ​ពី​អំណាច​តពូជ មិន​វិល​ទៅ​រក​ផ្លូវ​ត្រូវ​វិញនោះ វា​ជា​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​សម្រាប់​​កម្ពុជា ជុំវិ​ញ​វិធាន​ដំឡើង​ពន្ធ​ពី​អាមេរិក ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ឥទ្ធិពល​ចិន។

លោកថា៖ «បើសិនជាប្រទេសកម្ពុជា​ចាប់​យក​ប្រទេស​កុម្មុយ​នីស្ត​ជាមិត្ត​​ ជាង​ប្រជា​ធិប​តេយ្យ​នោះ ការ​ដឹក​នាំ​នៃប្រទេស​នឹង​រំកិល​ទៅ​រក​ការដឹ​ក​នាំ​តាម​របៀប​កុម្មុយ​នីស្ត តាម​របៀប​ផ្ដាច់​ការ​តត្រកូល​រវាង​បុគ្គល​កាន់​អំណាច​តកូន​តចៅអ៊ីចឹង​ទៅ។ ដូច​ពួក​កុម្មុយ​និស្ត​ធ្វើ​កន្លង​មក គឺ​កាល​ណា​គេ​ដឹក​នាំ​គ្រួសារ​ឬ​បុគ្គល​និង​ដឹក​នាំ​មួយ​ជីវិត ហើយ​អស់​ពី​បុគ្គល​ហ្នឹង​អាច​តត្រកូល​ទៅ​កូន​ជំនាន់​ក្រោយៗ​ទៀត​ជា​ដើម»។

សកម្មជនខ្មែរ​នៅទីក្រុងឡង់​ប៊ិច​ សហរដ្ឋ​អាមេរិក លោក មួង ណារ៉េត អះ​អាង​ថា ទោះ​បី​កម្ពុជា​មាន​ជំនួប​ចរចា​ជុំទី២ ទី៣ ឬទី៤​ក៏ដោយ នៅ​តែ​បរាជ័យ បើ​មេដឹកនាំ​កម្ពុជា​មិន​កែ​ខ្លួន ដើម្បី​បុព្វហេតុ​ជាតិ​ទេ​នោះ។

លោកថា៖ «ខ្ញុំថារឿង​កម្ពុ​ជា គឺ​ជា​រឿង​ដែល​យើង​មើល​ស្រាល​ស្ថាន​ការណ៍​យូរ​ពេក​​ហើយ ដោយ​សារ​តែ​ថ្នាក់​ដឹក​នាំ​យើង​​គាត់គ​ឃ្លើន​ណាស់ ចង់​និយាយ​ថា​គាត់​ឌឺ អាង​ថា​អាមេរិក​ឬ​ក៏​សហគមន៍​អឺរ៉ុប​ គេ​ហ៊ាន​ធ្វើ​អី​យើង​ទេ​ ព្រោះ​គេ​គិត​ថាធ្វើ​គឺ​ស្លាប់​កម្មករ​ស្លាប់​ប្រជា​ពលរដ្ឋ ចឹង​មេដឹកនាំ​ផ្ដាច់​ការ​គេ​យក​ប្រជា​ពលរដ្ឋ​ជា​ចំណាប់​ខ្មាំង ប៉ុន្តែ​ដល់​ដំណាក់​កាល​មួយក៏​គេ​ទ្រាំ​លែង​បាន ព្រោះ​ពួក​គេ​ឲ្យ​យើង​កែ​ហ្នឹង​តាំង​ឆ្នាំ​២០១៩​ម​ក​ម្លេះ តាម​ពិត​ឆ្នាំ​២០១៧ ពេល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​គេ​ឱ្យ​កែ​តើ»។

សម្រាប់​លោក មួង ណារ៉េត យល់​ថា ការ​បន្ត​ឱប​ជើង​ចិន ដើម្បី​តែ​ពង្រឹង​អំណាច បន្ត​សម្លាប់ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​ ក្នុង​បរិបទ​សង្គ្រាម​ពាណិជ្ជ​កម្ម​ពិភព​លោក​ពេល​​នេះ ជា​សញ្ញា​គ្រោះ​ថ្នាក់របស់​កម្ពុជា។

យ៉ាងណា លោកមិនមានជំនឿថា គ្រួសារហ៊ុន​ហ៊ាន​ប្រកួត​អំណាច​តាម​គន្លង​ប្រជា​ធិប​តេយ្យ ​ដើម្បី​ការ​ពារ​ឆ្នាំង​បាយ​ពលរដ្ឋ​ទេ បើ​ពិនិត្យ​ទៅ​លើម​ហិច្ឆតាក្តោ​ប​អំណាច​នោះ ។

លោកថា៖ «ខ្ញុំថាកម្ពុជាប្រហែល​ជាមិនសូវជារាង​ចាល​ប៉ុន្មាន​ទេ ទាល់​តែ​អ្វី​ដែល​កើត​ឡើង​ចាប់​ផ្តើម​ឲ្យ​ប៉ះ​ពាល់​ដល់ប្រជា​ពលរដ្ឋ​ ហើយ​ប្រជា​ពលរដ្ឋ​ចាប់​ផ្ដើម​បះបោ​រ​ ក្រោក​ឡើង​តតាំង​ប្រឆាំង​នឹង​របៀប​ដឹក​នាំ​រដ្ឋ​ អាហ្នឹង​បាន​គាត់​ភ្ញាក់​ខ្លួន​ ព្រោះ​ឥលូវ​នេះ​គាត់​នៅ​អាង​ចិន នៅ​ពេល​ដែល​គាត់​នៅ​អាង​ចិន ហើយ​អាច​ថា​ឡប់​ឡែ​ជាមួយ​អាមេរិក​តិច​ទៅ លួង​បានៗ បើ​លួង​មិន​បាន​ក៏​អត់​ទៅ ហើយ​នឹង​ប្រាប់​អាមេរិក​ថា​អ្នក​ឯង​អត់​ជួយ​ខ្ញុំ កុំ​បារម្ភ​រឿង​ខ្ញុំ​បណ្ដោយ​​ខ្លួន​​ទៅ​ចិន​១០០​ភាគរយ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រាប់​VOD​ថា រដ្ឋាភិ​បាល​កម្ពុជា​នៅ​តែ​រក្សា​ជំហរ​ចរចា​ជាមួយ​អាមេរិក តែ​មិន​បោះ​បង់​ចិន ដោយ​សំអាង​ថា ឱ្យ​តែ​ផ្តល់​ផល​ប្រយោជន៍​ដល់​កម្ពុជា។

លោកថា៖ «ការចរចា​ពីរឿង​ពន្ធ​ ពី​រឿង​ពាណិជ្ជ​កម្ម​ អាហ្នឹង​ជា​រឿង​ពាណិជ្ជ​កម្ម ហើយ​អ្នក​និយាយ​នេះ​ចេះ​តែ​ផ្សា​ភ្ជាប់​ទៅ​រឿង​លទ្ធិ​ប្រជាធិប​តេយ្យ អាហ្នឹង​បើ​គេច​រចា​រឿង​កម្ម​វត្ថុ​អ្វី គេ​ជជែក​រឿង​នោះ​ហើយ វា​គ្មាន​ទាក់​ទង​នឹង​លទ្ធិ​ប្រជា​ធិប​តេយុ្យ​ទេ អាហ្នឹង​គ្រាន់​តែ​ខួរ​ក្បាល​អ្នក​និយាយ​នោះ គេ​ហៅ​ថា Error ខូច​ហើយ»។

អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់​គំនិត​និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ដំណោះ​ស្រាយ​តែ​មួយ​គត់​ ដែល​កម្ពុជា​ត្រូវ​យក​ទៅ​ចរចា​ជាមួយ​អាមេរិក​ម្តង​ទៀត ដើម្ប​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​សេដ្ឋ​កិច្ច​នេះ គឺ​ត្រូវ​ស្តារ​ប្រជា​​ធិប​តេយ្យ គោរព​សិទ្ធិ​មនុស្ស និង​ភាពស្មោះ​ត្រង់​ក្នុង​ការ​​​ធ្វើ​ពាណិជ្ជ​កម្ម។

លោកថា៖ «ទី១ គោល​ជំហរ​របស់​កម្ពុជា បើ​សិន​ជា​កម្ពុជា​អាច​រក្សា​ខ្លួន​ឲ្យ​នៅ​អព្យា​ក្រឹត​​ ដូ​ច​អ្វី​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ មិន​លម្អៀង​ទៅ​កាន់​ប្រទេស​ណា​មួយ ដោយ​ភាព​​គេ​​ហៅ​ថា​ប្រើ​ប្រាស់​អារម្មណ៍​ ហើយ​មិន​ប្រើ​ប្រាស់​តាម​ផ្លូវ​ច្បាប់ វា​អាច​ធ្វើឱ្យ​​សហរដ្ឋ​អាមេរិក​​ពិចារណា​ដែរ ទី២ អាមេរិក​បាន​លើក​ចំៗ គឺ​ចង់​បាន​ភាព​ត្រឹម​ត្រូវ​របស់​កម្ពុជា​នៅ​ក្នុង​នាម​ជាប្រទេស​មួយ​ ដែល​ប្រកាន់​យក​គោល​ការណ៍​ប្រជា​ធិប​តេយ្យ»។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​​​នៃ​អង្គការ​សង់​ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​VOD​​ថា វិធាន​​ការ​​​ថ្មី​របស់​​​លោក​ ត្រាំ នេះ​​​​វា​ពិត​​ជា​​នឹង​អាច​ជះ​​ឥទ្ធិ​ពល​​អវិជ្ជ​មាន​​ដល់​​វិស័យ​​វាយ​ន​​ភណ្ឌ​កាត់​​ដេរ ដេរ​ស្បែក​​ជើង ផលិត​​ផល​​​ធ្វើ​​ដំណើរ និង​​ទំនិញ​​ផ្សេងៗ​​ទៀត​ ស្ថិត​​ក្រោម​ប្រព័ន្ធអ​នុ​គ្រោះ​ពន្ធ GSP។

លោក ឃុន ថារ៉ូ ថា វិស័យ​​កាត់​ដេរ ដេរ​​ស្បែក​ជើង និង​​ផលិត​ផល​​ធ្វើ​​ដំណើរ ស្មើ​​នឹង​ប្រមាណ ៥០​​ភាគ​រយ ​​​​នៃ​​ផលិត​​​ផល​​​នាំ​ចេញ​​សរុប​របស់​​កម្ពុជា ផ្តល់​​ការ​ងារ​ឱ្យ​កម្មករ​​ជិត ១​លាន​​​នាក់ ហើយ​​​ពលរដ្ឋ ឫ​​អ្នក​​ទទួល​ផល​​ប្រយោជន៍​​​ផ្នែក​សេដ្ឋកិ​ច្ច​​នេះមា​ន​ជាង ៣លាន​​នាក់។

លើសពីនេះ ប្រធានសភាពាណិជ្ជកម្ម​​សហរដ្ឋអាមេរិ​ក​ប្រចាំ​​​​កម្ពុជា លោក ខេស៊ី បល​​នែត (Casey Barnett) ធ្លាប់​​បាន​​​​​ព្រមាន​​​ថា បើ​​រដ្ឋាភិបាល​​​កម្ពុជា​​​មិ​​ន​​​ដោះ​ស្រាយ​បញ្ហា​​ពន្ធ​​ឱ្យ​​បាន​ហ្មត់​​ចត់​ ​​​​នៅ​សប្តាហ៍​​​នេះ​​ទេ នឹង​​​បំផ្លាញ​សេដ្ឋ​​កិច្ច​​​​កម្ពុជា ធ្វើ​​ឱ្យ​បាត់​​បង់​​ការ​ងារ​​ដល់​​ពលរដ្ឋ​​រាប់​​សែននាក់ បង្ក​​​ជា​​អស្ថិរ​ភាព​​សង្គម ធ្វើ​ឱ្យ​កម្ពុជា​ជួប​​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ធំធេង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ