របរដឹក​ភ្ញៀវ​ទេស​ចរ​តាម​រទេះ​សេះ​កំពុង​ផ្ដល់​ចំណូល​បន្ថែម​​ដល់​​ពលរដ្ឋ​នៅ​ជើង​ភ្នំ​កំពង់​ត្រាច

ស្រប​ពេលកម្លាំងអូស​ទាញ​ដោយ​សត្វ​សេះ​លែង​សូវ​ពេញ​និយម​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ ប្រជាពល​រដ្ឋ​នៅ​ជើង​ភ្នំ​កំពង់​ត្រាច បាន​ប្រែ​ក្លាយ​សត្វ​ចតុ​ប្បាទ​មួយ​នេះ ឱ្យ​ក្លាយ​ជា​អ្នក​បម្រើ​សេ​វា​កម្ម​ក្នុង​វិស័យ​ទេស​ចរណ៍​វិញ​ម្ដង។

សេះមាឌ​មាំ​ល្មម អម​ដោយ​រទេះ​មាន​ក្បាច់​លម្អ​ចម្រុះ​ពណ៌ និង​កន្លែង​អង្គុយ​ដែល​អាច​ផ្ទុក​មនុស្ស​ក្រោ​ម​១០​នាក់ ភ្ញៀវ​ទេសចរ​អាច​ចំណាយ​ប្រាក់​ក្នុងម្នា​ក់ ៨ពាន់​រៀល ដើម្បី​សាក​ល្បង​បទ​ពិសោធន៍​ថ្មី​នៃ​កា​រ​ជិះ​រទេះ​​សេះ គយ​គន់​ទេស​ភាព​មួយ​ជុំ​នៅ​ជើង​ភ្នំ​កំពង់​ត្រាច។

អ្នក​បររទេះ​សេះ លោក កែវ ធីន ប្រាប់​VOD​ថា របរ​នេះ​សម្រួល​​ដល់​ភ្ញៀវ​​ទេសចរ​ធ្វើ​​ដំណើរ​មួយ​​​ជុំ​ភ្នំ​ ​ដោយ​​មិន​​បា​ច់​ចំណាយ​កម្លាំង​ដើរ​ច្រើន​ និង​អាច​ឈាង​ចូល​លេង​​តាម​ល្អាង​ផ្សេ​ងៗ នៅ​តាម​ជើ​​ងភ្នំ​នោះ​​បាន​​ផង​ដែរ​។ យ៉ាង​ណា លោក​ថា របរ​នេះ​រក​បាន​តែ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យ​ទា​ន​តែ​ប៉ុណ្ណោះ ដោ​យ​ជា​មធ្យម លោក​​អាច​រក​ចំណូល​បាន​ពី​២ ទៅ​៣​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។

លោកថា៖ «មួយជុំមួយ​ជើង​ហ្នឹង ខ្លះ​ណា​ភ្ញៀវ​មក​បាន​៣ម៉ឺន​មួយ​រទេះ តែ​យើង​បាន​តែ​ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ រួច​​​ពី​​ហ្នឹ​ង​អត់​បាន​ដែរ។ ចុះ​បើ​ឃើញ​ភ្ញៀវ​មក​លេង ចេះ​តែ​ដាក់​សេះ​ឱ្យ​រត់​ទៅ ក្រែង​លោ​មាន​ភ្ញៀវ​ជិះ យើង​​បាន​​ក​ម្រៃ​ខ្លះ​គ្រាន់​តែ​ចិញ្ចឹម​ប្រពន្ធ​កូន។ យើង​ដឹក​ឱ្យ​ភ្ញៀវ​មើល​ជុំវិញ​ភ្នំ ដើរ​លេង​អ៊ីចឹង​ទៅ បើ​ថា​​ភ្ញៀវ​​ឈឺ​ចង្កេះ​​​ឈឺ​ខ្នង​រាង​ពិបាក​បន្តិច» ។

​កាលពីអតីតកាលសត្វសេះ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ និង​អូស​ទាញ​រទេះ​ដឹ​ក​ទំ​និញ​​ផ្សេងៗ​។ ប៉ុន្តែ​ក្រោយ​ពី​ការ​ងារ​គ្រប់​យ៉ាង​​ត្រូវ​ជំនួស​ដោយ​កម្លាំង​ម៉ាស៊ីន សត្វ​ចតុ​ប្បាទ​ស្រុ​ក​មួយ​ក៏​លែ​ង​​សូវ​មា​​ន​អ្នក​ចិញ្ចឹម ដោយ​យូរៗ​ម្ដង​ទើប​គេ​ឃើញ​សត្វ​នេះ​នៅ​តាម​តំបន់​ខ្លះ។

ភាពកម្រនេះហើយ ទើបធ្វើ​ឱ្យ​វា​​មាន​ភាព​ទាក់​ទាញ ដោយ​ក្មេងៗ​តែង​ចង់​ឃើញ​ចង់​ប៉ះ ចំណែក​ចាស់ៗ ចង់​រំឭក​អនុស្សា​វរីយ៍​ដែល​ធ្លា​​ប់​​ជិះ​​កាល​ពី​ក្មេង។ បច្ចុប្បន្ន នៅ​ភ្នំ​កំពង់​ត្រាច​មាន​រទេះ​សេះ​ចំនួន​៧ កំពុង​​ដាក់​​ប​ម្រើ​សេវា​កម្ម​ដឹក​ភ្ញៀវ ដោយ​មាន​បេន​ចាំ​​ទ​ទួល​​ភ្ញៀ​វ​​​នៅ​ក្បែរវត្ត​គិរី​សិលា ឬ​វត្ត​ភ្នំ​កំពង់​ត្រាច។

ដំណើរកម្សាន្តលើរទេះសេះ​នេះ មាន​រយៈ​​ពេល​ប្រហែ​ល​​៣០​នាទី លើ​ផ្លូវ​ចម្ងាយ​ជាង​៤គីឡូ​ម៉ែត្រ ដោយ​ចាប់​​ផ្ដើ​​ម​ពី​ផ្លូវ​លំ​កាត់​វាល​ស្មៅ​ធម្មជាតិ​ខៀវ​ស្រងាត់​រហូត​ដល់​ផ្លូវ​បេតុង និង​បញ្ចប់​នៅ​​ក្នុង​បរិ​វេណ​វត្ត​​គិរី​​សា​គរ។ ក្រោយ​ជិះរទេះសេះ ភ្ញៀវ​ទេសចរ​ក៏​អាច​អង្គុយ​លើ​ខ្នង​សេះ​ ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​បាន​ផង​ដែរ។

ក្រៅពី​ទេសភាព​ជើង​ភ្នំ​ ភ្ញៀវទេសចរ​អាច​ពើប​ប្រទះ​នឹ​ង​ទិដ្ឋភាព​ថ្មី​ប្លែក​មួយ​ទៀត​ ក្នុ​ង​អំឡុង​ពេល​ជិះ​​រទេះ​សេះ​​ គឺ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ឆ្លង​កាត់​ជាប់​ជើង​ភ្នំ នៅ​ម៉ោង​ជិត​១១​ថ្ងៃ​ត្រង់។

អ្នកបររទេះសេះម្នាក់ទៀត គឺ​លោក ពូ ធី ឱ្យដឹងដែរថា លោក​ប្រកប​របរ​នេះ​រយៈ​ពេល​ពីរ​ឆ្នាំ​មក​ហើយ ​ដោយ​ក្នុ​ង​ថ្ងៃ​​ខ្លះ​​លោក​អាច​រក​ប្រាក់​ចំណូល​បាន​១០​ម៉ឺន​រៀល​ក៏​មាន។

ទោះ​យ៉ាង​ណា លោក​ថា​នៅ​ទីនេះ​មិន​ទា​ន់​​មាន​​ក​ន្លែង​ក​ម្សាន្ត​សម្បូរ​បែប​នៅ​ឡើយ ដោយ​លោក​អំពាវ​នា​​វ​​ឱ្យ​​អាជ្ញាធរ​ទេស​ចរណ៍ បង្កើត​កន្លែង​ក​ម្សាន្ត​ប​ន្ថែម​​ទៀត ដើម្បី​ទាក់​ទាញ​ឱ្យ​ភ្ញៀវ​មក​កម្សា​ន្ត​តំបន់​នេះ​កាន់​​តែ​​ច្រើន។

លោក​ថា៖ «ចង់ឱ្យរៀបចំឱ្យបានល្អទៅ ភ្ញៀវមកលេងច្រើន។ តែឥឡូវភ្ញៀវមកវាអត់​​សូមានប្លុកន្លែងលេង​​​ច្រើន វាសុទ្ធតែព្រៃ អត់ទាន់មានកន្លែងដើរលេងប្លែកៗ»។

បើទោះបីថ្ងៃខ្លះមានភ្ញៀវច្រើន​ត្រូវ​ការ​ជិះ​រទេះ​សេះ តែ​អ្នក​បរ​រទេះ​មិន​ប្រើ​សត្វ​នេះ​ឱ្យ​លើស​កម្លាំង​ឡើយ ដោយ​​ពួក​វា​អាច​សម្រាក ១០​នាទី​ ក្រោយ​ដឹក​ភ្ញៀវ​មួយ​ជើង និង​រត់​ពី​៤ ទៅ​៥ជើង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ថ្ងៃ​​ខ្លះ​​ម្ចាស់​សេះ បាន​ឱ្យ​ពួក​វា​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង ដែល​ជា​ទិដ្ឋភាព​មួ​​យ​ប្លែក​បន្ថែ​​មទៀ​ត​ ​សម្រា​ប់​ភ្ញៀ​វ​​ទេស​​ចរ។

​ភ្នំកំពង់​ត្រាច គឺ​ជា​មរណីយ​​​ដ្ឋាន​ធម្មជាតិ ដែល​ភ្ញៀវ​ទេសចរ​ភាគ​ច្រើន​មិន​ដែល​​រំលង​ពេល​ទៅ​​កម្សាន្ត​ក្នុង​ខេត្ត​កំពត។

ភ្នំ​កំបោរមួយនេះ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ​៣៦ ក្នុង​ឃុំ​ដំណាក់​កន្ទួត​ខាង​ត្បូង ស្រុក​កំ​ពង់​ត្រា​ច មាន​ចម្ងាយ​៣៨​គីឡូ​ម៉ែត្រ ប៉ែក​ខាង​កើត​ខេត្ត​កំពត។

រម​​ណីយដ្ឋានភ្នំកំពង់ត្រាច ឬភ្នំបាក់ មាន​កម្ពស់​ពី ១៥០ ទៅ ២០០​ម៉ែត្រ មាន​ល្អាង​តូច​ធំ និង​រូង​ភ្នំ លាក់​ទុក​នូ​វ​រឿង​​រ៉ាវ​ចម្លែកៗ​​ផ្សេង​ៗ​ដែល​អ្នក​ស្រុ​ក​មាន​​ជំនឿ និង​និទាន​តៗគ្នា​ប្រាប់​កូន​ចៅ​ជា​ច្រើន​ឆ្នាំ​មក​នេះ ខ​ណៈ​សេ​​វា​ជិះ​រទេះ​សេះ កំពុង​​ប​ន្ថែម​ភា​​ព​រស់​រ​វើក​ឱ្យ​ភ្នំ​នេះ​បន្ថែម​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ