នាយករដ្ឋមន្ត្រីកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលពុំមានគោលការណ៍ណាមួយ ក្នុងការលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ទៅឱ្យក្រុមហ៊ុនឯកជនឡើយ ដោយរដ្ឋនឹងរក្សាទុកទីតាំងនេះជាប្រវត្តិសាស្ត្របម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រើប្រាស់សម្រាប់ការចុះចតបន្ទាន់ណាមួយប៉ុណ្ណោះ។
ក្នុងពិធីអបអរសាទរខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការលើកឡើងនូវមតិជាច្រើននៅក្នុងបណ្តាញសង្គម ដែលថា រដ្ឋាភិបាលបានលក់ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះទៅឱ្យក្រុមហ៊ុនឯកជន ដែលអ្នកខ្លះថា រដ្ឋាភិបាលបានលក់ព្រលានយន្តហោះនេះ កាលពី១៥ឆ្នាំមុន។
ករណីនេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាលទាំងអាណត្តិនេះ និងអាណត្តិមុន មិនមានគោលការណ៍ណាមួយក្នុងការលក់ព្រលានយន្តហោះនេះទេ ហើយក៏គ្មានផែនការលក់នៅពេលអនាគតនោះដែរ។
លោកថា៖ «អីចឹងអ្នកដែលនិយាយ អ្នកដែលជជែកគ្នា ខ្ញុំសុំឱ្យបញ្ចប់។ ម៉ោងនេះ ស្មានេះ គឺគ្មានគោលការណ៍ ហើយពីមុនមកគឺគ្មានគោលការណ៍កន្លែងណា ដែលថាសម្រេចលក់ព្រលានយន្តហោះនេះទៅឱ្យឯកជននោះទេ។ សំណួរសួរថា មានអត់ ឆ្លើយខ្លីថាអត់មាន មិនដែលមានទេ ហើយក៏គ្មានគម្រោងក្នុងការលក់ព្រលានយន្តហោះនេះដែរ»។
លោក ហ៊ុន ម៉ាណែត បានលើកឡើងបន្តទៀតថា ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជាស្ថាប័នរបស់រដ្ឋដដែល ហើយទ្រព្យសម្បត្តិនៅព្រលានចាស់នេះ ត្រូវបានការពារយ៉ាងម៉ត់ចត់ ហើយនឹងត្រូវប្រើប្រាស់សម្រាប់ការចុះចតបន្ទាន់ ជាពិសេស ឧទ្ធម្ភាគចក្រ។
លោកបន្ថែមថា៖ «ទី១ រក្សាប្រវត្តិសាស្ត្រនៅទីតាំងនេះៗ គឺមិនឱ្យបាត់កន្លែងនេះ ដែលជាអតីតព្រលានយន្តហោះដែលជាស្នាព្រះហត្ថរបស់ព្រះបរមរតនកោដ្ឋ ហើយបម្រើដល់វិស័យដឹកជញ្ជូនយើងរាប់សិបឆ្នាំទេ អីចឹងតម្លៃប្រវត្តិសាស្ត្រនៅតែមាន ត្រូវជួយពង្រឹង។ ទី២ គឺជម្រើសដែលផ្តល់ផលប្រយោជន៍ដល់សាធារណជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិប្បរមា អត់ឱ្យឯកជនទេ គឺនឹងប្រែក្លាយទៅជាកន្លែងណាមួយ ឬមួយទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកភ្នំពេញអាចប្រើប្រាស់ជាអតិប្បរមា នេះគឺជាការប្រើប្រាស់ ហើយទី៣ លក្ខខណ្ឌដែលត្រូវធ្វើ ៣លក្ខខណ្ឌនេះត្រូវធានា គឺរូបមន្តនិងជម្រើសនៃការគ្រប់គ្រងប្រើប្រាស់យ៉ាងណាក៏ដោយដែលមានចីរភាព ប៉ុន្តែត្រូវធានាថាទ្រព្យសម្បត្តិទាំងអស់នេះ នៅតែជាទ្រព្យសម្បត្តិរបស់រដ្ឋ អត់មានឱ្យឯកជនទេ»។
ការបកស្រាយនេះ បន្ទាប់ពីមានការរិះគន់ថា រដ្ឋាភិបាលនឹងលក់ទីតាំងប្រវត្តិសាស្ត្រនេះ ឱ្យទៅឯកជន ដូចការលក់ដីនៅអតីតស្ថានីយផ្សាយវិទ្យុជាតិ នៅស្ទឹងមានជ័យ និងថ្មីៗនេះកាត់ដីទំហំ៩៩ហិកតា នៅតំបន់ការពារព្រៃឡង់ ឱ្យទៅក្រុមហ៊ុនឯកជន និងទីតាំងមួយចំនួនទៀត ទាំងគ្មានតម្លាភាព។
ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ត្រូវបានសាងសង់ឡើងនៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩។ ព្រលានយន្តហោះនេះ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៤០០ហិកតា នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលជាច្រកចូលអន្តរជាតិចម្បងមួយ និងជាព្រលានយន្តហោះដ៏សកម្មបំផុត នៅប្រទេសកម្ពុជា ព្រមទាំងជាទីតាំងដ៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្ត្ររបស់វិស័យអាកាសចរណ៍កម្ពុជា។
បើតាមលោក ហ៊ុន ម៉ាណែត ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងនេះ នឹងត្រូវបិទដំណើរការទាំងស្រុង នៅដើមខែកក្កដា ឆ្នាំ២០២៥ ហើយការផ្ទេរប្រតិបត្តិការផ្នែកអាកាសចរណ៍នេះ នឹងត្រូវប្តូរទៅកាន់ទីតាំងព្រលានយន្តហោះថ្មី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕









