ស្នងការខេត្តកំពត​ថា​រឿង​ស្ត្រីបំ​ពុល​កូន​ស្លាប់​២នាក់​ក្រោម​​វិបត្តិ​​បំណុល​កើត​តាំង​ពី​១០​ឆ្នាំ​មុន

ស្នងការនគរបាលខេត្តកំពត ចាត់​ទុក​ថា ព័ត៌​មាន​ស្រ្តី​ម្នាក់​ដាក់​ថ្នាំ​បំពុល​កូន​២នាក់​ស្លាប់​ ក្រោម​សម្ពាធ​បំណុល​ធ្ងន់​ធ្ងរ​នោះ​ ជា​រឿង​កើត​ឡើង​តាំង​ពី​១០​ឆ្នាំ​មុន តែ​ឃាតកម្ម​នេះ ត្រូវ​គេ​មើល​ឃើញ​ថា ហាក់​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​បំណុល​ពលរដ្ឋ​​នា​ពេល​បច្ចុប្បន្ន ដែល​គំរាម​ដល់​អំណាច​មេដឹក​នាំ​ បើ​មិន​ពន្លឿន​ដោះ​ស្រាយ។

ការច្រានចោលនេះ ក្រោយអ្នកប្រើប្រាស់​បណ្តាញ​សង្គម​ បាន​ចែក​ចាយ​តៗ​គ្នា​នូវ​រូបភាព​ស្រ្តីម្នាក់​នៅ​ខេត្ត​កំពត ដាក់​ថ្នាំ​ពុល​ក្នុង​បាយ​របស់​កូន​តូចៗ​២នាក់​ពុល​ស្លាប់ ខណៈ​ស្រ្តី​ជា​ម្តាយ​ទទួល​​ទាន​តាម​ក្រោយ តែ​ត្រូវ​បាន​ប្ដី​មក​ទាន់​ដឹក​ទៅ​សង្គ្រោះ​ទាន់​ពេល។

ក្នុងនោះស្រ្តី​ជាម្តាយឈ្មោះ ប៉ាក សុហេង អាយុ​២៤​ឆ្នាំ កូន​ឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទ​ប្រុស អាយុ​១០​ឆ្នាំ ស្លាប់ និង​ឈ្មោះ ហ៊ាល ក្តាន់ ភេទ​ប្រុស អាយុ​៦ឆ្នាំ ស្លាប់។

អ្នកលេងបណ្តាញសង្គម ព្រមទាំ​ងសា​រព័ត៌​មាន​អន​ឡាញ​ក្នុង​ស្រុក​ជា​ច្រើន បាន​ផ្សព្វ​ផ្សាយ​ដូច​ៗ​គ្នា​នេះ​ថា ករណី​នេះ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ខ្វា ឃុំ​ភ្នំកុង ស្រុក​អង្គរ​ជ័យ ខេត្ត​កំពត នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​​២០២៥ ហើយ​មូល​ហេតុ​ដោយ​សារ​អស់​សមត្ថ​ភាព​បង់​ធនាគារ។

យ៉ាងណា នៅថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ ស្នង​ការ​នគរបាល​ខេត្ត​កំពត តាម​រយៈ​ទំព័​រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​ខ្លួន បាន​បំភ្លឺ​ថា​ ករណី​នេះ កើត​ឡើង​តាំង​ពី​១០​ឆ្នាំ​មុន និង​ប្រាប់​កុំ​ឱ្យ​ពលរដ្ឋ​មាន​ការភ័ន្ត​ច្រលំ។

បន្ថែម​លើ​នេះ ស្នង​ការ​ខេត្ត​កំពត បាន​ព្រមាន​ឱ្យ​ហ្វេស​ប៊ុក​មួយ​ឈ្មោះ​ថា EN Chhen លុប​ព័ត៌​មាន​នេះ​ចេញ​ជា​បន្ទាន់​​ផង​ដែរ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់​ថា ទោះ​បី​ជារឿង​​ចាស់​ដូច​ការ​បំភ្លឺ​របស់​មន្រ្តី​ក្តី តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​វិបត្តិ​បំណុល​​ពលរដ្ឋ នា​ពេល​បច្ចុប្បន្ន​ដែល​មាន​ទំហំ​ធំ​គួរ​​​ឱ្យ​ព្រួយ​បារម្ភ។

ក្នុងន័យនេះ លោកថា ពលរដ្ឋ​កម្ពុជា​ចាប់​ផ្តើម​អត់​ទ្រាំ​លែង​បាន ទើប​ចែក​ចាយ​តៗ​គ្នា​ពី​បញ្ហានេះ​ព្រោង​ព្រាត ដែល​ជា​សារ​ពញ្ញាក់​អារម្មណ៍​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ​បន្ទាន់ ដើម្បី​កុំ​មាន​ចរន្ត​បះ​បោរ​ណា​កើត​ឡើង​គំរាម​ដល់​អំណាច​គ្រួសារ​​ហ៊ុន។

លោកថា៖ «កុំនិយាយ​លេង​សើច រដ្ឋាភិបាល​កុំ​ឱ្យ​មើល​ស្រាល គាត់​បារម្ភ​ហើយ គាត់​ក៏​កំពុង​តែ​ភ័យ​ដែរ ប៉ុន្តែ​គាត់​ធ្វើ​ជា​​ស្រែក។ ខ្ញុំ​គ្រាន់​តែ​ថា​ប្រយ័ត្ន អារឿង ចរន្ត រឿង​សេដ្ឋកិច្ច​ហ្នឹង​គឺ​ខ្លាំង​មែន​ទែន។ ហើយ​យើង​ត្រូវ​តែ​ទៅ​និយាយ​ជា​មួយធនាគារ​ថា​ប្រជា​ពលរដ្ឋ​គេ​នឹង​សង អ្នក​ជំពាក់​បំណុល​គេ​នឹង​សង ប៉ុន្តែ​ដោយ​ការ​អត់​មាន​ការ​ងារ​ធ្វើ​គេ​ទុក​មួយ​រយៈ​សិនចាំ​តែ​គេមាន​ការ​ងារ​ធ្វើ​គេ សង​វិញ​អ៊ីចឹង​រដ្ឋ​ទៅ​ជួយ​គិត​គូរ​រឿង​ហ្នឹង​ផង ជួយ​គិត​គូរ​ប្រជា​ពលរដ្ឋ​ផង ព្រោះ​ម្នាក់ៗ​គេ​ចង់​រស់​ដូច​គ្នា មិន​មែន​រស់​តែ​គ្រួសារ​ឯង​ហ្នឹង​ទេ»។

សម្រាប់ លោក សុថាវរិន្ទ មាន​តែរដ្ឋាភិបាលងាកទៅដឹ​​កនាំ​ប្រទេស​បែប​ប្រជា​ធិប​តេយ្យ ដោះ​លែង​អ្នក​នយោបាយ​ប្រឆាំង បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌ ទើប​អាច​ស្តារ​ជីវភាព​ពលរដ្ឋ​ខ្មែរ​ឡើង​វិញ​បាន។

ជាមួយគ្នានេះ នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃ​​អង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា អាជ្ញាធរ​គួរ​បង្ហាញ​ភស្តុតាង​បន្ថែម​ទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​ទុក​ចិត្ត​ថា​រឿង​ស្រ្តី​បំពុល​កូនដោយ​សារ​វិបត្តិ​បំណុល​នេះ ជា​រឿង​ចាស់​ពិត​មែន ជា​ជាង​បិទ​ព័ត៌​មាន​ចោល​បន្យល់​ទុក​ការសង្ស័យ​ពី​មហា​ជន។

មួយវិញទៀត លោក​ថា សម្រាប់​កម្ពុជា វិបត្តិ​បំណុល​ជា​រឿង​ដែល​គួរ​ឱ្យ​បារម្ភ​ខ្លាំង​ក្នុ​ង​ពេលបច្ចុប្បន្ន ជាពិសេស​ពលរដ្ឋ​​ដែល​ចាញ់​បោក​ក្រុម​ឧកញ៉ា​ឆបោក​លក់​ដី និង​ផ្ទះ​ខ្យល់ ដែល​ធ្វើ​ឱ្យ​ជន​​រង​គ្រោះ​ជួប​វិបត្តិ​បំណុល​ធ្ងន់​ធ្ងរ។

លោកថា៖ «អាហ្នឹង​គឺ​ជាវិបត្តិមួយធ្ងន់ធ្ងរ សម្រាប់​សេដ្ឋ​កិច្ច​គ្រួសារ​របស់​ពួក​គាត់។ បើ​មិន​មាន​ការ​ជួយ​អន្តរាគមន៍​ទេ! វិបត្តិ​បំណុល​ហើយ​និង​បញ្ហា​ចាញ់​បោក​គេ​ ហើយ​ជំពាក់​បំណុល​ហ្នឹង​ វា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្តធ្ងន់​ធ្ងរ​អាច​នឹង​មាន​រឿង​មិន​ប្រក្រតី កើត​ឡើង​ដូច​ករណី​មួយ​ចំនួន​ដែល​បាន​កើត​ឡើង»

ការិយាល័យឥណទានកម្ពុជា(CBC)​ បាន​ចេញ​ផ្សាយ​​របាយ​​ការណ៍​កាល​ពី​​ពេល​ថ្មីៗ​នេះ​​​ថា ក្នុង​​ឆ្នាំ២០២៤ មាន​​​ពលរដ្ឋ​​ខ្មែរ​ជាង​​៥លាន​​៤ម៉ឺន​​នាក់ កំពុ​ង​​ប្រើ​​ប្រាស់​កម្ចី​ពី​ប្រព័ន្ធ​ធនាគារ​ក្នុង​ទំហំ​​ទឹក​ប្រាក់​ជិត ៦០​ពាន់​​លាន​ដុល្លារ​អាមេ​រិក។

ចំនួននេះ មិនទាន់រាប់បញ្ចូលជនរងគ្រោះ រា​ប់ម៉ឺន​គ្រួសារ​ទៀត ដែល​​កំពុង​រួម​​រឹត​ដោយ​វិបត្តិបំណុល ដោយសា​រ​ពួក​គេ​ចាញ់​បោក​ក្រុម​ឧកញ៉ា​លក់​អចលន​ទ្រព្យ ដែល​ស្និទ្ធ​​នឹង​មេដឹក​នាំ មាន​​ឧកញ៉ា ឡេង ណា​វ៉ាត្រា អតីត​​ឧកញ៉ា ហ៊ី គឹមហុង និង​​អតីត​ឧកញ៉ា ឡេង ចាន់ណា ជាដើម។

ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី និង​ជា​អ្នក​ជំនាញ​សេដ្ឋ​កិច្ច សរសេរ​លើ​ហ្វេស​បុកលោក​ថា ទាំង​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​ប្រជាជន រាស្រ្ត​ខ្មែរ​ទាំង​អស់​គ្នា កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​លុយ​កាក់ បញ្ហា​បំណុល បញ្ហា​សេដ្ឋ​កិច្ច បញ្ហា​លំនៅ​ដ្ឋាន បញ្ហា​ការ​ងារ បញ្ហា​សុខភាព និង​កំពុង​ប្រឈម​មុខ​នឹង​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រភេទ។

បើតាម លោក សម រង្ស៊ី កាស៊ីណូ បន​ល្បែង​ស៊ីសង គ្រឿង​ញៀន អំពើ​បោក​ប្រាស់ ចាប់​ជំរិត បាន​កើន​ឡើង​ពាស​ពេញ​ប្រទេស តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ខ្វល់​ពី​ប្រជាពលរដ្ឋ​ឡើយ ពួកគេ​បែរ​ជារួម​គ្នា​​ប្រព្រឹត្ត​បទឧក្រិដ្ឋជាមួ​យ​ក្រុម​ម៉ាហ្វី​យ៉ា ហើយ​ធ្វើ​ឱ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់ទៅៗ​ជា​រៀង​រាល់​ថ្ងៃ។

លោកស្តីបន្ទោស​ថា មេដឹកនាំ​សព្វ​ថ្ងៃ​នេះ​ជា​មនុស្ស​អសមត្ថ​ភាព មិ​ន​ចេះ​ជួយ មិន​ចេះ​ដោះស្រាយ​បញ្ហា​សង្គម តែ​បែរ​​ជា​បន្ទោស​ជន​រង​គ្រោះ បន្ទោស​កសិករ​ដែល​ខំ​ប្រឹង​ប្រែង​ចិញ្ចឹម​ជីវិតចិញ្ចឹម​គ្រួសារ​ទៅ​វិញ។

លោកជំរុញឱ្យពលរដ្ឋ​ខ្មែ​រ​រួប​រួម​គ្នា រួប​រួម​ជាមួ​យគ​ណបក្ស​នយោបាយ​ទាំង​អស់ ផ្លាស់​ប្តូរ​របប​​គ្រួសារ​ហ៊ុន​ចេញ​ដើម្បី​អនាគត ដើម្បី​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​សម្រាប់​កូ​ន​ចៅ​ខ្មែ​រ​ទៅ​ថ្ងៃ​មុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ