មកដល់ពេលនេះ គេនៅមិនទាន់ដឹងថាតើអ្នកកាសែតដែលសកម្ម ចូលរួមរាយការណ៍ស្តីពីការការពារបរិស្ថាន និងជាមន្រ្តីគណបក្សនយោបាយ នៅថ្នាក់មូលដ្ឋាន មកពីគណបក្សដើម្បីកម្ពុជា ត្រូវឃុំខ្លួននៅទីណានៅឡើយទេ ខណៈការអនុវត្តនីតិវិធីច្បាប់នេះ ត្រូវរងការចោទប្រកាន់ថា កម្លាំងកងរាជអាវុធហត្ថរបស់ខេត្តស្ទឹងត្រែង ធ្វើឡើងដោយគ្មានហេតុផលត្រឹមត្រូវ ថែមទាំងគ្មានដីកានាំខ្លួនជនសង្ស័យថែមទៀតផង។
ប្រតិកម្មទៅនឹងចាប់ខ្លួននេះ ភរិយាលោក អ៊ុក ម៉ៅ គឺអ្នកស្រី ឯក សុជាតិ ចោទប្រកាន់ថា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលគ្មានឯកសណ្ឋានត្រឹមត្រូវ បានប្រើល្បិចដោយល្បួងស្វាមីរបស់ខ្លួន កំពុងតែសម្រាកថ្ងៃត្រង់។
ប្រភពបន្តថា ការចាប់ខ្លួននេះ គ្មានបានជូនដំណឹង ឬក៏បង្ហាញដីកានៃការនាំខ្លួនអ្វីទាំងអស់ គឺអនុវត្តនីតិវិធីឆៅៗយកតែម្តង។ ជុំវិញរឿងនេះ អ្នកស្រីអំពាវនាវឱ្យកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ត្រូវដោះលែងស្វាមីរបស់អ្នកស្រី ឱ្យមានសេរីភាពវិញដោយគ្មានគំនាបអ្វីទាំងអស់។
ប្រភបន្តថា៖《មិនដឹងគេបញ្ជូនគាត់ទៅដល់ខេត្ត ឬដល់កន្លែងណា ខ្ញុំអត់ដឹងទេ។ ខ្ញុំទៅរកបងប្អូនឲ្យជូនខ្ញុំទៅខេត្ត ព្រោះខ្ញុំមានកូនតូចអាយុទើបតែ៨ខែពរនៅនឹងដៃ។ ខ្ញុំរកបងប្អូន ដើម្បីស្វែងរកគាត់នៅនឹងខេត្ត មិនដឹងឃុំគាត់នៅកន្លែងណាទេ》។
បើតាមអ្នកស្រី ឯក សុជាតិ ការចាប់ខ្លួននេះ ធ្វើឡើងក្រោយសម្រាកបាយថ្ងៃត្រង់រួច ពោលគឺនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ ហើយការចាប់ខ្លួននេះទៀតសោត មិនដឹងថា លោក អ៊ុក ម៉ៅ ត្រូវរងការចោទប្រកាន់ពីបទអ្វីនៅឡើយនោះដែរ។
ជាងនេះទៀត គិតមកដល់ពេលនេះ គេនៅមិនទាន់ដឹងថាតើជនសង្ស័យត្រូវប៉េអ៊ឹមនាំខ្លួនទៅឃុំនៅទីណានៅឡើយនោះដែរ។
លោក អ៊ុក ម៉ៅ ដែលជាជនជាតិដើមភាគតិចកួយ ក្រៅពីអ្នកកាសែត ដែលចូលរួមរាយការណ៍អំពីបរិស្ថានដ៏សកម្មម្នាក់ នៅក្នុងភូមិសាស្រ្តភាគឥសាន នៃខេត្តស្ទឹងត្រែងហើយ លោកក៏ជាអ្នកនយោបាយកូតាមកពីគណបក្សដើម្បីកម្ពុជាដែរ។ តាមរយៈលិខិតមួយច្បាប់ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទទួលបាន គឺលោក អ៊ុក ម៉ៅ ត្រូវបានគណបក្សដើម្បីកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងជា «ប្រធានគណៈកម្មាធិការសាខាគណបក្សខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ » ។
ដោយសារភាពសកម្ម ចំពោះសេចក្តីរាយការណ៍របស់ខ្លួន ទាក់ទងកិច្ចការពារបរិស្ថាននេះ លោកក៏ត្រូវរងបណ្តឹងមិនតិចជាង១៤សំណុំរឿងទេ នៅតុលាការ។ តាមរយៈបទចោទទាំងនេះ លោក អ៊ុក ម៉ៅ ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា នោះក៏ព្រោះតែលោកបានផ្តល់ព័ត៌មាន ការពិតភាគច្រើនបំផុតអំពីមន្រ្តីមូលដ្ឋាន មានអំពើពុករលួយជាប់ខ្លួន ដោយសារចូលរួមប្រព្រឹត្តបទល្មើស និងបំផ្លាញបរិស្ថាន ដូចក្រុមឧក្រិដ្ឋជនដែរ។
ភាពលេចធ្លោរបស់ លោក អ៊ុក ម៉ៅ ជុំវិញព័ត៌មានស្តីពីបរិស្ថាន នៅពេលនេះ គេសង្កេតឃើញនៅលើទំព័រកាសែត ម៉ុងហ្គាប៉េ។ កាសែតបរទេសនេះ តែងភ្ជាប់ភស្តុតាងនានា ទាក់ទងការបំផ្លាញបរិស្ថាន និងការប្រព្រឹត្តបទល្មើសព្រៃឈើ ដោយមន្រ្តីរបស់រដ្ឋាភិបាល នៅថ្នាក់ក្រោមជាតិ គឺកម្ររំលងការផ្តល់ដំណឹងពីលោក អ៊ុក ម៉ៅ ណាស់។
ការចាប់ខ្លួនលោក នៅថ្ងៃនេះ ប្រហែលជាមានជាប់ទាក់ទិននឹងភាពសកម្មរបស់លោក នៅលើទំព័រកាសែតបរទេសមួយនេះ ទើបមានករណីចាប់ខ្លួន។
ជុំវិញរឿងនេះ សំឡេងប្រជាធិបតេយ្យ វីអូឌី មិនទាន់អាចស្វែងរកការបំភ្លឺបានភ្លាមៗនៅឡើយទេ ពីមន្រ្តីកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៦ ខែឧសភានេះ។
តែយ៉ាងណា ស្នងការនគរបាលខេត្តនេះ គឺលោក អួត ស៊ីវុត្ថា បដិសេធថា ខ្លួននៅមិនទាន់ទទួលបានដំណឹងថាមានការចាប់ខ្លួនអ្នកកាសែត ឬអ្នកនយោបាយណាមួយ ដូចការចោទប្រកាន់នេះនៅឡើយទេ។
លោកបន្តថា៖《ដូចអត់មានផង។ ឥឡូវនៅស្រុកណា ឃុំណា ភូមិណាវិញ។ ខ្ញុំអត់ឃើញមានគេរាយការណ៍ផង និងអត់មានឃាត់ផង។ ឥឡូវហ្នឹងសួរមើល បើឃាត់ហ្នឹងឃាត់នៅម្តុំណាវិញ។ ខ្ញុំសួរទៅម្តុំហ្នឹងហើយ ដូចអត់មានរាយការណ៍មកថា មានការឃាត់សកម្មជនណាមួយទេ》។
ដោយឡែក លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានអះអាងនៅថ្ងៃនេះថា ការចាប់ខ្លួនលោក អ៊ុក ម៉ៅ នេះគឺជាដំណឹងដែលពិតប្រាកដហើយ។ ចំពោះរឿងនេះ ក្នុងនាមគណបក្សនយោបាយ លោកនឹងប្រឹងប្រែងរកមធ្យោបាយ ធ្វើយ៉ាងណាដើម្បីផ្តល់ភាពយុត្តិធម៌ឱ្យបានសម្រាប់ លោក អ៊ុក ម៉ៅ។
បើតាម លោក សុខសុវណ្ណ ការចូលរួមមួយផ្នែកពីគណបក្សនយោបាយនេះ នោះក៏ព្រោះតែជនសង្ស័យ គឺជាមនុស្សរបស់គណបក្សដែរ។ ហេតុនេះ មិនថាការចោទប្រកាន់ ឬការចាប់ខ្លួននេះ ក្នុងហេតុផលណាមួយក៏ដោយ តែក្នុងនាម លោក អ៊ុក ម៉ៅ ជាមន្រ្តីគណបក្សនយោបាយ លោកនឹងមិនឈរឱបដៃមើល ករណីនេះបានឡើយ។
លោកបន្តថា៖《ក្នុងនាមគណបក្សដើម្បីកម្ពុជា គេចាប់មន្រ្តីគណបក្សរបស់ដូច្នេះមានការសោកស្តាយមែនទែន ហើយវាជារឿងមួយត្រូវរកគ្រប់មធ្យោបាយ ដើម្បីជួយគាត់តាមផ្លូវច្បាប់》។
បើទោះជាបែបណា គេសង្កេតឃើញថា សព្វថ្ងៃនេះរវាងពលរដ្ឋមន្រ្តី និងពលរដ្ឋហាក់ដើរបញ្ច្រាសគ្នាទៅវិញ។ អ្នកបំផ្លាញ ឬក្រុមឧក្រិដ្ឋជន ភាគច្រើនគឺជាមន្រ្តីរបស់រដ្ឋ។
ចំណែកឯអ្នកការពារបែរទៅជាពលរដ្ឋទៅវិញ ហើយនៅពេលណា មានបទល្មើសកើតឡើង ក្រុមមន្រ្តីតែងជួយការពារគ្នាទៅវិញទៅមក ដោយចោទប្រកាន់ ឬទម្លាក់កំហុសឱ្យអ្នកការពារ ដែលជាពលរដ្ឋទទួលរងថ្មបាក់។ មិនតែប៉ុណ្ណោះ តែងចោទប្រកាន់ពួកគេថា ជាក្រុមជ្រុលនិយម ឬអ្នកបង្កឱ្យសង្គមវឹកវរទៅវិញជាដើម។
មកដល់ពេលនេះ មានយុវជនការពារបរិស្ថាន មិនតិចជាង៥នាក់ទៅហើយទេ ដែលត្រូវចូលគុក ព្រោះតែមានភក្តីភាពចំពោះបរិស្ថាន។ តែអ្នកប្រព្រឹត្តបទល្មើស បែរជារស់នៅដោយសោយសុខ ហើយមន្រ្តីតុលាការថែមទាំងជួយបិទបាំងការពិត និងជួយការពារថែមទៅទៀត។
ថ្មីៗនេះ លោក ម៉ា ចិត្រា រកឃើញបទល្មើសព្រៃឈើជាច្រើនករណីនៅព្រៃព្រះរការ តែក្រុមមន្រ្តីបរិស្ថានខេត្តព្រះវិហារ បែរជាចោទថា អ្នកស្រឡាញ់បរិស្ថានរូបនេះ ផ្សាយបំផ្លើស និងបន្លំការពិតទៅវិញ៕