មនុស្ស៥នាក់របួស និងម្នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កណ្ដាលថ្ងៃត្រង់ កាលពីថ្ងៃទី១៥ ខែឧសភា ត្រូវបានមហាជន និងអ្នកតាមដានសង្គម ចាំឃ្លាំមើលពីចំណាត់ការច្បាប់របស់ស្ថាប័នពាក់ព័ន្ធ ស្របពេលដែលជនបង្កគឺជាមន្ត្រីមួយរូបនៃក្រសួងមហាផ្ទៃ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ វីអូឌី នៅថ្ងៃទី១៦ ខែឧសភានេះថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ នឹងបង្ហាញឱ្យឃើញពីឆន្ទៈរបស់រដ្ឋាភិបាល ក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយគ្រឿងស្រវឹង តាមរយៈចំណាត់ការច្បាប់ទៅលើជនបង្ក។ លោកបន្តថា ឥទ្ធិពលនៃគ្រឿងស្រវឹងកំពុងជ្រាបចូលយ៉ាងជ្រៅទៅក្នុងសង្គមកម្ពុជា ដោយមន្ត្រីឬកងកម្លាំងខ្លះផឹកគ្រឿងស្រវឹងនៅក្នុងឯកសណ្ឋាន និងអាងខ្សែអាងខ្នងពេលមានបញ្ហា ដូចជាករណីគ្រោះថ្នាក់នេះជាដើម។
លោកថា៖ «អ៊ីចឹង មានតែការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងទេ ដែលយើងធ្វើឡើងដើម្បីកុំឱ្យសង្គមហ្នឹងចេះតែបន្តកើតមាននូវអំពើគ្រោះថ្នាក់ចរាចរណ៍ បង្កដោយជនល្មើសសេពគ្រឿងស្រវឹង ហួសហេតុហ្នឹង ទៅបើកបរលើដងផ្លូវ។ អញ្ចឹងហើយសមត្ថកិច្ចហ្នឹងត្រូវតែពង្រឹងឲ្យមែនទែន មិនមែនថាជាមន្ត្រីនគរបាលគ្នាឯង ទៅរកវិធីជួយគ្នាឯងដើម្បីលាងនូវកំហុស លាងនូវទោសទាំងអស់ហ្នឹង អាហ្នឹងមិនមែនជាវិធានការមួយដែលរៀបចំនូវសណ្តាប់ធ្នាប់សង្គម សន្តិសុខសង្គម ឲ្យប្រជាពលរដ្ឋរស់នៅបានក្ដីសុខសុវត្ថិភាពអ្វីនោះទេ»។
ជនបង្កគ្រោះថ្នាក់ចរាចរណ៍នៅមុខក្រសួងមហាផ្ទៃ កាលពីថ្ងៃម្សិលម៉ិញ ត្រូវបានគេស្គាល់ថាជាលោក ហ៊ុន ហេង នាយកការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយលោកមានសភាពស្រវឹងធ្លាក់ភ្នែក ក្រោយចេញពីផឹកស៊ីនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សំ វិច្ឆិកា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែឧសភានេះថា កម្លាំងនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងរៀបចំកសាងសំណុំរឿងករណីគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ ដើម្បីបញ្ជូនទៅតុលាការហើយ។
ពលរដ្ឋនៅរាជធានីភ្នំពេញ លោក អ៊ូ សេង លើកឡើងពីក្ដីបារម្ភរាល់ពេលធ្វើដំណើរលើដងផ្លូវ ដែលបង្កឡើងដោយភាពធ្វេសប្រហែសរបស់អ្នកបើកបរមួយចំនួន។ លោកសំណូមពរឱ្យស្ថាប័នច្បាប់ដាក់ទោសទណ្ឌអតិបរមាលើជនបង្កខាងលើ ដើម្បីទុកជាគម្រូកុំឱ្យអ្នកផ្សេងប្រព្រឹត្តបែបនេះតទៅទៀត។
លោកថា៖ «ស្ថាប័នរដ្ឋឬស្ថាប័នមានសមត្ថកិច្ចគួរណាតែបង្កើតច្បាប់ ឱ្យបានតឹងរ៉ឹង សម្រាប់ដាក់អ្នកដែលគាត់គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹងនេះ បើមិនអ៊ីចឹងទេ អ្នកដែលបង្កគ្រោះថ្នាក់ដោយសារគ្រឿងស្រវឹងនឹងរឹតតែច្រើន ដោយសារតែច្បាប់ធូររលុងឬ ដោយការអនុវត្តច្បាប់ណាមួយមានភាពលម្អៀងអីជាដើម»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីឆ្នាំ២០២៣ ធ្លាប់បានចេញបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួនជនទាំងឡាយណាដែលប្រព្រឹត្តល្មើសច្បាប់ចរាចរណ៍ បុកមនុស្សស្លាប់នៅនឹងកន្លែង ដោយមិនចាំបាច់សុំគោលការណ៍ពីស្នងការនគរបាលទេ។ ក្រៅពីនេះ លោកក៏ធ្លាប់បញ្ជាឱ្យសមត្ថកិច្ចចរាចរណ៍ ត្រួតពិនិត្យជាតិអាល់កុលលើអ្នកបើកបរ យានយន្ត ដើម្បីធានាពីការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
ចំណែក រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏ធ្លាប់ទទួលស្គាល់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងដោយគ្រឿងស្រវឹង។
លោកថា៖ « យើងឃើញថា ៧០% នៃគ្រោះថ្នាក់ចរាចរណ៍មានកត្តាច្រើន យានយន្ត បុគ្គល ប៉ុន្តែកត្តាមួយទៀតដែលយើងមិនអាចមើលរំលងបាន គឺការប្រើប្រាស់គ្រឿងស្រវឹងនេះ។ ឥឡូវគ្រឿងស្រវឹងនេះ បន្ទាប់ពីល្បឿនគឺគ្រឿងស្រវឹងម៉ងដែលជាបញ្ហាដែលធ្វើឲ្យមនុស្សស្លាប់ច្រើនជាងគេ»។
តែទោះយ៉ាងណា មហាជនកត់សម្គាល់ឃើញពីភាពមិនប្រក្រតី ក្រោយកម្រិតជាតិអាល់កុលដែលអាជ្ញាធរវាស់លោក ហ៊ុន ហេង កាលពីថ្ងៃម្សិលម៉ិញក្នុងកម្រិត ០.៤៥មីលីក្រាមក្នុងមួយលីត្រខ្យល់ បែរជាប្ដូរមកនៅត្រឹម ០,៣៥មីលីក្រាមក្នុងមួយលីត្រខ្យល់នៅថ្ងៃនេះទៅវិញ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យ៉ង់ គឹមអេង សង្កេតឃើញថា រដ្ឋាភិបាលហាក់ដូចជាគ្មានជំហរច្បាស់លាស់ ក្នុងការគ្រប់គ្រងគ្រឿងស្រវឹង និងការចាត់វិធានការច្បាប់លើជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដាលមកពីការសេពគ្រឿងស្រវឹង។
លោកបន្តថា ក្នុងករណីដូចការសង្ស័យរបស់ពលរដ្ឋថាមានការទម្លាក់កម្រិតជាតិអាល់កុលរបស់ជនបង្កក្នុងករណីខាងលើនេះ ស្ថាប័នច្បាប់ត្រូវតែដាក់ទោសទណ្ឌដល់ជនទាំងឡាយណាដែលពាក់ព័ន្ធ ដើម្បីធានាពីការអនុវត្តច្បាប់ដោយតម្លាភាពគ្មានស្តង់ដារពីរ។
លោកថា៖ «ប្រសិនបើមានករណីបែបហ្នឹងមែនកើតឡើងមែន អ៊ីចឹងអ្នកដែលធ្វើការធ្វើតេស្តជាតិអាល់កុលនោះ ក៏ត្រូវតែមានទោសដូចគ្នា ត្រូងតែដាក់ទោសទណ្ឌដូចគ្នាដែរ ពីព្រោះថាបានចូលដៃចូលជើង បានឃុបឃិតនៅក្នុងការធ្វើឱ្យមានបទល្មើសដែរ» ។
តាមមាត្រា៨៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិ បណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ ខណៈបើការបើកបរស្ថិតក្នុងស្ថានភាពស្រវឹង មានអត្រាជាតិអាល់កុលចាប់ពី ០,៤០មីលីក្រាមក្នុងមួយលីត្រខ្យល់ឡើងទៅ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល៕