អ្នកចាញ់បោក​ក្រុមហ៊ុន​​ពិភព​​​​ដី​មាស​​​ម្នាក់​​​ទៀត​​​ស្លាប់​​ក្រោយ​​​​គ្មាន​​​លុយ​​​ព្យាបាល​​​ជំងឺ

អ្នកចាញ់បោកក្រុមហ៊ុន​​ពិភព​ដី​មាស​ម្នាក់​​ទៀត រ​ស់​​នៅ​​ខេត្ត​កំពង់​ចាម បាន​​ស្លាប់​ក្រោយ​​គ្មាន​​លុយ​​ព្យាបាល​​ជំងឺ​ធ្វើ​​ឱ្យ​​ចំនួន​អ្នក​​ស្លាប់​​កើន​​ជិត​៣០​នាក់ ដែល​​វិបត្តិ​​នេះ​​ជន​​រង​​គ្រោះ​ទាម​​​ទារ​ឱ្យ​​រដ្ឋាភិ​បាល​​ចាប់​​បង្ខំ​​​ឱ្យ​​មេឆ​បោក​​សង​​លុយ​​ពួក​គេ​​វិញ ​ដើម្បី​​កុំ​​ឱ្យ​​ចំនួន​​អ្នក​​ស្លាប់​​បន្ត​​កើន​​ឡើង។

អ្នកចាញ់បោកក្រុមហ៊ុនពិភពដី​មាស​ម្នាក់ លោក ប៊ុន ធឿន ប្រាប់​VOD​នៅ​ថ្ងៃទី​១​៩ ខែ​ឧសភា​ នេះ​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ ខេន សុខ​ខាន់ ភេទ​ប្រុស វ័យ​៥៥​ឆ្នំា រស់​នៅ​ភូមិ​ត្រពាំង​ចា ឃុំ​ក្រឡា ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម។

លោកថា បើគិតទាំងករណីស្លាប់ចុងក្រោ​យ​នេះ​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ក្រុម​ហ៊ុន​ពិភព​ដី​មាស​កើន​ឡើង​ដល់​ចំនួន ២៧​នាក់​ហើយ។ 

លោកថា៖ «អ្នកស្លាប់ក៏កាន់តែកើន​ឡើង​ច្រើន​​ចឹង​ទៅ និយាយ​ទៅ​ស្រ្តេស​អស់ ​លោក​​គ្រូម្នាក់ៗ​វិល​ឡើង​ល្វីង​មុខ​អស់​ហើយ​ ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​ឲ្យ​លោក​ជួយ​ដោះ​ស្រាយ​ពន្លឿន​ការ​ងារ​ហ្នឹង ច​ង់ឲ្យ​​សម្ដេច​បវរ​ធិប​តេយ្យ​ ហ៊ុន ម៉ាណែត លោក​ជួយ​​ហើយ​និង​សម្ដេច​ពុក​សម្ដេច​ម៉ែ​ហ្នឹង ឲ្យ​គាត់​ជួយ​ដោះ​ស្រាយ​រឿង​ហ្នឹង​ឆាប់ៗ​លោក​គ្រូ​ កុំ​ឱ្យ​ទុក​យូរ»។

បើតាមប្រភពដដែល ប្រាប់ថា លោក ខេន សុខខាន់ បាន​ស្លាប់​កាល​ពី​​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ២០២៥ ដោយ​សារ​គ្មាន​លុយ​​​ព្យាបាល​ជំងឺ ក្រោយ​ចាញ់​បោក​ក្រុម​ហ៊ុន​ពិភព​ដី​មាស​ចំនួន២៦ ៥០០​ដុល្លារ ធ្វើ​ឱ្យ​ជួប​វិបត្តិ​បំណុល​វ័ណ្ឌ​ក។

អគ្គនាយកក្រុមហ៊ុនពិភពដីមាស គឺអតីត​ឧកញ៉ា ហ៊ី គឹម​ហុង ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​សីហា ឆ្នាំ​​២០២៣ ពី​បទ ឆបោក​​ពលរដ្ឋ តែ​​ប្រមាណ ៤ខែ​​ក្រោយ​​មក ពោល​​​គឺ​​​នៅ​​ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ តុលាការ​​ដោះ​​លែង​​វិញ ក្រោយ​សន្យា​​រក​​លុយ​ស​​ង​ជន​​រ​ង​​គ្រោះ​​វិញ តែ​​ពេល​​បាន​​នៅ​ក្រៅ​ឃុំ​ លោក​​បាន​​គេច​​វេស​​មិន​​គោរព​សន្យា​​នោះ​​ទេ។

ចំពេលយុត្តិធម៌​​ជាប់​ជិត២ឆ្នាំទៅនេះ ក្រុម​ជន​​រ​ង​​គ្រោះក៏​បាន​ប្រាប់​VOD​ថា នៅថ្ងៃទី១៩ ខែ​ឧសភា​នេះ ពួក​គេ​បាន​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​យុត្តិធម៌​ ដើម្បី​ពន្លឿន​ដំណោះ​ស្រាយ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ