ចំពេលគ្រួសារខ្មែររាប់លាននាក់ កំពុងរស់នៅមិនបានសុខ ដោយសារក្រោមការដឹកនាំរបស់គ្រួសារហ៊ុន ធ្វើឱ្យសង្គមជាតិរួមរឹតទៅដោយអំពើអយុត្តិធម៌ កសិផលគ្មានទីផ្សារ អំពើឆបោកដែលនាំឱ្យមានការធ្វើចំណាកស្រុកព្រាត់ប្រាស់ប្តី ប្រពន្ធ កូន ដើម្បីចេញទៅរកប្រាក់មកដោះបំណុលគេ និងបញ្ហាចាក់ស្រែសក្នុងសង្គមជាច្រើនផ្សេងទៀត។
ជុំវិញបញ្ហានេះ អង្គការសហប្រជាជាតិបានផ្តល់តម្លៃ និងទទួលស្គាល់ជាផ្លូវការពីសារៈសំខាន់នៃ «គ្រួសារ»ដោយបង្កើតឱ្យមាន «ទិវាគ្រួសារអន្តរជាតិ នៅរៀងរាល់ថ្ងៃទី១៥ ខែឧសភា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៣មក។
ក្នុងទិវាសកលនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនឃើញមានបញ្ចេញសារ ឬថ្លែងអ្វីទេ នៅក្នុងទិវាគ្រួសារអន្តរជាតិឆ្នាំនេះ។ ប៉ុន្តែនៅលើបណ្តាញសង្គមហ្វេសប៊ុក លោកបានបង្ហាញពីការចូលរួមអបអរសាទរ ទិវាអន្តរជាតិនៃគ្រួសារ ១៥ ឧសភា ២០២៥ ។
លោកបានដាក់រូបថតក្រុមគ្រួសារមួយ ដែលមានប្រពន្ធប្តី២នាក់ ដឹកដៃកូនឈរមើលព្រះអាទិត្យរៀបរះនៅចំពីមុខ ដែលរំលេចទៅដោយភពមួយ និងអមទៅដោយរូបបេះដូង ដែលហាក់បីដូចជាបង្ហាញពីសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះគ្រួសារនិងភពផែនដីនេះ។
សូមរំឭកថា នៅក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារកាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការទទួលយកភាពចម្រុះការពង្រឹងក្រុមគ្រួសារ»លោក ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីឆ្នាំ២០០៥មក រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវានេះ។
ប្រភពនោះ អះអាងថា ការចូលរួមរំឭកព្រឹត្តិការណ៍នេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីតួនាទីដ៏សំខាន់របស់គ្រួសារ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍គ្រួសារផ្ទាល់និងសង្គមជាតិ ស្របតាមគោលនយោបាយជាតិនិងសកល ផ្តោតលើអាទិភាពជាចម្បងលើវិស័យពាក់ព័ន្ធសំខាន់ៗ ដើម្បីធានាឱ្យបាននូវសុខដុមនីយកម្ម និងការធ្វើបរិវត្តកម្មសង្គម ស្របតាមការវិវត្តរបស់កម្ពុជានាពេលបច្ចុប្បន្ន។
លើសពីនេះ សំដៅដល់ការក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ ជាចក្ខុវិស័យដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី លើកឡើងថា គ្រួសារពិតជាកោសិកាមួយដ៏សំខាន់ក្នុងការដើរតួនាទីជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំ ដើម្បីបន្តរក្សាបានសុខសន្តិភាព និងបង្កើនតម្លៃសេដ្ឋកិច្ច លើកតម្លៃវប្បធម៌ បង្កើតគំនិតថ្មីៗ សំដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ជាមួយគ្នានេះ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានប្រារព្ធខួបលើកទី៣១ ទិវាអន្តរជាតិស្តីពីគ្រួសារនេះផងដែរ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពគ្រួសារ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ»។
លោកស្រី ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ថ្លែងក្នុងពិធីនេះថា គ្រួសារពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកជាកោសិកាសង្គមជាតិ។
ប្រភពនោះសំអាងថា គ្រួសារគឺជាមូលដ្ឋានគ្រឹះដែលផ្តល់ការថែទាំ និងអប់រំដល់កូនចៅ និងសមាជិកគ្រួសារទាំងអស់ ឱ្យដើរតាមគន្លងធម៌ ពិសេសការរីកចម្រើននៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ដែលបានផ្តល់ឱកាសបន្ថែមទៀត ដល់សមាជិកគ្រួសារ ក្នុងការទទួលបានចំណេះដឹង និងមុខជំនាញថ្មីៗ ធ្វើឱ្យការរស់នៅ និងការទំនាក់ទំនងគ្នា កាន់តែមានភាពងាយស្រួល ជីវភាពរស់នៅកាន់តែល្អប្រសើរ និងធ្វើឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍ។
ប៉ុន្តែផ្ទុយទៅវិញ សម្រាប់លោក មេឃ អូន វ័យ៣០ឆ្នាំ ជាកសិករដាំដំឡូងមី នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បាននិយាយថា បច្ចុប្បន្ន នៅក្នុងភូមិស្រុករបស់គាត់ គឺមានសភាពស្ងាត់ជ្រងំ ប្តី ប្រពន្ធ កូនបានរស់នៅបែកខ្ញែកគ្នា ដោយសារត្រូវធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសថៃ ឬនៅតាមតំបន់ផ្សេងៗ ដើម្បីរកប្រាក់មកដោះបំណុលគេ ដោយសារតែដំឡូងនិងស្រូវធ្លាក់ថ្លៃខ្លាំងនៅក្នុងឆ្នាំនេះ ធ្វើឱ្យកសិករខាតបង់ធ្ងន់ធ្ងរគ្រប់គ្នា។
លោកថា៖ «អស់ហើយអ្នកក្រ ភូមិខ្ញុំរាល់ថ្ងៃអស់អ្នកក្រពីឥឡូវទៅហើយហ្នឹង ពីព្រោះរត់ចោលស្រុកអស់ហើយហ្នឹងមានអីនៅទៀត មានអ្នកក្រណានៅទៀត ភូមិស្ងាត់ឈឹងហ្មង។ ហីបើសិនមាននៅមុខជូរៗមុខសុទ្ធអត់លុយអ្នកដែលនៅៗ។ មិនបាច់ថាដល់រកលុយមកដាំវិញផង លុយហូបចុកម៉ាឆ្នាំទៅមុខទៀតមិនដឹងទៅច្រកណាផង បើម្នាក់ៗសងធនាគារមិនទាន់រួចផងហ្នឹង ទៅខ្ចីគេធ្វើម៉េចបានទៀត។ ចឹងបានគេថា តិចទៀតអស់អ្នកក្រ ហើយឥឡូវអ្នកភូមិខ្ញុំអស់អ្នកក្រហើយ ស្ងាត់ឈឹងមានអីទៀត រត់ចោលស្រុកអស់ហើយហ្នឹង»។
អ្នកនយោបាយប្រឆាំងនិងអ្នកឃ្លាំមើលសង្គម លើកឡើងថា ក្រោមការដឹកនាំតពូជរបស់គ្រួសារហ៊ុនជាង៤០ឆ្នាំកន្លងមកនេះ បានធ្វើឱ្យគ្រួសារប្រជាពលរដ្ឋខ្មែររាប់លាននាក់ កាន់តែជួបវិបត្តិធ្ងន់ធ្ងរចាក់ស្រែសរហូតធ្វើឱ្យប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗទាល់ច្រក ឈានទៅដល់ការធ្វើអត្តឃាតសម្លាប់ខ្លួនកាន់តែច្រើនឡើងៗលើសពេលណាៗទាំងអស់។
សកម្មជននយោបាយប្រឆាំង សកម្មជនបរិស្ថាននិងសង្គម បានទទួលរងការធ្វើទុក្ខបុកម្នេញយ៉ាងខ្លាំងពីរដ្ឋាភិបាលគ្រួសារហ៊ុន ខ្លះត្រូវបានចាប់ដាក់ពន្ធនាគារ ខ្លះត្រូវបង្ខំចិត្តរត់ចោលស្រុកទៅសុំសិទ្ធិជ្រកកោននៅក្រៅប្រទេសព្រាត់ប្រាស់ប្រពន្ធ ប្តីកូនក្រុមគ្រួសារ ខណៈកសិផលរបស់កសិករគ្មានទីផ្សារ ប្រជាពលរដ្ឋក្រីក្ររាប់ម៉ឺនគ្រួសារ ត្រូវបានក្រុមហ៊ុនខិលខូចដែលមានអ្នកមានអំណាចធ្វើជាខ្នងបង្អែក បានបង្កើតក្រុមហ៊ុនវិនិយោគបោកប្រាស់ តាមរយៈការដាក់ប្រាក់វិនិយោគទទួលបានកាប្រាក់ខ្ពស់ តែមិនអាចដកប្រាក់វិញបាន។
ការទិញផ្ទះបង់រំលស់តែបង់ប្រាក់គ្រប់ហើយ មិនសង់ផ្ទះឱ្យជាដើម ធ្វើឱ្យប្រជាពលរដ្ឋជំពាក់បំណុលវ័ណ្ឌក ក៏បានបង្ខំចិត្តធ្វើចំណាកស្រុកទៅស៊ីឈ្នួលគេនៅប្រទេសថៃ និងនៅតាមតំបន់ផ្សេងៗទៀតព្រាត់ប្រាស់ប្រពន្ធប្តីកូន។
ក្រៅពីនេះអំពើអយុត្តិធម៌សង្គម ដែលបង្កឡើងដោយប្រព័ន្ធតុលាការ ក្រោមកណ្តាប់ដៃគ្រួសារហ៊ុន អំពើពុករលួយជាប្រព័ន្ធ ប្រព័ន្ធសុខាភិបាល និងប្រព័ន្ធអប់រំទន់ខ្សោយគ្មានគុណភាព ការបើកដៃឱ្យឈ្មួញនាំបន្លែផ្លែឈើត្រីសាច់ខូចគុណភាព ផ្ទុកទៅដោយសារធាតុគីមី មកលក់ពេញប្រទេស។
លើសពីនេះ គេក៏សង្កេតឃើញមានការចែកចាយគ្រឿងញៀនកើតឡើង ការចាប់បង្ខាំងមនុស្ស ជម្រិតទារប្រាក់ដោយក្រុមឧក្រិដ្ឋជនជនជាតិចិនផងនោះ បានធ្វើឱ្យការរស់នៅរបស់គ្រួសារប្រជាពលរដ្ឋខ្មែរ កាន់តែធ្លាក់ខ្លួនក្រីក្រដុនដាបខ្លាំងឡើង នឹងប្រឈមនូវអនាគតមិនច្បាស់លាស់។
ត្រង់ចំណុចនេះ លោកបណ្ឌិត កែម ឡី ធ្លាប់បានមានប្រសាសន៍កាលពីលោកនៅមានជីវិតថា ជាច្រើនជំនាន់រាប់រយឆ្នាំមកហើយ កម្ពុជាមិនដែលមានអ្នកមានខ្លាំង មានទ្រព្យសម្បត្តិច្រើនមហាសាល ដូចសម័យនេះទេ ហើយក៏មិនដែលមានអ្នកក្រមានចំនួនដ៏ច្រើនដូចសម័យបច្ចុប្បន្ននេះដែរ។
លោកបញ្ជាក់ថា មូលហេតុនេះ ក៏ព្រោះតែអ្នកកាន់អំណាច អសមត្ថភាព ពុករលួយ បក្ខពួកនិយម គិតតែពីប៊ឺតជញ្ជក់ប្រមូលយកអស់ធនធានទ្រព្យសម្បត្តិរបស់ជាតិ ដើម្បីតែធ្វើមានធ្វើបានសម្រាប់តែក្រុមគ្រួសារបក្ខពួកខ្លួនមួយក្តាប់តូចមិនគិតពីទុក្ខលំបាករបស់ពលរដ្ឋម្ចាស់ប្រទេស។
ជាមួយគ្នានេះ លោក គឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ បាននិយាយថា នៅពេលដែលកសិផលកសិករស្រូវ ពោត សណ្តែក ដំឡូងមី និងដំណាំរួមផ្សំផ្សេងទៀតចុះថោក គ្មានទីផ្សារ វ័ណ្ឌក និងបំណុលហើយទីបំផុត ក៏បង្ខំចិត្តធ្វើចំណាក់ស្រុកទាំងប្រឈមនឹងគ្រោះថ្នាក់។
លោកថា៖ «ពេលដែលកសិករខ្មែរបោះបង់ស្រែចម្ការចោល នៅពេលហ្នុង ពួកឈ្មួញវៀតណាមមកជួលដីស្រែចម្ការខ្មែរ ជួលយូរៗទិញ ទិញយូរៗច្រើនទៅ ដូច្នេះដីស្រែចម្ការខ្មែរក្លាយទៅជាស្រែចម្ការដែលជនជាតិវៀតណាម ត្រួតត្រាកាន់តែច្រើនឡើងៗ អាហ្នឹងនយោបាយឈ្លានពានណា ហីយើងមើលអត់ដឹងទេ មួយទៀតនៅពេលដែលកសិកររត់ចោលស្រែ រត់ចោលស្រុកទៅរស់នៅក្រៅប្រទេស ទៅរកការងារនៅក្រៅប្រទេសទឹកដីកម្ពុជាកាន់តែវាលល្វឹង ពលរដ្ឋខ្មែរពេញកម្លាំងដែលជាកម្លាំងការពារជាតិបាត់ច្រើន អ៊ីចឹងវៀតណាមចូលមកកាន់តែច្រើន អាហ្នឹងគឺជានយោបាយឈ្លានពានដ៏មានប្រសិទ្ធភាព ជាងការប្រើកងទ័ពទៅទៀត»។
លោក គឹម សុខ បន្តថា ហាក់ទម្លាក់កំហុស ដាក់មេដឹកនាំគ្រួសារហ៊ុនថា បញ្ហាដែលបានបន្សល់ទុកនេះ ជាការធ្វើនយោបាយ បម្រើមហិច្ឆតាឱ្យវៀតណាមលេបត្របាក់ទឹកដីខ្មែរ។
ក្នុងន័យនេះ លោករំឭកពីហាននិភ័យបូរណភាពទឹកដី ចាប់ផ្តើមពីការជួលដីស្រែដីចម្ការនៅតាមព្រំដែន រហូតដល់ការផ្តល់ដីសម្បទាន ឱ្យទៅក្រុមហ៊ុនវៀតណាម ជាង២៤ម៉ឺនហិកតា គ្រប់គ្រងជាង៩០ឆ្នាំ។
ចំណែក លោក មុត ចន្ថា អតីតនាយខុទ្ទការល័យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហោះលើហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៦ ខែឧសភានេះថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរជិត ៩០% កំពុងជំពាក់បំណុលធនាគារ គ្រឹះស្ថានម៉ីក្រូហិរញ្ញវត្ថុ និងការចងការខុសច្បាប់ ព្រមទាំងមានពលរដ្ឋខ្មែរមួយចំនួនចងកសម្លាប់ខ្លួន ធ្វើអត្តឃាតសម្លាប់ទាំងគ្រួសារក៏មាន។
អង្គការសង់ត្រាល់ បានឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរ ដែលកំពុងធ្វើការនៅក្រៅប្រទេស មានប្រហែល២លាន២សែននាក់ ក្នុងនោះនៅប្រទេសថៃច្រើនជាងគេ។
ទាក់ទងនឹងបញ្ហាបំណុលការិយាល័យឥណទានកម្ពុជា (CBC)បានចេញផ្សាយរបាយការណ៍កាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៤ មានពលរដ្ឋខ្មែរជាង៥លាន៤ម៉ឺននាក់ កំពុងប្រើប្រាស់កម្ចីពីប្រព័ន្ធធនាគារក្នុងទំហំទឹកប្រាក់ជិត៦០ពាន់លានដុល្លារអាមេរិក។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈៀង រ៉ា បានប្រកាសអាសន្នថា ប៉ុន្មានឆ្នាំងមុខ កម្ពុជានឹងជួបសោកនាដកម្ម ដោយជំងឺមហាររីក បើគ្មានអ្វីត្រូវកែលម្អ ដោយលោកសំអាងថា គិតជាមធ្យមជំងឺនេះបានសម្លាប់មនុស្ស ៣៨នាក់ក្នុងមួយថ្ងៃ។
បញ្ហាទាំងនេះ ផ្តើមចេញពីសមទ្ធភាពរបស់មេដឹកនាំ ដែលគេមើលឃើញថា ជាសញ្ញាគ្រោះថ្នាក់ដល់ពលរដ្ឋកម្ពុជា ពាក់ព័ន្ធហានិភ័យសុខភាព បង្កឡើងពីលំហូរចូលអាហារមានសារធាតុគីមី គ្រឿងញៀន បទឧក្រិដ្ឋច្រើនទម្រង់ រួបទាំងហានិភ័យនៃបូរណភាពទឹកដី។
ជុំវិញបញ្ហានេះ តំណាងរាស្ត្រជិត២០០នាក់ នៅបន្តឈរឱបដៃលើទុក្ខវេទនារបស់ពលរដ្ឋ និងហានិភ័យបូរណភាពទឹកដី ទោះពួកគេទទួលបានប្រាក់ខែម្នាក់៥ពាន់ដុល្លារ ក្នុង១ខែ ដែលលុយទាំងនោះ បានពីញើសឈាមពលរដ្ឋតាមរយៈបង់ពន្ធក្តី។
ទឡ្ហីករណ៍ នៃសម្អាងហេតុខាងលើ ជាមូលដ្ឋានសម្រប់បងប្អូនពិចារណាដោយខ្លួនឯងថា តើកំណើនសេដ្ឋកិច្ច រួមទំាងធនធានជាតិបច្ចុប្បន្ន ធ្លាក់ក្នុងដៃក្រុមគ្រួសារអ្នកមានអំណាច ឬស្ថិតក្នុងដៃបងប្អូនជាម្ចាស់ប្រទេស ។
មួយវិញទៀត បងប្អូនសាកគិតថា បើថ្ងៃណាមួយ បងប្អូន ឬក៏ក្រុមគ្រួសារសាច់ញាតិ បងប្អូន រងការរំលោភបំពានពីមន្ត្រីអ្នកមានអំណាច តើប្រព័ន្ធច្បាប់នឹងផ្តល់យុត្តិធម៌ឱ្យបងប្អូនទេ។ ចម្លើយទាំងនេះ បងប្អូនជាឆ្លើយដោយខ្លួនឯង៕