មរណភាពរបស់លោក រៀន សុភឿន ធ្លាប់ជារឿងដ៏គួរឱ្យខ្លាចសម្រាប់ក្រុមគ្រួសារអ្នករត់កង់បីរូបនេះ ប៉ុន្តែអ្វីដែលកាន់តែគួរឱ្យខ្លាចសម្រាប់ពួកគេនៅពេលនេះ គឺការដែលមិនអាចរកយុត្តិធម៌ឱ្យឪពុក និងប្ដីរបស់ខ្លួនបាន។
អមដោយស្នាមទឹកភ្នែកដាមលើផ្ទៃមុខ អ្នកស្រី ភុំ ធីតា កូនស្រីច្បងលោក រៀន សុភឿន ទទូចមិនដាច់ពីមាត់សុំឱ្យស្ថាប័នច្បាប់ និងថ្នាក់ដឹកនាំរដ្ឋាភិបាល ផ្ដល់ភាពយុត្តិធម៌តាមផ្លូវច្បាប់ដល់ឪពុករបស់ខ្លួន ដែលត្រូវបានមន្ត្រីជាន់ខ្ពស់ម្នាក់បង្កគ្រោះថ្នាក់ ឆក់យកជីវិតនៅលើដងផ្លូវ។
ការទទូចនេះកើតឡើងក្រោយអ្នកស្រីបារម្ភថា ករណីនេះនឹងត្រូវបានពន្យារពេលឬដោះស្រាយមិនជ្រះស្រឡះ ដូចករណីគ្រោះថ្នាក់ចរាចរណ៍កន្លងមក ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផ្លូវចិត្តគ្រួសារអ្នកស្រី។
អ្នកស្រីថា៖ «សម្រាប់ខ្ញុំ ខ្ញុំនិយាយពីអារម្មណ៍ពិត គឺបារម្ភខ្លាំង! មិនមែនបារម្ភធម្មតា គឺបារម្ភខ្លាំង មិនដឹងថាយុត្តិធម៌នឹងមានសម្រាប់ខ្ញុំឬអត់ ក្នុងការទទួលសំណង។ មកទល់ពេលនេះ មិនទាន់មានខាងណាទាក់ទងមក សាច់ញាតិជនបង្កក៏មិនទាន់ទាក់ទងនិយាយពីរឿងសំណងដែរ។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនដឹងថាតើខ្ញុំពិតជាទទួលបានយុត្តិធម៌មួយហ្នឹងឬអត់ទេ»។
លោក រៀន សុភឿន គឺជាជនរងគ្រោះម្នាក់ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុករះ នៅមុខក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៥ ខែឧសភា បង្កឡើងដោយលោកសក្តិ៥ ហ៊ុន ហេង ប្រធានការិយាល័យភស្តុភារនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបើកបរក្នុងស្ថានភាពស្រវឹង។
ជនបង្ក លោក ហ៊ុន ហេង ត្រូវបានឃាត់ខ្លួនភ្លាមៗ និងវាស់ជាតិអាល់កុល ដោយសមត្ថកិច្ចអះអាងថា លោកមានជាតិអាល់កុលចំនួន ០.៣៥មីលីក្រាម ក្នុងមួយលីត្រខ្យល់។
ក្រៅពីលោក រៀន សុភឿន មនុស្ស៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចណ៍ដ៏កក្រើកមួយនេះ ខណៈឡាន ម៉ូតូ និងកង់បីរងការខូចខាតយ៉ាងដំណំផងដែរ។
វីអូឌី មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ពីបច្ចុប្បន្នភាពអ្នករងរបួសទាំង៥នាក់បានទេ នៅថ្ងៃទី១៩ ខែឧសភានេះ។
បច្ចុប្បន្ន ជនបង្កលោក ហ៊ុន ហេង ត្រូវបានចៅក្រមស៊ើបសួរសម្រេចខ្លួនបណ្ដោះអាសន្ន ដើម្បីបន្តការសាកសួរ ក្រោមការចោទប្រកាន់ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ របួសអ្នកដទៃ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង» តាមមាត្រា៨៣ កថាខណ្ឌទី២ នៃក្រមព្រហ្មទណ្ឌ។ បន្ថែមពីនេះ លោក ហ៊ុន ហេង ក៏ត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិផងដែរ។
តាមការអះអាងរបស់ក្រុមគ្រួសារជនរងគ្រោះ មកទល់ពេលនេះ ពួកគេមិនទាន់ដឹងថា កង់បី ដែលជារបស់សំណព្វចិត្តឪពុកពួកគេត្រូវបានសមត្ថកិច្ចរក្សាទុកនៅទីណាឡើយ ខណៈការកោះហៅពីតុលាការ ឱ្យចូលទៅដោះស្រាយករណីនេះក៏មិនទាន់មានដូចគ្នា។
លើសពីនេះ សាច់ញាតិរបស់ជនបង្ក ក៏បានផ្ដាច់ទំនាក់ទំនងតាមលេខទូរស័ព្ទ និងបិទការហៅចូលជាមួយពួកគេហាក់ដូចជាចង់គេចវេសពីការទទួលខុសត្រូវ។ គ្រួសារជនរងគ្រោះគ្រោងឡើងទៅដាក់ពាក្យបណ្ដឹងនៅតុលាការនៅថ្ងៃអង្គារ ទី១៩ ខែឧសភានេះ។
ដ្បិតផ្ទះតូចចង្អៀត តែកូនៗលោក រៀន សុភឿន អះអាងថា លោកគឺជាឪពុក ជាប្ដី និងជាកូនប្រុស ដែលផ្ដល់ភាពកក់ក្ដៅដល់គ្រួសារ។ ឪពុក លោក រៀន សុភឿន ក្នុងវ័យ៧០ប្លាយឆ្នាំ និងពិការមួយចំហៀងខ្លួន នៅតែមិនអស់ចិត្តនឹងការស្លាប់របស់កូនប្រុស តែលោកបានត្រឹមសម្រក់ទឹកភ្នែក អុជធូបបួងសួងឱ្យកូនទៅកាន់សុគតិភព និងផ្ដល់កម្លាំងចិត្តដល់កូនប្រសារស្រីឱ្យរក្សាភាពរឹងមាំដើម្បីគ្រប់គ្រងគ្រួសារបន្តទៅទៀត។
លើសពីការបាត់បង់ឪពុក និងប្ដីជាទីស្រឡាញ់ គ្រួសារមួយនេះបានបាត់បង់បង្គោលគ្រួសារដែលរកចំណូលផ្គត់ផ្គង់ជីវភាព ព្យាបាលជំងឺ និងការរៀនសូត្ររបស់កូនម្នាក់នៅក្នុងបន្ទុកផងដែរ។ .
ប្រពន្ធជនរងគ្រោះ គឺអ្នកស្រី ធី ណារ៉ៃ ដែលកំពុងមានជំងឺសន្លាក់ប្រចាំកាយមិនអាចប្រកបការងារបាន ថ្លែងទាំងទឹកមុខស្រពោនដោយបារម្ភពីអនាគតគ្រួសារតូចមួយនេះ។ អ្នកស្រីអំពាវនាវឱ្យស្ថាប័នច្បាប់ពន្លឿនការដោះស្រាយ ដោយផ្ដល់ភាពយុត្តិធម៌ និងសំណង ជាពិសេសគឺការជួយឱ្យកូនអ្នកស្រីបានបញ្ចប់ការសិក្សាតាមបំណងប្រាថ្នារបស់ប្ដី។
អ្នកស្រីថា៖ «ឥឡូវបាត់បង់គាត់ហើយ មិនដឹងថាខ្ញុំនឹងត្រូវទៅរំពឹងអ្នកណាទេ អ៊ីចឹងមានតែម្រាមដៃ១០ សុំពឹងជនរួមជាតិទាំងក្នុងស្រុកនិងក្រៅស្រុក ហើយពឹងដល់សម្ដេច ហ៊ុន សែន សម្ដេច ហ៊ុន ម៉ាណែត ជួយដល់កូនចៅផង ព្រោះគ្រួសារខ្ញុំខ្វះខាតខ្លាំងណាស់»។
ជីវភាពគ្រួសារអ្នករត់កង់បីរូបនេះ មិនធូរធារឡើយ ដោយមានបំណុលធនាគារ ដែលខ្ចីយកមកទិញកង់បី និងជួសជុលផ្ទះតូចមួយក្បែរប្រឡាយទឹកស្អុយ ស្ថិតនៅជាយក្រុង ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ កាលនៅរស់ បុរសវ័យ៤០ប្លាយឆ្នាំរូបនេះ ចង់ឃើញកូនប្រុសពៅដែលកំពុងរៀននៅថ្នាក់ទី៦ បានបញ្ចប់ការសិក្សានៅថ្នាក់បរិញ្ញាបត្រ ក្រោយបងៗពួកគេពីរនាក់ ឈប់រៀនដើម្បីជួយរកប្រាក់ផ្គត់ផ្គង់គ្រួសារ។
ទាក់ទិនរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ការអូសបន្លាយនីតិវិធីលើបទល្មើសជាក់ស្ដែងបែបនេះ អាចប៉ះពាល់ដល់ទំនុកចិត្តរបស់មហាជនលើប្រព័ន្ធច្បាប់។
លោកជំរុញឱ្យតុលាការពន្លឿនការកាត់ក្ដី ដោយឈរលើភាពយុត្តិធម៌ ដើម្បីឱ្យគ្រួសារជនរងគ្រោះអាចស្ងប់ចិត្ត និងទទួលបានសំណងដោះស្រាយជីវភាព ដោយបង្គាប់ឱ្យជនបង្កសងសំណងតាមទំហំខូចខាត ដែលគ្រួសារជនរងគ្រោះជួបប្រទះ ក្រោយបាត់បង់បង្គោលគ្រួសារ។
លោកថា៖ «ក្នុងរឿងនេះដែរ យើងទទូចទៅកាន់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមទាំងស្ថាប័នតុលាការ យើងចង់ឃើញមានចំណាត់ការផ្លូវច្បាប់ ឱ្យបានត្រឹមត្រូវ ដើម្បីផ្ដល់នូវសំណង និងភាពយុត្តិធម៌ទៅដល់ជនរងគ្រោះ ដែលទន្ទឹងរង់ចាំនូវដំណោះស្រាយដែលពួកគាត់បានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ រួមទាំងអ្នកដែលកំពុងតែរងរបួសធ្ងន់ធ្ងរ ដែលកំពុងត្រូវការថវិកាព្យាបាល»៕