មុនដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន នៅដើមខែមិថុនា អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ជំរុញឱ្យជប៉ុនរំឭកគ្រួសារហ៊ុន ឱ្យវិលទៅប្រកួតអំណាចដោយសុចរិតភាព តាមគន្លងប្រជាធិបតេយ្យ។
ការជំរុញនេះ ខណៈភស្តុតាងជាច្រើនបង្ហាញថា ជិត១០ឆ្នាំទៅនេះ គ្រួសារហ៊ុនបន្តលេងល្បែងនយោបាយរំលោភរដ្ឋធម្មនុញ្ញ ផ្ទុយនឹងបំណងអន្តរជាតិ ដើម្បីតែចង់កាន់អំណាចតពូជ ធ្វើឱ្យពលរដ្ឋក្លាយជាជនរងគ្រោះនៃរបបដឹកនាំបែបផ្តាច់ការ។
នៅថ្ងៃទី១៩ ខែឧសភានេះ Human Rights Watch បាននិយាយថា កាលពីថ្ងៃទី២៨ ខែមេសា ខ្លួនបានផ្ញើរបាយការណ៍ជូនក្រសួងការបរទេសជប៉ុន ដោយបញ្ជាក់ថា «ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាលមួយនេះ បានរឹតបន្តឹងកាន់តែខ្លាំងលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី បិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអនុវត្តការចាប់ខ្លួន និងឃុំខ្លួនអ្នកនយោបាយបក្សប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាលតាមទំនើងចិត្ត»។
លោក Teppei Kasai (ថែផភី កាស៊េ) មន្ត្រីកម្មវិធីអាស៊ីនៃអង្គការ Human Rights Watch មានប្រសាសន៍ថា «ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន ផ្តល់ឱកាសដ៏សំខាន់មួយសម្រាប់នាយករដ្ឋមន្ត្រី Shigeru Ishiba(ស៊ីហ្គារឹក អ៊ីស៊ីបាក់) ក្នុងការលើកឡើងជាសាធារណៈនូវកង្វល់សំខាន់ៗស្តីពីបញ្ហាសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងសិទ្ធិកម្មករ រហូតដល់ការកំណត់គោលដៅរបស់កម្ពុជា លើអ្នករិះគន់រដ្ឋាភិបាលកម្ពុជា នៅប្រទេសជប៉ុន និងកន្លែងផ្សេងទៀត»។
ការណ៍នេះ Human Rights Watch ជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba គួរតែលើកឡើងជាសាធារណៈអំពីបញ្ហាសិទ្ធិមនុស្ស នៅពេលដែលនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន ម៉ាណែត ធ្វើទស្សនកិច្ចមកកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន នៅចុងខែឧសភានេះ។
ប្រភពអះអាងថា រដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត បានរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិ សេរីភាពក្នុងការជួបជុំ សិទ្ធិកម្មករ និងអ្នករិះគន់រដ្ឋាភិបាល នៅប្រទេសជប៉ុនជាដើម។
ប្រភពបញ្ជាក់ថា ក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត មិនខុសពីឪពុករបស់លោក គឺលោក ហ៊ុន សែន ដែលគ្រប់គ្រងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៨៥ មក បច្ចុប្បន្នកាន់តំណែងជាប្រធានព្រឹទ្ធសភា និងនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាទៀត។
លើសពីនេះ «ក្នុងនាមជាម្ចាស់ជំនួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ជប៉ុនគួរតែដឹងច្បាស់ថា មិនអាចមានអាជីវកម្មដូចធម្មតាបានទេ ដរាបណារដ្ឋាភិបាលកម្ពុជានៅតែបន្តគាបសង្កត់ប្រជាជនខ្លួន»។
អង្គការនេះ ជំរុញឱ្យនាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba ប្រាប់ទៅនាយករដ្ឋមន្រ្តីកម្ពុជា ឱ្យបញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងអ្នករិះគន់ទាំងក្នុងនិងក្រៅប្រទេស ហើយដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដែលអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេស្របតាមស្មារតីច្បាប់។
បន្ថែមពីនេះ Human Rights Watch រំឭកពីការយាយីលើអ្នកនយោបាយជំទាស់ថា ខែឧសភា ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រឡប់មកពីប្រទេសជប៉ុន ជុំវិញរឿងលោកថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រដែលរិះគន់រដ្ឋាភិបាលកម្ពុជា។
កាលពីខែកក្កដា តុលាការកម្ពុជាបានចោទប្រកាន់ លោក ទាវ វណ្ណុល ទាំងកម្រោលពីបទបរិហារកេរ្តិ៍ និងពិន័យជាប្រាក់ចំនួន១លាន៥សែនដុល្លារ (១,៥លានដុល្លារ) បន្ទាប់ពីលោកបានរិះគន់ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន សែន ក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
លើសពីនេះ នៅខែសីហា ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបានចាប់ខ្លួន លោក ហៃ វ៉ាន់និត អាយុ ២៨ឆ្នាំ ប្អូនប្រុសរបស់សកម្មជននៅប្រទេសជប៉ុន គឺលោក ហៃ វណ្ណា បន្ទាប់ពីលោក ហ៊ុន សែន បានគំរាមលោក ហៃ វណ្ណា រឿងរិះគន់គ្រួសារហ៊ុន។
ការចាប់ខ្លួនប្អូនប្រុសលោក ហៃ វណ្ណា បន្ទាប់ពីលោកបានដឹកនាំចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ដើម្បីប្រឆាំងការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ដែលជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចពាក់ព័ន្ធនឹងខេត្តជាប់ព្រំដែន។
មន្ត្រីកម្មវិធីអាស៊ីនៃអង្គការ Human Rights Watch លោក Kasai មានប្រសាសន៍ថា៖ «ស្របតាមការសន្យារបស់ខ្លួនលើការទូត សិទ្ធិមនុស្ស លោកនាយករដ្ឋមន្ត្រី Ishiba គួរតែប្រើប្រាស់ដំណើរទស្សនកិច្ចដ៏កម្ររបស់លោក ហ៊ុន ម៉ាណែត ដើម្បីបញ្ជាក់រដ្ឋាភិបាលកម្ពុជា នូវការទទួលខុសត្រូវរបស់ខ្លួនក្នុងការការពារសិទ្ធិប្រជាពលរដ្ឋនៅកម្ពុជា»។
Human Rights Watch សង្កត់ធ្ងន់ថា ភាពស្ងៀមស្ងាត់របស់ជប៉ុនលើបញ្ហាសិទ្ធិមនុស្ស សេរីភាពសារព័ត៌មាន និងប្រជាធិបតេយ្យទាំងនេះ នឹងផ្តល់ភ្លើងខៀវដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបន្តយុទ្ធសាស្ត្រគាបសង្កត់លើពលរដ្ឋកម្ពុជាបន្តទៀត។
VOD មិនទាន់អាចទាក់ទងមន្រ្តីស្ថានទូតជប៉ុនប្រចាំកម្ពុជា ដើម្បីសុំការបញ្ជាក់បន្ថែមជុំវិញការជំរុញនេះ បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ សមាជិកសភាបក្សប្រឆាំងជប៉ុន មកពីគណបក្សជំនាន់ថ្មី លោក ណាអូតុ សាកាគូឈិ នៅក្នុងកិច្ចប្រជុំរដ្ឋសភា បានស្នើទៅរដ្ឋាភិបាលជប៉ុន ដឹកនាំដោយគណបក្សប្រជាធិបតេយ្យសេរីនិយម ត្រូវជំរុញទៅរដ្ឋាភិបាលកម្ពុជា ឱ្យគោរពសិទ្ធិមនុស្ស ស្ដារលទ្ធិប្រជាធិបតេយ្យ និងឈប់ធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយនិងសង្គម។
នៅក្នុងកិច្ចប្រជុំរដ្ឋសភាដែលមានការសួរដេញដោល ពាក់ព័ន្ធនឹងរឿងកិច្ចការបរទេសរបស់រដ្ឋាភិបាលជប៉ុន លោក ណាអូតុ សាកាគូឈិ បានលើកឡើងថា ជប៉ុនក្នុងនាមជាប្រទេសផ្ដល់ជំនួយដ៏ធំមួយដល់កម្ពុជា មិនគួរបន្តសម្ងំស្ងៀមទៀតទេ ហើយត្រូវចាត់វិធានការបន្ទាន់ ជុំវិញស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
សមាជិកសភារូបនេះ ក៏បានលើកឡើងដែរថា ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៧មក ការបោះឆ្នោតត្រូវបានធ្វើឡើងដោយមិនសេរី និងមិនយុត្តិធម៌ទេ។
លើសពីនេះ លោក ណាអូតុ សាកាគូឈិ បានប្រាប់សភាជប៉ុនទៀតថា មានសកម្មជនខាងគណបក្សប្រឆាំងខ្មែរដែលនៅប្រទេសជប៉ុន ត្រូវបានរដ្ឋាភិបាលក្រុងភ្នំពេញ ដាក់ក្នុងបញ្ជីខ្មៅ ហើយបានបញ្ជូនសារគំរាមទៅសកម្មជនទាំងនោះថា អាជ្ញាធរនឹងចាប់ខ្លួនពួកគេ នៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ។
បន្ថែមពីនេះ សមាជិកសភារូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន គួរត្រួតពិនិត្យផងដែរ លើមន្ត្រីកម្ពុជាមួយចំនួន ដែលឧស្សាហ៍ចេញចូលទឹកដីជប៉ុន ដែលអាចពាក់ព័ន្ធនឹងសកម្មភាពគំរាមកំហែងឆ្លងដែន។ លោកបានចោទសួរពីករណីនេះ ឱ្យភាគីតំណាងរដ្ឋាភិបាលជប៉ុនឆ្លើយបំភ្លឺនៅក្នុងកិច្ចប្រជុំរដ្ឋសភា។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១៩ ខែឧសភានេះថា ភាគីជប៉ុនក្នុងនាមម្ចាស់ជំនួយនិងជាប្រទេសប្រកាន់គោលការណ៍ប្រជាធិបតេយ្យមួយរូប ត្រូវដាស់តឿនមេដឹកនាំគ្រួសារហ៊ុនឱ្យវិលទៅរកផ្លូវត្រូវ ស្តារប្រជាធិបតេយ្យឡើងវិញ។
លោកហាក់ស្តីបន្ទោសថា សារំឭកនេះ ហាក់បង្ហាញថា ជនបរទេសគេខ្វល់ខ្វាយពីបញ្ហាខ្មែរ ជាងមេដឹកនាំខ្មែរដែលបន្តក្រាញអំណាចលើគំនរទុក្ខពលរដ្ឋខ្មែរស្ទើរទូទាំងប្រទស។
លោកថា៖ «ជាការពិតហើយខាង Human rights watch ជារឿងត្រឹមត្រូវ ព្រោះយើងឃើញថាការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហ្នឹងមិនខុសពីការដឹកនាំរបស់ លោក ហ៊ុន សែន នោះទេនៅតែធ្វើទុក្ខបុកម្នេញចំពោះសកម្មជនបក្សប្រឆាំងរំលោភសិទ្ធមនុស្សសម្លាប់ប្រជាធិបតេយ្យ ហើយរៀបចំការបោះឆ្នោតក្លែងក្លាយ យកចិនជាខ្នងបង្អែកដើម្បីការពារអំណាចរបស់ខ្លួន ពឹងយួនដើម្បីជួយការពារអំណាចរបស់ខ្លួន ដូច្នេះការដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត មិនខុសពីឪពុកគាត់នោះទេ ដូចសុភាសិតខ្មែរយើងនិយាយថា ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ឪដឹកនាំផ្ដាច់ការកូនក៏ដឹកនាំផ្ដាច់ការដែរ»។
សម្រាប់ លោក អ៊ុំ សំអាន យល់ថា លោក ហ៊ុន ម៉ាណែត គួរប្រញាប់សាងស្នាដៃ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាជាងដើរតាមគន្លងឳពុក ដែលលោកថាបានកាត់ទឹកដីឱ្យបរទេសដើម្បីតែអំណាចនោះ។
លោកថា៖ «យើងទាមទារឲ្យលោក ហ៊ុន ម៉ាណែត ដើរមករកផ្លូវប្រជាធិបតេយ្យ ដោះលែងអ្នកទោសនយោបាយហើយនឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាឡើងវិញ»។
ចំណែក ប្រធានបណ្តាញយុវជនសកលកម្ពុជាប្រចាំប្រទេសជប៉ុន អ្នកស្រី ម៉ូរី បូរ៉ា និយាយថា នេះមិនមែនជាលើកទី១ទេ ដែលអន្តរជាតិមើលឃើញពីមហិច្ឆតាក្តោបអំណាចបំពានរដ្ឋធម្មនុញ្ញ ហើយថាបើគ្មានអ្វីកែលម្អទេ ពលរដ្ឋខ្មែរទូទាំងប្រទេសនឹងរងគ្រោះនៅថ្ងៃណាមួយពីអំណាចផ្តាច់ការនេះ។
យ៉ាងណា អ្នកស្រីថា បញ្ហានេះ ពលករខ្មែរនៅជប៉ុននឹងធ្វើមហាបាតុកម្ម ស្របពេលដំណើរទស្សនកិច្ច លោក ហ៊ុន ម៉ាណែត ដើម្បីផ្ញើសារថា អំណាចដែលបានមកពីការបំពានរដ្ឋធម្មនុញ្ញនិងបំណងអន្តរជាតិ រួមទាំងមិនខ្វល់ខ្វាយការពារទឹកដី មិនមែនជាមេដឹកនាំ គិតពីប្រយោជន៍ជាតិនោះទេ។
អ្នកស្រីថា៖ «វាជារឿងមួយដែលយើងក៏ពិបាកទទួលយកបានណាស់ ក្នុងនាមដែលជាប្រទេសដែលប្រកាន់នូវរបបប្រជាធិបតេយ្យ ហើយប្រទេសដែលនិយាយថា លោកទាំងពីរ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត តែងនិយាយថាប្រទេសក្រោមការដឹកនាំរបស់លោកទទួលបាននូវលទ្ធផលល្អ ទទួលនូវសន្តិភាព តែជាក់ស្ដែងមិនមែនជាសន្តិភាព ជាក់ស្ដែងប្រជាពលរដ្ឋរងទុក្ខរងនូវការរំលោភសិទ្ធិ រងនូវការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពជាដើម»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបដិសេធទៅនឹងការលើកឡើងនេះ។
សម្រាប់លោក សុខ ឥសាន Human Rights Watch ជាអង្គការអគតិ លំអៀង គឺមើលឃើញតែភាពអវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ហើយគាំទ្រក្រុមជ្រុលនិយមនៅក្រៅប្រទេស ។
លោកថា៖ «ការនិយាយខ្លឹមសារមិនញហ្នឹង វាគ្រាន់តែការយល់ឃើញរបស់ Human Rights Watch ទេអ៊ីចឹងយើងរង់ចាំមើលពេលណាដែលនាយករដ្ឋមន្ត្រីកម្ពុជា លោកបានជួបនាយករដ្ឋមន្ត្រីជប៉ុន តើនាយករដ្ឋមន្ត្រីជប៉ុន បាននិយាយពីរឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដែរអត់។ បើសិនណាជាពេលនោះ ពេលគេជួបគ្នា លោកនាយករដ្ឋមន្ត្រីជប៉ុនអត់បានលើកឡើងរឿងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងសិទ្ធិមនុស្សនៅកម្ពុជាទេ បានសេចក្ដីថានៅកម្ពុជាវាអត់មានបញ្ហាកើតឡើងពីរឿងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ»។
ផ្ទុយពីនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា និយាយថា រដ្ឋាភិបាលកម្ពុជាគួររៀនទទួលស្គាល់ការពិត ទើបជាតិរីកចម្រើន ពលរដ្ឋគ្រប់និន្នាការរស់នៅសុខសាន្តក្រោមដំបូលរដ្ឋធម្មនុញ្ញ។
លោកបារម្ភថា បើរដ្ឋាភិបាលនៅតែប្រងើយកន្តើយ មិនព្រមស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ វប្បធម៌បដិសេធមិនទទួលស្គាល់ការពិត វានឹងគំរាមកំហែងជីវភាពពលរដ្ឋខ្លួនឯងច្រើនបន្ថែមទៀត ។
លោកថា៖ «រដ្ឋាភិបាលបច្ចុប្បន្នត្រូវតែងាកទៅធ្វើការដោះស្រាយបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ បើសិនជាចង់ឲ្យប្រទេសហ្នឹងមានការអភិវឌ្ឍប្រកបដោយនិរន្តភាព ការអភិវឌ្ឍប្រកបដោយសុខដុមរមនាកម្ម ដូច្នេះរដ្ឋាភិបាលត្រូវតែងាកទៅស្ដារឡើងវិញនូវបញ្ហាសិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យសេរីពហុបក្ស និងធ្វើឱ្យវាដំណើរការល្អទើបអភិវឌ្ឍន៍ប្រទេសបានដោយជោគជ័យបាន បើមិនដូច្នោះទេ ជារឿងមួយដែលពិបាកនៅក្នុងការដែលយើងនិយាយពីការអភិវឌ្ឍប្រទេសជាតិណាស់ ពីព្រោះថាវាដើរខុសទៅនឹងកន្លងទៅនឹងកិច្ចព្រមព្រៀងរបស់ភាគីអ្នកនយោបាយ»។
បញ្ហានេះ អ្នកជំនាញសិទ្ធិមនុស្សអន្តរជាតិ ធ្លាប់និយាយថា តុលាការត្រូវបានបក្សប្រជាជនប្រើជាប្រព័ន្ធ ដើម្បីកំចាត់សំឡេងជំទាស់ បំពានលើគោលការណ៍សិទ្ធិមនុស្សជាសកល និងរដ្ឋធម្មនុញ្ញ។
ជុំវិញបញ្ហានេះ កាលពីដើមខែតុលា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៥៧ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិធិត មុនថាប៊ន បានស្នើឱ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំង និងរៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌តាមគន្លងប្រជាធិបតេយ្យ ។
លោក វិធិត មុនថាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ធ្វើឡើងតែនៅក្នុងក្រុមគ្រួសារ ដែលថានេះ គឺជាការបន្តក្តោបក្តាប់អំណាច ដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាព។
បញ្ហានេះ បន្សល់ទុកជនរងគ្រោះរាប់លាននាក់ រួមទាំងអ្នករងគ្រោះរាប់ម៉ឺននាក់ ចាញ់បោកក្រុមឧកញ៉ាស្និទ្ធនឹងមេដឹកនាំ ហើយថា បន្ទាត់នយោបាយនេះ ពលរដ្ឋច្រើនលាននាក់ទៀត នឹងបន្តរងគ្រោះ បើកម្ពុជាគ្មានមេដឹកនាំ ចេញពីការបោះឆ្នោតត្រឹមត្រូវ និងយុត្តិធម៌ទេនោះ៕