ក្រសួង​ជំរុញ​ឱ្យ​​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ក្រោយ​​ជំងឺ​​នេះ​​ផ្ទុះ​ឆ្លង​​ជា​ថ្មី

ក្រសួង​សុខាភិបាល បាន​​ជំរុញដល់​​មន្ទីរ​សុខា​ភិបាល​​គ្រប់​រាជ​ធានី-ខេត្ត រំលឹក​ដល់​​ប្រជាពលរដ្ឋ​​ដែល​មាន​អាយុ​ចាប់​ពី ១២​ឆ្នាំ​ឡើង​ទៅ ទៅ​ចាក់​វ៉ាក់​សាំង​​កូវីដ-១៩ ដើម្បី​ធានា​ភាព​ស៊ាំសហគមន៍ និង​ទប់​ស្កាត់​ការ​​រីក​រាល​ដាល​នៃ​​ជំងឺ​នេះ។

លិខិតរបស់រដ្ឋមន្ត្រីស្តីទីក្រសួង​សុខាភិបាល លោក ម៉ី សំបូរ ជម្រាប​ជូន​ទៅ​អគ្គ​នាយក​​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត្រ នាយក​​មន្ទីរ​​ពេទ្យ​​ជាតិ និង​ប្រធានមន្ទីរសុខាភិបាល​រាជធានី-ខេត្ត បានលើក​ឡើង​ថា ដោយរកឃើញ​មានការ​ឆ្លង​ដោយ​កន្លែង​នៃជំងឺ​កូវីដ-១៩ ប្រភេទថ្មី (JN.1 Iineages) (Covid-19 Omicron) កន្លងមក និង​ដើម្បី​​បង្ការ​​ជាមុន​​សំដៅ​ធានា​​​ភាព​ស៊ាំ​សហគមន៍ និ​​ងទប់ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​នេះ ក្រសួង​ណែនាំ​​​ឱ្យ​រំលឹក​ដល់​ប្រជា​ពលរដ្ឋ​​ដែល​មាន​អាយុ​​ចាប់ពី​​១២​ឆ្នាំឡើ​ង​ទៅ ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​នេះ​រៀង​រាល់​៦ខែ​​ម្តង ទៅ​តាម​​យុទ្ធ​សាស្ត្រ​​​​​នៃ​ការ​ចាក់​រំលឹក​​វ៉ាក់​សាំង​​កូវីដ-១៩។

ក្រសួងបន្តថា សម្រាប់​ជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយ​ចុះ​ជាដើម ត្រូវ​​ផ្តល់វ៉ា​ក់​សាំង​​​កូវីដ​-១៩ ជា​ប្រចាំ​​​នៅ​គ្រប់​មូល​ដ្ឋាន​​សុខាភិបាល​សាធារណៈ​ រួមមាន​មន្ទីរ​​​ពេទ្យ​ជាតិ និង​មណ្ឌល​សុខភាព ហើយការ​ផ្តល់វ៉ាក់សាំងត្រូវ​រួមបញ្ចូល​ជាមួយ​សកម្ម​ភាព​ចុះ​ផ្តល់សេវាសុខភាព​មូលដ្ឋានផងដែរ។

លោក​ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល បានលើកឡើងក្នុ​ង​ទំព័រ​​ហ្វេស​​ប៊ុក​ថា ដោយ​​សារ​​ស្ថាន​​ភាព​​កើត​​មាន​​ការ​ឆ្លង​ឡើង​វិញ​នូ​វ​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​ ពិសេស​​ពួក​ ជេអ៊ីន​.១​ (JN.1) ដែល​​កំពុង​តែ​ចរាចរ​​នៅ​តាម​បណ្តា​​ប្រទេស​ជិត​​ខាង​​កម្ពុជា​ និង​នៅ​តាម​តំបន់​នៅលើ​​ពិភព​​លោក​ ក្រសួង​ក្រើនរំលឹក​​ដល់​ប្រជា​ពលរដ្ឋ​​ទាំង​អស់​ បង្កើន​​ការ​យក​ចិត្ត​​ទុក​ដាក់​ និង​ប្រុ​ង​ប្រយ័ត្ន​ខ្ពស់​ និង​​ការ​ពារ​​ខ្លួនពី​ការ​ឆ្លង​ ជាពិសេស​​ជន​ដែល​ងាយ​រង​គ្រោះ​ ដូច​ជា ជន​វ័យ​​ចាស់​ ចាស់​​ជរា​ អ្នក​ដែល​មាន​ជំងឺ​រ៉ាំ​រ៉ៃ​ និង​អ្នក​ដែល​​មាន​កង​ការ​ពារ​ខ្សោយ​នៅ​​ក្នុង​ខ្លួន​ជាដើម។

លោកស្រី​បន្តថា​​ កម្ពុជា​បច្ចុប្បន្ន​មិន​ទាន់​មាន​ស្ថាន​ភាព​ឆ្លង​ឡើង​​វិញ​​​នូវ​វីរុស​កូវីដ-១៩​ ​នៅឡើយ​​​ទេ ប៉ុន្តែ​ការ​ “ការ​ពារ​ប្រសើរ​ជាង​ព្យាបាល” ជា​ជម្រើស​ដ៏​ល្អ​ប្រសើរ​បំផុត​ ហើយជា​ពិសេស​​​កុំភ្លេច​វិធាន​ការ​ “៣​ការ​ពារ​ និង​​៣​​កុំ” រួម​ជាមួយ​​នឹង​ការ​ចាក់​វ៉ាក់​សាំង​កូវីដ-១៩​ ទើប​អាច​ជួយ​កាត់​បន្ថយ​ជា​អតិប្បរិមា​ នូវ​ភាព​ធ្ងន់​ធ្ងរ​​​នៃ​ជំងឺ​ ការ​ចូល​សម្រាក​​ពេទ្យ​ និង​ការ​ស្លាប់​។

បើតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួង​សុខាភិបាល គិត​ត្រឹមថ្ងៃទី​១៩ ខែឧសភានេះ កម្ពុជា​មានអ្នកឆ្លង​ជំងឺ​កូវីដ-១៩ សរុប​ចំនួន ១៣៦ ២៨៦នាក់ និងមានករណីស្លាប់ ៣ ០៥៦នាក់។

បើតាមប្រភពដដែល នៅថ្ងៃម្សិលមិញនេះ ពុំមាន​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មីនោះទេ ប៉ុន្តែមានអ្នក​​​ជាសះស្បើយម្នាក់។ តែយ៉ាង​ណា ក្នុង​រយៈពេលប៉ុន្មានថ្ងៃមុននេះ មានថ្ងៃខ្លះ​ក្រសួងបាន​រកឃើញ​ករណីឆ្លង​ថ្មី​ចំនួន ៦នាក់ និងថ្ងៃខ្លះ ៥នាក់ ខណៈថ្ងៃខ្លះមិនមាន​ករណីឆ្លង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ