អង្គការសង់ត្រាល់ ឱ្យដឹងថា កម្មករ-កម្មការិនីប្រមាណជាង ៥០០នាក់ ធ្វើការនៅរោងចក្រ គល័រស្តារ ខេមបូឌា ប្រដាក់ ខូអិលធីឌី ( Color Star (Cambodia) Product Co.,LTD) ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បានផ្ទុះការតវ៉ានៅរសៀលថ្ងៃចន្ទនេះ ក្រោយខាងរោងចក្រប្រកាសពីការប្តូរទីតាំង។
ទំព័រហ្វេសប៊ុករបស់អង្គការសង់ត្រាល់ បានឱ្យដឹងថា យោងតាមប្រភពពីតំណាងកម្មករ នារសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ កម្មករ-កម្មការិនីរោងចក្រ ក្រុមហ៊ុន គល័រស្តារ បានផ្ទុះការតវ៉ា ដោយសារក្រុមហ៊ុន (រោងចក្រ) បានប្រកាសជូនដំណឹង ស្តីពីការដូរទីតាំង ក្រោមហេតុផលថា ដីរោងចក្រចាស់ ម្ចាស់ដីលែងបន្តកិច្ចសន្យាជួលដី។
កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន គល័រស្តារ ខេមបូឌា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ដោយសារម្ចាស់ដីលែងបន្តកិច្ចសន្យាជួលដីនៅរោងចក្រចាស់ ទើបខាងរោងចក្រត្រូវបង្ខំដូរទៅកាន់ទីតាំងថ្មី ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រ ផ្លូវជាតិលេខ២ ភូមិក្រាំងធ្នង់ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
លិខិតរបស់ក្រុមហ៊ុនបន្តថា ពេលវេលាផ្លាស់ប្តូរទីតាំង គឺថ្ងៃធ្វើការចុងក្រោយរបស់រោងចក្រចាស់ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ខណៈកាលបរិច្ឆេទបើកដំណើរការជាផ្លូវការនៃរោងចក្រថ្មី នឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ (តាមផ្នែក)។
ចំណែក អត្ថប្រយោជន៍និងការលើកទឹកចិត្តដល់កម្មករនិយោជិតវិញ ក្រុមហ៊ុននេះបញ្ជាក់ថា កម្មករនិយោជិតទាំងអស់ ដែលផ្លាស់ពីរោងចក្រចាស់ប្តូរទៅរោងចក្រថ្មី នឹងទទួលបានប្រាក់លើកទឹកចិត្តចំនួន ២០០ដុល្លារក្នុងម្នាក់ៗ ដែលបញ្ចូលទៅក្នុងប្រាក់បៀវត្សរ៍ប្រចាំខែរយៈពេល៦ខែ ក្នុង៥ខែដំបូងនឹងទទួលបាន ៣០ដុល្លារ និងខែទី៦ ទទួលបាន ៥០ដុល្លារ៕









