សន្ទុះ​រិះ​គន់​មន្រ្តី​ស័ក្តិ​៥​បុក​រះ​សម្លាប់​មនុស្ស​ជា​ប្រតិ​កម្ម​មហាជន​ប្រឆាំង​ច្បាប់​ស្តង់​ដា​ពីរ

ការ​ដែល​ពលរដ្ឋ​បញ្ចេញ​មតិ​ព្រោង​ព្រាត​លើ​បណ្តាញ​សង្គម​ ករណី​មន្រ្តី​ស័ក្តិ​៥​ បើក​រថយន្ត​បុក​រះ​មនុស្ស​ស្លាប់​ក្នុង​ស្ថាន​ភាព​ស្រវឹង​នោះ ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​សញ្ញា​ប្រកាស​អាសន្ន​ពី​ការអស់​ជំនឿ​ប្រព័ន្ធ​យុត្តិ​ធម៌​គ្រួសារ​ហ៊ុន ដែល​អាច​គំរាម​ដល់​អំណាច​មេដឹក​នាំ​ បើ​​គ្មាន​ចរន្ត​ផ្លាស់​ប្តូរ។

ការ​លើក​ឡើង​នេះ ក្រោយ​ប្រធាន​​ការិយា​ល័យ​​ភស្តុភារ​​នៃ​​ស្នង​ការ​ដ្ឋាន​​នគរបា​ល​​រាជ​ធានី​ភ្នំពេញ លោក​​វរសេនីយ៍​ឯក ហ៊ុន ហេង បើក​​រថយន្ត​​ក្នុង​​ស្ថាន​ភាព​​​ស្រវឹង​បុករះ​​មនុស្ស​​​ម្នាក់​ស្លាប់ និង​​របួស​៥​នាក់ នៅ​មុខ​ក្រសួង​មហា​ផ្ទៃ កាល​ពី​​ថ្ងៃ​​​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២៥ ហាក់​បន្សល់​​នូវ​មន្ទិលស​ង្ស័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​មន្រ្តី​រូប​នេះ។

តាម​រយៈ​កា​មេរ៉ា​សុវត្ថិ​ភាព​ដែល​គេ​ទម្លាយ​លើ​បណ្តាញ​សង្គម បង្ហាញ​​ថា ​ពេល​​កើត​ហេតុ ​សមត្ថ​កិច្ច​​មិន​​បាន​​​ចាប់​​ខ្លួន ​លោក ហ៊ុន ហេង ទេ ប៉ុន្តែ​​បែរ​ជា​នាំ​គ្នា​ឈរ​ជួយ​​​ការ​ពារ​​ជន​បង្ក​រូបនេះ​ឱ្យ​​​និយាយ​​វិទ្យុ​​ទាក់​ទង​ថែម​ទៀត។

បន្ថែមលើនេះ អ្វីដែល​មាន​ភាព​មិន​ប្រក្រតី​ដែរ​នោះ គឺ​នៅ​ថ្ងៃ​កើត​ហេតុ អ្នក​​នាំ​ពាក្យ​​ស្នង​ការ​នគរបាល​​​រាជធានី​​ភ្នំពេញ លោក សំ វិច្ឆិកា ត្រូវសា​រព័ត៌​មាន​ក្នុង​ស្រុក​ដក​ស្រង់​សម្តី​ចុះ​ផ្សាយ​ថា ជន​បង្ក​​​មាន​​ជាតិ​អាល់​កុល ០,៤៥​​មិល្លី​ក្រាម​​ក្នុង ១​លីត្រ​​ខ្យល់។

ប៉ុន្តែ​នៅ​ថ្ងៃទី​១៦ ខែ​​ឧសភា ក្រុម​ការងារ​ប្រតិកម្ម​​រហ័ស​​នៃ​ស្នងការដ្ឋា​ន​​នគរបាល​​រាជ​ធានី​​ភ្នំពេញ បាន​​ចេ​ញ​​សេចក្តី​​ប្រកាស​​ព័ត៌​មាន​​ថា ជន​​បង្ក​​មាន​ជាតិ​​អាល់កុល​​ត្រឹម​តែ ០,៣៥​​មិល្លីក្រាម​​ក្នុង ១​លីត្រ​​ខ្យល់​​ទៅ​វិញ។

ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ លោក សួន សូរីដា យល់​ថា ក្រុម​ប៉ូលិសហាក់​មាន​ចេតនា​ចង់​សម្រាល​​បន្ទុក​ជនបង្ក​ហេតុ ក្រោម​រូប​ភាព​បន្ថយ​ជាតិ​អាល់​កុល​មក​ពី០.៤៥ មក​នៅ​កម្រិក​០.៣៥ ដើម្បី​សម្រាល​ទោស។ មួយ​វិញ​ទៀត ការ​ទុក​រយៈ​ពេល​យូរ​ទើប​នាំ​ទៅ​ពិនិត្យ​ជាតិ​អាល់​កុល​ទៅក្នុ​ង​បន្ទប់​ហាក់​គ្មាន​តម្លាភាព​ថែម​ទៀត។

ក្នុងន័យនេះ លោក​ថា ការដែលពលរដ្ឋបញ្ចេញ​មតិ​ព្រោង​ព្រាត​លើ​បណ្តាញ​សង្គម​នោះ ដោយ​សារ​តែ​ពួក​គេ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិ​ធម៌​កម្ពុជា​ ទោះ​ជា​រដ្ឋាភិបាល​ថ្មី​ប្តេជា​កែ​ទម្រង់​ក្តី។

លោកថា៖ «ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា មិន​មាន​ភាព​ដែល​អាច​ប្រជា​ពលរដ្ឋ​ទុក​ចិត្ត។ គឺ​អ្នក​មាន​លុយ! អ្នក​មាន​អំណាច​ច្រើន​តែ​រួច​ខ្លួន​កន្លង​មក ហើយ​ជាក់​ស្ដែង​តាម​ខ្ញុំ​ដឹង ដូច​មាន​រហូត​ដល់​តំណាង​រាស្ត្រ​បុក​គេ​រត់​អ៊ីចឹង​ដែរ ហើយ​នៅ​ពេលដែល​គ្មាន​មហា​ជន​ចេញ​មក​រិះ​គន់​ គឺ​ចំណាត់​ការ ក្នុង​ការ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្វើ​ឲ្យ​មាន​ការ​ស្លាប់​មនុស្ស​នេះ គឺ​ហាក់​ដូច​ជា​គេ​បំបិទ មិន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទេ»។

ក្រោយ​មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់ អ្នក​នាំពា​ក្យ​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌​មាន​នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា​ថា តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់ លោក ហ៊ុន ហេង ពី​បទ​ បើក​បរ​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​របួស និង​ស្លាប់អ្នក​ដទៃ និង​បញ្ជូន​សំណុំ​រឿង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី។

ជាងនេះទៀត លោ ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បាន​បញ្ជាក់​លើ​ហ្វេស​បុកលោក​ថា លោក ហ៊ុន ហេង ត្រូវ​បាន​អនុវ​ត្ត​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា ដោយ​បណ្ដេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ផង​ដែរ។

កន្លងមក លោកនាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​បាន​ប្រកាស​ថា មន្ត្រី​បើក​បរ​ទាំង​ស្រវឹង​បង្កគ្រោះ​ថ្នាក់​ឱ្យ​ពលរដ្ឋ​​ស្លាប់​ឬ​រង​របួស មិន​ថា​មាន​តួនាទី​ខ្ពស់​ប៉ុណ្ណា​នោះ​ទេ គឺ​ត្រូវ​តែ​ឃាត់​ខ្លួន ឬ​វាយ​ខ្នោះ នៅក​​ន្លែង​កើត​ហេតុ ដោយ​មិន​ចាំ​បាច់​ទាល់​តែ​ស្នើ​សុំ​គោល​ការណ៍​ពី​ថ្នាក់​លើ​ទេ។

សម្រាប់​នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅនៃអង្គ​ការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា ដោយ​សារ​តែ​សម្ពាធ​​មហាជន​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​រហូត​មាន​មេដឹក​នាំកំពូល​ផង​ ចេញ​មុខ​ប្រកាស​ឱ្យ​ដាក់​ទោស​ជន​បង្ក​ហេតុ​តាម​ផ្លូវ​ច្បាប់​ ទោះ​​​មាន​តំណែង​ខ្ពស់​ក្នុងជួរ​រដ្ឋាភិបាល​ក៏ដោយ។

ក្នុងន័យនេះ លោកថា ពលរដ្ឋ​មានមន្ទិល​សង្ស័យ​លើ​ការ​អនុវត្ត​ច្បាប់​ ចំពោះ​អ្នក​បើក​រថ​យន្តបុក​មនុស្ស​ស្លាប់​ជា​អ្នក​មាន​អំណាច ទើប​បញ្ចេញ​មតិ​ផុស​ផុល​លើ​បណ្តាញ​សង្គម​បែប​នេះ។

លោកថា៖ «ការបញ្ចេញមតិ​តាម​បណ្ដាញ​សង្គម​របស់​ប្រជា​ពលរដ្ឋ នៅ​តែ​មាន​សារៈ​សំខាន់​តាម​បែប​លទ្ធិ​ប្រជា​ធិប​តេយ្យ ហើយ​ការ​បញ្ចេញ​មតិ​ការ​តាម​ដាន​ការ​ឃ្លាំ​មើល​របស់​ប្រជា​ពលរដ្ឋ​នេះ វា​ជា​រឿង​សំខាន់​មួយ​នៅ​ក្នុង​សង្គម​ដែល​ទាម​ទារ ដើម្បី​ធ្វើ​ឲ្យ​សង្គម​មាន​យុត្តិធ​ម៌​ ការ​​ផ្តល់​យុត្តិធ​ម៌ ហើយ​នឹង​មាន​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ម៉ឹង​​ម៉ាត់​ផង​ដែរ»

យ៉ាងណា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ធ្លាប់ទទួលស្គាល់ផង ប្រទេសកម្ពុជា បើមិនកែទម្រង់ទេមានតែស្លាប់។

លោកថា«ខ្ញុំនៅតែគាំ​ទ្រ​១០០​ភាគរយ​ក្នុង​ការ​ចូល​រួម​ធ្វើ​កំណែ​ទម្រង់ យើង​ដឹង​ហើយ​មក​ដល់​ម៉ោង​នេះ បើ​យើង​មិនកែ​ យើង​នឹង​ស្លាប់»

ប៉ុន្តែ​សម្រាប់ លោក សួន សូរីដា យល់ថា កម្ពុជា​ជា​ប្រទេស​ដឹក​នាំ​បែប​គ្រួសារ​និយម ធ្វើ​ឱ្យ​មាន​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ ទើប​ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​នៅ​ទន់​ខ្សោយ ហើយ​ប្រព័ន្ធ​ដឹក​នាំ​បែប​នេះមិន​អាច​កែ​ទម្រង់​បាន​ទេ បើ​មិន​ប្តូរ​​ការ​គ្រប់​គ្រង​ទៅ​តាម​បែប​ប្រជា​ធិប​តេយ្យ​ឡើង​វិញ​ទេ​នោះ។

លោក​ថា៖ «កែមិនបានទេ ពីព្រោះការដឹកនាំរបៀប​ជា​គ្រួសារ របៀប​ជា​បក្ខ​ពួក​ របៀប​​​ជា​ការ​យោគ​យល់​អធ្យា​ស្រ័យទៅ​លើ​ក្រុម​ញាតិ​មិត្ត​របស់​ខ្លួន​នៃ​ក្រុមមាន​អំណាច​ គឺ​មិន​អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​យុត្តិ​ធម៌​ហ្នឹង ឲ្យ​មាន​ប្រសិទ្ធ​ភាព​បាន​ទេ អាហ្នឹង​១​។ រឿង​ទី​២ នៅ​ក្នុង​ការ​ដឹក​នាំ​រដ្ឋាភិបាល​ពេល​​បច្ចុប្បន្ន គឺ​ពោរ​ពេញ​ដោយ​អំពើ​ពុក​រលួយ។ អ៊ីចឹង អំពើ​ពុក​រលួយ​ចាក់​ស្រេះ​យ៉ាង​ខ្លាំង​ហ្នឹង​ហើយ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​យុត្តិធម៌​មិន​អាច​ស្ដារ​បាន។ បើ​សិន​ជា​រដ្ឋាភិបាល​ធ្វើ​អ្វី​មិន​ទៅ​តាម​ប្រព័ន្ធ​នៃ​ច្បាប់ មិន​គោរព​ច្បាប់ មិន​ដឹក​នាំ​ល្អ​ទេ ប្រជា​ពលរដ្ឋ​មា​ន​តែ​​ធ្វើការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​ការ​បោះ​ឆ្នោត​រយៈ​ពេល​៥ឆ្នាំ​ម្តង​ហ្នឹង​ឯង»។

យ៉ាងណា របាយការណ៍របស់គម្រោងយុ​ត្តិធម៌ពិភព​​​លោក​ឆ្នាំ​​២០២៤ បង្ហាញ​​ថា កម្ពុជា​​បន្ត​ស្ថិត​​ក្នុង​​​ចំណាត់​​ថ្នាក់​​ជិត​​បាត​​តារាង​ ពាក់​​ព័ន្ធ​​​នឹង​​កម្រិត​​យុត្តិ​ធម៌​​នៅ​​ក្នុង​​សង្គម​​កម្ពុជា ពោល​​​គឺ​​ចំណាត់​​​ថ្នាក់​​ទី​​១៤១ ក្នុង​ចំណោម​១៤២​​ប្រទេស។

ដោយឡែក របាយការណ៍​ថ្មីមួយ ចេញ​ផ្សាយ​ដោយ​​អង្គការ​​តម្លាភាព​​អន្តរ​ជាតិ នៅ​​ខែ​កុម្ភៈ ឆ្នាំ​២០២៥​​នេះ បាន​​បន្ត​រកឃើញ​កម្ពុជាមាន​អំពើពុក​រលួយ​ខ្ពស់​​ជាប់​​គ្នា​ជិ​ត​១០​ឆ្នាំ បើ​ធៀប​នឹង​ប្រទេស​​ជា​សមាជិក​អាស៊ាន។

បើតាមអង្គការតម្លាភាព ប្រទេស​ដែល​មិន​អាច​រើ​ខ្លួន​ពី​អំពើ​​ពុក​រលួយ​​ញាំញី​​បាន បញ្ហា​ចម្បង​មួយ​ គឺ​​ឥទ្ធិពល​នយោ​បាយ​​ជ្រៀត​ជ្រែក​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ថា បរិបទ​នេះ នឹងបង្កការឈឺចាប់​ដល់ប្រជាពលរដ្ឋ​ជាម្ចាស់​​ប្រទេស ក៏ព្រោះតែប្រព័ន្ធយុត្តិធម៌មិ​​នអា​ចដា​ក់​​ទោស​​កំហុស​រដ្ឋាភិ​បាល​បាន។

ប្រភពនោះ សង្កត់​ធ្ងន់​ថា ដើម្បី​រើខ្លួន​ពី​បញ្ហា​នេះ ត្រូវ​បើក​លំហសេ​រីភាព​បញ្ចេញ​មតិ និ​ង​រៀបចំ​ការ​​បោះ​ឆ្នោត ឱ្យមាន​​​លក្ខណៈ​​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ