កម្មករ​រោង​ចក្រ​គល័រស្តារ​ តវ៉ា​បិទ​ផ្លូវ​​​​ទាម​ទារ​​​​​ឱ្យ​រោង​​ចក្រ​​​គិត​​​ប្រាក់​​​បំណាច់​ឆ្នាំ​មុនដូរទីតាំង​

កម្មករ-កម្មការិនីប្រមាណជាង ៥០០នាក់ ធ្វើការ​នៅ​​​រោង​​ចក្រ គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិល​ធីឌី ( Color Star (Cambodia) Product Co.,LTD) បាន​ផ្ទុះ​ការ​តវ៉ា​​បិទ​កំណាត់​​ផ្លូវ​លេខ២៧២ ចំណុច​​​ផ្សារ​​ព្រែក​ជ្រៃ សង្កាត់​​ស្ពាន​​ថ្ម ខណ្ឌ​ដង្កោ ទាម​ទារ​​​ឱ្យ​ខាង​​​រោង​ចក្រគិ​ត​​ប្រាក់​បំណាច់​​​ឆ្នាំ​ឱ្យ​​ពួក​គាត់​ ក្រោយ​​រោង​ចក្រ​​ប្រកាស​​ដូរទីតាំង​ពីរា​ជធានី​ភ្នំពេញ ទៅ​​ខេត្ត​តាកែវ។

កាលពីរសៀល​ថ្ងៃម្សិលមិញ កម្មករ-កម្មការិនី​​ទាំង​នោះ បាន​នាំ​គ្នា​​​តវ៉ា​ម្តង​រួច​មក​ហើយ ក្រោយ​ភាគី​​ខាង​​រោង​​ចក្រ បាន​​ប្រកាស​​ជូន​​ដំណឹង ស្តី​​ពី​​ការ​​ដូរ​ទីតាំង ក្រោមហេតុ​ផល​ថា ដី​​រោង​ចក្រ​ចាស់ ម្ចាស់​​​ដី​​លែង​​បន្ត​កិច្ច​សន្យា​ជួល​ដី។

កម្មការិនីម្នាក់​ អះអាង​ថាធ្វើ​ការ​នៅ​រោង​ចក្រ ​​​គល័រស្តារ (ខេមបូឌា) ប្រដាក់ ខូអិលធីឌី ដែល​សុំ​មិន​បញ្ចេញឈ្មោះ បាន​ឱ្យដឹង​នៅព្រឹក​ថ្ងៃ​ទី​​២០ ខែ​ឧសភា​​នេះ​ថា ការដែលពួកគាត់នាំគ្នា​តវ៉ា​បិទ​​កំណាត់​ផ្លូវ​​រយៈ​ពេល​ខ្លី​នេះ ដោយ​សារ​​​តែ​​ការ​​ចរចា​​ស្វែងរកដំណោះស្រាយ ជុំវិញ​ការ​ទាម​ទារ​​អត្ថ​​ប្រយោជន៍​​​ការ​ងារ​របស់​កម្មករ កាល​ពីថ្ងៃ​ម្សិល​មិញ​​​ មិន​ទាន់​សះជា។

កម្មការិនីរូបនេះ បន្តថា ក្នុងការ​ចរចានោះ កម្មករ​ទាមទារ៥ចំណុច ក្នុងនោះ​​ភាគី​ទាំង​​២​បានឯកភាព​​គ្នា ៤ចំណុច នៅ​សល់​មួយ​ចំណុច​ចុងក្រោយ​ ដែល​​​កម្មករ​​​ទាម​ទារ​​​ឱ្យ​​ខាង​​​រោង​​ចក្រ​​ទូរទា​​ត់​ប្រាក់បំ​ណាច់​ឆ្នាំគុណនឹង​ឆ្នាំ​ដែលពួក​គេ​បាន​​ធ្វើការ ឱ្យរួចរាល់​មុននឹ​ងផ្លាស់ប្តូរទីតាំង ប៉ុន្តែ​ខាង​រោង​ចក្រ​មិន​ព្រម។

អ្នកនាង​និយាយថា៖ «រោង​ចក្រ​ជិត​​ផ្លាស់​ប្តូរ​​ទីតាំង ផ្លាស់​ប្តូរ​​​​​​ពី​ព្រែក​​ជ្រៃ​ហ្នឹង​ទៅខាង​​​ខេត្តតាកែវ ខាង​​ទន្លេបាទី​ ប៉ុន្តែ​រើ​ហ្នឹង​​រើ​ម្តង​បន្តិច រើ​ម្តង​បន្តិចហើយ គិត​លុយតាមដំណាក់កាល តែ​ពួក​ខ្ញុំ​ដែល​​​ឡើង​​មក​​តវ៉ា​​ហ្នឹង គឺ​អត់ទាន់បានគិត​លុយ​ទេ អីចឹងពួកខ្ញុំមក​បិទផ្លូវហ្នឹង បិទផ្លូវ​​សុំ​ដំ​ណោះ​​​​ស្រាយ​​​តែប៉ុណ្ណឹ​ងទេ សុំឱ្យ​ខាង​រោង​ចក្រ និងខាង​ក្រសួង ជួយ​​ដោះ​ស្រាយ​​​​​ឱ្យ​ចំណុច​មួយ​​ហ្នឹង។ ៥ចំណុចដែលស្នើសុំម្សិលមិញ​ហ្នឹង បាន​៤ហើយ នៅតែ​មួយចំណុច​ហ្នឹង​ទៀត​ទេ នៅសល់ចំណុច​ត្រង់ថាឱ្យគុណលុយស្មើគ្នាទៅ​ ព្រោះ​អីរើ​ម្តង​មួយដំណាក់​កាល​ ហើយគាត់គិតលុយមួយដំណាក់ៗ តែពួកខ្ញុំអ្នកក្រោយ​ៗ​​នេះ គឺ​ពួកគាត់ខ្លា​ចអត់បានលុយគុណ​ដូចដែលអ្នកទៅមុន​ ចឹង​គាត់សុំតែប៉ុណ្ណឹងទេ»។  

បើតាមក្រុមកម្មករ គឺពួកគាត់ខ្លះបានធ្វើការ​នៅរោង​ចក្រនេះចាប់ពីចន្លោះ ៥ឆ្នាំទៅដល់ជាង១០ឆ្នាំ។

ក្នុងការ​តវ៉ារបស់កម្មករនាព្រឹកមិញនេះដែរ ក៏មានមន្ត្រីក្រសួង​ការ​ងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចុះទៅ​ស​ម្រប​សម្រួល​ផង​ដែរ ទើប​កម្មករ​​​នាំ​គ្នា​រំសាយ​ការ​​តវ៉ា​បិទ​ផ្លូវ។

មន្ត្រីក្រសួងការ​ងាររូបនោះ បាន​និយាយ​ថា៖ «បើយើងឈរចឹងដោះ​ក៏​អត់​ចេញ​ដែរ​ រៀប​ចំ​បញ្ជី​​ទាម​​ទារ​អី​ ចង់​​បាន​​ស្អី អ្នកណា​តំណាង​របស់​យើង​ដើម្បីធ្វើ​ការ​។ បើ​ដោះ​មិន​ចប់​ ដោះទាល់​តែ​ចប់ សុខ​ចិត្ត​ដាច់បាយ​ជាមួយ​គ្នា​ក៏ធ្វើ​ដែរ»។

បើតាម​សេចក្តីជូនដំណឹង​របស់ក្រសួង​ការ​ងារ ចេញ​នៅ​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោម​ការ​សម្របសម្រួល​សារជាថ្មីរបស់​ក្រសួង គឺ​ភាគី​ទាំងពីរ បាន​ឯកភាព​ទូទាត់​​ចំនួន​​៤ចំណុច ស្រប​ទៅ​តាម​ច្បាប់ ដើម្បី​បញ្ចប់​វិវាទ ក្នុង​នោះ​​ដោះ​ស្រាយ​ទៅ​លើ​​​ប្រាក់​​ឈ្នួល​​ដែល​​មិនទាន់​​បាន​​បើក​, ប្រាក់​បំណាច់​ទូទាត់​ជួស​​ការ​​ឈប់​សម្រាក​​ប្រចាំ​​ឆ្នាំ​ដែល​នៅ​សល់, ប្រាក់បំណាច់​​ជួស​ការ​ជូន​ដំណឹង​មុន និង​ប្រាក់​បំណាច់​អតីត​ភាព​ការ​ងារ។

ក្រសួង​ក៏បានអំពាវនាវ​ដល់​កម្មករនិយោជិតនៃក្រុមហ៊ុន​​ គល័រ​ស្តារ រងចាំការ​ដោះ​ស្រាយ​​របស់​ក្រសួង ចៀស​វាង​​ការ​​យក​ជម្រើស​​តវ៉ា​ដោយ​​ការ​​បិទ​ផ្លូវ​​​សាធារណៈ ដែល​នាំ​​​ឱ្យ​​ប៉ះពាល់​​ដល់​​សណ្តាប់​ធ្នាប់​​​សាធារណៈ​ និ​ង​​អាច​​ឈាន​​ដល់​​កា​​រប្រព្រឹត្ត​​ល្មើស​ច្បាប់​ដែល​ជាបទល្មើស​ព្រហ្មទណ្ឌ​។

គួរបញ្ជាក់ផងដែរថា ការតវ៉ា​របស់​កម្មករ​បានកើតឡើង​ ក្រោយ​ពី​ខាង​​​រោង​ចក្រ ឬ​​ក្រុម​​ហ៊ុន គល័រស្តារ ខេម​បូឌា បាន​ចេញសេចក្តីជូនដំណឹង​​​មួយ ដោយបញ្ជាក់ថា ដោយសារម្ចាស់ដី​លែង​បន្ត​​​កិច្ច​សន្យា​ជួល​ដី​នៅរោង​ចក្រ​ចាស់ ទើប​​ខាង​រោង​​ចក្រ​ត្រូវ​​បង្ខំ​ដូរ​ទៅកាន់ទីតាំងថ្មី ដែលមាន​​ចម្ងាយ ៣៥គី​ឡូ​ម៉ែត្រ ផ្លូវ​ជាតិ​លេខ​២ ភូមិ​ក្រាំង​ធ្នង់ ឃុំ​ក្រាំង​ធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ។

លិខិត​របស់ក្រុមហ៊ុនបន្តថា ​ពេល​​វេលា​​ផ្លាស់​​ប្តូរ​​ទីតាំង គឺ​​ថ្ងៃ​​ធ្វើការ​ចុង​ក្រោយ​របស់​រោង​ចក្រចាស់ នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៥ ខណៈ​កាល​​បរិច្ឆេទ​បើក​ដំណើរ​ការ​ជាផ្លូវ​ការ​នៃ​រោងចក្រ​ថ្មី នឹង​​​ចាប់ផ្តើ​ម​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ (តាមផ្នែក)។

ចំណែក ​អត្ថប្រយោជន៍​នឹង​ការ​លើក​ទឹក​ចិត្ត​ដល់​កម្មករ​និយោជិតវិញ ក្រុមហ៊ុននេះបញ្ជាក់ថា  កម្មករ​​និយោជិត​ទាំង​​អស់​ ដែល​ផ្លាស់​ពី​រោង​ចក្រ​ចាស់​​ប្តូរ​ទៅ​រោង​ចក្រ​ថ្មី នឹង​ទទួល​បាន​ប្រាក់លើក​ទឹក​ចិត្ត​ចំនួន ២០០​ដុល្លារ​​ក្នុង​ម្នាក់ៗ ដែល​បញ្ចូល​ទៅ​ក្នុង​ប្រាក់​បៀវត្សរ៍​ប្រចាំ​ខែ​​រយៈ​ពេល៦ខែ​ ក្នុង​៥ខែដំបូង​នឹង​​​ទទួល​បាន ៣០​ដុល្លារ និង​ខែទី​៦ ទទួល​បាន​ ៥០ដុល្លារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ