លោក ហ៊ុន ម៉ាណែត ការ​ពារ​វិធាន​កាត់​ដី​ក្នុង​តំបន់​ព្រៃ​ឡង់​ឱ្យ​ឯកជន​ក្រោយ​រង​ការ​រិះ​គន់

នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ការ​ពារ​ថា ការ​កាត់​ឆ្វៀល​ដី​៩៩​ហិកតា ​នៅ​តំបន់​ព្រៃ​ឡង់​ឱ្យ​ក្រុម​ហ៊ុន​ស៊ីម៉ងត៍មួយ​​គ្រប់​​គ្រង​​រយៈ​​ពេល​៥០​​ឆ្នាំ​​នោះ ដោយ​​សារ​​តែ​​ជា​ដី​​គ្មាន «សក្កា​នុពល» ហើយ​ថា​ក្រុម​ហ៊ុ​​ន​នេះ ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​តាំង​ពី​ឆ្នាំ​២០២២​​មក​ម្លេះ ខណៈ​​រដ្ឋាភិ​បាល​ថ្មីបាន​​ដាក់​ព្រៃ​ឡង់​​ជា​តំបន់​​ក្រហម​​គ្មាន​​ការ​ផ្តល់​សិទ្ធិ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ទៀត​ទេ។ 

នេះបើតាម លោក ហ៊ុន ម៉ាណែត ថ្លែង​​ក្នុងពិធី​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​​ការ​​រោង​​ចក្រ​ផលិត​​​​ស៊ី​​ម៉ងត៍​​របស់​​ក្រុម​ហ៊ុន ខនស៍ ខេធី ស៊ីមេន នៅ​ក្នុង​ភូមិ​មនោរម្យ ឃុំ​ហោង​សំណំ ស្រុក​ឱរ៉ាល់ ខេត្ត​កំ​ពង់​ស្ពឺ នៅថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ថា រយៈពេល១០០ថ្ងៃ​ដំបូង​នៃកា​រ​កាន់​តំណែង​របស់​លោក​ គឺ​បាន​ដាក់​តំបន់​ព្រៃ​ឡង់​ជា​តំបន់​ក្រហម គ្មាន​គោល​ការណ៍​ផ្តល់​អាជ្ញា​ប័ណ្ណ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ទេ។ ប៉ុ​ន្តែ​លោកថា ការ​កាត់​ឆ្វៀល​ដី​ឱ្យ​ក្រុម​ហ៊ុន​ឯក​ជន​នៅ​តំបន់​ព្រៃ​ឡង់ ព្រោះ​ជា​ដី​គ្មាន​សក្តា​នុពល​។

លោក​ថា៖ «ជាក់ស្តែងនៅក្នុងរយៈពេល១០០ថ្ងៃ​ដំបូង​នៃរាជ​រដ្ឋាភិបាល​នីតិ​កាល​ទី​៧​នៃ​រដ្ឋ​សភា ខ្ញុំ​បាន​កំណត់​តំប​ន់​ព្រៃឡង់​ជា​តំបន់​ក្រហម​ ដោយ​(មិន)​អនុញ្ញាត​ឲ្យ​គម្រោង​រ៉ែ​ថ្មី​បន្ថែម​ទៀត​ទៅ​តំបន់​នោះ​ទេ រី​ឯ​គម្រោង​ដែល​មាន​ស្រាប់​ត្រូវ​ពិនិត្យ​ឆ្វៀល​ដី​នៅ​តំបន់​ដែល​ពុំ​មាន​សក្ដា​នុពល​រ៉ែ»។

បើតាមលោក ហ៊ុន ម៉ាណែត ក្រុម​ហ៊ុន​នេះ​ទទួល​បាន​អាជ្ញា​ប័ណ្ណ​តាំង​ពី​ជំនាន់​ លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្រ្តី​មក​ម្លេះ មិន​មែន​ក្នុង​អាណត្តិ​លោក​ដឹក​នាំ​ទេ។

លោកថា៖ «ដើម​អាណត្តិនេះ យើង​បាន​ចេញ​គោល​ការណ៍ កាល​នោះ​គឺ​ឈប់​ឱ្យ​ចេញ​អាជ្ញា​ប័ណ្ណ រ៉ែ​ថ្មី​ក្នុង​តំបន់​ព្រៃ​ឡង់​លើក​លែង​តែ​ដូច​មាន​ក្រុម​ហ៊ុន​ ១ ឬ២ ដែល​បាន​អាជ្ញា​ប័ណ្ណ​ពី​មុន​អាណត្តិ។ ឱ្យ​ពិនិត្យ​មើល បើ​គាត់​ដំណើរ​ការ ដូច​(មាន)១ (ក្រុម​ហ៊ុន) ដំណើរ​ការ​ចុង​ក្រោយ​នេះ ដែល​ថា​ដូច​មាន​៩០​ហិកតា អាហ្នឹង​គឹ​ថា​ក្រុម​ហ៊ុន​ហ្នឹង​ស្នើ​អាជ្ញា​ប័ណ្ណ​តាំង​ពីឆ្នាំ​២០២២ »។ 

ការថ្លែងរបស់​លោក ហ៊ុន ម៉ាណែត នេះ ក្រោយ​មាន​ចរន្ត​ទាម​ទារ​ឱ្យ​រដ្ឋាភិ​បាល​ដក​សិទ្ធិ​ក្រុម​ហ៊ុន ខេ.ភី ស៊ីមេន អ៊ិន​ដាស​ស្ទ្រី ដែល​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្តក្រចេះ លើ​ផ្ទៃ​ដី​៩៩​ហិកតា ដែល​ជា​ក្តី​បារម្ភ​នៃ​មហន្តរា​យ​ធន​ធាន​ធម្ម​ជាតិ។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថា​វ​រិន្រ្ទ ចាត់​ទុក​ការ​បក​ស្រាយ​របស់​លោក ហ៊ុន ម៉ាណែត ថា​គ្រាន់​តែ​ជា​លេស​ការ​ពារ​ទង្វើ​បំផ្លាញ​ធន​ធាន​ធម្មជាតិ នៅ​តំបន់​ព្រៃឡង់​តែ​ប៉ុណ្ណោះ។

បើតាម​លោក សុថាវ​រិន្ទ្រ ការ​ដឹក​នាំ​បែប​គ្រួសារ​និយម​តាំង​ពី​ជំនាន់​ លោក ហ៊ុន សែន រហូត​ផ្ទេរអំណាច​ឱ្យ​ លោក ហ៊ុន ម៉ាណែត នេះ​ធ្វើ​ឱ្យ​ព្រៃ​ឡង់​ត្រូវ​បំផ្លាញ​ក្រោម​ដៃ​ឈ្មួញ​ទុច្ច​រិត និងឧកញ៉ា​ខិល​ខូច​ស្និទ្ធិ​គ្រួសារ​ហ៊ុន​ស្ទើរ​តែ​ហិន​ហោច។

លោកថា៖ «អត់​សក្ដា​នុពល​ គឺ​ក្រុម​ហ៊ុន​វា! មិន​ធ្វើ​កន្លែង​ហ្នឹង​នោះ​ទេ ក្រុម​ហ៊ុន​ទៅ​ធ្វើ​កន្លែង​ណា​ផ្សេង​ហើយ​ ព្រោះ​ក្រុម​ហ៊ុន​ហ្នឹង​វា​ឃើញ​កន្លែង​ហ្នឹង​កន្លែង ល្អ! ព្រោះ​ក​​ន្លែង​ហ្នឹង​មាន​ទាំង​អស់ មាន​ក្រុម​ហ៊ុន​វៀត​ណាម ក្រុម​តាន់​បៀន​នៅ​ពេញ​ហ្នឹង កន្លែង​រោង​ចក្រ អារ​ឈើ​អី​ទាំង​អស់។ អ៊ីចឹង​ពួក​ហ្នឹង ធ្វើ​ហ្នឹង​មិន​មែន​តែ​ចង់​ធ្វើ​រោង​ចក្រ​ស៊ីម៉ងត៍​ទេ! គឺ​មាន​គំនិត​ធ្វើ​អីផ្សេងៗ​ទៀត​ ហើយ​កន្លែង​ហ្នឹង​គឺ​ជុំវិញ​ទាំង​អស់ គឺ​សុទ្ធ​តែ​ខាង​ក្រុម​ហ៊ុន​វៀត​ណាម​ហើយ​មិន​មែន​ឯក​ជន​ទេ សុទ្ធ​តែ​ក្រុម​ហ៊ុន​រដ្ឋ​របស់​វៀត​ណាម​ទៀត។ ការ​ពារ​ដី​ធ្លី​ទាំង​អស់​នោះ​ទៅ​ ពួក​យើង​អស់​ហើយ​ហិន​ហោច​ហើយ​នៅ​ខាង​ព្រៃ​ឡង់ ហិន​ហោច​អស់​ហើយ​លែង​មាន​ព្រៃ​អស់​ហើយ ឃើញ​សុទ្ធ​តែ​គ្រឿង​ចក្រ រោង​ចក្រ​ទាំង​អស់ តាំង​ពី​តាន់​បៀន​អី បើ​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត គាត់​ស្រឡាញ់​ប្រជា​ពលរដ្ឋ​មែន កុំ​ប្រគល់​កន្លែង​ហ្នឹង​ធ្វើ​រោង​ចក្រ គាត់​ទៅ​ធ្វើ​រោង​ចក្រ​នៅកន្លែង​ណា​ផ្សេង​ទៅ ធ្វើ​នៅ​រោង​ចក្រ​ចក្រីទីង​ទៅ កន្លែង​ហ្នឹង​មាន​ស្រាប់​ហើយ​ឱ្យ​ទៅ​កន្លែង​ហ្នឹង​ទៅ»។

ជាមួយគ្នានេះ ប្រធានកម្មវិធីបណ្ដាញនិងតស៊ូមតិនៃអង្គ​ការភាព​ជាដៃគូ ដើម្បី​បរិស្ថាន​និង​ការអភិវឌ្ឍ លោក សាន់ ម៉ាឡា យល់​ថា បើ​ដី​ដែល​កាត់​ឱ្យ​ក្រុម​ហ៊ុន​នោះ​ ជា​ដី​គ្មាន​សក្តានុ​ពល​មែន គួរ​តែ​ប្រគល់​ឱ្យ​ក្រសួង​បរិស្ថាន​ ដាំដើម​ឈើ​ឡើង​វិញ ស្រប​តាម​យុទ្ធនា​ការ​ដែល​ក្រសួង​ប្រកាស​ដាំ​ដើម​ឈើ​ឱ្យ​បាន​១លាន​ដើម ដើម្បី​ស្តារ​គម្រប​ព្រៃឈើ​ជា​ជាង​ឱ្យ​ទៅ​វិស័យ​ឯក​ជនបែប​នេះ។

ជាងនេះទៀត លោកថា មកទល់ពេលនេះ រដ្ឋាភិបាល​មិន​ទាន់​បាន​បង្ហាញ​តម្លាភាព​លើ​ការសិក្សា​ពី​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ ដើម្បី​ឱ្យ​ជម្រះ​មន្ទិល​សង្ស័យ​ជុំវិ​ញ​ការកាត់​ឆ្វៀល​ដី​ឱ្យ​ក្រុម​ហ៊ុនឯក​ជន​នៅ​ព្រៃ​ឡង់​នេះ​នៅ​ឡើយ​ទេ។

លោកថា៖ «ជាបទពិសោធន៍​ យើង​ឃើញ​ហើយ​ដំណើរ​ការ​អភិវឌ្ឍ​តែង​តែ​ធ្វើ​ឲ្យ​មាន​ទំនាស់​ រវាង​អ្នក​ដែល​ស្រឡាញ់​ការ​អភិរក្ស​ ក៏​ដូ​ច​ជា​ជាមួយ​នឹង​សហគមន៍​មូល​ដ្ឋាន ដែល​គាត់​ពឹង​ផ្អែក​ស្នាក់​អាស្រ័យ​ការ​ប្រកប​របរ​ទៅ​តាម​ប្រពៃណី​របស់​ពួក​គាត់​ នៅ​ក្នុង​តំបន់​ការ​ពារ​ធម្មជាតិ​ផង​ដែរ ហើយ​ម្យ៉ាង​វិញ​ទៀត​ យើង​ក៏​នៅ​មិន​ទាន់​បាន​ឃើញ​ការ​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នូវ​ឯកសារ​ពាក់​ព័ន្ធ​ផ្សេងៗ ជាពិសេស​គឺ​របាយ​ការណ៍​ហេតុ​ប៉ះ​ពាល់​មក​លើ​សង្គម​និង​បរិ​ស្ថាន ESIA អ៊ីចឹង​រដ្ឋ​ក៏គួរ​តែ​បង្ហាញ​នូវ​តម្លា​ភាព​ អំពី​ទិន្នន័យ​ទាក់​ទង​ទៅនឹ​ង​ការ​អភិវឌ្ឍ​ទាំង​អស់​ហ្នឹង​ផង​ដែរ»

បើតាមអនុក្រឹត្យ ចុះ​កាល​ពី​​​ថ្ងៃ​ទី​​១៣ ខែ​​មករា ឆ្នាំ​​២០២៥ បញ្ជាក់​ថា រដ្ឋាភិបាល​​កម្ពុជា​​បាន​​​ជួលដី​ទំហំ៩​៩​ហិកតានេះ​ ជា​តំបន់​ប្រើ​ប្រាស់​ដោយ​ចីរភាព​ក្នុង​រយៈ​ពេល​៥០​ឆ្នាំ ឱ្យ​ក្រុម​ហ៊ុន ខេ.ភី ស៊ីមេន អ៊ិន​ដាស​ស្ទ្រី សម្រាប់​បង្កើត​រោង​ចក្រ​ផលិត​ស៊ីម៉ងត៍ ស្ថិត​​​នៅ​​ក្នុង​ដែន​​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ ​ក្នុ​ង​​ឃុំ​​បឹង​ចារ ស្រុក​​សំបូរ ខេត្ត​​ក្រចេះ ដែល​​​ជា​​ទ្រព្យ​សម្បត្តិ​​សាធារណៈ​​របស់​​រដ្ឋ ធ្វើ​អនុប្ប​យោគ​​មក​​ជា​​ទ្រព្យ​សម្បត្តិ​​ឯកជន​​របស់​​រដ្ឋ។

ជុំវិញបញ្ហានេះដែរ ប្រធានក្រុមឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ធ្លាប់​ប្រាប់​​VOD​​​ថា តាម​​ការ​​ស្រាវ​​ជ្រាវ​​របស់​លោក​ ក្រុម​​ហ៊ុន ខេ ភី ស៊ីមេន មាន​​ទំនាក់​​ទំនង​ជាមួយ​ក្រុម​​ហ៊ុន​​ស៊ីម៉ងត៍​​របស់​​វៀត​​ណាម ដែល​ជា​​សាខា​​រប​ស់ក្រុ​ម​​ហ៊ុន​​វៀត​ណាម​​ឈ្មោះ​​ថា HATIEN 1 ​Cement HO CHI MiN City។

សម្រាប់ លោក ម៉ែន ណាត វិធាន​កាត់ដីឱ្យ​​ក្រុមហ៊ុនឯកជន​​លើ​ខេត្ត​ជាប់​​ព្រំដែន អាច​​ជា​​យុទ្ធ​សាស្ត្រ​​បិទ​បាំ​ង​ក្រសែ​​ភ្នែក​​ប្រជា​​ពលរដ្ឋ ដែល​​ថា​​​តាម​ពិត​​គ្រួសារ​ហ៊ុន​​​កំពុង​​អនុ​វត្ត​ផែន​ការ​វៀត​ណាម​​ឈ្លាន​​ពាន​​របស់​​​​វៀតណាម​ចង់​លេប​​ត្របាក់​​ទឹក​​​ដី​​ខ្មែរ ក្នុង​​រយៈ​​ពេល​យូរ​ដូច​​បាន​​ឯក​ភាព​​គ្នា​លើ​​គម្រោង​​អភិវឌ្ឍន៍ CLV ។

លោកថា៖ «រឿងកាត់ឆ្វៀលព្រៃឡង់នៅ​ក្រចេះ ស្ទឹង​​​ត្រែង រតនគិរី មណ្ឌល​​គិរី​​នេះ​ ​វា​ជា​តំបន់​​CLV​ហើយ​តំ​ប​​​​ន់​CLVវា​គ្រប់​​គ្រង​ភាគ​​ច្រើន​ដោយ​​ក្រុម​ហ៊ុន​​វៀត​ណាម វៀត​​ណាម​យើង​ឃើញ​​ថា ​ដី​ដែល​​អង្គ​ការ​​លីកា​​​ដូ​​ផ្សាយ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ហ្នឹង វៀត​ណាម​គ្រប់​គ្រង​ដី​សម្បទាន​នៅ​តំបន់​CLV​ហ្នឹង​ ២៤​ម៉ឺន​ហិកតា ហើ​​យ​​​រាល់​ថ្ងៃហ្នឹង​ រដ្ឋាភិបាល​មិន​​ទាន់​ដក​​ចេញ​ណា ហើយ​​អា​ក្រុម​​ហ៊ុន​​ស៊ីម៉ងត៍​​ដែល ហ៊ុន ម៉ាណែត កាត់​​ឆ្វៀល​ឲ្យ​​ថ្មីៗ​នេះ​ ដែល​យើង​សង្ស័យ​ថា​លក់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​វៀត​​ណាម​ផង​ដែរ»។

បន្ថែមលើនេះ កាសែតអន្តរជាតិ ​ម៉ុង​ហ្គាប៉េ កាល​ពី​ថ្ងៃទី​២៩ ខែ​​មេសា ឆ្នាំ​២០២៥ បាន​ចុះ​​ផ្សាយ​ពី​​ការ​​ស៊ើប​អង្កេត​​លើ​​ក្រុម​​ហ៊ុន KP Cement បាន​​រក​ឃើញ​ការ​​កាប់​​បំផ្លាញ​​ព្រៃ​​ឈើ​​ដ៏​​ច្រើន​​សន្ធឹក​​សន្ធាប់ នៅ​​ឯ​អណ្តូង​​​រ៉ែ​​របស់​​ក្រុម​​ហ៊ុន​​ដើម្បី​​យក​​ថ្ម​​កំបោរ និង​​ថ្ម​ម៉ាប ធ្វើ​​ស៊ីម៉ងត៍ បង្ក​​ផល​ប៉ះ​ពាល់​​ប្រព័ន្ធ​​អេកូ​​ឡូ​ស៊ី​​រប​ស់​​ព្រៃឡង់។

ប្រភពបន្តថា តាម​រូបភាព​ពី​ផ្កាយ​រណប​​បង្ហាញ​​ថា ដី​​ដែល​​រោង​ចក្រ​​គ្រោង​នឹង​​សាង​​សង់​​នោះ ត្រូវ​​បាន​កាប់​​ឆ្ការ​​ព្រៃ​​ឈើ​យ៉ាង​​សន្ធឹក​​សន្ធាប់​​នៅ​​ចន្លោះ​​ខែ​​ធ្នូ ឆ្នាំ​​២០២៤ ដល់​​ខែ​​មីនា ឆ្នាំ​២០២៥​។

ជាង​នេះ​ទៀត យោងតាមរបាយការណ៍ស្រាវជ្រាវ និង​ការ​វិភាគ​​លើរូ​បភា​ពផ្កា​យ​​រណប​ពីបរទេស ដែល​ចេញ​ផ្សាយ​​ដោយ​​ម៉ុង​ហ្គាបេ កាល​ពី​ខែ​មេសា​​ឆ្នាំ​២០២៤ ប្រទេស​​កម្ពុជា​​បាន​បាត់​បង់​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០២៣​ ប្រមាណ​ជាង​​១២​ម៉ឺន​​ហិកតា​​(១២១ ០០០​ហិកតា)។

បើតាមប្រភពនេះ ការបាត់បង់​ដោយ​សារ​តែ​ការ​រក​ស៊ីវិ​និ​យោគ​ ដូច​ជា អាជីវ​​កម្ម​​​រ៉ែ​​មាស និង​រ៉ែដែក ការ​ធ្វើទំ​នប់​វារី​អគ្គិសនី និង​ការ​កាប់​ឈើ​ខុស​ច្បាប់​​ជា​ច្រើន ក្នុង​​នោះ មាន​​ជាង​​ពាក់​​កណ្តាល​​ជា​​ព្រៃ​ឈើ ដែល​ស្ថិត​ក្នុង​​តំបន់​ការ​ពារ​​ដែន​ជម្រក​​សត្វ​ព្រៃ​ឡង់។

របាយការណ៍ដដែល បញ្ជាក់ថា ព្រៃឈើក្នុង​តំបន់​ការ​ពារ​​ដែន​​ជម្រក​​សត្វ​​​ព្រៃ​ឡង់​ រង​​ការ​​កាប់បំផ្លាញ​​ច្រើន​ជាង​​គេ​​លំដាប់​​ទី១ ដែល​មាន​ទំហំ​ជាង​១ម៉ឺន​ហិកតា​(១១ ៥០០ហិកតា)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ