ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យដឹងថា សម្រាប់រឿងក្តីរបស់លោក អ៊ុក ម៉ៅ នេះខាងគណបក្សបានរៀបចំមេធាវីការពាររួចហើយ ក្នុងការតតាំងក្តីនៅតុលាការ និងការអនុវត្តនីតិវិធីផ្សេងទៀត ជុំវិញសំណុំរឿងមួយនេះ ខណៈការចាប់ខ្លួនដោយកងរាជអាវុធហត្ថខេត្ត រងការចោទប្រកាន់ថា ជាទង្វើដែលផ្ទុយពីច្បាប់ និងជាការបំពានសិទ្ធិលើជនសង្ស័យធ្ងន់ធ្ងរ។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១៩ ខែឧសភា នេះថា ភរិយាលោក អ៊ុក ម៉ៅ បានប្រាប់មកថាឥឡូវនេះ ស្វាមីរបស់អ្នកស្រី ត្រូវគេបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តហើយ ប៉ុន្តែស្ថានភាពបែបណានោះ គឺនៅមិនទាន់ដឹងនៅឡើយទេ។
បើតាម លោក សុខសុវណ្ណ អ្វីដែលហួសចិត្តនៅក្នុងរឿងក្តីមួយនេះ គឺនៅត្រង់ថាការអនុវត្តនីតិវិធីនៃការចាប់ខ្លួននេះ គឺមានភាពមិនប្រក្រតីជាច្រើនករណី ដែលជាមន្ទិលសង្ស័យរបស់ ក្រុមកងរាជអាវុធហត្ថខេត្ត។ មួយវិញទៀត ការចាប់ខ្លួននេះ មិនដឹងផ្អែកលើអង្គហេតុអ្វី ហើយក៏មិនបានបង្ហាញដីកាចាប់ខ្លួនជនសង្ស័យដែរ ក្នុងពេលចុះអនុវត្តគោលការណ៍នេះ។
លោកបន្តថា៖《ការចាប់ហ្នឹងអត់ដឹងថាមនុស្សមកពីស្ថាប័ន ឬក៏អង្គភាពណាមួយឲ្យជាក់លាក់ ហើយដីកាហ្នឹងមិនដឹងដីកាថាមិនពីណាពីណីដែរ។ វាអត់មានប្រភពចកបាស់លាស់តែម្តង》។
ភរិយា លោក អ៊ុក ម៉ៅ គឺអ្នកស្រី ឯក សុជាតិ បានប្រាប់ថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ មានមនុស្ស៣នាក់ ស្លៀកឯកសណ្ឋានស៊ីវិល ដោយមកកុហកថាមេត្រូវការទិញដី ហើយពឹងលោក អ៊ុក ម៉ៅ ជួយជូនទៅមើលទីតាំងដីដែលត្រូវទិញ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ពួកគេចាប់គ្រៀកស្វាមីរបស់អ្នកស្រីចូលរថយន្ត ដែលត្រៀមចាំរួចជាស្រេច មុននឹងដឹកចេញទៅ។
ប្រភពដដែល បន្តថា ការចាប់ខ្លួនដែលធ្វើឡើងនៅក្នុងទីតាំងភូមិសាស្រ្ត ភូមិអន្លង់ភេ ឃុំអន្លង់ភេ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែងនេះ ក្នុងពេលជនសង្ស័យកំពុងសម្រាកកាយ ក្រោយបាយថ្ងៃត្រង់រួច។
ជុំវិញរឿងនេះ វីអូឌី មិនទាន់អាចស្វែងរកការប្រតិកម្មពីមន្រ្តីពន្ធនាគារ និងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបាននៅឡើយទេ ខណៈអ្នកនាំពាក្យស្ថាប័នអមតុលាការខេត្ត លោក ឡៅ លាងហេង មិនអាចទាក់ទងបាននៅថ្ងៃនេះ។
បើទោះបែបណា តាមរយៈរបាយការណ៍ដែលចេញដោយសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលចេញកាលពីថ្ងៃទី១៩ ខែឧសភា បង្ហាញថា នៅក្រោយការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ព្រះរាជអាជ្ញាអមតុលាការខេត្តស្ទឹងត្រែង បានចេញដីកាចោទប្រកាន់ លោក អ៊ុក ម៉ៅ ពីបទ «ញុះញង់ និងបរិហាកេរ្តិ៍ជាសាធារណៈ»។
រីឯ អ្នកស្រី ឯក សុជាតិ ដែលត្រូវជាភរិយាលោក អ៊ុក ម៉ៅ អះអាងថា រហូតមកដល់ម៉ោងនេះ អ្នកស្រីនៅមិនទាន់បានដឹងថា តើការចាប់ខ្លួនស្វាមីរបស់អ្នកស្រីក្នុងពេលនេះ ព្រោះតែហេតុផលអ្វីឱ្យប្រាកដនៅឡើយនោះដែរ។ ម្យ៉ាងវិញទៀត ការឃុំខ្លួនជនសង្ស័យនៅទីណានោះ ក៏រឹតតែមិនច្បាស់ថែមទៀតផង។
តែយ៉ាងណា អ្នកស្រីបានទទួលដំណឹងក្រៅផ្លូវការថា ស្វាមីរបស់អ្នកស្រីត្រូវគេយកទៅឃុំខ្លួននៅពន្ធនាគារខេត្ត។
បើតាមអ្នកស្រី ឯក សុជាតិ ការចាប់ខ្លួនដោយកម្រោលបែបនេះ បង្ហាញពីភាពឃោរឃៅ។ណាមួយស្វាមីរបស់អ្នកស្រី មានតែប្រឹងប្រែងជួយអភិរក្សធនធានធម្មជាតិ តែបែរជាត្រូវរងទុក្ខទោសបែបនេះទៅវិញ ដែលនេះជារឿងអយុត្តិធម៌បំផុត ដែលមិនអាចទទួលយកបានឡើយ។
អ្នកស្រីបន្តថា៖《គាត់អ្នកស្រឡាញ់ព្រៃឈើ គាត់អ្នកការពារព្រៃឈើ គាត់ស្រឡាញ់រ៉ែ និងស្រឡាញ់ទឹកដី។ គាត់ខិតខំថែរក្សា និងការពារដើម្បីទុកឲ្យជំនាន់ក្រោយបានស្គាល់នូវព្រៃឈើ តែគាត់បែរជាត្រូវវៃខ្នោះទាំងបង្ខំអញ្ចឹង វាអយុត្តិធម៌ណាស់》។
យ៉ាងនេះក្តី លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យវីអូឌីដឹងថា មកដល់ពេលនេះ ខាងក្រុមគ្រួសារលោក អ៊ុក ម៉ៅ បានទទួលដីកាដែលចេញដោយព្រះរាជអាជ្ញារង នៃតុលាការខេត្តស្ទឹងត្រែង លោក នៅ យូណារិទ្ធិ ដោយតម្រូវឱ្យជនសង្ស័យឈ្មោះ អ៊ុក ម៉ៅ បង្ហាញខ្លួននៅតុលាការពេលរសៀល។ ប៉ុន្តែការចូលខ្លួនបំភ្លឺនេះ លោក ឯម សុខសុវណ្ណ បដិសេធថា មិនដឹងតុលាការតម្រូវឱ្យលោក អ៊ុក ម៉ៅ ផ្តល់សក្ខីកម្មចំពោះរឿងរ៉ាវកំពុងតែចាប់ខ្លួននេះ ឬមានបទល្មើសណាមួយផ្សេងពីនេះទៀតនោះទេ។
លោកបន្តថា៖《ខ្ញុំទទួលបានដីកាពីប្រពន្ធរបស់គាត់ ដែលគាត់បាញ់ឲ្យហ្នឹង គឺនៅដំណាក់កាលអយ្យការ ហើយខ្ញុំក៏មិនដឹងថា វាទាក់ទងជាមួយនឹងរឿងដែលត្រូវគេចាប់ខ្លួនហ្នឹង យើងអត់ដឹងដែរ》។
បន្ថែមពីលើនេះ តាមរយៈដីកាបង្គាប់ដែលចេញតាំងពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយលោក នៅ យូណារិទ្ធិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង គឺពាក់ព័ន្ធនឹងសំណុំរឿង«ហិង្សាដោយចេតនា» ដែលប្រព្រឹត្តនៅភូមិដូង ឃុំកាំងចាម ហើយម្ចាស់បណ្តឹងនៅក្នុងរឿងក្តីនេះ មានឈ្មោះ ដួង កុម្ភៈ។
ជុំវិញសំណុំរឿងនេះ សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) បានចេញសេចក្តីថ្លែងការណ៍៤ថ្ងៃ បន្ទាប់ពីការចាប់ខ្លួន លោក អ៊ុក ម៉ៅ។ តាមរយៈសេចក្តីថ្លែងការណ៍នេះ សមាគម អាដហុក បញ្ជាក់ថា នៅថ្ងៃចាប់ខ្លួន មានមនុស្ស៣នាក់ តែម្នាក់ក្នុងចំណោមនោះ ស្លៀកពាក់ឯកសណ្ឋានជាមន្រ្តីកងរាជអាវុធហត្ថ។
មិនតែប៉ុណ្ណោះ តាមរយៈរបាយការណ៍របស់ខ្លួន សមាគមអាដហុកដាក់ការសន្និដ្ឋានថា ការចាប់ខ្លួននេះ អាចធ្វើឡើងក្រោមហេតុផល លោក អ៊ុក ម៉ៅ ធ្វើការយ៉ាងសកម្មរឿងការពារធនធានធម្មជាតិ។ ក្រៅពីនេះ កាលពីថ្ងៃទី១៣ ខែឧសភា ជនសង្ស័យក៏បានផ្តល់បទសម្ភាសន៍ឱ្យបណ្តាញព័ត៌មាន ដោយចោទប្រកាន់តុលាការខេត្តស្ទឹងត្រែងថា គ្មានតម្លាភាព និងគ្មានយុត្តិធម៌ ចំពោះរូបលោក។
លើសពីនេះទៅទៀត លោក អ៊ុក ម៉ៅ ក៏បានលើកឡើងពីមន្រ្តីបរិស្ថាន តែក្រោយពីបាននិយាយប៉ះពាល់នាំឱ្យមានប្រតិកម្ម ហើយមន្រ្តីបរិស្ថានខេត្តទាមទារឱ្យជនសង្ស័យ សុំទោសជាសាធារណៈ តែត្រូវលោកបដិសេធ។
បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក ស៊ុន ឡង់ឌី អ្នកសម្របសម្រួល សមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)ប្រចាំខេត្តស្ទឹងត្រែង ចាត់ទុកថា ការចូលទៅចាប់ខ្លួនដោយគ្មានលិខិតស្នាមអ្វីទាំងអស់បែបនេះ អ្នកដែលអនុវត្តនីតិវិធីនោះ គឺជាអ្នកដែលរំលោភគោលការណ៍ច្បាប់ទៅវិញ។ ម្យ៉ាងវិញទៀត ជនសង្ស័យ គឺជាអ្នកដែលសកម្មក្នុងការពារបរិស្ថាន និងធនធានធម្មជាតិនេះ ហេតុនេះអាចជាគោលដៅដែលត្រូវគេបំបិតមាត់។
លោកបន្តថា៖《យើងយល់ឃើញថាការចូលទៅចាប់ខ្លួន លោក អ៊ុក ម៉ៅ នៅផ្ទះដោយមិនប្រាប់ពីមូលហេតុនៃការចាប់ខ្លួន និងមិនបានបង្ហាញដីកាទៅដល់រូបគាត់ វាបង្ហាញពីការបំពានច្បាប់ដែលមានចែង។ វាក៏ជាការ ក៏ជាការបំភិតបំភ័យទៅលើសកម្មជនបរិស្ថាន អ្នកសារព័ត៌មានបរិស្ថាន ធ្វើឲ្យរូបគាត់មានការភ័យខ្លាច និងមិនហ៊ានផ្តល់ព័ត៌មានស្តីពីការកាប់បំផ្លាញព្រៃឈើបន្តទៀត》។
លោក អ៊ុក ម៉ៅ ដែលជាជនជាតិដើមភាគតិចកួយ ក្រៅពីអ្នកកាសែត ដែលចូលរួមរាយការណ៍អំពីបរិស្ថានដ៏សកម្មម្នាក់ នៅក្នុងភូមិសាស្រ្តភូមិភាគឦសាន នៃខេត្តស្ទឹងត្រែងហើយ លោកក៏ជាអ្នកនយោបាយ កូតាមកពីគណបក្សដើម្បីកម្ពុជាដែរ។
តាមរយៈលិខិតមួយច្បាប់ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទទួលបាន គឺលោក អ៊ុក ម៉ៅ ត្រូវបានគណបក្សដើម្បីកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងជា «ប្រធានគណបក្សប្រចាំខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ » ។
ដោយសារភាពសកម្ម ចំពោះសេចក្តីរាយការណ៍របស់ខ្លួន ទាក់ទងកិច្ចការពារបរិស្ថាននេះ លោកក៏ត្រូវរងបណ្តឹងប្រមាណ១៥សំណុំរឿងទេ នៅតុលាការ។ តាមរយៈបទចោទទាំងនេះ លោក អ៊ុក ម៉ៅ ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា នោះក៏ព្រោះតែលោកបានផ្តល់ព័ត៌មាន ការពិតភាគច្រើនបំផុតអំពីមន្រ្តីមូលដ្ឋាន មានអំពើពុករលួយជាប់ខ្លួន ដោយសារចូលរួមប្រព្រឹត្តបទល្មើស និងបំផ្លាញបរិស្ថាន ដូចក្រុមឧក្រិដ្ឋជនដែរ៕