ការ​សិក្សា​​​ថ្មី​​រក​​ឃើញ​​ថា​​គ្រួសារ​ហ៊ុន​ទាញ​ផល​ពី​ឧក្រិដ្ឋ​ជន​៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ

ពលរដ្ឋកម្ពុជា​អាច​នឹង​បន្ត​រស់​នៅ​ក្រោម​ការ​គំរាម​គំហែង​ពី​បទ​ឧក្រិដ្ឋ​ច្រើន​ទម្រង់ បើ​គ្រួសារ​ហ៊ុន​នៅ​​តែបន្ត​យក​ទឹក​​ដី​​កម្ពុជា ធ្វើ​ជា​កន្លែង​ទាញ​យក​ប្រយោជន៍​ពី​ពួក​ឧក្រិដ្ឋ​ជន ដើម្បី​ចិញ្ចឹម​អំណាច​នោះ នេះ​បើតាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ឃ្លាំ​មើល ការ​វិវត្ត​នយោបាយ​នៅ​កម្ពុជា។

ក្តីបារម្ភនេះ ក្រោយ​​ពី​ស្ថាប័ន​អន្តរ​ជាតិ​បាន​រក​ឃើញ​ថា បទ​ឧក្រិដ្ឋ​នៅ​កម្ពុជា ដែល​ដឹ​ក​នាំ​ដោយ​គ្រួសារ​ហ៊ុន កាន់​តែ​រីក​ធំ​ក្លា​យ​ជា​កង្វល់​របស់​ពិភព​លោក ជាប់​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ធំៗ រួម​ទាំង​សែ​ស្រឡាយ​គ្រួសារ​ហ៊ុន គឺ លោក ហ៊ុន តូ ក្នុង​ទំហំ​ទឹក​ប្រាក់ ប្រមាណ​ជា​៥ពាន់លា​ន​ដុល្លារ​ក្នុង​១ឆ្នាំ បាន​ពីកា​រ​ការ​ពារ និង​ស៊ុំ​គ្រលំ​ជាមួយ​គ្រួសារ​អ្នក​ដឹក​នាំ។

ជុំវិញ​បញ្ហា​នេះ ទូរទស្សន៍​ABC រ​​ប​ស់​ប្រទេស​អូស្ត្រាលី បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៩ ខែ​ឧសភា​ថា «រដ្ឋាភិបាល​កម្ពុជា​ មាន​សកម្ម​ភាព​នៅក្នុ​ង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ដ៏​មាន​ឥទ្ធិ​ពល​បំផុត​មួយ​របស់​ពិភព​លោក»។

ប្រភព​បន្ត​ថា របាយ​ការណ៍​ដ៏​សំខាន់​មួយ​រក​ឃើញ​ថា គណបក្ស​កាន់​អំណាច​កម្ពុជា កំពុង​ដំណើរ​ការ​យ៉ាង​សកម្ម​នូវ​អ្វី​ដែល​អាច​ជា​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ពិភព​លោក ដែល​ជំរុញ​ឱ្យឧស្សាហ​កម្ម​បោក​ប្រាស់​តាម​អ៊ីន​ធឺណិត មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ ដែល​បង្កើត​ឡើង​លើ​ការ​ជួញដូរ​មនុស្ស និងកា​រ​ពារ​ដោយ​រដ្ឋ។

ប្រភពបញ្ជាក់ថា ការសិក្សាដែល​ផ្តល់មូល​និធិ​ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​ព្រមាន​ថា «សេដ្ឋកិច្ច​ការ​បោក​ប្រាស់​របស់​អាស៊ី​អាគ្នេយ៍» ដែល​ផ្តោត​លើ​ប្រទេស​កម្ពុជា ឥឡូវ​នេះ​កំពុង​ប្រកួត​ប្រជែង​ជាមួយនឹ​ង​ទំហំ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។

របាយការណ៍នេះ បានដាក់ឈ្មោះមន្ត្រី​ជាន់​ខ្ពស់​កម្ពុជា រួម​ទាំង​សាច់​ញាតិ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា មានលោក ហ៊ុន តូ ជា​តួ​អង្គ​កណ្តាល​នៅ​ក្នុង​សហគ្រាស​ឆបោក​ឆ្លង​ដែន​ដ៏​ធំ បង្ក​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំងឡើ​ង​ដល់​សន្តិសុខពិ​ភព​លោក និង​ស្ថិរភាព​ក្នុង​តំបន់។

ជុំវិញបញ្ហានេះ ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លីម ប្រាប់​V​O​D​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា​នេះថា​នេះ​មិន​មែន​លើក​ទី​១​ទេ ដែល​អន្តរ​ជាតិ​រក​ឃើញ​ទង្វើ​ទុច្ចរិត​មេដឹក​នាំ​គ្រួសារ​ហ៊ុន​ដែល​យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជាជម្រក​ចិញ្ចឹម​ពួក​ឧក្រិដ្ឋ​ឆបោក​ ចា​ប់​ជំរិត និង​ជួញ​ដូរ​មនុស្ស។

លោកបន្តថា ករណីទាំងអស់​នេះ ឆ្លុះ​បញ្ចាំង​កាន់​តែច្បាស់​ថា មេដឹក​នាំ​គ្រួសារ​ហ៊ុន​កំពុង​បំផ្លាញ​ប្រជាជាតិ​កម្ពុជា ធ្វើ​ឱ្យ​កម្ពុជា​ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរ​ជាតិ ហើយ​ពលរដ្ឋ​ខ្មែរ​នឹង​បន្ត​រង​គ្រោះ​តជំនាន់។

លោកថា៖ «ការបោក​បញ្ឆោត ការ​ក្លែង​បន្លំ​វា​ក្លាយ​ទៅ​ជា​រឿង​ដែល​លាត​យ៉ាង​ខ្លាំង ​​និង​មាន​ឥទ្ធិពល​​ខ្លាំង​​ក្នុង​ការ​ចូល​ដៃចូល​ជើង និង​មាន​ការ​គាំពា​រដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ដែល​កាសែត​អន្តរ​ជាតិ​គេ​និយាយ​ពី​ លោក ហ៊ុន តូ យ៉ាងច្បាស់។ យើង​ឃើញ​ថា​ស្រុក​យើង​វា​ធ្លាក់​ខ្លួន​យ៉ាង​ជ្រៅ​ក្នុង​អំពើ​ទាំង​អស់​ហ្នឹង ឆបោក ចាប់​ជំរិត អ្វី​ជា​ដើម​ហ្នឹង ដោយ​សារ​តែគ្រួសារ​ហ៊ុន បាន​យក​ទឹក​ដី​កម្ពុជា​យើង ឱ្យ​ក្លាយ​ជា​ប្រទេស​អាក្រក់ សាហាវ ធ្វើ​ឱ្យ​ក្លាយ​ជា​ក្តី​បារម្ភ​របស់​អន្តរ​ជាតិ​ជា​ដើម»។

សម្រាប់ លោក ហុង លីម អះអាងថា ក្រោមការដឹកនាំផ្តាច់​ការ​គ្រួសារ​ហ៊ុន អំពើ​ឆបោក ចាប់ជំរិត និង​ការ​ជួញ​មនុស្ស​នៅ​កម្ពុជា​បន្ត​រីក​រាល​ដាល​ខ្លាំង ហើយ​ក្លាយ​ជា​ក្តី​បារម្ភ​ធំ​សម្រាប់​អន្តរជាតិ​ផង​ដែរ។

លោកហាក់​ស្តីបន្ទោស​ថា គ្រួសារ​ហ៊ុន បាន​យក​ទឹក​ដី​កម្ពុជា​ទាំង​មូល​ធ្វើជា​កម្ម​សិទ្ធិ​ផ្តាច់​ការរបស់​គ្រួសារ​គាត់ គឺ​ធ្វើ​អ្វី​តាម​ទំនើង​ចិត្ត ដូច​ជា​កាត់​ដី​ឱ្យ​បរទេស ប្រព្រឹត្តិ​អំពើ​ពុក​រលួយ យកឧក្រិដ្ឋ​ជន​ចិន​ធ្វើ​ជា​ទី​ប្រឹក្សា ដោយ​មិន​ខ្វល់​ពីសុ​ខ​ទុក្ខ​ពលរដ្ឋ​ខ្មែ​រ​ម្ចាស់​ប្រទេស​នោះ​ទេ។

លោកថា៖ «ស្រុកខ្មែរហ្នឹង​គឺ​ថា ហ៊ុន សែន គាត់​គិត​តែ​ក្រាញ​អំណាច អូស​លោង​កម្ពុជា​យើង​រហូត​ដល់​អវិចី គឺ​អាក្រក់​ ដែល​យើង​ឃើញ​ថា គ្រួសារ​ហ៊ុន​កេង​ប្រវ័ញ្ញ និង​បក្ខ​ពួក​គាត់​កេង​ប្រវ័ញ្ញ​ញើស​ឈាម​បាន​ពី​អារ​បប​ហ្នឹង គឺ​មិន​ខ្វល់​ពី មិន​ឈឺ​ក្បាល គិត​តែ​ធ្វើ​យ៉ាង​ណា​ដើម្បី​បាន​លុយ​ផ្គត់​ផ្គង់​អំណាច​គ្រួសារ​គាត់ លែង​ខ្វល់​ពី​សុខ​ទុក្ខ​រាស្រ្ត ឬ​ទឹ​ក​ដី​អី​អស់​ហើយ»។

លើសពីនេះ លោក ហុង លីម បាន​សរសេរ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​​ថា «ទូរទស្សន៍​ABC នៃ​ប្រទេ​ស​អូស្ត្រាលី ទើបសម្ភាសន៍​លោក​សាស្ត្រា​ចារ្យ Jacob Sims នៃសា​កល​វិទ្យាល័យ​Havard ដែល​ទើប​តែ​ធ្វើ​សេច​ក្ដី​រាយ​ការណ៍ ដែល​កម្ពុជាបាន​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ធំ​បំផុត​ក្នុង​លោក ជួញ​ដូរ​ឧក្រិដ្ឋ​កម្ម​តាម​អន​ឡាញ មិន​តិច​ជាង ៥០០០​លាន​ដុល្លារ ក្នុងមួយ​ឆ្នាំ ដោយ​សារ​ការ​ការ​ពារ និង​ស៊ុំ​គ្រលំ​របស់​គ្រួសារ​អ្នក​ដឹក​នាំ»។

តំណាងរាស្រ្តបក្សសង្គ្រោះ​ជាតិ លោក ​សួន សូរីដា និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​លក់​មុខ​កម្ពុជា​កាន់​តែ​ខ្លាំង​លើ​ឆាក​អន្តរ​ជាតិ ពី​អំពើឆ​បោក ចាប់​ជំរិត លាង​លុយ​កង្វក់ និង​ការ​ជួញ​ដូរ​មនុស្ស​ជាដើម។

លោកថា ការរកឃើញជា​បន្ត​បន្ទាប់​របស់​អន្តរ​ជាតិ ពី​អំពើ​ឆបោក ចាប់​ជំរិត និង​ការ​បង្ខាំង​មនុស្ស ឬ​ការ​ជួញ​ដូរ​មនុស្ស​នេះ ឆ្លុះ​បញ្ចាំង​ថា មេដឹក​នាំ​កម្ពុជា កំពុង​ក្បត់​ឆន្ទៈ​រាស្រ្ត​ម្ចាស់​ប្រទេស និង​បំផ្លាញ​នគរ។

លោក​អះអាង​ថា ការ​ដឹកនាំ​បែប​នេះនឹ​ង​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រជា​ជាតិ គឺ​ពលរដ្ឋ​រស់​នៅ​ទាំងភាព​ភ័យ​ខ្លាច គ្មាន​​សុវត្ថិ​​ភាព ខណៈ​អំពើ​ឆបោក​ និង​ការ​ចាប់​ជំរិត​ទាំង​នោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​មាន​លុយ មាន​អំណាច។

លោកថា៖ «វាធ្វើឲ្យកេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ​ស្អុយ​គុក​មែន​ទែន ហើយ​កាលណា​​ស្អុយ​គគ្រុក​ ទី១ គឺ​វាធ្វើ​ឲ្យ​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​គេ​ភ័យ​ខ្លាច​ និង​ការ​មក​លេង​នៅ​កម្ពុជា និយា​យ​ឲ្យខ្លីគឺ​ភ្ញៀវ​ទេសចរ​មិន​ហ៊ាន​នឹង​ចូល​លេង​ប្រទេស​កម្ពុជា​ទៀត ហើយកា​ល​ណា​ទេសចរ​អត់​មាន អាហ្នឹង​វិស័យ​​សេដ្ឋ​កិច្ច​ក៏​វា​ធ្លាក់​ចុះ​ដែរ ព្រោះ​សេដ្ឋ​កិច្ច​នៅ​ស្រុក​ខ្មែរដុន​ដាប​ផង​ ហើយ​ថែម​ទាំង​លេច​ព័ត៌មាន​បែប​នេះ​ទៅ​ទៀត អាហ្នឹង​យើង​ឃើញ​ថា​ធ្វើ​ឲ្យ​វិស័យ​ទេស​ចរណ៍​នៅ​កម្ពុជា​នឹងកាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ធ្ងន់​ធ្ងរ​ឡើង»។

លើសពីនេះ អតីតមេដឹកនាំគណបក្សប្រឆាំង​លោក សម រង្ស៊ី ហៅ​ការ​ចុះ​ផ្សាយ​របស់​វិទ្យុ ABC នៅ​ប្រទេស​អូស្ត្រាលីនេះ​ថា​ជា​របាយ​ការណ៍​ស្រាវ​ជ្រាវ​ថ្មី​មួយ​ ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា និង​សមាជិក​គ្រួសារ​ហ៊ុន សែន គឺ​ជា​ឧក្រិដ្ឋ​ជន​ដែល​ប្រតិ​បត្តិ​ការ​បោក​ប្រាស់​តាម​អ៊ីន​ធឺណិត ចាប់​ជំរិត លាង​លុយ​កខ្វក់ និង​កាស៊ីណូ​នៅ​កម្ពុជា។

សម្រាប់​ លោក សម រង្ស៊ី ឯកសារ​ភ្ជាប់​ជាមួយ​ការ​សិក្សា​ស្រាវ​ជ្រាវ​មាន ៧៣​ទំព័រ ត្រូវ​បាន​គេចេញ​ផ្សាយ ទាក់​ទង​នឹង​សមាជិក​គ្រួសារ​ហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ ដែល​ការ​ពារ​បណ្តាញ​​ឧក្រិដ្ឋ​ជន​ទាំង​នោះ ជួយ​ពួក​ឧក្រិដ្ឋ​ជន​ចិន​ប្រតិ​បត្តិកា​រ នៅ​តាម​ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​នេះ «គឺ​ជា​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ ដ៏​សែន​ស្មោក​គ្រោក​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា»។

យ៉ា​ង​ណា​ក្តី អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចាត់​ទុក​ការ​ចុះ​ផ្សាយ​ របស់​កាសែត​ABC​អូស្ត្រាលី​នេះ​ ថា​ជា​រឿង​មិន​ពិត និង​វាយ​បក​វិញ​ថា មាន​ចេតនា​អាក្រក់​ចោទ​ប្រកាន់​រដ្ឋាភិ​បាល​កម្ពុជា និង​ឧកញ៉ា ហ៊ុន តូ។

ប៉ុន្តែយ៉ាងណា លោក សុខ ឥសាន ទទួលស្គាល់​ថា អំពើ​ឆបោក​អន​ឡាញ ការ​ចាប់​ជំរិត ឬ​ការ​បង្ខាំង​មនុស្ស​ខុស​ច្បាប់​នៅ​កម្ពុជា ពិត​ជា​មាន​មែន និង​ជា​ក្តី​បារម្ភ​ខ្លាំង​របស់​រដ្ឋាភិ​បាល​ផង​ដែរ​។

លោកថា៖ «វាយើងយល់ថាវាមាន ករណីទាំងអស់ហ្នឹង វាមិន​មែន​អត់​ទេ តែ​វា​មាន​ហ្នឹង​វា​មក​ពី​ឧក្រិដ្ឋ​ជន​បរទេស​ចូល​មក​ស្រុក​ខ្មែរ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អន​ឡាញ​ចឹង​ទេ បាន​រដ្ឋាភិបាល​លោក​ចាត់​វិធាន​ការ​បង្រ្កាប ជាពិសេស​​បង្កើត​គណៈ​កម្មា​ធិការ​ពិសេស​មួយ ដែល​មាន​នាយក​រដ្ឋ​មន្រ្តី​ជា​ប្រធាន​ហ្នឹង ដើម្បី​ចាត់​វិធាន​ការ​បង្ក្រាប​ដល់​ពួក​ឧក្រិដ្ឋ​ជន​ទាំង​នោះ»។

ករណីនេះ កន្លងទៅ អតីត​ឧកញ៉ា ហេង សិទ្ធី ដែល​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួ​ន​លើ​ទឹក​ដី​រុស្សី ធ្លាប់​បាន​ទម្លាយ​ថា លោក​ឧកញ៉ា ហ៊ុន តូ ជាប់​ពាក់​ព័ន្ធ​យ៉ាង​ជ្រៅ​ជាមួយ​មន្រ្តី​រ​ដ្ឋាភិ​បាល ក្នុង​ការ​បើក​ល្បែង​អន​ឡាញ​ខុស​ច្បាប់ និង​​ឆបោក​​តាម​​អន​ឡាញ។

ជុំវិញរឿងនេះ VOD ធ្លាប់រកឃើញថា កាស៊ីណូ​WM ស្ថិត​​​​នៅ​​ក្បែរ​​​រង្វង់​​​មូល​តោ​​​ពីរ ក្នុង​​​ក្រុង​​ព្រះសីហនុ បាន​ប្រតិប​ត្តិ​​ការ​​​ល្បែង​​អនឡាញ​​​ខុសច្បាប់​​​ច្រើន​​ឆ្នាំ​​​មក​​ហើយ ដោយ​​លួច​​លាក់​​​បំពាន​​បម្រាម​​ដែល​​រដ្ឋាភិបាល​កម្ពុជា។​​

កាស៊ីណូនេះ​​​​ គ្រប់គ្រង​​ដោយ​​ក្រុម​ហ៊ុន ​Lixin ​ដែល​​​មាន​​បណ្តាញ​​នឹង​​​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​​របស់​​លោក ហ៊ុន សែន ប្រធាន​​ព្រឹទ្ធសភា និង​​ជា​​បងប្អូន​​ជីដូន​​មួយ ​របស់​​លោក​​នាយក​​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ចំណែក​​កាស៊ីណូ​​ក្រោន (Crown) ដែល​​គ្រប់​គ្រង​​ដោយ ​​លោក កុក អាន និង​​មាន​ទីតាំង​​នៅ​​ក្នុង​​ក្រុង​​បាវិត ខេត្ត​​ស្វាយ​​រៀង​ ក៏​​នៅ​​បន្ត​​ល្បែង​​អនឡាញ​​​ខុស​​ច្បាប់​​ដូច​​គ្នា​។

លោក ចេន ហ្ស៊ី ប្រធាន​សម្ព័ន្ធ​​ក្រុ​ម​ហ៊ុន​​​ព្រីន​ស៍ គ្រុប (Prince Group) ដែល​​តុលាការ​ប្រទេស​ចិន​តាម​​រ​ក​​ចាប់​ខ្លួន ជាប់​​ពាក់​ព័ន្ធ​​នឹង​ប្រតិ​បត្តិ​ការ​​បន​ល្បែង​​អន​ឡាញ​​​ខុស​​ច្បាប់​ ត្រូវ​បាន​តែង​តាំង​ជា​ទី​ប្រឹក្សា មេដឹកនាំ​កម្ពុជា​លោក ហ៊ុន សែន ។

លើសពីនេះ កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២៥ អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​គ្រឿង​ញៀន និង​បទ​ឧក្រិដ្ឋ​កម្ម ហៅ​កាត់​(UNODC) ចេញ​ផ្សាយ​របាយ​ការណ៍​ថ្មី​មួយ រក​ឃើញថា កម្ពុជា ជា​មជ្ឈ​មណ្ឌល​ឆបោក​អន​ឡាញ​ធំ​ជាង​គេនៅ​​តំប​ន់​អា​ស៊ាន ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជួញដូរ​មនុស្ស និង​លាង​លុយ បង្កកា​រ​គំរាម​កំហែង​ដល់ប្រ​ទេស​ក្នុង​តំបន់ និង​ពិភព​លោក។

ប្រភពនោះ បញ្ជាក់ថា មជ្ឈមណ្ឌលឆបោក​ទាំង​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ខេត្ត​ព្រះ​សី​ហនុ រាជធានី​ភ្នំពេញ បាវិត ប៉ោយប៉ែត កោះកុង និង​ខេត្ត​ពោធិ៍​សាត់ ហើយ​ពួក​ឧក្រិដ្ឋ​ជន​ធ្វើ​សកម្ម​ភាពឆ្លង​ដែន​ទៅ​ប្រទេស​ឡាវ ភូមា និង​ហ្វីលីពីន ជាដើម។

តំណាងស្តីទី UNODC ប្រចាំតំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ី​ហ្វិក លោក ប៊ែន​នេឌីក ហូហ្វ​មែន និយាយ​ក្នុង​របាយ​ការណ៍​ក្នុង​សម្តី​ដើម​ថា៖ «យើង​មើល​ឃើញ​នូវ​ការ​ពង្រីក​ជាស​កលរ​បស់ក្រុម​ឧក្រិដ្ឋ​កម្ម​ដែល​​ត្រូវ​បា​​នរៀ​ប​ចំ​នៅ​អាស៊ី​បូព៌ា និង​អាស៊ី​អាគ្នេយ៍»

លោកសង្កត់ធ្ងន់​ថា៖ «រឿងនេះ​ឆ្លុះបញ្ចាំង​ទាំង​យុទ្ធ​សាស្ត្រប្រ​តិបត្តិ​ការ ខណៈ​ដែល​សកម្ម​ភាព​របស់​ក្រុម​ឧក្រិដ្ឋ​កាន់​តែ​រីក​ចម្រើន ហើយ​និង​ស្វែង​រក​មធ្យោ​បាយ ព្រម​ទាំង​ទីក​ន្លែង​ថ្មីៗ​ដើម្បី​ប្រព្រឹត្ត​បទ​ល្មើស ប៉ុន្តែ​យ៉ាង​ណាយុ​ទ្ធ​សាស្ត្រ​ការ​ពារ​ហានិ​ភ័យ​នា​ពេល​អនាគត គួរ​តែ​បន្ត​និងកាន់​តែ​ខ្លាំង​ក្លា​ផង​ដែរ​នៅ​ក្នុង​តំបន់»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ