ក្រុមអ្នកឃ្លាំមើល ជំរុញឱ្យរដ្ឋាភិបាលកែលម្អ ឬដាក់ពង្រាយប្រព័ន្ធការពាររន្ទះ នៅតំបន់ទេសចរណ៍នានា ក្នុងប្រទេសកម្ពុជា ដើម្បីស្តារជំនឿទុកចិត្តដល់ភ្ញៀវទេសចរឡើងវិញ ក្រោយពីមានបាតុភូតធម្មជាតិរន្ទះបាញ់នៅប្រាសាទអង្គរវត្ត បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស កាលពីសប្តាហ៍មុន។
ពួកគេថា ការបិទខ្ទប់មិនឱ្យពលរដ្ឋផ្សព្វផ្សាយពីគ្រោះថ្នាក់ធម្មជាតិនេះ ជាវប្បធម៌គេចចេញពីការទទួលខុសត្រូវ មិនមែនជាឆន្ទៈពិត ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋទេ បើតំបន់គ្រោះថ្នាក់មិនត្រូវបានកែលម្អប្រព័ន្ធការពារសុវត្ថិភាពភ្ញៀវទេសចរឡើងវិញទេនោះ។
កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បាតុភូតធម្មជាតិរន្ទះ បានកើតឡើងនៅតំបន់អង្គរវត្ត ស្ថិតនៅឃុំគោកចក ស្រុកសៀមរាប ខេត្តសៀមរាប ដែលជាប៉ូលសេដ្ឋកិច្ចមួយរបស់កម្ពុជា ជាបណ្តុំទៅដោយប្រាសាទបុរាណខ្មែរ។
ហេតុការណ៍នេះ សេចក្តីរាយការណ៍នានា បានអះអាងថា មានអ្នកស្លាប់និងរបួស។ ប៉ុន្តែក្រសួងពាក់ព័ន្ធមិនបានបញ្ចេញទិន្ន័យជាក់លាក់ពីចំនួនភ្ញៀវដែលរងគ្រោះពីឧបទ្ទវហេតុ នៃបាតុភូតធម្មជាតិនេះទេ។
ប៉ុន្តែភ្លាមៗរដ្ឋាភិបាលរងការរិះគន់ថា បានព្យាយាមបិទខ្ទប់ មិនឱ្យមានការចែកចាយលើបណ្តាញសង្គម ជុំវិញហេតុការណ៍នេះ ក្រោមហេតុផលកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ ពិសេសកំណើនភ្ញៀវដែលទៅទស្សនាប្រាសាទបុរាណខ្មែរនៅខេត្តសៀមរាប។
ប៉ុន្តែ រដ្ឋាភិបាលមិនបានប្រកាសជាសធារណៈ ពីវិធានកែលម្អនៅតំបន់បេតិកភណ្ឌជាតិមួយនេះ បែបណាឡើយ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរឡើងវិញ ក្រោយហេតុការណ៍នេះកើតឡើងទេ។
សម្រាប់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ការបិទព័ត៌មាននេះ ហើយមិនព្រមរៀបចំកែលម្អប្រព័ន្ធសុវត្ថិភាពចាប់រន្ទះជាដើម ដើម្បីធានាសុវត្ថិភាពជូនភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ វាឆ្លុះបញ្ចាំងពីអសមត្ថភាពរបស់មេដឹកនាំ និងបញ្ជាក់ថាមេដឹកនាំមិនខ្វល់ពីបញ្ហាប្រជាពលរដ្ឋដែលទាញប្រាក់ចំណូលពីវិស័យនេះ ។
លោកថា៖«រហូតដល់សតវត្សទី២១ហើយ អារឿងការពាររន្ទះ គឺត្រូវតែមានគ្រប់ ហើយអាហ្នឹងជាការធ្វេសប្រហែសរបស់អាជ្ញាធរដែនដី និងរដ្ឋាភិបាលហើយនិងក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងអង្គរវត្តយកតែថវិកាចូលហោប៉ៅខ្លួនឯងរបស់ លោក ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំ ហើយលោក ហ៊ុន ម៉ាណែត ហ្នឹងគាត់ក៏អត់មានជួយថែរក្សាសម្បត្តិរដ្ឋទេ[…]សំខាន់បំផុតណាស់ អារឿងឧបករណ៍ការពារសុវត្ថិភាពហ្នឹង ដើម្បីការពាររន្ទះបាញ់អីហ្នឹងគ្រប់កន្លែង ព្រោះសុទ្ធតែប្រាសាទបូរាណយើងត្រូវតែការពារទាំងអស់ទាំងភ្ញៀវទេសចរ និងប្រជាពលរដ្ឋផង»។
បន្ថែមពីនេះ លោកថា ការហ៊ានទទួលស្គាល់ការពិត មិនមានអ្វីខាតបង់នោះទេ ផ្ទុយទៅវិញមានតែចំណេញដល់កម្ពុជា និងជួយលើកកម្ពស់ជីវភាពពលរដ្ឋដែលរស់នៅតំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា។
ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យ និងធ្វើការកែលម្អប្រព័ន្ធការពារ ដើម្បីបង្ហាញពីការទទួលខុសត្រូវ ហើយត្រូវផ្សព្វផ្សាយជាសាធារណៈ អំពីការកែលម្អនេះ ដើម្បីលាងជម្រះការភ័យខ្លាច។
លោកបន្តថា ការកើតឡើងនៅបាតុភូតធម្មជាតិ មិនមាននរណាដឹងមុននោះទេ ដូច្នេះរដ្ឋាភិបាលគួរតែមានចំណាត់ការរៀបចំបំពាក់ឧបករណ៍ស្រូបរន្ទះ ឱ្យបានគ្រប់កន្លែងនៃទីតាំងទេសចរណ៍ផ្សេងៗ។
លោកថា៖ «គ្មានអ្នកណាចង់ឲ្យកើតមានទេអាហ្នឹង ព្រោះជាទូទៅវាជាបាតុភូតធម្មជាតិ យើងគួរតែរកវិធីដើម្បីដោះស្រាយវិញទៅករណីកើតមានចឹង អាចថាទីមួយគឺយើងមើលថា បើសិនជាបញ្ហារន្ទះដែលអាចធ្វើឲ្យមានបញ្ហាយើង អត់មានកន្លែងការពារអី យើងអាចទាក់ទងពីបណ្ដាប្រទេសណាផ្សេង តើយើងគួរតែដាក់សញ្ញាចាប់រន្ទះម៉េចអីម៉េច ដើម្បីដោះស្រាយកុំឲ្យវាកើតមានចឹងទៅ ខ្ញុំថាអាហ្នឹងក៏វាជាការប្រសើរដែរ ចឹងបើសិនជាយើងឃើញបញ្ហាយើងនាំគ្នាដោះស្រាយទៅ ព្រោះគ្មានអ្នកណាចង់ឱ្យកើតទេបាទ»។
យ៉ាងណា អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ មិនឆ្លើយនឹងសំណួរ VOD តាមបណ្តាញសង្គម ជុំវិញការជំរុញនេះ និងចំនួនអ្នករងគ្រោះពីហេតុការណ៍កើតឡើងនៅអង្គរវត្តនេះទេ ទោះលោកបានចូលមើលសំណួរក៏ដោយ។
ដោយឡែក ខណៈរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ មិនអាចទាក់ទងបាន។ ប៉ុន្តែជាការសង្កេតក្រោយមានបាតុភូតរន្ទះ នៅតំបន់អង្គរវត្ត រួមមកលោកបានផ្ញើសារអរគុណពលរដ្ឋ ដែលមិនចែករំលែកនូវព័ត៌មាននេះ។
យ៉ាងណាក្ដី បណ្ដាព័ត៌មានថៃមួយចំនួន ឈ្មោះ khaosod English និង The Nation Thailand បានរាយការណ៍ថា អ្នករងគ្រោះករណីបាតុភូតធម្មជាតិរន្ទះបាញ់នៅតំបន់ប្រាសាទអង្គរវត្ត មានអ្នកស្លាប់ ៣ នាក់ និងរបួសចំនួន ១០នាក់៕