គណបក្សកម្លាំង​ជាតិ​ជំរុ​ញ​ឱ្យ​ទទួល​ស្គាល់​ច្បាប់​សមុទ្រ​UNCLOS ដើម្បី​ទប់​ស្កាត់​ជម្លោះ​ប្រដាប់​អាវុធ

គណបក្សកម្លាំងជាតិ ជំរុញ​ឱ្យ​មេដឹក​នាំ​កម្ពុជា ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ UNCLOS ដើម្បី​បុព្វ​ហេតុ​ទឹក​ដី និង​ទប់​​ស្កាត់​មហិច្ឆតា លេប​ត្របាក់​ទឹក​ដី​ពី​ប្រទេស​ជិត​ខាង។

ការ​ជំរុញ​នេះ ចំ​ពេល​មាន​ចរន្ត​ខ្មែ​រ​នៅ​ក្រៅ​ប្រទេស ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ប្តឹង​ភាគី​ថៃ ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ដើម្បី​ទាម​ទារ​កោះ​គុត ដែល​ថៃ​កំពុង​គ្រប់​គ្រង និង​ដែន​សមុទ្រ​ផ្សេង​ទៀ​ត រួម​ទាំង​កោះ​ត្រល់ ​ដែល​​វៀត​ណាម​គ្រប់​គ្រង​ផង​ដែរ។

គ​ណបក្សកម្លាំងជាតិ និយាយ​ក្នុង​លិខិត​ចំហ​មួយ ចុះ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ​ថា ការ​ជំ​​រុញ​នេះ ដោយ​ខ្លួន​មើល​ឃើញ​ថា ប្រទេស​កម្ពុជា កំពុង​មាន​បញ្ហា​មិន​ឯកភាព​គ្នា ចំពោះ​ដែន​ដី​កោះ និង​ព្រំ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិត​ខាង ដែល​អាច​ប្រឈម​នឹង​ជម្លោះ​ការ​ទូត ឬ​ហិង្សា​ជា​មួយ​ប្រទេស​ទាំង​នោះ​ជាយ​ថា​ហេតុ។

ក្នុងន័យនេះ គណបក្ស​​កម្លាំង​ជាតិ ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ដាក់​បញ្ជូល​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ ស្តី​ពីច្បាប់​សមុទ្រ (UNCLOS) ជូន​រដ្ឋ​សភា​ជាតិ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដើម្បី​ផ្តល់​សច្ចា​ប័ន។

សម្រាប់គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ ច្បាប់​អន្តរ​ជាតិ​នេះ ជា​មូល​ដ្ឋាន​ដ៏​រឹង​មាំ​សម្រាប់​ការ​ពារ​បូរ​ណ​ភាព​ព្រំ​ដែន​សមុទ្រ ព្រម​ទាំង​ជា​បទ​ដ្ឋាន​គតិ​យុត្តិ​អន្តរ​ជាតិ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​សមុទ្រ​ដោ​យ​ស​ន្តិ​វិធី និង​យុត្តិ​ធម៌​តាម​គោល​ការណ៍​ជាមួយ​ប្រទេស​ជិត​ខាង​ទៀត​ផង។

ជាងនេះទៅទៀត ចៅក្រមអន្តរជាតិ​ដែន​សមុទ្រ លោក ហឺរីនូស៊ី អតីត​ឯក​អគ្គរាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​​លោក ហ្សក់ ប៉ីឡេ ឯកអគ្គ​រដ្ឋ​ទូត​បារាំង​ប្រចាំ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​កម្ពុជា​ផ្តល់​សច្ចាប័ន (UNCLOS) នេះ​​​ឲ្យ​បាន​ឆាប់​ផង​ដែរ។

ប្រភពដដែល បញ្ជាក់​ថា ដើម្បី​រក្សា​បាន​នូវ​អធិបតេយ្យ​ភាព បូរ​ណ​ភាព​ទឹក​ដី​កម្ពុជា និង​ចំណង​មិត្ត​ភាព ស្មើ​​ភាព​ជាមួយ​ប្រទេស​ជិត​ខាង គណបក្ស​កម្លាំង​ជាតិ ស្នើ​សុំ​មេដឹក​នាំ​កម្ពុជា ពន្លឿន​បញ្ជូន​អនុ​សញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UNCLOS) ទៅ​រដ្ឋ​សភា​ជាតិ ដើម្បី​ផ្តល់​សច្ចាប័ន​ឲ្យ​បាន​ឆាប់​រហ័ស​។

យ៉ាងណា មេដឹកនាំគ្រួសារ​ហ៊ុន ធ្លាប់​អះ​អាង​ថា បញ្ហា​ព្រំដែ​ន​កម្ពុជា​រក្សា​ជំហរ​ចរចា​ធ្វើ​ភាគី ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នឹង​បាន​ចោទ​វិញ​ថា ការ​បើក​កកាយ​បញ្ហា​ព្រំ​ដែន ជា​ការ​ជំរុញ​ឱ្យ​មាន​សង្គ្រាម​ផ្ទុះ​ឡើងជាមួយ​ប្រទេស​ជិត​ខាង។

ប៉ុន្តែសម្រាប់ អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន​ដែល​មិន​ចំណុះ​​ឱ្យ​រដ្ឋាភិបាល​អះ​អាង​ផ្ទុយ​ពី​នេះ ដោយ​ថា មាន​តែជម្រើស​ប្តឹង​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ទេ ទើប​កម្ពុជា​អាច​ការ​ពារ​បូរណ​ភាព​ទឹក​ដី​បាន ដោយ​មិន​ចាំ​បាច់​​ប្រឈម​មុខ​គ្នា​ដោយ​អាវុធ ដោយ​លើក​ឧទាហរណ៍ ដូច​កម្ពុជា​ឈ្នះ​ក្តី​ថៃ ករណី​ប្រាសាទ​ព្រះ​វិហារ។

លើសពីនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​មាន​បទ​ពិសោធន៍​កិច្ច​ការ​ព្រំដែន លោក អ៊ុំ សំអាន ធ្លាប់​អះ​អាង​ថា គិត​ត្រឹម​ខែ​តុលា ឆ្នាំ​២០២៤ មាន ១៧០​ភាគី បាន​ផ្តល់​សច្ចា​ប័ន​លើ UNCLOS ក្នុង​នោះ១៦៦​ប្រទេស ជា​សមាជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ ១៤ប្រទេស​ជា​សមាជិក​អង្គ​ការ​សហប្រជា​ជាតិ​បានចុះ​ហត្ថ​លេខា ប៉ុន្តែ​មិន​ទាន់​ផ្តល់​សច្ចា​ប័ន ដែល​ក្នុង​នោះ​មាន​កម្ពុជា ហើយ​១៦​ប្រទេស​ផ្សេង​ទៀត​មិន​បានចុះ​ហត្ថ​លេខា ឬ​ផ្តល់​សច្ចា​ប័ន។

លោកដាក់ការសង្ស័យ​ថា មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ដឹក​នាំប្រទេស​ជាង​៤០​ឆ្នាំ​កន្លង​មក​នេះ មិន​ព្រម​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) នេះ​ទេ។

លោក​ថា មូល​ហេតុ​នេះ អាច​ថា​ច្បាប់​សមុទ្រ (UNCLOS) ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សន្ធិ​សញ្ញា​ស្តី​ពី​តំបន់​ទឹកប្រវត្តិ​សាស្រ្ត​ឆ្នាំ​១៩៨២ ដែល​លោក ហ៊ុន សែន បាន​ស៊ី​ញ៉េ​ព្រម​ព្រៀង​ជាមួ​យ​វៀត​ណាម ធ្វើ​ឱ្យ​កម្ពុជា​បាត់កោះ​នឹង​ដែន​សមុទ្រ។

សម្រាប់​ លោក អ៊ុំ សំអាន ការប្រើប្រាស់​ច្បាប់​សមុទ្រ (UNCLOS) នឹង​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​កោះ​ត្រល់​ និង​កោះ​ក្រចក​សេះ​របស់​ខ្មែរ ដែល​វៀត​ណាម​កំពុង​កាន់​កាប់ តាម​សន្ធិ​សញ្ញា​ដែល លោក ហ៊ុន សែន បានធ្វើ។

ហេតុផល​នេះ បានលោក ហ៊ុន សែន គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្តឹង​ថៃ ដើម្បី​ទាម​ទារ​កោះគុ​ត និង​វៀត​ណាម​ទៅតុលាការ​អន្តរ​ជាតិ​នោះ​ទេ ទើប​គាត់​មិន​ព្រម​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ