កម្ពុជាបន្តចាប់ខ្លួន​អ្នក​រាយការណ៍ពីបទល្មើសព្រៃឈើ​ ខណៈ​​អ្នក​​​រក​ស៊ី​កាប់​ឈើ​​រួច​​ខ្លួន

ការចាប់​ខ្លួន​អ្នកសារព័ត៌មានម្នាក់​​ទៀត​ និង​​ការ​បន្ត​គំរាម​​សកម្ម​​ជ​ន​បរិស្ថាន​ ដោយ​​សារ​​តែ​ភាព​​សកម្ម​​របស់​​ពួក​​គេ​​ក្នុង​ការ​​រាយ​ការណ៍​ពី​បទ​ល្មើស​​​ព្រៃ​ឈើ វា​ហាក់​បី​ដូច​​​ជា​ត្រូវ​បាន​​បង្ហាញ​​​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​​ពីចេត​នា​បំ​ផ្លាញ​​ធ​ន​ធាន​ធម្មជាតិ​​ខ្មែរ​​ ពី​​សំណាក់​​មេដឹក​នាំ​​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន។

ជន​​ជាតិ​ដើមភាគតិចគួយ ​លោក​អ៊ុក ម៉ៅ អាយុ៥​៧​​ឆ្នាំ ​​ជា​​អ្នក​សារព័ត៌​មាន​ផ្នែក​​បរិ​ស្ថាន​​​​ប្រចាំ​ខេត្តស្ទឹ​ង​ត្រែ​ង នៃ​អង្គ​​ភាពសា​រព័​ត៌​មាន​​ឥន្ទ្រីយ៍​ញ៉ូវ​ភ្លើស ត្រូវ​​បាន​​ចាប់​​ខ្លួន​​កាល​ពី​ថ្ងៃទី​១៦​ ​ខែ​​ឧសភា ​​ឆ្នាំ​​២០២៥។

អ្ន​ក​​កាសែត​រូបនេះ​ ជាប់​បណ្តឹងនៅតុលា​ការ​រហូត​ដល់ ​១៤​ករណី បន្ទាប់​​​ពី​លោក​បាន​រាយ​ការណ៍​ពី​ការ​គប់គិ​​ត​គ្នារវាង​មន្ត្រី និងក្រុម​អ្នកកាប់ឈើ​នៅ​​ខេត្ត​ស្ទឹងត្រែង​។

ករណីថ្មីចុងក្រោយ​​ដែល​​លោក​ទទួល​បាន​​ដី​កា​ ​គឺ​តម្រូវ​ឱ្យ​លោក​​ចូល​​បំភ្លឺ​​​នៅ​​តុលាកា​រ​ខេត្ត​​ស្ទឹង​ត្រែង ​​នៅ​ថ្ងៃទី​២០ ​ខែ​ឧសភា ​ឆ្នាំ​២០២៥ ក្រោម​ការ​​ចោ​ទ​ប្រកាន់​ពី​​បទ​កាប់​​គាស់​​រុក​រាន​​​ដី​​ព្រៃ​​​ធ្វើ​ជាកម្មសិទ្ធិ ​និងពីបទញុះ​ញង់​​ឱ្យប្រព្រឹត្ត​បទឧក្រិដ្ឋជាអាថ៌។

​លោក ​អ៊ុក ម៉ៅ ត្រូវបាន​បុរស​៣នាក់ ​ដែល​ស្លៀកពាក់​ស៊ីវិល​​ចាប់​ខ្លួន ​តាំងពីរំលងអាធ្រាត្រ​ថ្ងៃទី​១៦ ​​ខែ​​ឧសភា ដោយ​​ដឹក​តាម​​រថយន្ត​ឡិ​ច​​ស៊ីស ចេញ​ទៅ​​ដោយ​​​ពុំ​មាន​ការ​បង្ហាញ​ដីកា​​​នោះ​​ទេ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន(RSF) បានបញ្ចេញ​ប្រតិកម្មភ្លាមៗ​ទៅនឹងការចាប់ខ្លួន​​អ្នក​សារ​ព័ត៌​មាន​បរិស្ថាន​​ប្រចាំ​ខេត្ត​ស្ទឹង​ត្រែង​នេះ ដោយទា​ម​ទារ​ឲ្យ​ដោះ​លែង​ជា​បន្ទាន់។

នាយកការិយាល័យ​ប្រចាំតំបន់អាស៊ី​ប៉ាស៊ីហ្វិក នៃអង្គការអ្នកសារព័ត៌មាន​គ្មាន​ព្រំដែន លោក​ សេដ្រិក​ អាល់​​វ៉ានី ​បាននិយាយនៅ​ក្នុងសេចក្តីថ្លែងការណ៍មួយថា «ការចាប់ខ្លួនដោយបំពាន​ទៅលើ លោក​ អ៊ុក ម៉ៅ ដែល​ធ្វើ​ឡើង​​ដោយគ្មានដីកា គឺជាការកើនឡើងនៃការយាយីផ្នែក​តុលាការដ៏ធ្ងន់ធ្ងរ ដែល​អ្នកកា​សែត​បានស៊ូ​ទ្រាំ​ជាយូរមកហើយ»។

បើតាម​កាសែតម៉ុង​កាបេ លោក ​អ៊ុក ម៉ៅ ​ចាប់ផ្តើមមាន​បញ្ហា​​តាំងពីអំឡុង​ខែមិថុនា​ ឆ្នាំ​២០២៤ ​នៅ​ពេល​​ដែល​​​លោក​​​​​ត្រូវ​បាន​​សួរ​ ​ដោយ​​កង​រាជអា​វុធ​ហត្ថ​អំពី​ការ​​ស៊ើប​អង្កេត​​របស់​​លោក ​​ពាក់​​ព័ន្ធ​​នឹង​ការ​ឈូស​ឆាយ​ដី​ព្រៃ​​​ក្នុង​ព្រៃ​សហគមន៍​​ខេត្ត​​ស្ទឹង​ត្រែង​។

នៅ​​​ខែ​សីហា​ ឆ្នាំ​២០២៤​ដដែល ​អ្នក​សារ​ព័ត៌មាន​​រូ​ប​នេះ​ បាន​​ជួយ​ម៉ុង​ហ្គាបេ ដោយ​​រក​​ឃើញ​​ថា ក្រុម​ហ៊ុន​រុក​​រក​រ៉ែដែ​ល​​មាន​ទំនាក់​ទំនង​​ជាមួយយោធា​កម្ពុជា កំពុង​​កាប់​ឈើ​ក្នុង​ខេត្ត​​ស្ទឹង​ត្រែង​។

បន្ទាប់​ពីសារព័ត៌មាន​ម៉ុងហ្គាបេ បាន​ចុះ​ផ្សាយ​​រឿ​ង​នេះ លោក ​អ៊ុក ម៉ៅ ​​ក៏ត្រូវ​បាន​​ចោទ​ប្រកាន់​​​ពីប​ទ​កាប់​រាន​​​​ដីព្រៃ​រដ្ឋ​ដោយ​​ខុស​ច្បាប់​​ បើទោះ​បីជាលោក​តែង​តែ​មាន​ភាព​សកម្ម​ ​ក្នុង​ការ​​ចូល​​​​រួម​​ទប់​​ស្កាត់​​បទ​ល្មើសព្រៃឈើ​​​យ៉ាង​ណា​ក៏​ដោយ​​។

ក្នុង​បទ​សម្ភាសន៍​​ជាមួយវិទ្យុបារាំងអន្តរជាតិ RFI កាល​ពី​ថ្ងៃទី១៣ខែ​​ឧសភា អ្នកសារព័ត៌មាន​​ដែល​មាន​កូន៧​នា​ក់​​ក្នុងបន្ទុក ក្នុងនោះ​កូន​តូច​ជាង​គេ​ទើ​បកើត​បាន​៨​ខែ ​​​ថ្លែង​ថា លោក​​ធ្លាប់​​ត្រូវបាន​គេវា​យ​ដំ គេ​បោកទូរស​ព្ទ​​ចោល ដុត​ម៉ូតូ និង​ដុត​ផ្ទះ​​ចោល។

លោកថា នៅ​ពេល​លោកដាក់ពាក្យ​បណ្តឹង​ដើម្បី​រក​យុត្តិ​ធម៌ មន្ត្រី​មួយ​ចំនួន​ទាត់​​ចោល​ពាក្យ​បណ្តឹង​​របស់​លោ​ក តែ​​ពេល​​ដែល​ភាគី​ម្ខាង​ទៀត​ប្តឹង​លោក​វិញ គឺ​បែរ​ជា​​មន្ត្រី​មាន​ចំណាត់​ការ​​លឿន​​ទៅ​វិញ។

លោកថា៖ «ពាក់ព័ន្ធ​ជាមួយមន្ត្រី​ដែល​គាត់​ប្តឹងខ្ញុំហ្នឹង​​១៤​សំណុំ​​រឿង​ហើយ​មន្ត្រី​គាត់​ប្តឹង​ ​ប្តឹង​ខ្ញុំ​ថា ទី១​ខ្ញុំ​​ផ្លល់​​ព័ត៌​មាន​​​​ឱ្យ​​អាស៊ី​សេរី​ផ្សាយ​​ព័ត៌​មាន​​អត់​ពិត ញុះ​ញង់​​ឱ្យ​ពលរដ្ឋ​​​ទៅកាប់​ដី​ព្រៃ​ អាហ្នឹង​​​ជាលេ​ស​បស់​គាត់ គាត់​​ធ្វើ​ម៉េច​​ដើម្បី​​​ឱ្យ​តុលាការ​​ហ្នឹង​ដាក់​​បន្ទុក​​មក​​លើ​ខ្ញុំ។ ភាព​ជាក់​ស្តែង​គឺ​​អត់​មាន​ទេ អត់​មាន​ដូច​គាត់​ថា​ទេ។ ដល់​តែអា​រឿង​​​គេ​ដុត​ផ្ទះ​​ដុត​សម្បែង​ខ្ញុំ​​គេ​វ៉ៃ​តប់​ខ្ញុំ ខ្ញុំ​ប្តឹង​​បែរ​ជាតុ​លាការ​​ខេត្ត​​ស្ទឹង​ត្រែង ​គាត់​​តម្កល់​​រឿងអត់​ចាត់​ការ​»។

វីអូឌី​មិន​ទាន់​អាច​ទាក់​ទង​អ្នក​នាំពាក្យ​សាលាដំបូង​​ខេត្តស្ទឹងត្រែង លោក សុំ ស៊ាងហាក់ ​ដើម្បី​​​​ស្នើ​សុំ​​ធ្វើ​ការ​បញ្ជាក់​​លើ​ករណី​លោក អ៊ុក ម៉ៅ នេះ បាន​​​នៅ​ឡើយ​​ទេ​នៅថ្ងៃទី​​១​៩​​ខែ​ឧស​ភា​​នេះ។

ការចាប់​ខ្លួន​អ្នក​កាសែត​បរិស្ថាន​រូប​នេះ ​ធ្វើឡើង​​បន្ទា​ប់​ពី​មន្ទីរ​​បរិស្ថាន​​ខេត្ត​​ព្រះ​​វិហា​រ តាម​​រយៈ​​ក្រសួង​​បរិ​ស្ថាន​​ បាន​​​ចេញ​សេចក្តីប្រកាស​ព័ត៌​មាន​មួយ​ ​ចុះថ្ងៃ​ទី៩​ខែឧសភា ​​ដោយ​​បដិសេធ​​ការ​​រក​​ឃើញ​​បទ​ល្មើស​ព្រៃ​​ឈើ​​​របស់​​សកម្ម​​​ជន​​បរិស្ថាន ​លោក​ម៉ា ចិត្រា ដែល​ថា​ ​​មាន​​ដើម​ឈើតូចធំជាង២០០ដើម ​ត្រូវ​បាន​កាប់​ផ្តួល​​រំលំ​​ក្នុង​​ដែន​​ជម្រក​​​សត្វ​ព្រៃ​ព្រះ​រការ។

ក្រសួង​បរិស្ថាន​​បដិសេធថា នេះជាព័ត៌​មាន​មិន​ពិត​ គ្មានមូលដ្ឋានច្បាស់លាស់​ប្រើ​​ «ព័ត៌​​មាន​ចាស់ រូប​ភាពចាស់» មិន​ឆ្លុះ​​បញ្ចាំង​​ការ​​ពិត​ជាក់ស្តែ​ងនៃ​ស្ថា​ន​ភាព​ព្រៃ​ឈើ​ក្នុង​​ពេ​ល​​បច្ចុប្បន្ន​​​នេះ​​ទេ​។

ថែម​ទាំង​​បាន​ចោទ​ប្រកាន់ការ​ផ្សាយ​ពីករណី​កាប់​​​ឈើ​នេះ​​ថា ​ជា​​ការ​​ញុះ​ញង់​​​បំពុល​​សង្គម បម្រើឲ្យន​យោបា​យ​ក្រុ​មក្រៅច្បាប់​នៅ​ក្រៅ​ប្រទេស ​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដ​ល់​​កិត្តិ​យស​​ថ្នាក់​​ដឹក​នាំ និង​ស្ថាប័ន​ថែម​​ទាំ​ង​​ព្រមាន​​ចាត់​​វិធាន​ការ​​ផ្លូវ​ច្បាប់​​លើ​ លោក ​ម៉ា ចិត្រា ​ទៀត​ផង​។

យ៉ាងណាក្តី លោក ​ម៉ា ចិត្រា​ ​អះ​អាង​ថា បទ​ល្មើស​ព្រៃឈើ​​ដែល​​ក្រុម​លោក​​​រក​​ឃើញ​​ក្នុង​​ពេល​​ចុះ​ល្បាត​ព្រៃគឺ​​ជា​ករណី​​ថ្មី​ដែល​​ទើប​កើត​ឡើង​​នៅ​មុន​និង​ក្រោយ​ពិធី​​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ មិន​​មែន​ជាព័​ត៌មាន​​ចាស់​នោះទេ។

ពាក់​ព័ន្ធ​នឹងបទល្មើសព្រៃឈើនេះដែរ សារព័ត៌មាន D-TV News បាន​ចុះផ្សា​យ​​កាល​ពី​ថ្ងៃ​ទី​​១១ ​​ខែ​ឧសភាថា ដី​ព្រៃ​ការ​​ពារ​​ជាច្រើន​ហិកតា​ ​ស្ថិត​នៅ​ខាង​ក្រោយ​ស្នាក់​ការ​ផ្ដៀក​ធំ ឃុំ​បឹង​​ល្វា ស្រុក​សន្ទុក ខេត្ត​កំពង់​ធំ​ កំ​ពុ​ង​​​ត្រូវ​បានគេ​​​កាប់​ផ្តួល​រំលំ​​ដុត​​បំផ្លាញ​​ វាទ​​យ​ក​​​ដី​ធ្វើជាកម្ម​សិទ្ធិ ​​និង​សាង​សង់ខ្ទម ក្នុងតំបន់ការពារ​ទាំងនោះ​​យ៉ាង​អាណា​ធិប​តេយ្យ​។

វីអូឌី ​មិន​អាច​ទាក់​ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ​​​ដើម្បី​​ស្នើ​សុំ​​ធ្វើ​អត្ថា​ធិប្បាយ​​លើ​​បញ្ហា​ទាំ​ងនេះបាន​ទេ ​នៅថ្ងៃទី​២១​ខែឧសភានេះ។

ប៉ុន្តែ​លោក​បាន​ប្រាប់​វីអូឌី​កាល​ពីថ្ងៃ​ទី១២​​ខែឧសភា​ថា កិច្ចការ​ពារ​ធនធានធម្មជាតិ​ ​ចាំបាច់​ត្រូវ​មាន​ការ​​ចូល​​​រួមពី​គ្រប់​​ភាគី​​ដើម្បី​​ថែ​រក្សា​​ព្រៃ​ឈើ​ ហើយ​​ប្រជា​​​សហគមន៍​​​ក្នុង​​តំ​ប​​​ន់កា​រពារត្រូវសហការជាមួយ​មន្ត្រីមាន​សមត្ថ​កិច្ច ​ដើម្បី​​រាយការណ៍​ពីបទល្មើសព្រៃឈើ។

លោក ​ខ្វៃ អាទិត្យា ​ធ្លាប់បាន​អះអាងថា ក្រៅ​ពីកា​រអ​នុ​វ​ត្តច្បា​ប់​១០០% ដោយ​គ្មាន​ក​រណី​​លើក​​​លែង​​ទៅ​​លើ​ជន​​ល្មើ​ស​ធ​ន​ធា​ន​ធម្មជាតិ​ ក្រសួង​​បរិស្ថាន​​ក៏​បាន​​លើក​​កម្ពស់ និង​​ជំរុញ​ការ​​ដាំដើម​​ឈើ​ឡើ​ង​វិញ ដោយ​​មាន​​​​គោ​ល​ដៅ​ដាំដើម​​​ឈើ​ឱ្យ​​បាន​​ច្រើន ដើម្បី​​បង្កើន​​គម្រប​​ព្រៃ​ឈើ​​ឱ្យ​បា​ន​៦០%​ នៅត្រឹម​ឆ្នាំ​២០៥០ផង​ដែរ​។ បន្ថែម​ពី​នេះ ​លោក​​នាយក​​​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​ធ្លាប់​បាន​ចេញ​បញ្ជាឱ្យ​​មន្ត្រី​​ពាក់​ព័ន្ធ​​ទាំង​​អស់ ​ត្រូវរួម​គ្នា​​អនុវត្តច្បាប់​​ឱ្យ​បាន​​តឹង​រ៉ឹង​បំផុត ​ចំពោះ​​ក្រុម​ប្រព្រឹត្ត​បទ​ល្មើស​​បំផ្លាញ​​ធន​ធាន​​ធម្ម​ជាតិ ​ដើម្បី​​​ថែ​រក្សា​ធន​ធាន​ធម្មជាតិ​​ទុក​​សម្រាប់​ក្មេង​ជំនាន់​ក្រោយ។

ប៉ុន្តែយ៉ាងណាក្តី​ សកម្មជនបរិស្ថាន​ លើកឡើង​ថា បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​​ដែល​នៅ​តែ​បន្តកើតឡើង​រហូត​​មក​​ដល់បច្ចុប្បន្ននេះ គឺមានការគប់​គិតគ្នា​ជាប្រព័ន្ធ​​រវាង​មន្ត្រីមាន​អំណាច​​​និង​ឈ្មួញ​រកស៊ីឈើ​ ដែល​ស្និទ្ធ​នឹង​គ្រួសារ​ហ៊ុន ដូច​​ជា លោក​​អ្នកឧកញ៉ា ទ្រី ភាព ជាដើម និង​​ថា រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន​ គ្មាន​​ឆន្ទៈ​​ពិតប្រាកដ​​ក្នុង​ការ​ទប់ស្កាត់​ការបំផ្លិចបំផ្លាញធនធាន​ធម្មជាតិ​នោះទេ។

 ជាក់ស្តែងដូច​​កាលពីពេល​ថ្មីៗនេះ លោក ​ហ៊ុន ម៉ាណែត ខ្លួន​ឯង​ បាន​ចុះ​ហត្ថលេខា​លើ​អនុ​ក្រឹត្យមួយសម្រេច​កាត់​ដី​៩៩​ហិកតា នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​​ព្រៃ​​ឡង់ ស្ថិត​ក្នុង​ឃុំ​បឹង​​ចារ ស្រុក​សំបូរ ខេត្ត​ក្រចេះ ឱ្យ​ក្រុម​ហ៊ុន ខេ ភី ស៊ីមេន អ៊ិនដា​ស​ស្ទ្រី (K.P Cement Industry Co.,Ltd) សម្រាប់​​វិនិយោគ​បង្កើត​​រោងចក្រ​​​ផលិត​​ស៊ីម៉ងត៍។

សកម្មជនបរិស្ថាន ​និង​ក្រុមអ្នកអភិរក្ស​ជាច្រើន ​បាន​​សម្តែង​ការ​​ភ្ញាក់​ផ្អើល​យ៉ាង​​ខ្លាំង​ ​ចំពោះ​​ការ​​​សម្រេច​ផ្តល់​​ដី​ព្រៃ​អភិរក្ស​​​ឱ្យ​បង្កើត​​រោង​ចក្រ​ស៊ីម៉ង់ត៍​​​នេះ ខណៈ​​​ដី​វាល​និង​​​ដី​ព្រៃ​រិក​រិល​​ជាច្រើន​​ បែរជា​ត្រូវ​ទុក​ទំនេរ​ចោលទៅ​វិញ។

សកម្មជន​ចលនាមាតាធម្មជាតិ ​អ្នកស្រី ស៊ុន រដ្ឋា បាន​ប្រាប់​វីអូឌី​ថា អ្នកស្រី​មើល​​​មិន​ឃើញ​ពី​​ផល​​ចំណេញ​ដែ​​​​ល​ក្រសួង​​​តែង​តែ​​ច្រាន​​ចោល ​និង​ចោទប្រកាន់ទៅលើ​អ្នកដែល​ហ៊ាន​ផ្សព្វ​ផ្សាយ​​ពីបទល្មើសព្រៃឈើនោះ​ឡើយ​។

អ្នកស្រីចាត់ទុក​ឥរិយាបទរបស់​ក្រសួង​បរិស្ថានថា ជាការ​ដើរទៅ​រកភាពបរាជ័យ​នៃគម្រោង​ស្តារ​គម្របព្រៃឈើ ខណៈ​​អ្នក​ចូលរួមការ​ពារព្រៃ​ឈើ ​និង​អ្នករាយការណ៍ពីវិនាសកម្ម​​​ព្រៃឈើ ​បែរជា​ក្លាយ​​ទៅ​ជា​ជន​ល្មើស​ ឯ​ជន​ល្មើស​ពិត​​ប្រាកដ បែរ​ជា​នៅ​​​តែ​អាច​បន្តកា​ប់​​បំផ្លាញ​​ព្រៃ​ឈើ​​យ៉ាង​​ចាស់​ដៃ​ និង​​ទទួល​​បាន​​ការ​ការ​ពារ​​ពីក្រសួង​​ទៅ​វិញ​។

អ្នកស្រីថា៖ «យើងអាចចាត់ទុកថា វាជាភាព​បរាជ័យ​ ​និង​ជាភា​ព​អាម៉ាស់​មួយ​របស់​​ក្រសួង​​បរិស្ថាន ​ជាពិសេ​​ស​​​គឺ ​លោក ​អ៊ាង សុផល្លែត។ កន្លង​មក ​លោក​​តែ​ង​តែ​​ចោទ​សកម្ម​ជន​ ​លោក​​តែង​តែ​​ចោទ​សហគមន៍ថា​គ្មាន​​វិជ្ជា​​ជីវៈ​ ចុះ​តើលោក​​ដែល​​មាន​​វិជ្ជា​ជីវៈ​​ហ្នឹង ​បាន​បំពេញ​តួនាទី​អ្វីខ្លះហើយ​ បាន​ធ្វើអ្វីខ្លះ​ហើយ ​ដើម្បី​ស្តារ​គម្រ​​ប​​​ព្រៃ​​ឈើឡើ​ង​វិញ​​ ហើយ​​តើ​​លោក​​បាន​​ចាត់​វិធានការ​អ្វីខ្លះហើយ ទៅលើ​អ្នកកាប់បំផ្លាញ​ព្រៃឈើ ​ឈ្មួញ​​ព្រៃឈើ ​​​អ្ន​កបំផ្លាញ​ធនធាន​ធម្មជាតិ​ ក្រៅតែពីការ​ចាត់វិធានការ​ទៅ​​លើ​សកម្មជន ​និងអ្នកការពារបរិស្ថាន»។

ទាក់​ទង​នឹងការ​កាប់បំផ្លាញ​ព្រៃឈើ​ឥតឈប់ឈរនេះ អ្នកស្រី វ៉ាយ ឡាយសៀន លេខា​​សហគមន៍​សមូហភាព​មេមុំ នៅក្នុង​ឃុំរយ៉ ខេត្ដមណ្ឌលគិរី ​បាន​និយាយ​នៅក្នុង​កម្មវិធី​​សហ​គមន៍​ខ្ញុំ​នៃវិទ្យុស្ត្រី​ កាល​ពី​ថ្ងៃ​ទី​​១៧​ខែ​ឧសភា ដោយ​​បាន​​សម្តែង​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​ខ្លាំង​​ពី​​ទុក្ខ​​លំបាក​​របស់​​ជន​ជាតិ​​ដើម​​ភាគ​តិច​ ទៅ​​ថ្ងៃ​មុខ​នៅ​ពេល​​ដែល​អស់​ព្រៃ​ឈើ។

អ្នកស្រីថា៖ «ហើយ​ជាក់​ស្តែង​​ដូច​សព្វ​ថ្ងៃ​នេះ​ ​ព្រៃឈើ​នៅ​​ប៉ុណ្ណឹង​ហើយ​ ប៉ុន្តែជី​វភាព​គាត់​​ខ្វះ​មែន​ទែន ចុះ​​ប្រសិន​​​​​បើ​ព្រៃ​ឈើអ​ស់​គាត់​​មិន​ដឹង​ថា ទៅ​រក​កន្លែង​ណា? ដូច​រាល់​ថ្ងៃ​យើង​​ទទួល​​ផល​ពី​​ផ្លែ​​គុយ អស់​ពី​ផ្លែគុយ​ខែ​៥​​ខែ៦​​ទៅ​​ផ្សិត​ប៉ក់ ឬ​ក៏​ឫស​ឈើ ​​ឬ​ក៏​អ័រ​គីដេ ឬ​ក៏​ទឹក​ឃ្មុំអី​ផ្សេងៗ​​ចឹង ប៉ុន្តែ​​ប្រសិន​​បើអស់​​ព្រៃ​ហ្នឹង​​ខ្ញុំ​មិន​ដឹង​ថា គា​​ត់ទៅ​​ណា​ទេ​ខ្ញុំ​ពិបាក​​គិត​ពីបញ្ហានឹ​ង​ជាមួយ​​ពួក​​គាត់ បើ​ព្រៃឈើនៅ​ប៉ុណ្ណឹងជីវភាពពួកគាត់​លំបាកប៉ុណ្ណឹ​ង​ហើយ ​ចុះទម្រាំអស់​ព្រៃឈើ​ទៅ​ទៀត​មិន​ដឹងថា ពិបាក​យ៉ាងណាទេ»

​បើតាម​​អង្គការ​​មាតា​ធម្មជាតិ​នៅក្នុ​ង​ឆ្នាំ​២០២៣ កម្ពុជា​​បា​ន​បាត់​បង់​គម្រប​ព្រៃឈើ​រហូត​​ដល់ ​១២១ ០០០ ហិកតា ក្នុងនោះ​ចំនួន ១១ ៥០០ ហិកតា ត្រូវ​បាន​បាត់​បង់​ក្នុង​ព្រៃ​អភិរក្ស​​​ព្រៃ​​ឡង់​។

អង្គការនេះ​​អំពាវនាវ​ឱ្យមាន​ចលនាមហាជនចូលរួម ទាមទារឱ្យមានការ​សង្រ្គោះ​ព្រៃឡង់ ដោយ​សូម​ឱ្យ​បញ្ឈ​​​​ប់​​​​គម្រោង​​​សាងសង់​រោងចក្រ​ស៊ីម៉ង់ត៍ ដូច​ដែល​ធ្លាប់បានធ្វើឱ្យ​មាន​​ការសង្គ្រោះព្រៃ​ភ្នំតាម៉ៅ​ ពីការ​កាប់​បំផ្លា​ញ​ ៥០០​ហិកតា ​​កាលពីឆ្នាំ​​២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ