ការដែលក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ ប្រកាសថា អស់លទ្ធភាពទិញផ្ទះពីអតិថិជនវិញនោះ ក្លាយជាក្តីបារម្ភពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលទាមទារឱ្យមេដឹកនាំគ្រួសារហ៊ុន ប្រញាប់ស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដើម្បីទទួលបានអំណោយផលសេដ្ឋកិច្ចពីលោកសេរីឡើងវិញ។
ការលើកឡើងនេះ ក្រោយក្រុមហ៊ុនបុរីពិភពថ្មីរបស់អ្នកឧកញ៉ា ហុង ពីវ ប្រកាសថា ពេលនេះក្រុមហ៊ុនបុរីពិភពថ្មី អស់លទ្ធភាពទិញផ្ទះពីអតិថិជនវិញទៀតហើយ ក្រោយចំណាយលុយជាង ៣៨លានដុល្លារ ទិញក្នុងពេលកន្លងមកវិញ។
បើតាមសេចក្តីប្រកាសកាលពីថ្ងៃទី១៩ ខែឧសភានេះ បញ្ជាក់ថា រយៈពេល១៨ខែមកនេះ ក្រុមហ៊ុនបានទិញផ្ទះពីអតិថិជនវិញចំនួន ៣៥៧១ផ្ទះ ហើយថា ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកលមិនទាន់ល្អនៅឡើយ ទើបក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀត។
ការទិញផ្ទះចូលវិញនេះ ក្រោយក្រុមអ្នកទិញផ្ទះអស់លទ្ធភាពបង់រំលស់ បន្តឱ្យមានការផ្ទុះការតវ៉ាជាបន្តបន្ទាប់ ក្នុងពេលកន្លងទៅ ពេលដែលក្រុមហ៊ុនរឹបអូសយកផ្ទះពីអតិថិជនដោយបង្ខំរំលោភកិច្ចសន្យាទិញលក់។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ការប្រកាសនេះ ជាសញ្ញាអាសន្នថាក្រុមហ៊ុនបុរីជាច្រើនទៀត នៅកម្ពុជាប្រឈមក្ស័យធន់ឆាប់ៗ ដោយសារតែសេដ្ឋកិច្ចកម្ពុជាកំពុងដាំក្បាលចុះ។
លោកថា បញ្ហានេះ ដោយសារមេដឹកនាំគ្រួសារហ៊ុន ដឹកនាំប្រទេសបែកផ្តាច់ការ ធ្វើឱ្យរងទណ្ឌកម្មសេដ្ឋកិដ្ឋ មានការកាត់ប្រព័ន្ធអនុគ្រោះពន្ធ GSP និង EBA ព្រមទាំងថ្មីៗនេះ អាមេរិកបានយកពន្ធ៤៩ភាគរយលើកម្ពុជាថែមទៀត។
លោកថា៖ «ត្រូវតែងាកមកផ្លូវប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ដោះលែងអ្នកទោសនយោបាយ រៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទៅ យើងបានប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយមកវិញ ហើយនិងអាមេរិកក៏ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅGSPហ្នឹង មកដល់កម្ពុជាឡើងវិញ យើងមិនបាច់បង់ពន្ធនោះទេ នៅពេលនាំទំនិញមកអាមេរិក មិនបាច់បង់ពន្ធរហូតដល់៤៩ភាគរយទេ។ អាហ្នឹងវាអាចស្តារសេដ្ឋកិច្ចកម្ពុជាឱ្យល្អប្រសើរទៅ ប្រជាពលរដ្ឋក៏មានជីវភាពធូរធារមានការងារធ្វើ អាហ្នឹងជាការមួយដែលរដ្ឋាភិបាលដែលជា រដ្ឋាភិបាលដែលថាស្រឡាញ់ប្រជាពលរដ្ឋ ទុក្ខប្រជាពលរដ្ឋជាធំ»។
យ៉ាងណា កាលពីខែកុម្ភៈ ឆ្នាំ២០២៥នេះ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោក តាន់ ហ្សង់ហ្រ្វង់ស័រ ធ្លាប់ថ្លែងថា សេដ្ឋកិច្ចកម្ពុជាងើបយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់រដ្ឋាភិបាលគ្រួសារហ៊ុន បើទោះបីបន្ទាត់នយោបាយត្រូវគេមើលឃើញថា បន្សល់ទុកពលរដ្ឋច្រើនលាននាក់ កំពុងធ្លាក់ក្នុងវិបត្តិបំណុលវណ្ឌក ខ្លះប្រឈមដាច់បាយ គ្មានលុយព្យាបាលជំងឺ កសិករជួបវិបត្តិទីផ្សារច្រើនទសវត្សរ៍ទៅនេះក្តី។
លោកថា៖ «ជារួមស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា បើប្រៀបធៀបនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចសកល មិនអាក្រក់នោះទេ ប៉ុន្ដែផ្ទុយទៅវិញវាមានសន្ទុះខ្លាំង និងមានកម្ពស់ខ្ពស់។ ខ្ញុំលើកឡើងបែបនេះ ព្រោះថា តាងនាមរាជរដ្ឋាភិបាល តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខ្ញុំចង់លើកទឹកចិត្តឲ្យប្រជាជនខ្មែរមានសុទិដ្ឋិនិយម ដោយសារតែតួលេខដែលខ្ញុំលើកឡើងមុននេះ សុទ្ធតែចេញមកពីស្ថាប័នហិរញ្ញវត្ថុអន្ដរជាតិ ដូចជា ធនាគារពិភពលោក និងIMF»។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកថា ការថ្លែងនេះជាវប្បធម៌បិតបាំងការពិត ដែលនាំឱ្យកម្ពុជាជួបគ្រោះថ្នាក់សេដ្ឋកិច្ចធ្ងន់ធ្ងរ ហើយក៏គំរាមដល់អំណាចគ្រួសារហ៊ុនដែរ បើមិនកែលម្អទាន់ពេល។
លោកថា៖ «ក្នុងស្ថានភាពបច្ចុប្បន្ន ប្រជាពលរដ្ឋអាចទប់កំហឹងលែងបានចុះទាមទារយុត្តិធម៌គ្រប់គ្នាទៅ វាអាចជំរុញដល់ការផ្លាស់ប្តូររដ្ឋាភិបាលហ្នឹងក៏អាចថាបានដែរ ព្រោះអត់មានអ្វីទៀងទាត់ទេ។ កម្ពុជាសព្វថ្ងៃហ្នឹង វាអាចដែរ វាអាចបើសិនស្តារស្ថានការណ៍មិនស្រួលទេ វាអាចស្ថានការណ៍កម្ពុជា វាប្រែប្រួលដូចករណីនៅស្រីលង្កាប៉ុន្មានឆ្នាំមុន។ អ៊ីចឹងរដ្ឋាភិបាល ហ៊ុន ម៉ាណែត ប្រញាប់ភ្ញាក់រឭកទៅ ហើយរកមធ្យោបាយរួមគ្នាជាមួយខ្មែរ និងខ្មែរគ្នាឯងហ្នឹង ដើម្បីកសាងស្ដារមុខមាត់កម្ពុជាផង ស្តារសេដ្ឋកិច្ចកម្ពុជាផង កុំចេះតែធ្វើរបាយការណ៍កុហកបោកប្រាស់តទៅទៀត ព្រោះអាហ្នឹងវាអត់បានផលអីទេ»។
ការិយាល័យឥណទានកម្ពុជា ហៅកាត់ថាCBC ថ្មីៗនេះ បានចេញរបាយការណ៍មួយដោយកត់ត្រាថា គិតត្រឹមបំណាច់ឆ្នាំ២០២៤ ពលរដ្ឋខ្មែរបានជំពាក់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ ជិត ៦០ពាន់លានដុល្លារ។
បើតាមរបាយការណ៍នោះ ក្នុងចំណោមសមតុល្យឥណទានជិត ៦០ពាន់លានដុល្លារនេះ CBCបានរាយការណ៍ថា ប្រមាណ៦០% ត្រូវបានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ទៅឱ្យពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងសៀមរាប។
ចំនួននេះមិនទាន់រាប់បញ្ចូលជនរងគ្រោះ រាប់ម៉ឺនគ្រួសារទៀត ដែលកំពុងរួមរឹតដោយវិបត្តិបំណុល ដោយសារពួកគេចាញ់បោកក្រុមឧកញ៉ាលក់អចលនទ្រព្យ ដែលស្និទ្ធនឹងមេដឹកនាំ មានឧកញ៉ា ឡេង ណាវ៉ាត្រា អតីតឧកញ៉ា ហ៊ី គឹមហុង និងអតីតឧកញ៉ា ឡេង ចាន់ណា ជាដើម។
ជិត១០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ត្រូវបានតុលាការកំពូល ដែលមានចៅក្រមកាត់ក្តីជាសមាជិកបក្សកាន់អំណាចផងនោះ បានចេញសាលដីការំលាយបក្សប្រឆាំងមួយនេះ ចេញពីទីលាននយោបាយ។ មេដឹកនាំបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវឃុំខ្លួន ក្រោមការចោទថាគប់គិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាល រីឯលោក សម រង្ស៊ី ត្រូវនិរទេសខ្លួននៅក្រៅប្រទេសរហូតបច្ចុប្បន្ន។
ក្នុងស្ថានភាពនោះ សហគមន៍អន្តរជាតិ បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគណបក្សកាន់អំណាច។
បន្ថែមលើនេះ សភាអឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប សើរើឡើងវិញអំណោយផលប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា ដែលជាការឆ្លើយតបការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគ្រួសារហ៊ុន។
ការអនុម័តឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ចំនួន៨០% ត្រូវបានគេមើលឃើញថា គឺជាទណ្ឌកម្មសេដ្ឋកិច្ចធំមួយ ក្នុងអាណត្តិ លោក ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រី បន្តពីឪពុករបស់លោក ដែលវិបត្តិនេះ នឹងគំរាមកំហែងដល់ជីវភាពពលរដ្ឋច្រើនលាននាក់ បើបក្សកាន់អំណាចធ្វើឱ្យរបូត EBA ដែលនៅសេសសល់។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់និយាយថា ការស្តារប្រជាធិបតេយ្យប្រកបដោយការជឿទុកចិត្តពីសហគមន៍ជាតិ និងអន្តរជាតិ ជាមូលដ្ឋានរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ ដែលជាប្រយោជន៍សេដ្ឋកិច្ច និងចំណូលពលរដ្ឋខ្មែរច្រើនលាននាក់។ ប៉ុន្តែផ្ទុយទៅវិញ បើមេដឹកនាំធ្វើឱ្យបាត់អំណោយផលខាងពាណិជ្ជកម្មនេះ ពលរដ្ឋខ្មែរ១លាននាក់នឹងបាត់បង់ការងារ ហើយវានឹងជំរុញឱ្យមានចលាចលសង្គមបើពលរដ្ឋជួបវិបត្តិគ្រួសារ៕