អ្នកឃ្លាំមើលសង្គម ជំរុញឱ្យរដ្ឋាភិបាលឈាមថ្មីនៃគណបក្សប្រជាជន បញ្ឈប់ការប្រើប្រាស់ពាក្យ «សន្តិភាព» ធ្វើជាប្រជាភិថុតិបោកប្រាស់ពលរដ្ឋតទៅទៀត ដោយថាការដឹកនាំបច្ចុប្បន្ន ពោរពេញទៅដោយអំពើពុករលួយ និងបទឧក្រិដ្ឋច្រើនទម្រង់ កំពុងគំរាមកំហែងជីវភាពប្រជាពលរដ្ឋ។
លើសពីនេះ ពួកគេជំរុញឱ្យរដ្ឋាភិបាលងាកទៅរកផ្លូវត្រូវ ដើម្បីដោះស្រាយបញ្ហារ៉ាំរ៉ៃក្នុងសង្គម និងសុខុមាលភាពពលរដ្ឋជាចម្បង ទើបសង្គមកម្ពុជាអាចមានសន្តិភាពពិតប្រាកដ។
វិបត្តិកសិផលគ្មានទីផ្សារ លំហូរចូលចំណីអាហារមានជាតិគីមី ល្បែងអនឡាញខុសច្បាប់ រួមទាំងបញ្ហាសង្គមជាច្រើនទៀត កំពុងញ៉ាំញីជីវភាព និងផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជា ដែលបានបន្សល់ទុកជាភស្តុតាង ចង្អុលបង្ហាញពីសមត្ថភាពរបស់មេដឹកនាំ។
តែជាការសង្កេត បើទោះបីបញ្ហាទាំងនេះកើតឡើង និងមើលឃើញរាល់ថ្ងៃ ប៉ុន្តែថ្នាក់ដឹកនាំរដ្ឋាភិបាល នៅតែទន្ទេញរត់មាត់នូវឃ្លា «អរគុណសន្តិភាព»។
នៅក្នុងពិធីសម្ពោធរោងចក្រផលិតស៊ីម៉ងត៍មួយ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងអំណួតពីការទន្ទិញពាក្យសន្តិភាព ទោះមជ្ឈដ្ឋានខ្លះធុញដោយអះអាងថា សន្តិភាពនេះហើយដែលធ្វើឱ្យកម្ពុជាលែងមានសង្គ្រាម អាចពលរដ្ឋរស់នៅមានក្ដីសុខ។
លោកថា៖ «ពាក្យសន្តិភាពមួយម៉ាត់ យើងអាចធុញ យើងអាចស្ដាប់ឮរាល់ថ្ងៃ យើងអាចដេកយល់សប្តិ។ គេថាឱ្យខ្ញុំ ឮតែនិយាយពាក្យហ្នឹង គេថាគេធុញ ខ្ញុំថាអ្នកណាធុញៗទៅ ខ្ញុំនិយាយទៀតរហូតទាល់តែអ្នកដេកយល់សប្តិក៏យល់សប្តិឃើញដែរ វាប្រសើរជាងបាត់ពាក្យនេះ»។
ប៉ុន្តែបើគេពិនិត្យមើល ពីការសិក្សានានាវិញ ហាក់ផ្ទុយពីការលើកឡើងរបស់មេដឹកនាំរូបនេះ។ ផ្ទុយនៅត្រង់ថា ពលរដ្ឋជាង៥លាននាក់ ត្រូវបានគេរកឃើញថា រស់នៅក្រោមសម្ពាធបំណុល ការចំណាកស្រុកទាំងប្រថុយនឹងគ្រោះថ្នាក់ ដើម្បីតែរកលុយសងធនាគារ អ្នករងគ្រោះរាប់ម៉ឺននាក់ ចាញ់បោកក្រុមឧកញ៉ា និងស្លាប់ជាបន្តបន្ទាប់ ដោយសារប្រព័ន្ធច្បាប់ មិនការពារជនងាយរងគ្រោះ។
លើសពីនេះ ទូរទស្សន៍ ABC របស់អូស្ត្រាលី កាលពីថ្ងៃទី១៩ ខែឧសភា បានចេញផ្សាយការសិក្សារបស់វិទ្យាស្ថាន Humanity Research Consultancy (HRC) អំពីរបាយការណ៍ស្រាវជ្រាវមួយ ពីទំហំឧក្រិដ្ឋកម្មឆ្លងដែននិងអនឡាញដែលកំពុងរីកធំនៅកម្ពុជា។
ការសិក្សានោះ រកឃើញថា បណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា កំពុងពង្រីកខ្លួនក្រោមការគាំពារ ពីអំណាចគ្រួសារហ៊ុន បង្កការគំរាមកំហែងដល់សន្តិសុខពិភពលោក។
ទាំងនេះ ត្រូវបានក្រុមអ្នកនយោបាយជំទាស់ វាយតម្លៃថា ពលរដ្ឋខ្មែរទូទាំងប្រទេស កំពុងរស់នៅក្នុងចំណុចប្រកាសអាសន្ន ក្រោមបន្ទាត់គំរាមកំហែងពីឧក្រិដ្ឋកម្មច្រើនទម្រង់ ខណៈមេដឹកនាំកំពូល ក្លាយជាមេឧក្រិដ្ឋកម្មអន្តរជាតិ ដែលចាំបាច់ត្រូវរួមគ្នាជំរុញចរន្តផ្តាស់ប្តូរ ដើម្បីរើខ្លួនចេញពីវិបត្តិទាំងនេះ ។
សម្រាប់អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ឃើញថា មិនមែនឱ្យតែប្រទេសគ្មានសង្គ្រាម គឺមានសន្តិភាពនោះឡើយ។
លោកប្រដូចរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ទៅនឹងប្រទេសកូរ៉េខាងជើង ដែលដឹកនាំប្រទេសតាមបែបគ្រួសារនិយម ខណៈពលរដ្ឋរស់នៅដោយភាពភ័យខ្លាច មិនហ៊ានបញ្ចេញមតិពីភាពអសកម្មនានាដោយបើកចំហ។
លោក អ៊ុំ សំអាន សង្កត់ធ្ងន់ថា ប្រទេសមួយអាចមានសន្តិភាពពេញលេញបាន លុះត្រារដ្ឋាភិបាលប្រទេសនោះមានឆន្ទៈលុបបំបាត់អំពើពុករលួយ ដោះស្រាយបញ្ហាធំៗក្នុងសង្គម ជាពិសេសគឺការបើកលំហនយោបាយ និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិ មិនមែនការបង្កើតសន្តិភាពក្លែងក្លាយ ឬសន្តិភាពសម្រាប់បក្ខពួកបែបនេះឡើយ។
លោកថា៖ «នៅពេលដែលមេដឹកនាំប្រើសន្តិភាពក្លែងក្លាយ ដើម្បីលួងចិត្តប្រជាពលរដ្ឋ វានឹងធ្វើឱ្យសង្គមហ្នឹង រងភាពអយុត្តិធម៌ ពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច ហើយសង្គមហ្នឹងពោរពេញដោយអសន្តិសុខទាំងផ្លូវកាយ និងផ្លូវចិត្ត»។
ឃ្លា«អរគុណសន្តិភាព» ត្រូវបានបង្កើតឡើងដោយអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីដើមឆ្នាំ២០២០។ ក្រោយមកឃ្លានេះ ក៏រីកសាយភាពរហូតដល់បង្កើតបដា ឬដាប់ឆ្លាក់លើថ្ម នៅតាមក្លោងទ្វារក្រសួងស្ថាប័ន មន្ទីរពេទ្យ សាលារៀន ផ្សារ និងមិនលើកលែងសូម្បីវត្តអារាម។
ត្បិតឃ្លានេះល្អស្ដាប់ ប៉ុន្តែប្រជាពលរដ្ឋខ្មែរខ្លះអស់សំណើច ខ្លះឈឺចាប់ និងអ្នកខ្លះស្អប់ខ្ពើម ព្រោះវាបានក្លាយជាឃ្លាដែលតំណាងពីគណបក្សប្រជាជនកម្ពុជា និងគ្រួសារត្រកូលហ៊ុន ដែលដឹកនាំប្រទេសតាមបែបគ្រួសារនិយម បក្ខពួកនិយម គាបសង្កត់ផ្លូវចិត្តប្រជាពលរដ្ឋជាច្រើនឆ្នាំមកនេះ។
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជា កំពុងស្ថិតក្នុងលំដាប់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ពលរដ្ឋជំពាក់បំណុលធនាគារ និងអ្នកខ្លះរងភាពអយុត្តិធម៌រាប់ឆ្នាំ បញ្ហាថ្មីមួយបន្ថែមទៀត ក៏កំពុងញាំញីសន្តិភាពផ្លូវចិត្តពលរដ្ឋនោះ គឺឧក្រិដ្ឋកម្ម និងការឆបោកតាមអនឡាញ ដែលបង្កឡើងដោយជនបរទេស។
ទាក់ទិនរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា មានប្រសាសន៍ថា ប្រទេសគ្មានសង្គ្រាម គឺជាចំណុចចាប់ផ្ដើមនៃការកសាងសន្តិភាព តាមរយៈការគិតគូរពីសុខុមាលភាព ជីវភាព និងសិទ្ធិសេរីភាពប្រជាពលរដ្ឋ។
លោកចង់ឃើញរដ្ឋាភិបាលបន្តដឹកនាំប្រទេសតាមមាគ៌ាសន្តិភាព ដោយគោរពតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស គោលការណ៍សិទ្ធិមនុស្ស និងនីតិរដ្ឋ។
លោកថា៖«ពលរដ្ឋត្រូវរស់នៅក្នុងសង្គមមួយដែលមានយុត្តិធម៌ មានការគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយរដ្ឋត្រូវតែមានកាតព្វកិច្ចក្នុងការធានា ធ្វើយ៉ាងណាកុំឱ្យមានការរំលោភបំពារបំពានសិទ្ធិមនុស្ស ហើយអ្នកដែល រំលោភបំពារបំពានសិទ្ធិ រំលោភបំពារបំពានច្បាប់ ត្រូវតែទទួលទោស ត្រូវតែដាក់ពិន័យទោសទណ្ឌតាមច្បាប់ គេហៅថាប្រទេសដែលគោរពច្បាប់តាមគោលការណ៍នីតិរដ្ឋត្រឹមត្រូវ»។
ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីវេទិកាដែលលោក ហ៊ុន ម៉ាណែត និយាយឃ្លាអរគុណសន្តិភាព នៅថ្ងៃនេះ ពោលគឺស្ថិតនៅក្នុងស្រុកឱរ៉ាល់ផ្ទាល់តែម្ដង ប្រជាពលរដ្ឋរាប់រយគ្រួសារបន្តដេកឱបភាពអយុត្តិធម៌អស់រយៈពេលជាង១០ឆ្នាំមកហើយ ក្រោយឧកញ៉ា លី យ៉ុងផាត់ រំលោភយកដីធ្វើជារោងចក្រស្ករអំពៅ ខណៈរដ្ឋាភិបាលមិនបានអើពើនឹងបញ្ហានេះឡើយ។
កម្ពុជាត្រូវបានបណ្ដាអង្គការអន្តរជាតិធំៗ រកឃើញថា ជាប្រទេសដែលមានអំពើពុករលួយ និងការបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ជាក់ស្ដែង របាយការណ៍សន្ទស្សន៍អំពើពុករលួយឆ្នាំ២០២៤ ចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ នៅដើមឆ្នាំ២០២៥នេះ បានដាក់ចំណាត់ថ្នាក់អំពើពុករលួយនៅកម្ពុជា នៅលេខរៀងទី១៥៨ ក្នុងចំណោមប្រទេស១៨០ លើពិភពលោក។
ចំណាត់ថ្នាក់នេះ បានទាញទម្លាក់ឱ្យប្រទេសកម្ពុជា ជាប់ជាប្រទេសប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរកម្រិតទី៤ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលនៅលើតែ ៣ប្រទេសប៉ុណ្ណោះ គឺប្រទេសភូមា ប្រទេសអាហ្វហ្គានីស្ថាន និងប្រទេសកូរ៉េខាងជើង ខណៈនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសសន្តិភាពមួយនេះ ជាប់ចំណាត់ថ្នាក់លេខ២ ខាងប្រព្រឹត្តិអំពើពុករលួយ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ដែលកំពុងមានសង្គ្រាមផ្ទៃក្នុង៕