អង្គការ-សមាគមចំនួន១៤ អំពាវនាវដល់អាជ្ញាធរកម្ពុជា ដោះលែងអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ ជាបន្ទាន់ និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងទៅលើរូបគាត់ ព្រមទាំងអ្នកសារព័ត៌មានផ្សេងទៀត និងធានាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ របស់អង្គការ-សមាគមចំនួន ១៤ បានលើកឡើងថា ពួកគេមានការព្រួយបារម្ភជាខ្លាំង ចំពោះការចាប់ខ្លួនដោយមិនត្រូវទៅលើអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ ក្រោយពីលោករាយការណ៍អំពីការកាប់បំផ្លាញព្រៃឈើ។
អង្គការ-សមាគមទាំងនោះ ក៏បានចាត់ទុកការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ទៅ លោក អ៊ុក ម៉ៅ ថាជាផ្នែកមួយនៃការព្យាយាមបំភិតបំភ័យ និងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ដែលអ្នកទាំងនោះ តែងតែលាតត្រដាងនូវការកេងប្រវ័ញ្ចធនធានធម្មជាតិ និងបុគ្គលដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ចទាំងនេះ។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ទៀតថា៖ «ការកំណត់មុខសញ្ញាមកលើអ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់អំពើហិង្សា គំរាមកំហែង និងរំលោភបំពានតាមផ្លូវតុលាការ មិនត្រឹមតែជាការរំលោភបំពានលើសិទ្ធិសេរីភាពបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភបំពានលើលទ្ធិប្រជាធិបតេយ្យ ការយកចិត្តទុកដាក់ពីសាធារណជន និងអភិបាលកិច្ចបរិស្ថានផងដែរ។ ករណីរបស់លោក អ៊ុក ម៉ៅ មិនត្រូវក្លាយជាឧទាហរណ៍មួយទៀតនៃនិទណ្ឌភាព និងការគាបសង្កត់នោះទេ»។
ករណីនេះ អង្គការ-សមាគមទាំង១៤ បានអំពាវនាវដល់រដ្ឋាភិបាល ដោះលែង លោក អ៊ុក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងធានាការស៊ើបអង្កេតឯករាជ្យមិនលម្អៀង ទៅលើហិង្សាដែលកើតឡើងលើរូបលោក កាលពីថ្ងៃទី២៤ ខែមិនា។
ក្រៅពីនោះ ពួកគេក៏បានទាមទារឱ្យបញ្ឈប់រាល់ទម្រង់នៃការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងប្រឆាំងនឹង លោក អ៊ុក ម៉ៅ និងអ្នកសារព័ត៌មានដទៃទៀត ជាពិសេសអ្នករាយការណ៍ពីបញ្ហាបរិស្ថាន និងជម្លោះដីធ្លី ព្រមទាំងធានាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការការពារអ្នកសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកាតព្វកិច្ចរបស់ខ្លួនស្ថិតក្រោមច្បាប់អន្តរជាតិ។
លោក អ៊ុក ម៉ៅ ជាជនជាតិដើមភាគតិចកួយ និងជាអ្នកសារព័ត៌មាន ចូលរួមរាយការណ៍អំពីបរិស្ថានដ៏សកម្មម្នាក់ នៅក្នុងភូមិសាស្រ្តភូមិភាគឦសាន នៃខេត្តស្ទឹងត្រែង ហើយលោកក៏ជាអ្នកនយោបាយ កូតាមកពីគណបក្សដើម្បីកម្ពុជាដែរ។
លោកត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិល ចាប់ខ្លួននៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមិនមានបង្ហាញដីកាចាប់ខ្លួននោះទេ។ ក្រោយការចាប់ខ្លួន រូបលោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ៕