អ្នកឃ្លាំមើលពីស្ថានការណ៍នយោបាយនៅកម្ពុជា បង្ហាញការព្រួយបារម្ភប្រហាក់ប្រហែលគ្នាថា តាមរយៈនៃការចេញផ្សាយរបស់ទូរទស្សន៍ABCអូស្រ្តាលីថ្មីៗនេះ ពលរដ្ឋកម្ពុជាទូទាំងប្រទេស ប្រឈមនឹងរងគ្រោះធ្ងន់ធ្ងរ ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន បើគ្មានចរន្តផ្លាស់ប្តូរ។
ក្តីបារម្ភនេះ ក្រោយពីវិទ្យាស្ថាន Humanity Research Consultancy របស់សហរដ្ឋអាមេរិក ចេញផ្សាយពីការសិក្សាស្រាវជ្រាវមួយរកឃើញថា បណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា គាំពារដោយអំណាចគ្រួសារហ៊ុន កំពុងគំរាមកំហែងសន្តិភាពពិភពលោក។
ជុំវិញបញ្ហានេះ ក្រុមប្រឹក្សាជាតិតស៊ូរបស់លោក សម រង្ស៊ី បាននិយាយក្នុងសេចក្តីប្រកាសចុះថ្ងៃទី២០ ខែឧសភានេះថា យោងតាមការរកឃើញនេះ ពលរដ្ឋកម្ពុជារស់នៅក្នុងចំនុចប្រកាសអាសន្ន ដោយសំអាងថា ការរកឃើញនេះបានបង្ហាញថា មេដឹកនាំគ្រួសារហ៊ុន គឺជាមេខ្លោងនៃបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ។
បរិបទនេះ ពួកគេអះអាងថា ពលរដ្ឋចាំបាច់ត្រូវចូលរួម ជំរុញការផ្លាស់ប្តូរ របបដឹកនាំគ្រួសារហ៊ុន ដើម្បីរើខ្លួនពីឧក្រិដ្ឋជនម៉ាហ្វីយ៉ាឆ្លងដែន។
ប្រភពបន្តថា គណបក្សប្រជាជនកម្ពុជា ពេលនេះបានដើរតួនាទីជាអ្នកការពារ បណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមអំណាច ប្រមូលលុយពីឧក្រិដ្ឋកម្ម ប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារ នៅក្នុង១ឆ្នាំ ។
ប្រភពនោះសំអាងទៀតថា វិទ្យាស្ថាន Humanity Research Consultancy (HRC) រកឃើញថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងឧកញ៉ាគ្រាក់ៗ ចំនួន២៨នាក់ ក្នុងនោះក៏មាន ឧកញ៉ាជំនិតរបស់គ្រួសារហ៊ុន គឺ លោក លី យ៉ុងផាត់ និងលោក ទ្រី ភាព ដែលថា គឺជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា ហើយមានអ្នកបម្រើការងារ ក្នុងឧក្រិដ្ឋកម្មអនឡាញនេះ រហូតដល់ជាង១៥ម៉ឺននាក់ ។
មុខរបរសំខាន់ៗរបស់ពួកគេ ដែលកាងការពារដោយគណបក្សប្រជាជនកម្ពុជា នៃលោក ហ៊ុន សែន ដូចជាបទល្មើស លាងលុយកខ្វក់ ការបោកប្រាស់តាមអនឡាញ ល្បែងអនឡាញ និងការជួញដូរមនុស្សឆ្លងដែន ជាដើម។
លើសពីនេះ ក្រុមប្រឹក្សាជាតិតស៊ូ បាននិយាយថា យោងតាមរបាយការណ៍ខាងលើនេះ គឺគណបក្សប្រជាជនកម្ពុជាតែម្តង ជាមេខ្លោងធំនៃជំនួញឧក្រិដ្ឋកម្មឆ្លងដែន លាងលុយកខ្វក់ និងជាគណបក្សជួញដូរមនុស្សឆ្លងដែន។
ប្រភពនោះបញ្ជាក់ថា ភស្តុតាងដែលបានរកឃើញបញ្ជាក់ថា ពលរដ្ឋកម្ពុជាទូទាំងប្រទេស រស់នៅស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន និងរងគ្រោះពីជំនួញបោកប្រាស់ និងឧក្រិដ្ឋកម្មរបស់គ្រួសារហ៊ុន។
ដោយឡែក តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា ប្រាប់VODនៅថ្ងៃទី២១ ខែឧសភានេះថា ករណីរកឃើញរបស់វិទ្យាស្ថានអាមេរិកនេះ ឆ្លុះបញ្ចាំងពីគ្រោះថ្នាក់កម្ពុជានិងពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោកថា គ្រោះថ្នាក់នៅត្រង់ថា អន្តរជាតិគេនឹងបន្តដាក់ទណ្ឌកម្មកាន់តែធ្ងន់ធ្ងរលើគ្រប់វិស័យនៅប្រទេសកម្ពុជា ខណៈរកឃើញថាមេដឹកនាំប្រទេស ជាមេខ្លោងការពារក្រុមឧក្រិដ្ឋជនឆបោកអន្តរជាតិ។
លោកបារម្ភថា អំពើឆបោក ការចាប់ជំរិត និងការជួញដូរមនុស្សខ្នាតអន្តរជាតិនេះ នឹងបន្តរីករាលដាលក្នុងសង្គមកម្ពុជា បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ពលរដ្ឋ នឹងក្លាយជាក្តីបារម្ភធំសម្រាប់ប្រទេសក្នុងតំបន់និងពិភពលោក។
លោកថា៖ «ផលប៉ះពាល់នៅក្នុងវិស័យឬក្នុងជំនួញជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធអនឡាញដែលត្រូវបានប្រទេសនានានៅលើពិភពលោក រួមជាមួយនឹងសហរដ្ឋអាមេរិកថ្មីៗ ចេញមកហ្នឹងគឺប៉ះពាល់ ទី១ គឺកិត្តិយសខ្លួនក្នុងនាមជាពលរដ្ឋខ្មែរ កាលណាយើងទៅទីណាក៏ដោយណា យើងប្រាប់គេថាយើងជាខ្មែរជាកម្ពុជាអាហ្នឹងគឺគេស្អប់ខ្ពើមម៉ង ព្រោះគេគិតថាវាជម្រកពួកឆក់ឱកាស ឆបោកបក្ខពួកចោរចាប់ជំរិត អ៊ីចឹងដែលខ្ញុំចង់និយាយថា ទី១ គឺកិត្តិយសយើងក្នុងនាមយើងជាខ្មែរ ទី២ គឺកាលណាវាមានឈ្មោះអាក្រក់បែបហ្នឹង វាជាជម្រកនៃឧក្រិដ្ឋជនចាប់ជំរិតឆបោកសួរថាតើធ្វើឲ្យសេដ្ឋកិច្ចដីប្រទេសជាតិហ្នឹង វារីកចម្រើនទៅបានទេ ពីព្រោះប្រទេសមួយដែលពោរពេញទៅដោយក្រុមម៉ាហ្វីយ៉ា អ្នកវិនិយោគទុនដែលគេរកស៊ីតាមជំនួញសុចរិតគេអត់ហ៊ានមកទេ»។
ប្រហាក់ប្រហែលនេះដែរ លោក អ៊ុំ សំអាន និយាយថា បើមេដឹកនាំក្លាយជាមេខ្លោងនៃបណ្តាញឧក្រិដ្ឋកម្មឆបោក ឬជួញដូរមនុស្ស នោះពលរដ្ឋកម្ពុជា នឹងក្លាយជាជនរងគ្រោះ។
លោកថា៖ «ឥឡូវនេះគ្រួសារហ៊ុនដើម្បីតែពង្រឹងអំណាច ដោយសារការហ៊ុមព័ទ្ធទណ្ឌកម្មផ្នែកសេដ្ឋកិច្ចជុំវិញពិភពលោក ដោយសារតែខ្លួនឯងសម្លាប់ប្រជាធិបតេយ្យ បានយកកម្ពុជាហ្នឹងជាទីតាំងសម្រាប់ពួកឧក្រិដ្ឋជនហ្នឹង ឆបោកតាមអនឡាញ ចាប់ជំរិត និងលាងលុយកខ្វក់ជាដើម អ៊ីចឹងកម្ពុជាគឺក្លាយទៅជាប្រទេសដែលគេដាក់ក្នុងបញ្ជីខ្មៅសម្រាប់ប្រទេសទូទាំងពិភពលោក អ៊ីចឹងដើម្បីរំដោះប្រទេសកម្ពុជាចេញពីពិភពខ្មៅងងឹតនៃក្រុមម៉ាហ្វីយ៉ាហ្នឹង និងមេដឹកនាំដែលឃុបឃិតជាមួយពួកម៉ាហ្វីយ៉ាហ្នឹង ប្រជាពលរដ្ឋត្រូវតែរួមគ្នាធ្វើម៉េចបណ្ដេញត្រកូលហ៊ុនដែលចេញពីអំណាច»។
ចំណែក ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លីម ធ្លាប់ប្រាប់VODថា ករណីទាំងអស់នេះ ឆ្លុះបញ្ចាំងថា គ្រួសារហ៊ុនកំពុងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបង្កការរងគ្រោះដល់ប្រជាពលរដ្ឋ។
លោកថា៖ «ការបោកបញ្ឆោត ការក្លែងបន្លំវាក្លាយទៅជារឿងដែលលាតយ៉ាងខ្លាំង និងមានឥទ្ធិពលខ្លាំងក្នុងការចូលដៃចូលជើង និងមានការគាំពារដោយក្រុមគ្រួសារត្រកូលហ៊ុន ដែលកាសែតអន្តរជាតិគេនិយាយពី លោក ហ៊ុន តូ យ៉ាងច្បាស់។ យើងឃើញថាស្រុកយើងវាធ្លាក់ខ្លួនយ៉ាងជ្រៅ ក្នុងអំពើទាំងអស់ហ្នឹង ឆបោក ចាប់ជំរិត អ្វីជាដើមហ្នឹង ដោយសារតែគ្រួសារហ៊ុន បានយកទឹកដីកម្ពុជាយើង ឱ្យក្លាយជាប្រទេសអាក្រក់ សាហាវ ធ្វើឱ្យក្លាយជាក្តីបារម្ភរបស់អន្តរជាតិជាដើម»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ច្រានចោលជុំវិញការរកឃើញថា រដ្ឋាភិបាល ជាអ្នករួមដៃជាមួយក្រុមឧក្រិដ្ឋជន ដោយសំអាងថា រដ្ឋាភិបាលមានឆន្ទៈទប់ស្កាត់បទឧក្រិដ្ឋដែលបានកើតឡើងលើទឹកដីកម្ពុជា។
លោកថា៖ «វាយើងយល់ថាវាមានករណីទាំងអស់ហ្នឹង វាមិនមែនអត់ទេ តែវាមានហ្នឹងវាមកពីឧក្រិដ្ឋជនបរទេសចូលមកស្រុកខ្មែរប្រព្រឹត្តអំពើឆបោកតាមអនឡាញចឹងទេ បានរដ្ឋាភិបាលលោកចាត់វិធានការបង្រ្កាប ជាពិសេសបង្កើតគណៈកម្មាធិការពិសេសមួយ ដែលមាននាយករដ្ឋមន្រ្តីជាប្រធានហ្នឹង ដើម្បីចាត់វិធានការបង្ក្រាបដល់ពួកឧក្រិដ្ឋជនទាំងនោះ»។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវ លោក សេក សុជាតិ បង្ហាញក្តីបារម្ភថា បើបញ្ហាទាំងអស់នេះ មិនត្រូវបានលុបបំបាត់ ឬទប់ស្កាត់ឱ្យបានទាន់ពេលទេនោះ អ្នករងគ្រោះគឺមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ និងពលរដ្ឋខ្មែរ ១៧លាននាក់ ជាអ្នករងគ្រោះពីទង្វើនេះ។
លោកថា៖ «ជាទូទៅ វាជាហានិភ័យមួយខ្ពស់ ពីព្រោះវាហាក់បីដូចជាកម្ពុជានៅជាប់មាត់ជ្រោះ ហើយបើសិនជាយើងក្នុងនាមជាប្រជាពលរដ្ឋដែលស្ថិតនៅក្នុងប្រទេសហ្នឹងដែរ នឹងក្លាយជាជនរងគ្រោះដែរដូច្នេះយើងចង់ឃើញការសម្រេចចិត្តមួយ ដោយឈរទៅលើការតម្កល់ផលប្រយោជន៍រួមរបស់សង្គម និងជាតិជាធំ ដោយវៀរចាកផុតពីអំពើទុច្ចរិតទាំងឡាយ មិនថានៅក្នុងកម្រិតក្នុងស្រុកឬអន្តរជាតិទេ ធ្វើយ៉ាងម៉េចក៏ដោយ ដើម្បីដោះស្រាយបញ្ហាជូនជាតិមិនមែនបង្កើតបញ្ហាជូនជាតិទេ»។
ការរកឃើញថ្មីនេះ ហាក់ស៊ីគ្នាទៅនឹងការរកឃើញរបស់អង្គការសហប្រជាជាតិទទួលបន្ទុកប្រឆាំងគ្រឿងញៀន និងបទឧក្រិដ្ឋកម្ម (UNODC) ដែលបានចេញផ្សាយកាលពីចុងខែមុនដែរ។
(UNODC) កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចេញផ្សាយរបាយការណ៍មួយ រកឃើញថា កម្ពុជា ជាមជ្ឈមណ្ឌលឆបោកអនឡាញធំជាងគេនៅតំបន់អាស៊ាន ប្រព្រឹត្តិបទឧក្រិដ្ឋជួញដូរមនុស្ស និងលាងលុយ បង្កការគំរាមកំហែងដល់ប្រទេសក្នុងតំបន់ និងពិភពលោក។
ប្រភពនោះ បញ្ជាក់ថា មជ្ឈមណ្ឌលឆបោកទាំងនោះ ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ បាវិត ប៉ោយប៉ែត កោះកុង និងខេត្តពោធិ៍សាត់ ហើយពួកឧក្រិដ្ឋជនធ្វើសកម្មភាពឆ្លងដែនទៅប្រទេសឡាវ ភូមា និងហ្វីលីពីន ជាដើម។
តំណាងស្តីទី UNODC ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក ប៊ែននេឌីក ហូហ្វមែន និយាយក្នុងរបាយការណ៍ក្នុងសម្តីដើមថា៖ «យើងមើលឃើញនូវការពង្រីកជាសកល របស់ក្រុមឧក្រិដ្ឋកម្មដែលត្រូវបានរៀបចំនៅអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍»។
លោកសង្កត់ធ្ងន់ថា៖ «រឿងនេះឆ្លុះបញ្ចាំងទាំងយុទ្ធសាស្ត្រប្រតិបត្តិការ ខណៈដែលសកម្មភាពរបស់ក្រុមឧក្រិដ្ឋកាន់តែរីកចម្រើន ហើយនិងស្វែងរកមធ្យោបាយ ព្រមទាំងទីកន្លែងថ្មីៗ ដើម្បីប្រព្រឹត្តបទល្មើស ប៉ុន្តែយ៉ាងណា យុទ្ធសាស្ត្រការពារហានិភ័យ នាពេលអនាគត គួរតែបន្តនិងកាន់តែខ្លាំងក្លាផងដែរ នៅក្នុងតំបន់»៕