បទឧក្រិដ្ឋរំលោភសម្លាប់ ដែលបានកើតឡើងថ្មីទៀត លើយុវតីអាយុ១៥ឆ្នាំ នៅរាជធានីភ្នំពេញ ប៉ុន្មានថ្ងៃមុននេះ ត្រូវបានគេស្តីបន្ទោសថា ជាបរាជ័យរបស់រដ្ឋាភិបាល លើវិធានពង្រឹងគុណភាពអប់រំ ទប់ស្កាត់គ្រឿងញៀន និងគ្រឿងស្រវឹង ដែលឆ្លុះបញ្ចាំងពីកម្សោយនៃការដឹកនាំបែបគ្រួសារនិយម។
ការណ៍នេះ បង្កការភ័យខ្លាចកាន់តែខ្លាំងដល់សហគមន៍ និងសន្តិសុខសង្គម ដែលចាំបាច់ត្រូវស្តារឱ្យមានប្រព័ន្ធត្រួតពិនិត្យអំណាចឡើងវិញ ទើបអាចទប់ស្កាត់វិបត្តិសង្គមបាន។
នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា អ្នកស្រី អេង ចាន់ឌី ប្រាប់VODនៅថ្ងៃទី២២ ខែឧសភានេះថា ករណីរំលោភសម្លាប់វាបានកើតឡើងជាហូរហែច្រើនឆ្នាំទៅនេះ។ អ្នកស្រីថា ករណីនេះទៀត វាហាក់ឆ្លុះបញ្ចាំងពីកម្សោយនៃក្រមសីលធម៌ និងប្រព័ន្ធអប់រំនៅកម្ពុជា។
សម្រាប់ អ្នកស្រី អេង ចាន់ឌី អំពើរំលោភសម្លាប់លើក្មេងស្រីនៅកម្ពុជា ហាក់ក្លាយជាជំងឹរ៉ាំរ៉ៃក្នុងសង្គមមួយដែលចាំបាច់ស្ថាប័នរដ្ឋ ត្រូវតែពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរឹង ដើម្បីកាត់បន្ថយ ឬលុបបំបាត់អំពើឃោឃៅនេះ។
តែផ្ទុយទៅវិញ អ្នកស្រីថា បើជំងឺសង្គមប្រភេទនេះនៅបន្តកើតមាន វានឹងបង្កគ្រោះថ្នាក់ស្ត្រីខ្មែរច្រើនទៀត ប្រសិនបើការអនុវត្តច្បាប់ ការអប់រំ ក្រមសីលធម៌ ឬគុណធម៌ក្នុងសង្គម នៅតែមិនអាចធ្វើឱ្យប្រសើរបាននោះ។
អ្នកស្រីថា៖ «ការប្រមាថក្មេងស្រីដែលជាជនរងគ្រោះ ជាពិសេសនៅពេលដែលក្មេងមានអាយុត្រឹម១៥ឆ្នាំហ្នឹង វាមិនគ្រាន់តែខុសជាមួយនឹងគ្លឹះសីលធម៌ សុជីវធម៌ ប៉ុន្តែវាជាបញ្ហាដ៏គ្រោះថ្នាក់ គឺយើងប្តូរការទទួលខុសត្រូវរបស់អ្នកប្រព្រឹត្តអំពើឧក្រិដ្ឋ និងប្រព័ន្ធដែលបណ្ដាលឲ្យមានហិង្សាហ្នឹង ទៅទម្លាក់ទៅលើក្មេងស្រីវិញ អីចឹងប្រទេសដែលធានាពីសុខសន្តិភាព មិនគួរមានក្មេងស្រីណាម្នាក់ដែលចេញក្រៅយប់ ឬក៏ស្លៀកពាក់របៀបណា និងដែលត្រូវសុំជួបជាមួយនឹងបញ្ហាអំពើហិង្សាបែបនេះទេ»។
លើសពីនេះ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយថា អំពើឃាតកម្ម រំលោភសម្លាប់ដែលបានកើតឡើងជាបន្ទាប់ទៅនេះ វាបង្ហាញពីការបរាជ័យរបស់រដ្ឋាភិបាល ជុំវិញការបង្រ្កាបក្មេងទំនើងនិងបញ្ហាគ្រឿងញៀននៅកម្ពុជា។
លោកចាត់ទុកថា បញ្ហារំលោភសេពសន្ថវៈ បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន និងបញ្ហាគ្រឿងស្រវឹងនេះ គឺជាជំងឺរ៉ាំរ៉ៃក្នុងសង្គម ដែលបង្កការគំរាមគំហែងដល់សន្តិសុខសង្គម និងជីវភាពរបស់ពលរដ្ឋខ្មែរ។
លើសពីនេះ លោកថា បញ្ហាទាំងនេះ វាដោយសារតែប្រព័ន្ធដឹកនាំរដ្ឋមានភាពធូរលុង ប្រព្រឹត្តិអំពើពុករលួយ បក្ខពួកនិយម លំហូរគ្រឿងញៀន និងគ្រឿងស្រវឹង មិនអាចទប់ស្កាត់បាន។
លោកថា បញ្ហាចម្បងមួយក្នុងចំណោមបញ្ហាជាច្រើនទៀត គឺមកពីគណបក្សកាន់អំណាចដឹកនាំបែបជិះសេះលែងដៃ គ្មានប្រព័ន្ធត្រួតពិនិត្យអំណាច គ្មានវត្តមានគណបក្សប្រឆាំង ដែលជាតួអង្គជំរុញតម្លាភាពសង្គមដ៏មានប្រសិទ្ធិភាព ក្នុងសង្គមប្រជាធិបតេយ្យ។
លោកបារម្ភថា បើសិនករណីនេះនៅបន្តកើនឡើង នឹងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋ សណ្តាប់ធ្នាប់សង្គម និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល ជាពិសេសគឺមុខមាត់ប្រទេសកម្ពុជាតែម្តង។
លោកថា៖ «កាលណានៅក្នុងសង្គមជាតិមួយ ពោរពេញទៅដោយការរំលោភសេពសន្ថវៈសម្លាប់ គឺវាធ្វើឲ្យការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមនោះ គឺជួបប្រទះនូវការភ័យខ្លាចណាស់ គឺឲ្យប្រជាពលរដ្ឋហ្នឹងក៏អត់ហ៊ានទៅណាមកណាទេ គាត់នឹងប្រាប់កូនចៅគាត់ថាមិនត្រូវចេញដើរនេះដែរ នោះចឹងអាសេរីភាពនៃការរស់នៅ សេរីភាពនៃការដើរហើរហ្នឹង វាត្រូវឋិតនៅក្នុងភាពភ័យខ្លាច ចឹងជីវិតរស់នៅក្នុងភាពភ័យខ្លាច»។
ពលដ្ឋរស់នៅរាជធានីភ្នំពេញ លោក ស៊ាង ម៉េងសាង បានប្រាប់VODថា លោកមានការព្រួយបារម្ភ និងរន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលឃើញគេចែករំលែកករណីរំលោភសម្លាប់លើក្មេងស្រីអាយុ១៥ឆ្នាំបែបនេះ។
លោកបន្តថា ករណីរំលោភសម្លាប់បែបនេះ នឹងធ្វើឱ្យពលរដ្ឋខ្មែរមានការព្រួយបារម្ភកាន់តែខ្លាំងពីសុវត្ថិភាពសង្គម សុវត្ថិភាពក្រុមគ្រួសារ គឺមិនហ៊ានបណ្តោយឱ្យកូនស្រីដើរផ្លូវឆ្ងាយ ស្ងាត់តែម្នាក់ឯងនោះទេ។
លោកថា៖ «ក្នុងនាមខ្ញុំជាអាណាព្យាបាលមួយរូប ខ្ញុំមានក្ដីបារម្ភយ៉ាងខ្លាំង ក្រោយពីបានឮហេតុការណ៍កាលពីម្សិលមិញ ចំពោះក្មេងស្រីម្នាក់នៅក្នុងខណ្ឌព្រែកព្នៅ ហើយអ្វីដែលកាន់តែបារម្ភទៅទៀត ចំពោះសុវត្ថិភាពរបស់ក្មេងស្រីឯទៀត នៅក្នុងប្រទេសកម្ពុជាយើង។ ខ្ញុំសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចពង្រឹងបន្ថែម វិធានការឆ្លើយតបចំពោះបញ្ហាដែលកំពុងតែកើតឡើង ដើម្បីធានាសុវត្ថិភាពដល់ពួកគាត់ ក៏ដូចជាឆ្លើយតបទៅនឹងយន្តការភូមិឃុំមានសុវត្ថិភាពដែរ»។
ជុំវិញបញ្ហានេះ បើគេសង្កេតទៅលើហ្វេសប៊ុកមេដឹកនាំកំពូលៗ មានលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត រួមទាំងក្រសួងកិច្ចការនារី ដែលជាសេនាធិការរបស់រដ្ឋាភិបាលផងនោះ ហាក់មិនបានបញ្ចេញប្រតិកម្មជុំវិញករណីរំលោភសម្លាប់នេះទេ ទោះពលរដ្ឋជាច្រើនបានចែករំលែករឿងនេះតៗគ្នាក្តី។
ដោយឡែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ករណីរំលោភសម្លាប់នេះ ឆ្លុះបញ្ចាំងពីកម្សោយនៃការអនុវត្តច្បាប់ ក្រមសីលធម៌សង្គម និងវិស័យអប់រំផងដែរ។
លោកបន្តថា ករណីនេះ បង្ហាញពីភាពបរាជ័យដ៏ធំរបស់រដ្ឋាភិបាល ក្នុងការបង្រ្កាបនិងទប់ស្កាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ដែលជាជំងឹមហារីកក្នុងសង្គមជាតិ។
លោកថា៖ «ចំពោះករណីនេះ ជាករណីមួយដ៏រន្ធត់ហើយ ដែលយើងថាវាមិនគួរឲ្យជឿទាល់តែសោះ ដែលឃើញក្មេងៗនោះនាំគ្នាធ្វើអ៊ីចឹង ប៉ុន្តែអ្វីដែលយើងមិនគ្មានការសង្ស័យនោះ គឺដោយសារកត្តារួមផ្សំកត្តាជំរុញចំនួនប្រាំ កត្តាទីមួយគឺពាក់ព័ន្ធនឹងគ្រឿងស្រវឹង ការប្រើប្រាស់គ្រឿងស្រវឹង ដែលយើងឃើញថាក្មេងៗស្ថិតក្រោមអាយុក្មេងៗនាំគ្នាប្រើប្រាស់គ្រឿងស្រវឹង ទីពីរគឺបញ្ហាគ្រឿងញៀន បញ្ហាគ្រឿងញៀននេះ ដែលយើងឃើញថាជាបញ្ហាចម្បងមួយធំណាស់ ដែលយុវវ័យនិងនាំគ្នាប្រើប្រាស់គ្រឿងស្រវឹងអាចប្រើប្រាស់គ្រឿងញៀនទៀត ហើយការប្រើប្រាស់គ្រឿងញៀននេះ ដែលធ្វើអីពួកគាត់កាន់តែមានចិត្តឃោរឃៅ»។
បើយោងតាមរបាយការណ៍ស្នងការនគរបាលរាជធានីភ្នំពេញ ហេតុការណ៍រំលោភសម្លាប់លើយុវតីអាយុ១៥ឆ្នាំ កាលពីថ្ងៃទី២១ ខែឧសភានេះ គេប្រទះឃើញក្នុងបន្ទប់ទឹកនៅសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
ប្រភពបន្តថា ជនសង្ស័យ ៣នាក់ មានជាប់ពាក់ព័ន្ធការធ្វើសកម្មភាពយកថ្នាំងងុយដេក ដាក់ក្នុងភេសជ្ជៈឱ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ និងប្លន់យកទ្រព្យសម្បត្តិ។
យ៉ាងណា ជនសង្ស័យចំនួន៣នាក់ ត្រូវបានចាប់ខ្លួនចោទពីបទ រួមគំនិតសម្លាប់។
សមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានចេញរបាយការណ៍មួយ រកឃើញថា បច្ចុប្បន្ន ស្ត្រី និងក្មេងស្រី នៅតែបន្តរងគ្រោះក្នុងករណីរំលោភបំពាន ដោយករណីខ្លះឈានដល់ការសម្លាប់យ៉ាងព្រៃផ្សៃ។
ក្នុងនោះបើតាមពាក្យបណ្តឹងដែលសមាគមនេះ បានទទួលពីគ្រួសារជនរងគ្រោះក្នុងឆ្នាំ២០២៤ គឺមានជិត ២០០ករណី កើនឡើងជាងឆ្នាំចាស់ប្រមាណ ៤៥ភាគរយ។
បើតាមការសង្កេតរបស់មន្ត្រីអាដហុករូបនេះ មានកត្តាមួយចំនួន ដែលនាំឱ្យករណីរំលោភសេពសន្ថវៈមានការកើនឡើង ដូចជា ករណីជនប្រព្រឹត្តភាគច្រើនយល់ថា ពួកគេមានសិទ្ធិរួមភេទជាមួយជនរងគ្រោះដែលជាស្ត្រី និងក្មេងស្រីបានដោយមិនចាំបាច់មានការយល់ព្រម។
វប្បធម៌បន្ទោសទៅជនរងគ្រោះពាក់ព័ន្ធនឹងអាកប្បកិរិយា និងការស្លៀកពាក់ជាដើម ខណៈបច្ចុប្បន្ននៅមានកង្វះខាតនៃការអប់រំផ្នែកសមភាពយេនឌ័រ និងសុខភាពផ្លូវភេទ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល។
បើតាមក្រុមអ្នកច្បាប់ អំពើរំលោភសេពសន្ថវៈ គឺជាអំពើមួយក្នុងចំណោមអំពើបៀតបៀនដល់ផ្លូវភេទដទៃទៀត ដែលបានកើតមានជាញឹកញាប់ស្ទើរតែរៀងរាល់ថ្ងៃ ហើយអំពើនេះភាគច្រើន កើតមានចំពោះស្រ្តី និងក្មេងស្រីដែលមិនទាន់គ្រប់អាយុ។
អំពើល្មើសនេះ ក៏មានចែងយ៉ាងច្បាស់លាស់ ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែលក្ខណៈនៃអំពើដែលបំពានទៅលើផ្លូវភេទមានច្រើនបែបច្រើនទម្រង់ ដែលក្រមព្រហ្មទណ្ឌ បានកំណត់ថា ជាបទល្មើសផ្សេងៗគ្នា ទៅតាមលក្ខណៈសត្យានុម័តដាច់ដោយឡែករបស់វា ដូចជា «បទរំលោភសេពសន្ថវៈ» «បទប្រទូសកេរ្តិ៍ខ្មាស់» និង «បទរុកកួនខាងផ្លូវភេទ» ជាដើម។
ចំពោះការផ្តន្ទាទោសទៅលើបទល្មើសរំលោភសេពសន្ថវៈវិញ មាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ បានបញ្ញត្តថា បទរំលោភសេពសន្ថវៈធម្មតា ដែលមិនមានស្ថានទម្ងន់ទោស ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ)ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ»។ ប្រសិនបើមានស្ថានទម្ងន់ទោស នោះកម្រិតនៃការផ្តន្ទាទោសនឹងប្រែប្រួលទៅតាមការប្រព្រឹត្ត ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ៣០ (សាមសិប) ឆ្នាំ៕