អតីតឧកញ៉ា ហេង សិទ្ធី ដែលជាប់ឃុំនៅប្រទេសរុស្សី ក្រោមបណ្តឹងអ្នកឧកញ៉ា ហ៊ុន តូ ក្រោយទម្លាយរឿងអាស្រូវគ្រួសារហ៊ុនថា រួមដៃជាមួយឧក្រិដ្ឋជនយកលុយចិញ្ចឹមអំណាចនោះ បានអះអាងថា ចង់វិលមកតតាំងក្តីនៅកម្ពុជាដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន។
តាមរយៈសំបុត្រសរសេរដោយដៃរបស់ លោក ហេង សិទ្ធី ដែលVODទទួលបាននៅថ្ងៃទី២២ ខែឧសភានេះសរសេរថា នៅចំពោះមុខនេះ លោកកំពុងជំនះទៅប្រទេសកំណើតវិញ ទោះមានឬគ្មានការស្នើសុំពីរដ្ឋាភិបាលខ្មែរក៏ដោយ។
លោកថា បានព្យាយាមសុំមេធាវីរបស់លោកតាំងពីខែកុម្ភៈមកម្លេះ តែពួកគេជំទាស់ដោយគិតថាអាចមានការធ្វើទារុណកម្ម និងសម្លាប់បើមកកម្ពុជាមែន។
លោកសរសេរក្នុងន័យដើមថា៖ «តែបើខ្ញុំមិនបានធ្វើខុសអ្វីផង ហេតុអីខ្ញុំត្រូវខ្លាច នឹងត្រលប់ទៅវិញដើម្បី បញ្ជាក់ពីភាពស្របច្បាប់របស់ខ្ញុំ។ ទោះបីខ្ញុំត្រូវធ្វើនយោបាយ ក៏ខ្ញុំត្រូវធ្វើពីក្នុងប្រទេសដែរ តែបើនៅតែក្រៅប្រទេស តើយើងអាចជួយប្រទេសយើងបានដូចម្តេច»។
បន្ថែមលើនេះ សំបុត្ររបស់ លោក ហេង សិទ្ធី ទម្លាយទៀតថា នៅពេលនេះទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានព្យាយាមសុំជួប លោក ពូទីន ប្រធានាធិបតីរុស្សីតាមរយៈវីឌីអូខល តែត្រូវបានភាគីរុស្សីបដិសេដ។
បន្ថែមលើនេះ ប្រភពស្និទ្ធិ លោក ហេង សិទ្ធី ប្រាប់VODក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងសំឡេងថា រដ្ឋាភិបាលកម្ពុជាបានប្រើគ្រប់មធ្យោបាយដើម្បីប្លន់លោក ហេង សិទ្ធី ពីពន្ធនាគារបញ្ជូនទៅខ្មែរឲ្យបានក្នុងថ្ងៃចុងសប្តាហ៍នេះ ឬចាក់ថ្នាំសម្លាប់ចោលនៅក្នុងពន្ធនាគាររុស្សីតែម្តង។
ជុំវិញរឿងនេះ VOD មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីសុំការបញ្ជាក់ជុំវិញការចោទនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែក អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ មិនអាចទាក់ទងបានដោយការហៅចូលត្រូវបានចុចផ្តាច់ជាច្រើនដង នៅថ្ងៃទី២២ ខែឧសភានេះ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា បើលោក ហេង សិទ្ធី អាចវិលត្រលប់មកកម្ពុជាដោយសុវត្ថិភាព មានន័យថា រឿងនេះអាចជាល្បិចនយោបាយដែលបក្សកាន់អំណាចរៀបចំឡើង ដើម្បីបង្វែរស្ថានការណ៍សង្គមបោកប្រាស់ពលរដ្ឋតែប៉ុណ្ណោះ។
ផ្ទុយទៅវិញ លោកថា វាសនាអតីតឧកញ៉ារូបនេះ មិនអាចរកយុត្តិធម៌ពីប្រព័ន្ធតុលាការគ្រួសារហ៊ុនបានទេ ឬអាចគំរាមកំហែងដល់ជីវិតទៀតផង បើហ៊ានវិលមកកម្ពុជាមែននោះ។
លោកថា៖ «ពួកផ្តាច់ការមិនដែលទុក មិនអាចទេ។ បើចេញមកអ៊ឺចឹងហើយគាត់បើកកកាយអស់ប៉ុណ្ណោះ ហើយ! តែបើបើថាអាចទៅបាន ជាប្រវត្តិសាស្រ្តហើយ ជាល្បិចអីមួយហើយ អាចទៅបានវាជារឿងប្រវត្តិសាស្ត្រហើយ ប៉ុន្តែខ្ញុំមិនជឿទេ ព្រោះពួកហ្នឹងមិនអាចទុកឲ្យបុគ្គលណាដែលដឹងល្បិចក្នុងការឆបោក ល្បិចក្នុងក្រុមរបស់គេហើយ គេមិនអាចទុកបានទេ»។
អតីតឧកញ៉ា លោក ហេង សិទ្ធី ក៏ធ្លាប់ដាក់ពាក្យបណ្តឹងទៅក្រសួងយុត្តិធម៌ ឱ្យចាត់វិធានការលើអ្នកឧកញ៉ា ហ៊ុន តូ បងប្អូនជីដូនមួយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ដោយចោទថា ឧកញ៉ា ហ៊ុន តូ នៅពីក្រោយមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ យកលុយចិញ្ចឹមអំណាចគ្រួសារហ៊ុន។
ប៉ុន្តែមកដល់ពេលនេះ មិនមានសេចក្តីប្រកាសណាមួយពីរដ្ឋាភិបាល ជុំវិញវិធានការស៊ើបអង្កេតលើសែស្រឡាយគ្រួសារហ៊ុននោះទេ តែលោកត្រូវបានឃាត់ខ្លួននៅប្រទេសរុស្សី ក្រោមវិធានការរបស់រដ្ឋាភិបាលគ្រួសារហ៊ុនទៅវិញ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ធ្លាប់ប្រាប់vodថា នៅកម្ពុជា សែស្រឡាយមេដឹកនាំអាចបញ្ជាប្រព័ន្ធតុលាការតាមអំពើចិត្តរបស់ពួកគេ ជាហេតុធ្វើឱ្យពាក្យបណ្តឹងរបស់លោក ហេង សិទ្ធី ដាក់ទៅកាន់ស្ថាប័នពាក់ព័ន្ធគ្មានការស៊ើបអង្កេតទេ ហើយថា ការដឹកនាំបែបនេះកំពុងផ្តល់មហន្តរាយដល់ប្រទេសកម្ពុជា។
លោកថា៖ «គម្បីរដ្ឋាភិបាល ឬស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ទទួលនូវព័ត៌មានទាំងអស់ហ្នឹង ធ្វើការស៊ើបអង្កេតដើម្បីវែកមុខអ្នកដែលពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋទាំងអស់ហ្នឹង យកមកផ្តន្ទាទោស មិនមែនមកចាប់ខ្លួនអ្នករាយការណ៍ពីបទល្មើសអ្នកដែលប្រព្រឹត្តអំពើឆបោក បែបឧក្រិដ្ឋកម្មអនឡាញទាំងអស់ ដែលជាអ្នករាយការណ៍អ៊ីចឹងទេ អ៊ីចឹងសួរថាតើថ្ងៃក្រោយបទល្មើសទាំងអស់ហ្នឹង ដែលសហគមន៍អន្តរជាតិគេរិះគន់មកកម្ពុជាយើង មានវិធានការដោះស្រាយដោយរបៀបម៉េច»។
តាមរយៈសំបុត្ររបស់ លោក ហេង សិទ្ធី បញ្ជាក់ថា លោកត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅស្ថានីយរថភ្លើងល្បឿនលឿននៃទីក្រុង “សេនភីតធឺបឺក” ប្រទេសរុស្សី ក្រោមការស្នើសុំពីស្ថាប័នធំៗចំនួន៤ គឺរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងការបរទេស រួមទាំងប៉ូលីសអាំងទែប៉ូលផងដែរ។
បើតាម លោក ហេង សិទ្ធី ការស្នើសុំនេះ ក្រោមការចោទប្រកាន់ពីបទគំរាមទារប្រាក់ ២លានដុល្លារអាមេរិក ពីជនជាតិសិង្ហបុរី ឬភាសាអង់គ្លេសហៅថា «Blackmail» ហើយក្រសួងមហាផ្ទៃបានដាក់បញ្ចូលនៅក្នុងនិវេទក្រហមរបស់ អាំងទែប៉ូល ថាទោសរបស់លោកអាចជាប់ពន្ធនាគារអស់មួយជីវិត។
លើសពីនេះ ការទម្លាយរបស់ លោក ហេង សិទ្ធី ជុំវិញអាស្រូវគ្រួសារហ៊ុនជាប់បទឧក្រិដ្ឋនេះ ដូចគ្នានឹងរបាយការណ៍អន្តរជាតិរបស់វិទ្យាស្ថាន Humanity Research Consultancy ចេញផ្សាយក្នុងពេលថ្មីៗនេះដែរ។
របាយការណ៍នោះ បានសិក្សាស្រាវជ្រាវរកឃើញថា បណ្តាញឧក្រិដ្ឋកម្មនៅកម្ពុជា គាំពារដោយអំណាចគ្រួសារហ៊ុន កំពុងគំរាមកំហែងសន្តិភាពពិភពលោក។
ប្រភពបន្តថា គណបក្សប្រជាជនកម្ពុជា បានដើរតួនាទីជាអ្នកការពារបណ្តាញឧក្រិដ្ឋកម្មបរទេស ដើម្បីប្រមូលប្រាក់យកទៅចិញ្ចឹមអំណាច ដោយប្រមូលលុយពីឧក្រិដ្ឋកម្ម ប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់លានដុល្លារ ក្នុង១ឆ្នាំ ។
មុខរបរសំខាន់ៗរបស់ពួកគេ ដែលកាងការពារដោយគណបក្សប្រជាជនកម្ពុជា បទល្មើស លាងលុយកខ្វក់ ការបោកប្រាស់តាមអនឡាញ ល្បែងអនឡាញ និងការជួញដូរមនុស្សឆ្លងដែន ជាដើម។
របាយការណ៍នេះ បានដាក់ឈ្មោះមន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំងសាច់ញាតិនាយករដ្ឋមន្ត្រីកម្ពុជា មានលោក ហ៊ុន តូ ជាតួអង្គកណ្តាលនៅក្នុងសហគ្រាសឆបោកឆ្លងដែនដ៏ធំ បង្កការគំរាមកំហែងកាន់តែខ្លាំងឡើងដល់សន្តិសុខពិភពលោក និងស្ថិរភាពក្នុងតំបន់៕