បើទោះបីជាការធ្វើបាតុកម្មវាជាជ្រុងមួយនៃការសម្តែងមតិ នៅក្នុងសង្គមប្រជាធិបតេយ្យយ៉ាងណាក៏ដោយ ក៏ការធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំរបស់ប្រទេសខ្លួននៅក្រៅប្រទេស វាបានបង្ហាញពីការបែកបាក់ជាតិ និងថែមទាំងធ្វើឱ្យមានភាពអាម៉ាសដល់ដឹកនាំជាតិលើឆាកអន្តរជាតិទៀតផង។
អ្នកនយោបាយក្រៅរដ្ឋាភិបាល ចង់ឱ្យមេដឹកនាំឈាមថ្មីគួររកវិធីបង្រួបបង្រួមផ្សះផ្សាជាតិ ដើម្បីឱ្យមានការឯកភាពជាតិ និងបញ្ចប់ការធ្វើបាតុកម្មនៅក្រៅប្រទេស ដែលនាំឱ្យប៉ះពាល់ដល់មុខមាត់កម្ពុជា។
ការជំរុញនេះ ចំពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយាលោកស្រី ពេជ ចន្ទមុន្នី នឹងទៅបំពេញទស្សនកិច្ចនៅជប៉ុន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ខែឧសភា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុន ចេញនៅថ្ងៃទី១៩ ខែឧសភា។
ជប៉ុន ជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា ដោយកម្ពុជានាំទំនិញទៅជប៉ុនមានទំហំ ២,២ពាន់លានដុល្លារ ហើយនាំចូលពីជប៉ុនមានទំហំ ៦០២លានដុល្លារ នៅក្នុងឆ្នាំ២០២៤។
ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៨ ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពីកម្ពុជា ២៣តុលាឆ្នាំ១៩៩១។
គិតត្រឹមចន្លោះឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ ជប៉ុនបានផ្តល់ជំនួយឥតសំណងដល់រដ្ឋាភិបាលកម្ពុជាចំនួន ១,៦ពាន់លានដុល្លារ, កិច្ចសហប្រតិបត្តិការបច្ចេកទេស ៧០៦លានដុល្លារ និងផ្តល់កម្ចី ១,៨ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យរបស់ក្រសួងការបរទេសជប៉ុន។
ការប្រកាសពីដំណើរទស្សកិច្ចរបស់មេដឹកនាំកម្ពុជា ទៅប្រទេសជប៉ុនលើកនេះ ក៏ដូចកាលពីលើកមុនដែរ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសជប៉ុន ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាលប្រកាសចូលរួមស្វាគមន៍ និងអ្នកគាំទ្រក្រុមប្រឆាំងបានប្រកាសធ្វើបាតុកម្មប្រឆាំង។
ចំពោះបញ្ហានេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី២១ ខែឧសភាថា ការដែលតែងតែឃើញមានអ្នកស្វាគមន៍ និងអ្នកធ្វើបាតុកម្មប្រឆាំងមេដឹកនាំកម្ពុជា ពេលទៅបំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសមួយចំនួន គឺវាបង្ហាញពីភាពក្មេងខ្ចីនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងក៏បង្ហាញពីការបែកបាក់ជាតិធ្ងន់ធ្ងររវាងខ្មែរនិងខ្មែរផងដែរ។
លោកលើកឡើងថា ក្នុងដំណើរការកសាងប្រទេសអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជាមិនទាន់អនុវត្តបានល្អតាមគោលការណ៍ប្រជាធិបតេយ្យនៅឡើយទេ ទើបធ្វើឱ្យប្រជាពលរដ្ឋបែកបាក់គ្នាប្រឆាំងគ្នាទៅវិញទៅមកបែបនេះ។
លោកថា៖ «យើងមានបញ្ហាដំណើរការប្រជាធិបតេយ្យក្តីអីក្តី នៅក្នុងប្រទេសយើងហ្នឹង វាមានបញ្ហាមានន័យថា យើងមិនបានស្រុះស្រួលគ្នា មិនមានឯកភាពជាតិ ហើយប្រហែលជាយើងអនុវត្តគោលការណ៍ប្រជាធិបតេយ្យហ្នឹង មិនបានត្រឹមត្រូវធ្វើឱ្យមានភាពប្រទ្រូសប្រទ្រះបែបនេះ។ ដូច្នេះអ្វីដែលរាជរដ្ឋាភិបាលលោកអាចពិចារណា គឺធ្វើយ៉ាងម៉េចកែសម្រួលចំពោះដំណើរការប្រជាធិបតេយ្យ នៅក្នុងប្រទេសឱ្យបានល្អហើយព្យាយាមបង្កើតគោលនយោបាយដើម្បីបង្រួបបង្រួមជាតិ ហើយបង្កើតនយោបាយដើម្បីធ្វើយ៉ាងម៉េចឱ្យមានឯកភាពជាតិ ហ្នឹងទើបយើងអាចកាត់បន្ថយការប្រទ្រូសប្រទ្រះ ចម្រូងចម្រាសប្រឈមដាក់គ្នាបែបហ្នឹង»។
លោកបន្តថា រដ្ឋាភិបាលគួរយកចិត្តទុកដាក់ស្តាប់ ចំពោះអ្វីដែលក្រុមបាតុករប្រឆាំងបានលើកឡើង ហើយត្រូវធ្វើការសម្របសម្រួលដោះស្រាយឱ្យបានច្រើនបំផុត ទើបអាចកាត់បន្ថយភាពចម្រូងចម្រាសបានច្រើន ហើយរដ្ឋាភិបាលមិនគួរឆ្លើយតបដោយអវិជ្ជមាន ឬធ្វើព្រងើយកន្តើយមិនដឹងមិនឮ ឬក៏ដៀមដាមឆ្លើយបញ្ច្រាសដោយមិនមានដំណោះស្រាយចំពោះបាតុករប្រឆាំងនោះឡើយ។
សម្រាប់ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានថ្លែងថា ការប្រកាសធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសប្រឆាំងនឹងមេដឹកនាំប្រទេសរបស់ខ្លួន នៅលើទឹកដីប្រទេសដទៃ វាបង្ហាញពីការបែកបាក់ជាតិធ្ងន់ធ្ងរណាស់។
លោកលើកឡើងថា ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ និងការចាប់ឃុំខ្លួន លោក កឹម សុខាប្រធានគណបក្សកាលពីចុងឆ្នាំ២០១៧ ដោយសាររឿងនយោបាយមក គេមើលឃើញថា ដំណើរការប្រកួតប្រជែងនយោបាយតាមបែបប្រជាធិបតេយ្យនៅកម្ពុជា ពុំមានភាពសុចរិត យុត្តិធម៌ត្រឹមត្រូវ ស្មើភាពគ្នាអាចទទួលយកបានពីគ្រប់គណបក្សឡើយ ធ្វើឱ្យសកម្មភាពនយោបាយរបស់អ្នកនយោបាយនៅកម្ពុជា ហាក់បីដូចជាមានការថយចុះទៅៗ លើការគោរពតាមគោលការណ៍នីតិរដ្ឋ។
លោកថា៖ «ចឹងអ្នកដឹកនាំត្រូវមានភាពឆ្លាតវៃ ក្នុងការផ្សះផ្សារបួសស្នាមបែកបាក់ និងឱ្យជំនឿជឿជាក់គ្នានៅក្នុងគោលការណ៍ប្រជាធិបតេយ្យ គឺដៃគូប្រកួតប្រជែងមិនអាចអត់បាននូវបក្សក្រៅរដ្ឋាភិបាល គឺបក្សជំទាស់បក្សប្រឆាំងអីជាដើមហ្នឹង តើយើងត្រូវកែច្នៃភាពឆ្លាតវៃយ៉ាងដូចម្តេច ដើម្បីឯកភាពជាតិ ហើយកសាងជាតិបំពេញឱ្យគ្នារវាងបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល។ នេះជាការមើលឃើញរបស់ខ្ញុំ មាជ សុវណ្ណារ៉ា ចង់ឃើញជាតិសាសន៍ខ្មែរ ងើបឡើងវិញ រុងរឿងខ្លាំងឡើងវិញ ហើយនឹងទទួលបាននូវកេរ្តិ៍ឈ្មោះកិត្តិយស កិត្យានុភាព សេចក្តីថ្លៃថ្នូរ នៅលើឆាកអន្តរជាតិជាថ្មីនៃអ្នកជំនាន់ថ្មី គំនិតថ្មី ឈាមថ្មី គិតថ្មីធ្វើថ្មីនូវអ្វីសម្រាប់ជាសុភមង្គល សុខដុមរមនា ដើម្បីតម្កល់ផលប្រយោជន៍ជាតិនិងប្រជារាស្ត្រខ្មែរ»។
យ៉ាងណាក្តី សម្រាប់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជា ដែលគាំទ្ររដ្ឋាភិបាលបានថ្លែងថា ការដែលមានប្រជាពលរដ្ឋខ្មែរមួយក្រុម ចេញមកប្រកាសស្វាគមន៍លោកនាយករដ្ឋមន្ត្រី នៅខណៈដែលពលរដ្ឋខ្មែរមួយក្រុមទៀត ត្រៀមធ្វើបាតុកម្មប្រឆាំងនោះ វាជាការឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយ្យរបស់កម្ពុជា។
លោក យង់ ពៅ ត្រូវបានវិទ្យុបារាំងអន្តរជាតិ ស្រង់សម្តីចុះផ្សាយថា សង្គមប្រជាធិបតេយ្យត្រូវទទួលយកពហុមតិ ដោយថា «ការដឹកនាំវាមិនបានឆ្លុះបញ្ចាំងគ្រប់ជ្រុងជ្រោយទេ»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសជប៉ុន ក្នុងពេលបំពេញទស្សនកិច្ចរយៈ៤ថ្ងៃនៅប្រទេសជប៉ុន លោក ហ៊ុន ម៉ាណែត នឹងជួបជាមួយសមភាគីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា ដើម្បីពិភាក្សាពីទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ។ ក្រៅពីនេះ លោក ហ៊ុន ម៉ាណែត ក៏នឹងចូលរួមក្នុងវេទិកា Nikkei លើកទី៣០ ស្តីពីអនាគតអាស៊ីផងដែរ។
ជាការកត់សម្គាល់ នេះគឺជាដំណើរទស្សនកិច្ចលើកទីពីរទៅជប៉ុន ចាប់តាំងពី លោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីតពីឪពុករបស់លោក។
លោក ហ៊ុន ម៉ាណែត បានទៅទស្សនកិច្ចលើកដំបូងនៅជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២៣ ដែលកាលនោះក៏មានការទទួលស្វាគមន៍ពីក្រុមអ្នកគាំទ្រ និងក៏មានក្រុមអ្នកប្រឆាំងធ្វើបាតុកម្មប្រឆាំងផងដែរ។
ក្រុមអ្នកប្រកាសធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនលើកនេះ បានឱ្យដឹងថា ពួកគេនឹងទាមទារឱ្យមានការដោះលែងអ្នកទោសមនសិការទាំងអស់ និងស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
ជាមួយគ្នានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ប្រាប់ទៅរដ្ឋាភិបាលជប៉ុនថា រដ្ឋាភិបាលកម្ពុជាកាន់តែបង្កើនការរឹតត្បឹតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិជួបជុំ និងសិទ្ធិការងាររបស់ពលរដ្ឋ។
បើតាម Human Rights Watch រដ្ឋាភិបាលកម្ពុជា មិនត្រឹមតែបង្ក្រាបសំឡេងរិះគន់ក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងហ៊ានដល់ទៅធ្វើការបង្ក្រាបសំឡេងរិះគន់ឆ្លងដែនទៀតផង តួយ៉ាងដូចជានៅប្រទេសជប៉ុនជាដើម។
មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch លោក តេប៉ៃ កាហ្សៃ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នេះថា ក្នុងនាមជាម្ចាស់ជំនួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា រដ្ឋាភិបាលជប៉ុន ត្រូវតែផ្ញើសារច្បាស់លាស់ទៅកាន់រដ្ឋាភិបាលកម្ពុជាថា ការគោរពសិទ្ធិមនុស្ស គឺជាស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន។
លោកលើកឡើងថា ការឱបដៃ ឬការធ្វើមិនដឹងមិនលឺរបស់រដ្ឋាភិបាលជប៉ុន ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺជាការបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជាបន្តយុទ្ធសាស្ត្រកៀបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សខ្លាំងឡើងៗ។
VODមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ ខែឧសភានេះ។
ប៉ុន្តែ លោក បូណា ធ្លាប់អះអាងថា លោកមិនភ្ញាក់ផ្អើលចំពោះការចោទប្រកាន់របស់អង្គការ Human Rights Watch នេះទេ ដោយថា វាជាការលើកឡើងខុសពីការពិត និងថា ចំណាត់ការរបស់អាជ្ញាធរលើសំឡេងរិះគន់កន្លងមក បានអនុវត្តតាមនីតិវិធីច្បាប់ និងថា ការទទូចរបស់ Human Rights Watch នេះគ្មានឥទ្ធិពលដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាលជប៉ុនឡើយ។
យ៉ាងណាក្តី Human Rights Watch លើកឡើងថា ក្នុងរយៈពេលប្រមាណ ១ឆ្នាំមកនេះ រដ្ឋាភិបាលអាណត្តិថ្មីដឹកនាំដោយ លោក ហ៊ុន ម៉ាណែត កាន់តែរឹតត្បឹតសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិជួបជុំដោយសន្តិវិធីរបស់ពលរដ្ឋខ្លាំងឡើងៗ តាមរយៈការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយ ការចាប់ខ្លួន និងឃុំខ្លួនអ្នកនយោបាយនិងសកម្មជនសង្គមក្នុងចេតនានយោបាយ។
អង្គការអន្តរជាតិនេះ បានលើកយកករណីការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានបក្សកម្លាំងជាតិ កាលពីខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីប្រទេសជប៉ុន ដែល លោក ស៊ុន ចន្ធី បានទៅជួបអ្នកគាំទ្រនៅទីនោះ។
ដូចគ្នាករណីចោទប្រកាន់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ពីបទបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ លោក ហ៊ុន ម៉ាណែត ជុំវិញលោក វណ្ណុល ផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia អំឡុងវត្តមាន នៅប្រទេសជប៉ុន កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤ជាដើម។
សម្រាប់ Human Rights Watch ករណីបង្ក្រាប លោក ហៃ វណ្ណា ដែលសកម្មក្នុងការរៀបចំបាតុកម្មក្នុងប្រទេសជប៉ុន ប្រឆាំងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ និងវៀតណាម (CLV) ការបញ្ជូនមនុស្ស ២នាក់ ទៅគំរាម លោក ហៃ វណ្ណា នៅជប៉ុន ដើម្បីឱ្យធ្វើវីដេអូសុំទោស លោក ហ៊ុន ម៉ាណែត ជាដើមនោះ វាជារូបភាពគំរាមកំហែង និងបំពានសិទ្ធិធ្ងន់ធ្ងរ ផ្ទុយនឹងគោលការណ៍ប្រជាធិបតេយ្យ។
លើសពីនេះ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិធិត មុនតាប៊ន បានរិះគន់ចំៗថា ការផ្ទេរអំណាចនៅកម្ពុជានៅឆ្នាំ២០២៣ ពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត ធ្វើឡើងតែនៅក្នុងក្រុមគ្រួសារ គឺជាការបន្តក្តោបក្តាប់អំណាច ដោយគ្មានលក្ខណៈប្រជាធិបតេយ្យនិងតម្លាភាព៕