ប្រជាពលរដ្ឋចំនួន ៦នាក់បន្ថែមទៀត រស់នៅភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ត្រូវបានខាងក្រុមហ៊ុនបូមខ្សាច់ប្តឹងទៅតុលាការ ពាក់ព័ន្ធនឹងបទ ញុះញង់ ក្រោយពួកគាត់នាំគ្នាតវ៉ាប្រឆាំងនឹងអាជីវកម្មបូមខ្សាច់របស់ក្រុមហ៊ុន ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងដីស្រែចម្ការរបស់ពលរដ្ឋដែលនៅក្បែរនោះ។
អ្នកស្រី ជា មុំ ជាប្រជាពលរដ្ឋរស់នៅភូមិចារ ឃុំចារ ដែលជាជនពិការ និងមានជំងឺប្រចាំកាយកកឈាមក្នុងខួរក្បាលផងនោះ បានប្រាប់វីអូឌីនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះថា កាលពីអំឡុងខែមិនា ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាបិទផ្លូវ ដើម្បីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាក្រុមហ៊ុនបូមខ្សាច់ ដែលមានឈ្មោះ ភាព លីហុង បានបើកអាជីវកម្ម ធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកពីអណ្តូងរបស់អ្នកភូមិ ប៉ះពាល់បរិស្ថានដោយសារដីហ៊ុយពេលឡានដឹកខ្សាច់ចេញចូល និងដីស្រែចម្ការដែលនៅក្បែរនោះប្រឈមនឹងការបាក់ស្រុតជាដើម។
អ្នកស្រីបន្តថា ក្នុងអំឡុងពេលតវ៉ាបិទផ្លូវនោះ អ្នកស្រីពុំបានចូលរួមនោះទេ ដោយសារជាប់មើលកូនឈឺនៅពេទ្យ ប៉ុន្តែស្រាប់តែនៅដើមសប្តាហ៍នេះ បែរជាអ្នកស្រី និងពលរដ្ឋចំនួន៥នាក់ទៀត បានទទួលដីកាកោះហៅឱ្យចូលបំភ្លឺនៅសាលាដំបូងខេត្តតាកែវទៅវិញ។
អ្នកស្រី ជា មុំ បានគូសបញ្ជាក់ថា ពួកគាត់ទាំង៦នាក់ ដែលត្រូវបានតុលាការកោះហៅឱ្យទៅបំភ្លឺនៅដើមខែក្រោយនេះ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បរិហារកេរ្តិ៍ជាសាធារណៈ និងប្រើប្រាស់មធ្យោបាយជាឧបសគ្គដល់ចរាចរណ៍សាធារណៈ។
អ្នកស្រីនិយាយថា៖ «គាត់[ខាងក្រុមហ៊ុន]ដាក់ប្តឹងខ្ញុំក្នុងហ្នឹងថាថ្ងៃ៣០[ខែមិនា]ហ្នឹងបិទផ្លូវ តែសម្រាប់ខ្ញុំថ្ងៃ៣០ហ្នឹងគឺខ្ញុំនៅពេទ្យ មើលកូនឈឺដួលម៉ូតូ។ ចាប់ពីថ្ងៃទី១ ខែ៤ អាហ្នឹងខ្ញុំបានទៅចូលរួមម្តង តែចូលរួមហ្នឹងខ្ញុំបានតែទៅកាន់ទូរស័ព្ទថតផុស ដើម្បីសុំអំពាវនាវឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់គាត់ជួយទេ ឱ្យខ្ញុំទៅធ្វើសកម្មភាពដូចជា ទៅបិទផ្លូវ លើកឡូអី អត់កើតទេ ព្រោះខ្ញុំមានជំងឺប្រចាំកាយ លើសឈាម បេះដូង ឈាមកកក្នុងខួរក្បាលហ្នឹង ចឹងខ្ញុំមានកម្លាំងពលកម្មទៅញុះញង់អី ខ្ញុំអត់មានសមត្ថភាពទេ ដូចអ្វីដែលគាត់ចោទប្រកាន់ហ្នឹងទេ។ ប្រជាពលរដ្ឋយើងខ្ញុំនៅតែបន្តការតវ៉ា សុំទទូចឱ្យច្បាប់ និងថ្នាក់ដឹកនាំគាត់ជួយដល់ប្រជាជន»។
បើតាមអ្នកស្រី ជា មុំ កន្លងមក ក៏មានប្រជាពលរដ្ឋចំនួន ៧នាក់ផ្សេងទៀត ដែលខាងក្រុមហ៊ុនបូមខ្សាច់បានប្តឹង ពីបទដូចគ្នានេះដែរ ទៅកាន់តុលាការ ដែលធ្វើចំនួនពលរដ្ឋជាប់បណ្តឹងមកដល់ពេលនេះ កើនដល់ ១៣នាក់ហើយ។
ប្រជាពលរដ្ឋម្នាក់ទៀតរស់នៅភូមិចារ លោក កិន ឆាយ ធ្លាប់ប្រាប់វីអូឌីថា ដំបូងឡើយ ម្ចាស់អាជីវកម្មបូមខ្សាច់នោះ បានទិញដីពីប្រជាពលរដ្ឋ ហើយស្នើសុំទៅខាងអាជ្ញាធរស្រុក ត្រឹមកាយអាចន៍ដីលក់ ក្រោយមកក៏បានឈានដល់ការធ្វើអាជីវកម្មបូមខ្សាច់ខ្នាតធំតែម្តង ដែលធ្វើឱ្យប៉ះពាល់បាក់ដីស្រែចម្ការ និងប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ។
ដោយឃើញពីផលប៉ះពាល់នេះ លោកថា ប្រជាពលរដ្ឋក៏បានជូនដំណឹងទៅអាជ្ញាធរភូមិឃុំផងដែរ ប៉ុន្តែអាជ្ញាធរហាក់ពុំបានអើពើលើបញ្ហានេះទេ ដែលធ្វើឱ្យពលរដ្ឋផ្ទុះការតវ៉ា នៅអំឡុងខែមេសានេះ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលខេត្តតាកែវ លោក វ៉ី សំណាង និងអភិបាលស្រុកព្រៃកប្បាស លោក ឌឹម គឹមសាន្ត បានទេនៅថ្ងៃអង្គារនេះ។
ប៉ុន្តែកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលស្រុកព្រៃកប្បាស បានចេញសេចក្តីបំភ្លឺជុំវិញបញ្ហានេះថា នៅក្នុងមូលដ្ឋានភូមិចារ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ពិតជាមានអាជីវកម្មបូមខ្សាច់ប្រាកដមែន ដែលមានអាជ្ញាប័ណ្ណ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តតាកែវ។
រដ្ឋបាលស្រុក បានអះអាងថា មុននឹងចេញអាជ្ញាប័ណ្ណ មន្ទីររ៉ែ និងថាមពលខេត្ត បានចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំង ដោយបានគិតពីការរងផលប៉ះពាល់ដែលនៅជុំវិញនោះរួចរាល់ គឺមិនមានករណីបាក់ស្រុតដូចការព្រួយបារម្ភឡើយ ហើយក៏មិនដែលមានករណីដាច់ប្រភពទឹកអណ្តូង បណ្តាលមកពីការបូមខ្សាច់ដែរ ព្រោះនីវ៉ូទឹកអណ្តូងស្មើគ្នា ហើយទឹកដែលជ្រាបមកតាមខ្សាច់ក៏មិនបានបូមយកទៅណាដែរ គឺនៅតែក្នុងរណ្តៅខ្សាច់នោះដដែល។
ប្រភពដដែលបន្តទៀតថា ការផ្តល់អាជ្ញាប័ណ្ណរណ្តៅខ្សាច់នេះ ខាងមន្ទីរចេញឱ្យម្ចាស់អាជីវកម្មរយៈពេលតែ១ឆ្នាំ ដែលមានដីទំហំ ៣៧ ៧០០ ម៉ែត្រការ៉េ ខណៈទីតាំងកាយយកខ្សាច់មានទំហំ ៥០ម៉ែត្រ គុណ ៦០ម៉ែត្រ ឬស្មើ ៣ ០០០ម៉ែត្រការ៉េប៉ុណ្ណោះ។ ចំណែក ចំងាយផ្ទះដែលជិតជាងគេ ប្រមាណជាង២០០ម៉ែត្រ ពីរណ្តៅខ្សាច់។
អនុប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី មានប្រសាសន៍ថា ការតវ៉ាដោយអហិង្សារបស់ប្រជាពលរដ្ឋ គឺពួកគាត់ចង់ឱ្យមានដំណោះស្រាយ ដូច្នេះវាមិនមែនជាបទល្មើសទេ។ លោកយល់ថា ការប្រើប្រាស់បទល្មើសញុះញង់ ទៅចោទលើប្រជាពលរដ្ឋ ដែលគ្រាន់តែតវ៉ាចង់ឱ្យមានដំណោះស្រាយលើបញ្ហាដែលកើតឡើងទៅពួកគាត់នោះ វាជាការរឹតត្បិតសិទ្ធិសេរីភាពនៃការប្រមូលផ្តុំ និងសិទ្ធិបញ្ចេញមតិ ផ្ទុយពីរដ្ឋធម្មនុញ្ញ។
លោកបន្តថា៖ «កាលណាមានបញ្ហាអ្វីមួយកើតឡើង ប្រជាពលរដ្ឋមិនពេញចិត្ត លោកតែងតែបញ្ចេញមតិ នេះជារឿងធម្មតាទេ នៅក្នុងសង្គមប្រជាធិបតេយ្យនោះ តើបើសិនជានៅសង្គមកម្មុយនីស្តអាហ្នឹងវាជារឿងមួយផ្សេង ចឹងប្រទេសយើងជាប្រទេសមួយ ដែលប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស យកប្រជាពលរដ្ឋជាម្ចាស់អំណាច ប្រជាពលរដ្ឋជាធំ ចឹងនៅពេលលោកបង្ហាញបញ្ហា លោកចង់ឱ្យរដ្ឋាភិបាលធ្វើការយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់លោក ឱ្យបានម៉ត់ចត់ យោងទៅតាមរដ្ឋធម្មនុញ្ញ ពួកគាត់មិនគប្បីទទួលបាននូវការប្តឹងចោទទៅតុលាការទេ ចឹងបានយើងគិតថា អានេះជាការរឹតត្បិតទៅលើសេរីភាព ហើយវាធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាល»។
លោក យិន ម៉េងលី យល់ថា ជាដំណោះស្រាយ នៅពេលដែលមានការតវ៉ា និងការស្នើពីប្រជាពលរដ្ឋបែបនេះ អាជ្ញាធរមូលដ្ឋានគួរតែចុះទៅពិនិត្យជាក់ស្តែង ហើយកោះហៅខាងក្រុមហ៊ុនទៅសួរនាំ ថាតើពិតជាមានបញ្ហាបង្កឱ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋពិតមែនឬអត់? ហើយដាក់ចេញជាវិធានការដោះស្រាយ។
លោកបន្តថា បើដោះស្រាយមិនចេញដោយសារក្រុមហ៊ុនមានអាជ្ញាប័ណ្ណពីថ្នាក់លើ អាជ្ញាធរក៏គួរធ្វើរបាយការណ៍ទៅថ្នាក់លើ ឬរដ្ឋាភិបាល ពីបញ្ហាដែលកើតមានឡើង ដើម្បីឱ្យមានដំណោះស្រាយជូនពលរដ្ឋ ជាជាងនៅស្ងៀមធ្វើមិនដឹងមិនលឺដើម្បីយករួចខ្លួននោះទេ។
លោកថា៖ «ចឹងសូមប្រើប្រាស់តួនាទីរបស់ខ្លួន ដែលប្រជាពលរដ្ឋជាម្ចាស់ឆ្នោតប្រគល់ឱ្យនេះ ដើម្បីដោះស្រាយបញ្ហាដល់ពួកគាត់[ប្រជាពលរដ្ឋ] ដើម្បីកុំឱ្យពួកគាត់ខកចិត្ត ហើយបែរជាប្តឹងគាត់ទៅតុលាការនេះវិញ»៕