កម្ពុជាឱ្យថៃសហការ​ចាប់​សកម្ម​ជន​នយោបាយ​ប្រឆាំង​៤នាក់​ទៀត​ចោទ​ថា​ផលិត​ព័ត៌​មាន​ក្លែង​ក្លាយ

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​នគរ​បាល​ជាតិ បាន​ចេញ​ប្រកាស​តាម​ចាប់​សកម្ម​ជន​នយោ​បាយ​បក្ស​ប្រឆាំង​ចំនួន​៤នាក់​​ទៀត ដែល​កំពុង​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដោយ​ចោទ​ថា ពួក​គេ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ ខណៈ​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​គ្រួសារ​ហ៊ុន ត្រូវ​បាន​ផ្អឹប​ចោល​មិន​ចាត់​ការ។

អ្នកនាំពាក្យអគ្គស្នងការនគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ប្រាប់​VOD​នៅ​ថ្ងៃទី​២៣ ខែ​​ឧសភា​នេះ​ថា ស្នង​ការ​នគរបាល​ជាតិ កំពុង​ដំណើរនិ​តី​វិធី​តាម​ចាប់​ម្ចាស់​គណនី​ហ្វេស​ប៊ុក​ចំនួន​៤ រួម​មាន ស្ត្រី Overseas ស្ទឹង​សម្ងាត់,​ ម៉ៅ បង និង Chhin Chou (ជូ ឈីន) ជាដើម។

លោកបញ្ជាក់ថា​ ពួក​គេ​ទាំ​ង​នេះ បាន​បំភ្លៃ​ព័ត៌​មាន​មិន​ពិត ដោយ​កាត់​តសំឡេង​រដ្ឋ​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម អ្នក​ស្រី ចម និម្មល ពាក់​ព័ន្ធ​កិច្ច​ចរចា​ពន្ធ​រវាង​អាមេរិក​និង​កម្ពុជា​ថា ជា​ភាព​បរាជ័យ​ធំ​របស់​រដ្ឋាភិ​បាល​។

ម្យ៉ាងវិញទៀត លោក​ថា បុគ្គល​ឈ្មោះ ស្ត្រី Overseas និង​ឈ្មោះ ជូ ឈីន ធ្លាប់​មាន​ដីកា​តុលាការ​ចាប់​ខ្លួន ពី​តុលាការ​ខេត្តបាត់​ដំបង​តាំង​ពី​ឆ្នាំ​២០២៤ ដែល​លោក​ថា គឺ​ជា​មុខ​សញ្ញា ដែល​រដ្ឋាភិបាល​ត្រូវ​ចាប់ខ្លួន​ពួក​គេ ពីប​ទ​រួម​គំនិត​ក្បត់។

លោកថា​៖ «ស្ត្រី Overseas ហ្នឹង កិច្ច​សម្ភាសន៍​របស់​លោក​ជំទាវ ចម និម្មល គាត់​និយាយ​រឿង​ផ្សេង ហើយ​គាត់​កាត់​បន្ត​បញ្ចូល​សំឡេង និយាយ​រឿង​ផ្សេង អានេះ​ទី​១​គាត់​ចង់​និយាយ​ថា​គាត់​ជា​ជន​ល្មើសពាក់​ព័ន្ធ​នឹង​បច្ចេក​វិទ្យា បទ​ល្មើស​​បច្ចេក​វិទ្យា​ហើយ ទី២​គាត់​និយាយ​រឿង​មិន​ពិត​ធ្វើ​ឲ្យ​សង្គម​គេ​មាន​ការ​ភាន់​ច្រឡំ តើ​គាត់​មាន​ចេតនា​ធ្វើ​អី ហើយ​បុគ្គល​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​រឿង​យើង​តាម​រក​ចាប់​ខ្លួន ព្រោះយើង​មាន​ដីកា​របស់​តុលាការ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ពាក់​ព័ន្ធ​នឹង​ការ​រួម​គំនិត​ក្បត់»។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​រូប​នេះ មិន​ឆ្លើយ​នឹង​សំណួរ VOD ដែល​សួរ​ថា តើ​ករណី លី រតនរស្មី និង​ពេជ្រ គីម​ស្រ៊ិន ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ឃាត​កម្ម​បាញ់​សម្លាប់​តំណាង​រាស្រ្ត​ លោក លិម គិមយ៉ា លើ​ទឹក​ដី​ថៃ​នោះ ជិត៥​ខែ​ទៅ​នេះ ដំណើរ​ដល់​ណា​ហើយ​នោះ​ទេ។

លើសពីនេះ សំណួរដែលសួរថា តើនគរបា​លជាតិ​មាន​គម្រោង​ស៊ើប​អង្កេត ដើម្បី​ចាប់​បណ្តា​ឧក្រិដ្ឋ​ជន នៅ​កម្ពុជា​ដែល​​វិទ្យា​ស្ថាន Humanity Research Consultancy រក​ឃើញ​ថា បណ្តាញ​​ឧក្រិដ្ឋ​​កម្ម​​ទាំង​នោះ គាំ​​ពារ​​ដោយ​​គ្រួសារ​​ហ៊ុន កំ​​​​ពុ​ង​​គំរាម​កំហែង​សន្តិភាព​​ពិភព​​លោក​នោះ​ដែរ។

លើសពីនេះ នៅថ្ងៃទី២៣ ខែ​ឧសភា​នេះ​ដែរ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ក៏​បាន​បញ្ចេញ​សេច​ក្តីប្រកាស​មួយ​ដែរ ពី​វិធាន​ចាប់​​ម្ចាស់​ហ្វេស​ប៊ុក​ឈ្មោះ ស្ត្រី Overseas នេះ​ដែរ។

ប្រភពអះអាងថា សារ​សំឡេង​វីដេអូ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ឈ្មោះ ស្ត្រី Overseas ពុំ​មែន​ជា​សារ​សំឡេង​ របស់​រដ្ឋ​មន្ត្រីក្រ​សួង​ពាណិជ្ជ​កម្ម អ្នក​ស្រី ចម និម្មល នោះ​ទេ។ សារ​សំឡេង​នោះ គឺ​ជា​ការ​ប្រើ ​បច្ចេក​ទេស​កាត់​តរូបភាព​វីដេអូ ដោយ​ប​ញ្ចូល​សំឡេង​ស្ត្រី​ម្នាក់​ធ្វើ​អត្ថាធិ​ប្បាយ ក្នុង​ចេតនា​ធ្វើ​វិទ្ធង្សនា បំពុលសង្គម ញុះ​ញង់ និង​បំភ្លៃ​ការ​ពិត ក្នុង​គោល​បំណង​​ធ្វើ​ឱ្យ​សាធារណ​ជន​ភាន់​ច្រឡំ ក្នុង​កិច្ច​ការ​ចរចា​លើ​ការ​អនុ​គ្រោះ​ពន្ធ​ជុំ​ទី១ ជា​មួយ​សហរដ្ឋ​អាមេរិក។

ប្រភពរដ្ឋាភិបាល អះអាងទៀតថា អំឡុង​ពេល​សម្ងំ​លាក់​ខ្លួន​នៅ​ប្រទេស​ថៃ ស្ត្រី​រូប​នេះ បាន​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​មួយ​ចំនួន ដូច​ជា គណនី​​​ឈ្មោះ ស្ត្រី Overseas, គណនី​ឈ្មោះ ស្ទឹង សម្ងាត់, Chhin Chou, និងគណនី​ឈ្មោះ ម៉ៅ បង ធ្វើ​ជា​មធ្យោ​បាយ ដើម្បី​បម្រើ​ឧបាយ​កល​ក្បត់​ជាតិ។

ដែលការណ៍នេះ អគ្គស្នងការ​ដ្ឋាន​នគរបា​ល​ជាតិ កំពុង​កសាង​សំណុំ​រឿង​តាម​នីតិ​វិធី និង​សហការជាមួយ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​របស់​ប្រទេស​ថៃ ធ្វើ​ការ​ស្វែង​រក​ចាប់​ខ្លួន និង​បញ្ជូន​ស្ត្រី​ឈ្មោះ ជូ ឈីន មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។

អ្នកកាន់ផេក ស្ត្រី Overseas គឺអ្នកស្រី ជូ ឈីន ប្រាប់​VOD​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា​នេះ​ថា អ្វី​ដែល​អ្នក​ស្រី​ធ្វើ​ គឺ​ដើម្បី​ចង់​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​របប​ដឹក​នាំ​ផ្តាច់​ការ​នៅ​កម្ពុជា ដែល​បំផ្លាញ​ប្រទេស​ជាតិ និង​ធ្វើ​បាប​ពលរដ្ឋ​ខ្មែរ។

យ៉ាងណាក្តី អ្នកស្រីអះអាងថា អ្នកស្រីមិនខ្លាចការពិត​នោះ​ទេ​ ​គឺ​អ្នក​ស្រី​ហ៊ាន​ទទួល​ខុស​ត្រូវ​គ្រប់​​យ៉ាង​ចំពោះ​មុខ​ច្បាប់ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​អ្នក​ស្រី​ត្រឡប់​ទៅ​កម្ពុជា​វិញ​មែន​នោះ។

អ្នកស្រីថា៖ «សម្រាប់​ខ្ញុំ​ទោះបី​ជា​គេ​ចាប់​ខ្ញុំ​បាន អាហ្នឹង​ក៏​ខ្ញុំ​ទទួល​យក​ទៅ ព្រោះ​អី​ធម្មតា​នៅ​ពេល​ដែលយើង​ប្រឆាំង​គេ យើង​តែង​តែ​មាន​បញ្ហា​ស្លាប់​ឬ​រស់​ គឺ​វា​នៅ​លើ​ផ្លូវ​តែ​មួយ​ហើយ អ៊ីចឹង​ទោះ​បី​ជា​ចាប់​ខ្ញុំ​ទៅដាក់​គុក​ឬ​ក៏​សម្លាប់​ខ្ញុំ​ អាហ្នឹង​ខ្ញុំ​អត់​ខ្លាច​ទេ ពីព្រោះ​អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​ខ្ញុំ​ចង់​បាន​មេដឹក​នាំ​ថ្មី ខ្ញុំ​ចង់​ឲ្យ​ប្រទេសរបស់​ខ្លួន​ឯង​ហ្នឹង​រស់​នៅ​ប្រជាពលរដ្ឋ​រស់​នៅ​មាន​សេរី​ភាព មាន​ភាព​ជឿន​លឿន សេដ្ឋ​កិច្ច​លូត​លាស់ហើយ​រស់​នៅ​ដោយ​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ»។

តំណាងរាស្រ្តបក្សសង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ហាក់​អស់​សំណើច​ថា រឿង​អយុត្តិធម៌​សង្គម​ជាតិចាក់​ស្រេះ​ពេញ​នគរ ដូច​ជា ករណី​ឧក្រិដ្ឋ​កម្ម​ឆបោក ចាប់​ជំរិត រំលោភ​សម្លាប់ អំពើ​ពុក​រលួយ គ្រួសារ​និយម វិបត្តិ​បំណុល​ពលរដ្ឋ វិបត្តិ​ដី​ធ្លី បញ្ហា​គ្រឿង​ញៀន ការ​បាត់​បង់​ទឹ​កដី បែរ​ជា​មិន​ដោះ​ស្រាយ គឺ​មក​ធ្វើ​ទុក្ខបុក​ម្នេញ​តែ​ខ្មែរ​គ្នា ឯណា​ពាក្យ​ដែល​លោក ហ៊ុន ម៉ាណែត និយាយ​ថា«ខ្មែរ​ស្រឡាញ់​ខ្មែរ»។

លោក​ថា៖ «ជារឿងមួយគួរអស់សំណើចណាស់ បើ​សិន​ជា​នៅ​ប្រទេស​សេរី គេ​ឮ​អ៊ីចឹង​គឺ​គេ​សើច​ងាប់​ហើយ ទៅ​ចាប់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​នៅ​ក្រៅ​ប្រទេស​ គ្រាន់​សម្ដែង​មតិ ដល់​ពួក​ឧក្រិដ្ឋ​ជន​ធំៗ​នៅ​ស្រុក​ខ្មែរដូ​ច​ជា ពេជ្រ គឹម​ស្រ៊ិន លី រត​ន​រស្មី ដូច​ជា​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ មាន​លោក​ ហ៊ុន តូ ឧកញ៉ា លី យ៉ុង​ផាត់ ឧកញ៉ា​ទ្រី ភាព ឧកញ៉ា​កុក អាន ជា​ដើម ដែល​ពាក់​ព័ន្ធ​ទៅនឹង​បទ​ឧក្រិដ្ឋ​ធំៗ​នៅស្រុក​ខ្មែរ​មិន​ចាប់​ខ្លួន​ បែរ​ទៅ​តាម​ចាប់​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ទៅ​វិញ»។

សម្រាប់អ្នកនយោបាយបក្សប្រឆាំង​រូបនេះ យល់​ថា ទាំង​នេះ​គ្រាន់​តែ​ល្បិច​កល​របស់​មេដឹក​នាំ​គ្រួសារ​ហ៊ុន ចង់​បង្វែរ​ស្ថាន​ការណ៍​រឿង​របាយ​ការណ៍​អន្តរ​ជាតិ​ រក​ឃើញ​ពី​ឧក្រិដ្ឋ​កម្ម​ឆបោក​ខ្នាត​អន្តរជាតិ​ដែល​ជាប់​ពាក់​ព័ន្ធ​គ្រួសារ​ហ៊ុន និង​សាច់​ញាតិ បក្ខ​ពួក​របស់​គាត់​ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត លោក​យល់​ថា ទាំង​នេះ ក៏​ជា​ចេតនា​មេដឹក​នាំ​គ្រួសារ​ហ៊ុន ចង់​បំបាក់​ស្មារតី​និង​បំបិទ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ កុំ​ឱ្យ​ហ៊ាន​និយាយ​រិះ​គន់​ពី​ការ​ដឹក​នាំ​ផ្តាច់​ការ សម្លាប់​ប្រជាធិប​​តេយ្យ រំលោភ​សិទ្ធិ​មនុស្ស​របស់​គ្រួសារ​គាត់​ប៉ុណ្ណោះ។

លោកថា៖ «ចង់ផ្តាំផ្ញើទៅអ្នកនាំពាក្យហ្នឹង​ធ្វើ​ម៉េច​ព្យាយាម​ចាប់​ខ្លួន ពេជ្រ គឹម​ស្រ៊ិន លី រតន​រស្មី ទៅ​ឲ្យ​តុលាការ​ថៃ​ទៅ ព្រោះ​អ្នក​ទាំង​អស់​ហ្នឹង​គឺ​ពាក់​ព័ន្ធ​ទៅនឹ​ង​ការ​ឃុប​ឃិត​ធ្វើ​ឃាត​ លោក លិម គិម​យ៉ា ហើយ​ព្យាយាម​ចាប់​ខ្លួន​ពួក​ឧក្រិដ្ឋ​ជន​ធំៗ​នៅ​ស្រុក​ខ្មែរ ដូច​ជា លោក ហ៊ុន តូ លី យ៉ុង​ផាត់ អីហ្នឹង​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ឧក្រិដ្ឋ​បង្ខាំង​មនុស្ស ឆបោក​តាម​អន​ឡាញ ការ​លាង​លុយ​អី​ហ្នឹង ពាក់​ព័ន្ធ​ទៅ​នឹង​បទឧក្រិដ្ឋ​ដទៃ​ទៀត​ ដូច​ជា​ ការ​ចាប់​ជំរិត និង​ការ​បង្ខាំង​មនុស្ស​ឱ្យ​ឆបោកតាម​អន​ឡាញ​ជា​ដើម»។

ដោយឡែក ប្រធាន​​​​សមាគមការពារសិទ្ធិមនុស្ស​អាដ​ហុក លោក នី សុខា លើក​ឡើង​ថា បើ​ការ​អះ​អាង​របស់​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ជា​រឿង​ពិត លោក​ក៏​មិន​គាំទ្រ​ចំពោះ​ការ​កាត់​តសំឡេង​ណាមួយ​ដែល​​ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​សង្គម​​ដែរ។

ប៉ុន្តែលោកថា រដ្ឋាភិបាល ក៏គួរបើក​លំហរ​សេរីភា​ព​បញ្ចេញ​មតិ សេរី​ភាព​សារ​ព័ត៌​មាន ដូច​មាន​ចែង​ក្នុងរដ្ឋ​ធម្ម​នុញ្ញ​ផង​ដែរ ដើម្បី​ឱ្យ​ពលរដ្ឋ​គ្រប់​និន្នាការ​អាច​ចូល​រួម​រិះ​គន់​ដើម្បី​ស្ថាបនា ទើប​ជាតិ​រីក​ចម្រើន។

លោកថា៖ «ប្រសិនបើការបញ្ចេញព័ត៌​មានរបស់គាត់ មិន​មាន​លក្ខ​ណៈ​សុច​រិត​មិន​ត្រឹម​ត្រូវ ខ្ញុំ​ផ្ទាល់​ក៏​មិន​លើក​ទឹក​ចិត្ដ​ទេ ជា​រួម។ ប៉ុន្តែ​យើង​ក៏​គួរ​​តែ​គិត​អំពី​លំហ​នៃ​សេរីភាព​ លំហ​​​នៃ​ប្រទេស​មួយ​ដែល​អនុវត្ត​នូវ​លទ្ធិ​ប្រជាធិប​តេយ្យ​ដែរ ថា​តើ​ព័ត៌មា​ន​ឬ​ក៏​អ្វី​ដែល​ការ​លើក​ឡើង​ទាំង​អស់​ហ្នឹង វា​មាន​ការ​ជះ​ឥទ្ធិ​ពល​ប៉ះពាល់​ទៅ​ដល់​សុវត្ថិ​ភាព​ទៅ​ដល់​ផល​ប្រយោជន៍ ដល់​អសន្តិសុខ​សង្គម​ហ្នឹង​កម្រិត​ប៉ុណ្ណា»។

យ៉ាងណា បន្ទាត់នយោបាយគ្រួ​សារហ៊ុន ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​គេមើ​ល​ឃើញ​ថា​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាសំ​បុក​ពួក​ឧក្រិដ្ឋ​ជន បន្សល់​ទុក​ជន​រង​គ្រោះ​ច្រើន​លាន​នាក់ ពី​ប្រព័ន្ធ​យុត្តិ​ធម៌។

ពិសេស​ថ្មី​ៗ​នេះ របា​យកា​រណ៍​ស្រាវ​ជ្រាវ​ជាង ៧០​ទំព័រ របស់​វិទ្យា​ស្ថាន Humanity Research Consultancy (HRC) ចេញ​ផ្សាយ​ថ្ងៃ​ទី​១៩ ខែ​ឧសភា​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា នៅ​ក្រោម​អំណាច​រដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា នៃ​គ្រួសារ​ហ៊ុន គឺ​ជា​ទីតាំង​ស្នូល​នៃ​ការ​ប្រព្រឹត្តិ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ជាពិសេស ឧក្រិដ្ឋ​កម្ម​អន​ឡាញ ។

របាយការណ៍នេះ ចង្អុលបញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដើរ​តួនាទី​ជា​អ្នក​ការ​ពារ​ពួក​អ្នក​មានអំណាច ឲ្យ​គប់​គិត​ជាមួយ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​បរទេស ដើម្បី​ប្រមូល​ប្រាក់​យក​ទៅ​ចិញ្ចឹម​គណបក្ស​កាន់​អំណាច ដោយ​ពួក​គេ​អាច​រក​ចំណូល​បាន​ពី​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ប្រមាណ​ពី ១២,៥​ពាន់​លាន ទៅ ១៩ពាន់​លាន​ដុល្លារ នៅ​ក្នុង​១ឆ្នាំ ។

វិទ្យាស្ថាន Humanity Research Consultancy (HRC) រកឃើញ​ថា មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត និង​ឧកញ៉ា​គ្រាក់ៗ ចំនួន ២៨​នាក់ ក្នុង​នោះ​ក៏​មាន​ឈ្មោះ​ឧកញ៉ា​ជំនិ​តរបស់​គ្រួសារហ៊ុន លោក លី យ៉ុង​ផាត់ និង​លោក ទ្រី ភាព ដែរ គឺ​ជា​មេ​បណ្តាញ​ឧក្រិដ្ឋ​កម្មឆ្ល​ង​ដែន​នៅ​កម្ពុជា ហើយ​មាន​អ្នក​បម្រើ​ការ​ងារ​ក្នុង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នេះ រហូត​ដល់​ជាង ១៥​ម៉ឺ​ន​នាក់ ។

មុខរបរ​សំខាន់ៗ​របស់​ពួក​គេ ដែល​កាង​ការ​ពារ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នៃ​លោក ហ៊ុន សែន រួមមាន​ការ​លាង​​លុយ​​កខ្វក់ ការ​បោក​ប្រាស់​តាម​អន​ឡាញ ល្បែង​អន​ឡាញ និង​ការ​ជួញ​ដូរ​មនុស្ស​ឆ្លង​ដែន ជាដើម។

ទាំងអស់នេះត្រូវបាន គេចាត់ទុកថា មេដឹកនាំ​កម្ពុជា​ជា​មេបណ្តាញ​ឧក្រិដ្ឋ​កម្ម គំរាម​កំហែង​​ដល់​សន្តិ​សុខពិភព​លោក ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​ រស់​នៅ​ក្នុង​ស្ថាន​ភាព​ប្រកាស​អាសន្ន បើ​គ្មាន​ចរន្ត​ផ្លាស់​ប្តូរ​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ