ពលរដ្ឋថា​សេវា​ប័ណ្ណ​ប.ស.ស. ​អ្នក​​ខ្លះ​ត្រូវ​ងើប​ពី​ម៉ោង​៣​ទាប​​ភ្លឺ​​និង​​ខ្លះ​២ថ្ងៃ​​ទើប​បើក​​ថ្នាំ​បាន

ប្រជាពលរដ្ឋ​ដែ​ល​​ប្រើប្រាស់​​បណ្ណ​​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (បសស) ជំរុញ​​ដល់​ក្រសួង​សុខា​ភិបាល ឬ​ខាង​មន្ទីរ​ពេទ្យ​​រ​ដ្ឋ​​មួយ​ចំនួន ពង្រីក​​កន្លែង​បើក​ថ្នាំ ដើម្បីប​ង្ក​ភាព​​ងាយ​​ស្រួល​ និង​​​កាត់​​បន្ថ​យ​​បញ្ហា​ប្រឈម​ផ្សេ​ង​ៗ អំឡុង​​ពេល​​ប្រជា​ពលរដ្ឋ ឬ​អ្នក​ជំងឺ​​រង​​​ចាំ​​យូរ​​ម៉ោង។​

តាមរយៈការ​ថតវីដេអូខ្លីមួយក្នុងបរិវេណ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ រាជ​ធានី​ភ្នំពេញ នៅ​លើប​ណ្តាញ​​​​សង្គម​​ហ្វេស​ប៊ុ​​ក​របស់​​ម្ចាស់​អាខោន​ឈ្មោះ បង ឌី កាល​ពី​ថ្ងៃទី​២១ ខែ​​ឧសភា​នេះ គេ​សង្កេត​ឃើញ​​មាន​​ពលរដ្ឋ​​​ជា​ច្រើន​​​ បាន​នាំ​​ឈរ​តម្រង់​ជួរ​​រង​​ចាំ​បើក​​​ថ្នាំ​ ដែល​ការត​ម្រង់​ជួរ​នោះ ​ម្ចាស់​អាខោនថា​មាន​ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ។

បើតាមរ​យៈកា​រ​​បញ្ចេញ​មតិ​ក្នុង​វីដេអូនោះ ម្ចាស់​អាខោន​ហ្វេស​ប៊ុក​រូប​នេះ មាន​​ជំ​ងឺ​ឈឺ​សន្លាក់ និង​​ចុក​ជើង ប៉ុន្តែ​​គាត់​ត្រូវ​ឈរ​តម្រង់​ជួរ​​​​រង​ចាំ​រយៈ​ពេលជា​ង​កន្លះ​ថ្ងៃ ដើម្បី​បាន​បើក​ថ្នាំ ខណៈ​ដែល​គាត់​​​ប្រើ​ប្រាស់​បណ្ណបសស ក្នុង​ការ​​ព្យាបាល។ 

ចំណែក ម្ចាស់អាខោន​​ហ្វេស​ប៊ុក​ឈ្មោះ Mao Samnang បានលើកឡើង​ដែរថា៖ «ខ្ញុំធ្លា​ប់​​ទៅ​កាល់​​ម៉ែត បើក​​ថ្នាំ​​ទឹ​​​កនោម​ផ្អែម ៣ម៉ោង»។

ម្ចា​ស់អាខោនហ្វេស​ប៊ុក​មួយរូបទៀត ឈ្មោះ Masterlife Mba បាន​បញ្ចេញមតិដែរថា នៅកន្លែងប្រើប្រាស់បណ្ណ​ បសស ​ក្នុងមន្ទីរពេទ្យ​កាល់ម៉ែត្រ ប្រជាពលរដ្ឋ​ត្រូវ​ឡើង​តម្រង់​​ជួរ​តាំងពីម៉ោង ៣កន្លះ​ព្រឹក ហើយ​​ទៅកន្លែង​ពិនិត្យ​​រង​​ចាំ​ចន្លោះ​​ម៉ោង ៤ទៅ​ម៉ោង ៦​ព្រឹក។ នៅ​ពេល​​​ទៅ​បើក​ថ្នាំ​ពលរដ្ឋ​​ត្រូវ​ឈរ​​តម្រង់​ជួរ​​ចន្លោះ​ពី ៣​ទៅ​៤ម៉ោង​​បន្ថែម​​ទៀត ដែល​គិត​​​ទៅ​ត្រូវ​​ប្រើ​ប្រាស់​ពេល​វេលា​​ពេញ​មួយ​ថ្ងៃ។

ប្រភ​ពដដែលនេះបន្ត​ក្នុង​សំណេរ​ដើម​ថា៖ «នេះគេ​ហៅ​ថាកា​រ​ងារ​ធ្វើ​​យឺត​ដូច​ក្តាម។ បុគ្គលិក​តិច​អ្នក​ជំងឺ​ច្រើន​ ហេតុ​អី​មិន​មាន​វិធាន​ការ?»

ម្ចាស់អា​ខោនហ្វេសប៊ុកមួយរូបទៀត ឈ្មោះ Srean Vannsinh ក៏បាន​លើកឡើង​ដែរថា ការ​រងចាំបើកថ្នាំ​យូរ នាំឱ្យ​ខាត​ពេល​​វេលា ដែលការណ៍នេះ រូបគាត់បានជំរុញឱ្យ​ខាង​មន្ទីរ​ពេទ្យ​រដ្ឋ ជួយ​សម្រួល​ឱ្យ​បានលឿន​​​ជា​ង​នេះ។

វីអូឌី មិនអាចសុំការ​ឆ្លើយតបបានភ្លាមៗពីអគ្គនាយក​​​មន្ទីរពេទ្យកាល់ម៉ែត្រ លោក គង់ សន្យា និង​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ លោក កុយ វ៉ាននី ជុំវិញ​​ករណី​នេះ​​បា​ន​នៅ​ឡើយ​​​ទេ នៅ​ថ្ងៃទី​២៣ ខែ​ឧសភានេះ។

កាលពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​​២០២៥ អ្នក​ជំងឺ​ប្រើ​ប្រាស់​ប័ណ្ណ បសស នៅ​មន្ទីរ​​ពេទ្យ​​អង្គ​ឌួង ក៏​បាន​​ត្អូញ​​​ត្អែ​​រ​​​ពី​ផល​​លំបាក​ និងភាពស្មុគស្មាញ​​នៃ​​​ការ​រក​​សេវា​​​នៅ​​​​មន្ទី​រ​ពេទ្យ​រដ្ឋមួយនេះ​​​ផងដែរ ដោយសារត្រូវ​​អនុវត្ត​នីតិវិ​ធី​ច្រើន​​ពេក។

អ្នកជំងឺរូបនោះ បានប្រាប់វីអូឌីបន្ត​​ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា​ ការធ្វើដូចនេះ នាំឱ្យ​អ្នក​ជំងឺ​កក​ស្ទះ និង​​ប​​​ង្ក​​​ផលលំបាក ដោយ​​​​​អ្ន​កជំងឺ​​​ខ្លះ​ ​​ត្រូវ​ងើប​​តាំង​​​ពី​​ម៉ោ​​ង ៣ ទៅម៉ោង៤​ទៀបភ្លឺ ដើម្បីរង់ចាំ​​បាន​លេ​ខចូ​ល​ពិ​​និត្យ​ជំងឺ បើមិនដូច្នេះ គឺ​​អ្នកជំងឺសម្រុក​កក់​កុញ មិ​​​ន​​​ងា​យ​បាន​​ពិនិត្យ​​ឡើយ។ មានអ្នកខ្លះទៀត​​ ត្រូវ​រង់​ចាំ​ដ​ល់​​​ទៅ​​២ថ្ងៃ​ក៏មាន​ដែរ ទើ​ប​​អាចមាន​ឈ្មោះ​ត្រូវជួប​គ្រូ​​​ពេទ្យ។ ការប្រើ​ពេលដ៏យូរបែបនេះ នោះក៏​ព្រោះតែ​អ្នក​​ជំងឺ​​ដែ​ល​​ប្រើប្រាស់ប័ណ្ណ ប.ស.ស នេះ​​មានចំនួន​ច្រើនពេក។

ភ្លា​មៗក្នុងអំឡុងខែកុម្ភៈដែលនោះ មន្ទីរពេទ្យអង្គឌួងបានសេចក្តីជូនដំណឹង​មួយ​ឆ្លើយតប​លើបញ្ហានេះ​ថា ខាង​​មន្ទីរពេទ្យ​បានចាត់តាំង និងមានក្រុមការងារ​​របស់មន្ទីរពេទ្យនៅជាប់ជា​ប្រចាំ​ ចុះពិនិត្យ និងជួយ​ស​ម្រួ​ល​​ដល់ប្រជាពលរដ្ឋ ​តាមគ្រប់ស្ថានភាពជាក់ស្តែង និង​កាន់តែរកឱ្យ​ឃើញ​អ្នកដែល​មានអាទិភាព​ដើម្បី​​​ទទួល​បាន​សេវា​​និង​ចូលពិនិត្យមុន ដែលករណីនេះខាងមន្ទីរពេទ្យ​សុំការ​យោគយល់ពីពលរដ្ឋ​ផងដែរ។

យ៉ាង​ណាខាងមន្ទីរពេទ្យនេះថា ខ្លួននឹង​បន្តខិត​ខំយកចិត្តទុកដាក់​ និងទទួលយក​នូវ​មតិយោបល់​ចូលរួម​ស្ថាប​នា ដើម្បី​ឱ្យកា​រផ្តល់​សេវាប្រកបដោយ​គុណភាព ភាពពេញចិត្ត​លើ​ក្រមសីល​ធម៌ និងវិជ្ជាជីវៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ