ការដែលក្រសួងព័ត៌មានចេញការពារវិធានចាប់ខ្លួនជនជាតិដើមភាគតិចគួយ លោក អ៊ុក ម៉ៅ ដែលសកម្មរាយការណ៍ពីបទល្មើសព្រៃឈើនោះ ជំរុញឱ្យមានការរិះគន់ថា រដ្ឋាភិបាលគ្រួសារហ៊ុន ឱបក្រសោបពួកឧក្រិដ្ឋជនព្រៃឈើ ដើម្បីឱ្យជួយការពារអំណាច បង្កមហន្តរាយដល់ជាតិ ។
ការរិះគន់នេះ ក្រោយក្រសួងព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែឧសភា ចាត់ទុក លោក អ៊ុក ម៉ៅ ដែលគេស្គាល់ថាជាអ្នកកាសែតបរិស្ថានសកម្មមួយរូប កំពុងជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពបម្រើឱ្យគោលបំណងផ្សេង។
ក្រសួងទទួលស្គាល់ថា លោក អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាពឥន្ទ្រីផ្លើសញូស៍មែន ប៉ុន្តែ មិនមានបណ្ណសារព័ត៌មានដែលចេញដោយក្រសួងព័ត៌មានឡើយ ព្រោះតែប្រាស់ចាកក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងរំលោភច្បាប់ ហើយរាល់បទល្មើសដែលលោក អ៊ុក ម៉ៅ រងការចោទប្រកាន់ គឺជារឿងរបស់បុគ្គល មិនទាក់ទងនឹងការងារក្នុងក្របខណ្ឌវិជ្ជាជីវៈសារព័ត៌មានឡើយ។
ក្រសួងពន្យល់ថា លោក អ៊ុក ម៉ៅ មិនអាចបំពេញលក្ខខណ្ឌក្នុងការស្នើសុំបណ្ណ ព្រោះរាល់អ្នកសារព័ត៌មានដែលស្នើសុំបណ្ណ ត្រូវតែមិនមានជាប់ពាក់ព័ន្ធនឹងបណ្ដឹងតវ៉ា ឬស្ថិតក្នុងនីតិវិធីតុលាការឡើយ។
ជុំវិញរឿងនេះ ប្រធានស្ថាប័នសារព័ត៌មាន VOD លោក ប៉ា ងួនទៀង យល់ថា ការបំភ្លឺរបស់ក្រសួងព័ត៌មាន គ្រាន់តែជាលេស បំភ័ន្តការយល់ឃើញរបស់ពលរដ្ឋខ្មែរតែប៉ុណ្ណោះ។ លោកថា សកម្មភាព លោក អ៊ុក ម៉ៅ មិនមានអ្វីខុសទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា ដែលបានធានានូវសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរគ្រប់រូប ក្នុងការផ្តល់និងទទួលបានព័ត៌មានឯករាជ្យនោះទេ។
លោកថា៖ «ក្រសួងព័ត៌មានចេញបកស្រាយ គ្រាន់តែជាការចូលរួមចំណែកមួយ ការបិទបាំងទង្វើរបស់រដ្ឋាភិបាលក្នុងការចាប់ លោក អ៊ុក ម៉ៅ នេះដោយសារតែចេតនានៃការបំបិទមាត់ គាត់កុំឲ្យធ្វើការរាយការណ៍រឿងបញ្ហាបរិស្ថាន និងបញ្ហាការកាប់បំផ្លាញព្រៃឈើ។ អ៊ីចឹងគោលដៅធំបំផុតនៃការចាប់ខ្លួន លោក អ៊ុក ម៉ៅ ដោយរដ្ឋាភិបាលនៃប្រទេសកម្ពុជា គឺដើម្បីបិទបាំងអំពើទុច្ចរិតរបស់ខ្លួន ក្នុងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ អាហ្នឹងជាចំណុចចម្បង ក្រសួងព័ត៌មានគ្រាន់តែចូលរួមជួយបិទបាំងទង្វើរបស់រដ្ឋាភិបាល ហើយដើម្បីយកមុខយកមាត់ដោយមានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំរដ្ឋាភិបាលតែប៉ុណ្ណឹងទេ»។
ការប្រតិកម្មរបស់ក្រសួងព័ត៌មាននេះ ក្រោយ លោក អ៊ុក ម៉ៅ ជាអ្នកសារព័ត៌មានចូលរួមរាយការណ៍អំពីបរិស្ថានដ៏សកម្មម្នាក់ ត្រូវបានអាជ្ញាធរស្លៀកពាក់ស៊ីវិល ចាប់ខ្លួននៅផ្ទះរបស់លោក កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដោយមិនមានបង្ហាញដីកាចាប់ខ្លួន។
លោក អ៊ុក ម៉ៅ ជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិសាស្រ្តភូមិភាគឦសាននៃខេត្តស្ទឹងត្រែង ហើយលោកក៏ជាអ្នកនយោបាយ កូតាមកពីគណបក្សដើម្បីកម្ពុជាដែរ។
ក្រោយការចាប់ខ្លួន រូបលោកត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមការចោទប្រកាន់ពីបទ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។
ជុំវិញរឿងនេះដែរ អង្គការ-សមាគមចំនួន១៤ ក៏បានអំពាវនាវដល់អាជ្ញាធរកម្ពុជា ដោះលែងអ្នកសារព័ត៌មានផ្នែកបរិស្ថាន លោក អ៊ុក ម៉ៅ ជាបន្ទាន់ និងបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងការគំរាមកំហែងទៅលើរូបគាត់ ព្រមទាំងអ្នកសារព័ត៌មានផ្សេងទៀត និងធានាសិទ្ធិសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ។
សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ របស់អង្គការ-សមាគមចំនួន ១៤ ចាត់ទុកការចាប់ខ្លួន និងចំណាត់ការផ្លូវច្បាប់ទៅ លោក អ៊ុក ម៉ៅ ថាជាផ្នែកមួយនៃការព្យាយាមបំភិតបំភ័យ និងបំបិទសំឡេងអ្នកសារព័ត៌មាន និងអ្នកការពារបរិស្ថាននៅកម្ពុជា ដែលអ្នកទាំងនោះ តែងតែលាតត្រដាងនូវការកេងប្រវ័ញ្ចធនធានធម្មជាតិ និងបុគ្គលដែលប្រព្រឹត្តអំពើកេងប្រវ័ញ្ចទាំងនេះ។
ករណីនេះ អង្គការ-សមាគមទាំង១៤ បានអំពាវនាវដល់រដ្ឋាភិបាលដោះលែង លោក អ៊ុក ម៉ៅ ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងធានាការស៊ើបអង្កេតឯករាជ្យមិនលម្អៀង ទៅលើហិង្សាដែលកើតឡើងលើរូបលោក កាលពីថ្ងៃទី២៤ ខែមិនា។
នាពេលកន្លងទៅ នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់ថ្លែងថា លោកលើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន ផ្សាយពីចំណុចខ្វះខាតនៃការអនុវត្តតួនាទីរបស់រាជរដ្ឋាភិបាល។
លោកថា៖ «សារព័ត៌មានដែលផ្សព្វផ្សាយរឿងអវិជ្ជមានខ្ញុំស្គ្រីនសតទុក រកដោះស្រាយ។ បងប្អូនដែលមានសុក្រឹតភាពផ្សាយខុសកែឡើងវិញ អត់មានពីណាហាមឃាត់ទេ។ ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនផ្សាយនូវភាពកង្វះខាតនៃការអនុវត្តតួនាទីរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យយល់ដឹងផង ដើម្បីយើងដោះស្រាយពេលវេលារួមគ្នាទៅជួបលើកទឹកចិត្តឲ្យធ្វើ»។
សម្រាប់អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ លោក ប៉ា ងួនទៀង មើលឃើញថា ទាំងរដ្ឋាភិបាលជំនាន់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានតែថាលើកកម្ពស់សេរីភាពសារព័ត៌មាន តែជាក់ស្តែងបង្រ្កាបយ៉ាងសកម្មទៅលើប្រព័ន្ធផ្សព្វផ្សាយដែលមិនចំណុះឱ្យខ្លួនទៅវិញ។
លោកថា៖ «គាត់ថាធានា សេរីភាពសារព័ត៌មាន ធានានូវព័ត៌មានឯករាជ្យ ប៉ុន្ដែសំណួរសួរថាតើព័ត៌មានឯករាជ្យណា ដែលអាចឈរជើងនៅក្នុងប្រទេសកម្ពុជាបាន ក្រៅពីព័ត៌មានដែលយករួចខ្លួន ឬក៏ព័ត៌មានដែលគាំទ្ររដ្ឋាភិបាល អាហ្នឹងចំណុចមួយ ចំណុចទីពីរ គាត់តែងតែលើកឡើងរឿងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ប៉ុន្តែយើងមើលព័ត៌មានជុំវិញខ្លួនគាត់ ឧទាហរណ៍ ដូច Freshnews សុទ្ធតែបំភ្លៃព័ត៌មាន ហើយសុទ្ធតែការបំប៉ោងព័ត៌មាន។ ចំណុចទាំងអស់ហ្នឹងវាឆ្លុះបញ្ចាំងថាសម្តីគាត់ផ្សេង ប៉ុន្ដែទង្វើគាត់ផ្សឹង»។
ជាមួយគ្នានេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ថា មេដឹកនាំគ្រួសារហ៊ុននេះនិយាយតាមរបៀបប្រជាភិថុតតែប៉ុណ្ណោះ ហើយថាប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រខ្លួនទើបអាចរស់បានក្នុងសង្គមកម្ពុជា។
ជាងនេះទៀត លោកថា អ្វីដែលក្រសួងព័ត៌មានបំភ្លឺរឿងចាប់ខ្លួន លោក អ៊ុក ម៉ៅ នៅពេលនេះជាភស្តុតាងបំបិទសំឡេងប្រជាពលរដ្ឋ មិនចង់ឱ្យឈឺឆ្អាលរឿងសង្គម ជាពិសេសរឿងធនធានធម្មជាតិនេះតែម្តង។
លោកថា៖ «ចំពោះសារព័ត៌មានដែរ ដែលមាននិន្នាការក្នុងការបង្ហាញអំពីចំណុចអវិជ្ជមាននៃការដឹកនាំដោយរដ្ឋាភិបាល គឺរដ្ឋាភិបាលហាក់ដូចជាបំបិទសំឡេងអស់ទាំងហ្នឹង ហើយការបំបិទសំឡេងនេះ តាមរយៈការមិនចេញអាជ្ញាប័ណ្ណឲ្យដូចក្រសួងព័ត៌មានលើកឡើង។ ទីពីរ ជួនកាលគេអាចប្រើប្រាស់នៅក្នុងច្បាប់មួយ ដោយគេចោទប្រកាន់ថាបុគ្គលហ្នឹងជាបុគ្គលដែលបង្កឱ្យមានអស្ថិរភាពជាបុគ្គល ដែលនិយាយបំផ្លើសការពិតធ្វើឲ្យមានភាពញុះញង់បង្កឲ្យមានចលាចលសង្គម។ មិនត្រឹមតែអ្នកសារព័ត៌មាន សូម្បីតែសកម្មជនបរិស្ថាន ក៏ត្រូវបានរដ្ឋាភិបាលចោទប្រកាន់ចាប់ដាក់គុក កន្លងមកដូចជាយុវជនមាតាធម្មជាតិជាដើម»។
សម្រាប់ លោក សូរីដា ក្នុងប្រទេសប្រជាធិបតេយ្យជឿនលឿន ច្បាប់គេបានចងកាតព្វកិច្ចឱ្យពលរដ្ឋចូលរួមការពារព្រៃឈើ លើកទឹកចិត្តឱ្យពលរដ្ឋស្រឡាញ់បរិស្ថាន ហើយបើមានពលរដ្ឋសកម្ម លះបង់ការពារព្រៃឈើ ដូចលោក អ៊ុក ម៉ៅ នេះគេតែងតែលើកតម្កើន ដែលផ្ទុយពីកម្ពុជាតែងតែចោទប្រកាន់អ្នកការពារព្រៃឈើ ងាកទៅឱបក្រសោបពួកឧក្រិដ្ឋជនបំផ្លាញធនធានធម្មជាតិទៅវិញ។
លោកថា៖ «រដ្ឋាភិបាលហាក់ដូចជាលើកទឹកចិត្តទៅលើពួកក្រុមទុច្ចរិត នៅក្នុងការធ្វើសកម្មភាពដែលមិនចម្រើនដល់ប្រទេស យើងមើលតាំងពីអ្នកដែលកាប់ព្រៃឈើ រកស៊ីព្រៃឈើឡើងងារជាឧកញ៉ាទាំងអស់ អាហ្នឹងមួយ! ទីពីរអ្នកដែលរកស៊ីគ្រឿងញៀនក៏ឡើងងារជាឧកញ៉ា ជួនកាលឡើងងារ ឯកឧត្តម ហើយអ្នកដែលរកស៊ីខាងការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងការចាប់ជំរិត និងឆបោក ក៏ត្រូវបានឡើងងារជា រហូតដល់តំណែងជាព្រឹទ្ធសភាអីទៀត»។
ជ្រុងមួយនៃរឿងនេះ សារព័ត៌មានអន្តរជាតិ ម៉ុងហ្កាបេ ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃទី៣ ខែកុម្ភៈ ឱ្យដឹងថា អ្នកកាសែតជនជាតិអង់គ្លេស លោក ជើរ៉ល ហ្វីលីន (Gerry Flynn) ដែលសកម្មរាយការណ៍ពីបទល្មើសបរិស្ថាន ការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា ត្រូវបានរដ្ឋាភិបាលគ្រួសារហ៊ុនបណ្តេញចេញពីកម្ពុជា និងដាក់ក្នុងបញ្ជីខ្មៅផងដែរ។
អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានសរសេរលើហ្វេសប៊ុកលោក នៅថ្ងៃទី ២៣ ខែឧសភានេះថា ការបោសសំអាតសកម្មជនព្រៃឈើ និងអ្នកកាសែតស៊ើបអង្កេតបទល្មើសព្រៃឈើ នោះតំបន់ព្រៃឈើកម្ពុជានឹងត្រូវឆ្លងកាត់៣ដំណាក់កាល។
លោកថា ទី១បំផ្លាញព្រៃឈើ ដែលនៅសល់ លក់ចែកលុយគ្នា ទី២ធ្វើរោងចក្រប្លែកៗ បន្លំឈ្មោះអភិវឌ្ឍន៍នៅតំបន់កាប់វាយ និងចុងក្រោយរោងចក្រទាំងនោះនឹងក្លាយជាទីតាំងលាក់មនុស្សឲ្យបម្រើការងារក្នុងឧក្រិដ្ឋកម្មឆ្លងដែន និងបោកប្រាស់តាមអនឡាញ៕