រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ជំរុញឱ្យតុលាការពន្លឿនដោះស្រាយរឿងក្តីជនរងគ្រោះចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ដែលជាប់គាំងជិត២ឆ្នាំទៅនេះ ក្រោយជនរងគ្រោះផ្ទុះការតវ៉ាជាបន្តបន្ទាប់ នៅតែគ្មានដំណោះស្រាយធ្វើឱ្យមានអ្នកស្លាប់កើនជិត៣០នាក់ ក្រោមវិបត្តិបំណុល។
នេះបើលិខិតមួយច្បាប់របស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដែលVOD ទទួលបាននៅថ្ងៃទី២៣ ខែឧសភានេះ។
បើតាមលិខិតនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ប្រាប់ឱ្យ លោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ពន្លឿនចំណាត់ការក្នុងសំណុំរឿងព្រហ្មទណ្ឌ កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ដោយថា បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលស៊ើបសួរ។
ការជំរុញនេះ ក្រោយជនរងគ្រោះបានប្រមូលផ្តុំគ្នានៅមុខក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១៩ ខែឧសភាទាមទារឱ្យរដ្ឋាភិបាលចាប់បង្ខំឱ្យមេឆបោកសងលុយពួកគេវិញ ខណៈវិបត្តិបំណុលពួកគេបានស្លាប់កើនដល់២៧នាក់ ដែលខ្លះធ្វើអត្តឃាត និងខ្លះទៀតស្លាប់ដោយសារគ្មានលុយព្យាបាលជំងឺ ក្នុងចំណោមអ្នកចាញ់បោកប្រមាណជា៨ពាន់គ្រួសារ។
អគ្គនាយកក្រុមហ៊ុនពិភពដីមាស គឺអតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ ពីបទ ឆបោកពលរដ្ឋ តែប្រមាណ ៤ខែក្រោយមក ពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការដោះលែងវិញ ក្រោយសន្យារកលុយសងជនរងគ្រោះវិញ តែពេលបាននៅក្រៅឃុំ លោកបានគេចវេសមិនគោរពសន្យានោះទេ។
ចំពេលយុត្តិធម៌ត្រូវជាប់គាំងជិត២ឆ្នាំទៅនេះ ជនរងគ្រោះក៏បានទម្លាយលិខិត២ច្បាប់ បង្ហាញថា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ដែលមាន លោក ឃួង ស្រេង ជាប្រធានបានបង្កើតសាខាបក្សនៅក្រុមហ៊ុនពិភពដីមាស ក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០២៣ ជ្រើសតាំង លោក ហ៊ី គឺមហុង ជាមេដឹកនាំ។
តំណែងអតីតឧកញ៉ា ហ៊ី គឹមហុង ជាក្បាលម៉ាស៊ីនដឹកនាំដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាប្រចាំនៅរាជធានីភ្នំពេញនេះហើយ ដែលជនរងគ្រោះចោទថា ធ្វើឱ្យពួកគេស្លាប់ជាបន្តបន្ទាប់ជិត៣០នាក់ដោយសារប្រព័ន្ធច្បាប់មិនហ៊ានកាត់ទោសមេឆបោករូបនេះ៕









