ប្រជាពលរដ្ឋរងគ្រោះដីធ្លី នៅស្រុកគូលែន ខេត្តព្រះវិហារ ដែលកម្លាំងរដ្ឋាភិបាល បង្ក្រាបដោយហិង្សាដុតផ្ទះបណ្ដេញចេញពីលំនៅឋានទាំងបង្ខំ កាលពីជាង១ឆ្នាំមុននោះ ទាមទារឱ្យអាជ្ញាធរបើកផ្លូវឱ្យពួកគេបានទៅធ្វើស្រែចម្ការលើអាស្រ័យផលវិញ ដោយសំអាងពីការជួបវិបត្តិជីវភាពធ្ងន់ធ្ងរ។
ព្រឹត្តិការណ៍បណ្តេញដោយហិង្សា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ពីកម្លាំងចម្រុះរបស់រដ្ឋាភិបាលដែលផ្តោតលើពលរដ្ឋជាង ១៣០គ្រួសារ នៅពេលនោះ ក្រៅពីដុតផ្ទះសម្បែង ក្រុមអ្នកភូមិ២៨នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងសម្ភារៈមួយចំនួន ត្រូវបានរឹបអូសមានម៉ូតូ និងគោយន្តជាដើម។
ពលរដ្ឋម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលតុលាការឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយដាក់ស្ថិតក្រោមការតាមដានរបស់តុលាការនោះ ប្រាប់មកកាន់ VOD នៅថ្ងៃទី២៣ខែឧសភានេះថា ចាប់តាំងពីថ្ងៃដែលកងកម្លាំងបណ្តេញមក ពួកគាត់ជួបបញ្ហាជីវភាពលំបាកខ្លាំង។
បុរសរូបនេះ អះអាងថា វិបត្តិទាំងនេះ ដោយពួកគាត់គ្មានដីធ្លីសម្រាប់ធ្វើស្រែចម្ការ គ្មានទីលំនៅច្បាស់លាស់ និងខ្លះបង្ខំចិត្តចំណាកស្រុក ទាំងប្រថុយនឹងគ្រោះថ្នាក់ ដើម្បីចិញ្ចឹមគ្រួសារ និងបង់ធនាគារ។
បញ្ហានេះ គាត់ទទូចឱ្យរដ្ឋាភិបាលឱ្យពួកគាត់បានទៅធ្វើស្រែលើដីចាស់នោះវិញ ដើម្បីចិញ្ចឹមគ្រួសារ ដោយសំអាងថា ពេលនេះពួកគេជួបបញ្ហាជីវភាពធ្ងន់ធ្ងរ ប្រឈមនឹងដាច់បាយ រីឯដីដែលអាជ្ញាធររឹបអូសនោះ ក៏ត្រូវគេទុកចោទឱ្យនៅទំនេរដែរ។
លោកថា៖ «ខ្ញុំគឺវាពិបាកខ្លាំងមែនទែនបង សម្រាប់ជីវភាពប្រជាជនដែលនៅក្នុងតំបន់ខេត្តព្រះវិហារស្រុកគូលែន គឺពិតជាមានផលប៉ះពាល់ខ្លាំងមែនទែន ដោយសារថាគាត់ដកដីពីប្រជាពលរដ្ឋ ហើយសង្ឃឹមថា វិនិយោគកើតជាក្រុមហ៊ុនហើយ ឲ្យមានការងារឲ្យប្រជាពលរដ្ឋធ្វើនៅជិតៗនោះ ប៉ុន្តែផ្ទុយស្រឡះ ដីនោះរឹបអូសយកពីប្រជាពលរដ្ឋ ហើយគឺដីនោះអត់មានធ្វើអីទេ គឺត្រូវទុកចោល[…]ខ្លះក៏សម្លាប់ខ្លួន ដោយសារតែជីវភាពបំណុលវ័ណ្ឌក ដោយសារតែយកប្រាក់ហ្នឹងទៅទិញដីយកពីធនាគារយកទៅទិញដីនោះ ហើយចុងបញ្ចប់ដីនោះក៏គេរឹបអូសយកអស់ រស់នៅទាំងវេទនាទាំងទុក្ខសោកលំបាក ព្រោះដោយសារគ្មានទីជម្រករស់នៅពិតប្រាកដ ក៏គ្មានដីស្រែចម្ការធ្វើសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមើលឃើញ»។
ស្ត្រីម្នាក់ទៀត សុំមិនបញ្ចេញឈ្មោះដែរ ដោយបារម្ភពីសុវត្ថិភាព បានអះអាងថា ពួកគាត់ទាំង ១៣១គ្រួសារ ដែលត្រូវបានអាជ្ញាធរបណ្តេញចេញជាង១ឆ្នាំទៅនេះ កំពុងជួបបញ្ហាជីវភាពធ្ងន់ធ្ងរដែលខ្លះស្លាប់ និងខ្លះធ្វើអត្តឃាតដោយសារវិបត្តិជីវភាព។
បញ្ហានេះ គាត់ទទូចឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះមកពិនិត្យទីតាំងដីនោះឡើងវិញ និងផ្ដល់សិទ្ធិដល់ពួកគាត់បានចូលអាស្រ័យផលវិញលើដីទំហំជាង ៦០០ហិកតា ដើម្បីដោះស្រាយជីវភាព។
គាត់បន្តថា ដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនទទួលពីរដ្ឋាភិបាល ក្នុងអំឡុងឆ្នាំ២០០៩ សម្រាប់ដាំដំណាំកៅស៊ូនោះ មកទល់បច្ចុប្បន្ននេះ មិនទាន់ឃើញមានសកម្មភាពអភិវឌ្ឍន៍ណាមួយទេ គឺគេទុកដីនៅទំនេរចោល។
អ្នកស្រីថា៖«បងប្អូនដែលប៉ះពាល់នៅហ្នឹងសព្វថ្ងៃ គាត់ទៅឆ្ងាយៗអស់ហើយបង ព្រោះដោយសារ អត់មានសំណង ណាមួយគាត់លំបាកច្រើនអ្នកខ្លះទៅស៊ីឈ្នួលគេឆ្ងាយៗអស់ គ្មាននរណាមានកន្លែងជម្រកឬក៏សំណងអីត្រឹមត្រូវទេ[…]ហើយក្រុមហ៊ុនអត់អភិវឌ្ឍន៍ប្រសិនបើគាត់ធ្វើអីផ្សេងៗទៅអាចមានការងារដល់បងប្អូន ដែលគាត់អត់ការងារ ឬក៏អ្នកធ្លាប់រងការប៉ះពាល់អត់ការងារ គាត់អាចទៅធ្វើបានលុយ ដីនៅតែដីធ្លាប់ស្រលះដល់លូវស្ដុកវិញហើយ ចឹងក្រុមហ៊ុនយកពីប្រជាពលរដ្ឋធ្វើអីបើយកហើយឱ្យដីកើតព្រៃវិញ ចង់ឲ្យរាជរដ្ឋាភិបាលរកអ្នកធ្លាប់រងគ្រោះដីហ្នឹង ដោះស្រាយចែកដីកន្លែងណាឱ្យពួកគាត់ជូននៅម្ដុំ ព្រោះរឿងហ្នឹងវាស្ងាត់យូរហើយ ហើយណាមួយបងប្អូនដែលរងគ្រោះបានធ្លាប់ជាប់គុកជាប់ច្រវាក់ជាប់ពន្ធនាគារហ្នឹង ហៅគាត់ទៅចែកដីចែកធ្លីកន្លែងណាម្តុំណា ឱ្យពួកគាត់បានម្នាក់មួយបាតផ្ទះ»។
VOD មិនអាចសុំការបំភ្លឺបន្ថែមជុំវិញបញ្ហានេះ ពីអភិបាលខេត្តព្រះវិហារ លោក គីម រឹទ្ធិ និងអភិបាលរងខេត្តព្រះវិហារ លោក អ៊ុក គឹមសាន្ត បានទេគិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែក ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្ស លោក រស់ សុដ្ឋា យល់ថា រដ្ឋាភិបាល រួមទាំងអាជ្ញាធរពាក់ព័ន្ធ គួរធ្វើការសម្របសម្រួល ឬផ្ដល់ដីនៅតំបន់ណាផ្សេង ដើម្បីសម្រួលដល់ជីវភាពពលរដ្ឋ។
លោកបន្តថា ការទទូចរបស់ពលរដ្ធ រដ្ធាភិបាលគួរតែពិចារណាឡើងវិញ ប្រកបដោយតម្លាភាព និងឈរលើភាពត្រឹមត្រូវ។
លោកថា៖ «គឺថារាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសនោះគឺថាធ្វើយ៉ាងម៉េចឲ្យវាមានតម្លាភាពពាក់ព័ន្ធនឹងការប្រគល់ដី ណាមួយបុគ្គលឬក្រុមហ៊ុនណាមួយចៀសវាងមានការសង្ស័យពីប្រជាពលរដ្ឋ[…]ការទទូចរបស់ប្រជាពលរដ្ឋ ខ្ញុំគិតថា គួរតែយកមកពិចារណា ហើយត្រូវពិនិត្យមើលផងដែរទៅលើការទ្រព្យសម្បត្តិដែលគាត់ខូចខាត ដោយអំពើខុសច្បាប់ណាមួយហ្នឹង គឺត្រូវតែសងគាត់វិញហើយវាមិនធ្ងន់ធ្ងរអីទេ គឺថាភារកិច្ចផងដែលរដ្ឋាភិបាល ត្រូវពិចារណានូវសំណើរបស់គាត់ទៅតាមក្របខ័ណ្ឌច្បាប់ជាតិនិងអន្តរជាតិ ដែលពួកគាត់ត្រូវការគោរពនូវសិទ្ធិរស់រានមានជីវិត សិទ្ធិលំនៅដ្ឋាន និងសិទ្ធិចិញ្ចឹមជីវិត»។
ប្រវិត្តនៃព្រឹត្តិការណ៍បណ្តេញចេញនេះ បានកើតឡើងកាលពីថ្ងៃទី៦ ខែមីនា ដែលកម្លាំងចម្រុះនៅស្រុកគូលែន ខេត្តព្រះវិហារ ពេលនោះបានបាញ់រះគ្រាប់ពិត និងគប់គ្រាប់បែកផ្សែងជាច្រើនគ្រាប់ ទៅលើក្រុមពលរដ្ឋដែលតតាំងដើម្បីការពារផ្ទះសម្បែង។
ការតតាំងនៅពេលនោះ ពលរដ្ឋជាង១០០នាក់ បានរត់ចូលព្រៃ ដើម្បីគេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ខណៈ ២៨នាក់ត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ។
ប៉ុន្តែប៉ុន្មានខែក្រោយមក អ្នកទាំង២៨នាក់នោះ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោយរងការរិះគន់លើវិធានបណ្តេញដោយហិង្សានេះ។
បើតាមអាជ្ញាធរ វិធានដុតផ្ទះពលរដ្ឋ បណ្តេញចេញនៅពេលនោះ គឺដើម្បីយកដីឱ្យក្រុមហ៊ុន សិលា ដាម៉ិច CO. LTD ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល។
របាយការណ៍នានា ក្រុមហ៊ុន សិលា ដាម៉ិច ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលចាស់នៅឆ្នាំ២០០៩ លើផ្ទៃដី ៩ពាន់ហិកតា(៩០០០ហិកតា) ក្រោមហេតុផលធ្វើការអភិវឌ្ឍដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ប៉ះពាល់ប្រជាពលរដ្ឋនៅតំបន់នោះជិត ១ពាន់គ្រួសារ។
របាយការណ៍នានា រកឃើញថា គោលនយោបាយផ្តល់ដីសម្បទានរបស់រដ្ឋាភិបាល លោក ហ៊ុន សែន ច្រើនឆ្នាំទៅនេះ បានពង្រីកអយុត្តិធម៌ដល់សហគមន៍ក្រីក្រ ជំរុញឱ្យមានការបង្ក្រាប និងបណ្តេញទាំងបង្ខំ និងចាប់ប្រជាសហគមន៍ក្រីក្រ ដាក់ពន្ធនាគារជាដើម។
បើគេពិនិត្យទៅលើស្មារតីរដ្ឋធម្មនុញ្ញ និងកតិការសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្តល់សច្ចាប័ន ការបណ្តេញចេញដោយបង្ខំជាការបំពានសិទ្ធិមនុស្សយ៉ាងឃោឃៅ។
រដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នជាមួយអង្គការសហប្រជាជាតិនៅឆ្នាំ១៩៩២ លើកតិការសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកចិ្ច សង្គមកិច្ច និងវប្បធម៌ ដែលរាប់បញ្ចូលទាំងសិទ្ធិលំនៅដ្ឋានសមរម្យ។
ដោយឡែក មាត្រា៤៤នៃរដ្ឋធម្មនុញ្ញកម្ពុជា ក៏បានទទួលស្គាល់សិទ្ធិជាម្ចាស់ទ្រព្យ រួមទាំងច្បាប់ភូមិបាលឆ្នាំ២០០១។
បើតាមចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញចេញដោយបំពាន គឺជាការរំលោភបំពានដ៏កម្រោល លើសិទ្ធិមនុស្សជាច្រើន ដែលបានទទួលស្គាល់ជាអន្តរជាតិ រួមមាន សិទ្ធិមានផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការងារ សន្តិសុខ សេរីភាពចាកផុតពីការប្រព្រឹត្តឃោឃៅ អមនុស្សធម៌។
ការបណ្តេញចេញដោយបំពាន រំលោភបំពានសិទ្ធិធ្ងន់ធ្ងរ បង្កផលប៉ះពាល់យ៉ាងខ្លាំងបំផុតខាងសង្គម និងសេដ្ឋកិច្ច ពិសេសស្ត្រី និងកុមារ៕