គណបក្សដើម្បីកម្ពុជាទទូចឱ្យតុលាការ​ខេត្ត​ព្រៃវែង​អនុវត្ត​​នីតិ​វិធី​​​តាម​​​ក្រសួង​យុត្តិ​ធម៌​​ចេញ​​គោល​​ការណ៍

តំណាងគណបក្សដើម្បី​កម្ពុជា នៅ​តែ​មើ​លឃើ​ញ​ថា​ សំណុំ​រឿង​ព្រហ្ម​ទណ្ឌ ដែល​ខ្លួន​បាន​ប្តឹង​ចូ​​ល​ទៅ​​ស្ថា​​​ប័ន​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រៃវែង នៅ​តែ​កប់​បាត់​ដំណឹង​នៅ​ឡើយ ខណៈ​​ក្រសួង​​យុត្តិ​​ធ​ម៌​បា​ន​ស​ម្រេច​រួច​ហើយ​ដោយ​កំណត់​​ឱ្យ​មន្រ្តី​តុលាការ​ដែល​កំពុ​​ង​បម្រើ​ការ​នៅ​ក្នុ​​ង​ស្ថា​ប័ន​អ​យ្យការ​​អ​ម​​នេះ ត្រូ​វ​ជំរុ​ញ​​​នីតិ​វិធី​ឱ្យ​បាន​លឿន។

ថ្លែងប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២៣ ​ខែឧសភា​នេះ លោក ឯម សុខ​សុវណ្ណ ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា និ​​យា​យ​ថា ចំពោះ​កិច្ច​អន្តរា​គមន៍ ដែល​ចេញ​ដោយ​ក្រសួង​យុត្តិ​ធម៌​នេះ វា​ជា​នីតិ​វិធីមួ​យ​​ដែល​ល្អ​ហើ​យ ប៉ុ​​ន្តែអ្វី​ដែលនៅ​តែ​ស្មុគ​ស្មាញ​ចំពោះ​រឿង​នេះ គឺ​នៅ​ត្រង់​ថា ភាព​ល្អ​ឥត​ខ្ចោះ​នេះ​ ខ្លាច​ក្រែង​​​វា​បាន​​​តែ​​លើ​​ស​​​ន្លឹក​សៀវភៅ។​ លើស​ពី​នេះ​ទៅ​ទៀត អ្វី​ដែល​ធ្វើ​ឱ្យ​លោក​ក្នុង​នាម​ជាម្ចា​ស់​បណ្តឹង​ខ​ក​ចិត្ត​នោះ គឺ​ម្តង​​​ជា​​​ពី​​រដង​រួច​មកហើយ ដែល​ស្ថាប័ន​អយ្យការ ផ្អិប​រឿង​នេះ​ទុក​ឥត​ចាត់​ការ។

លោកថា៖ «ចំពោះការឆ្លើយតបពីក្រសួងដែល​​ខ្ញុំ​ស្នើ​សុំ​អន្តរាគម​ន៍​ឲ្យ​ជួយ​ពន្លឿន​ហ្នឹង វា​ល្អ​ហើយ​បង​រាង​លឿន​បន្ដិច​ហើយ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ហ្នឹង​កុំ​ឲ្យ​ការ​ពន្លឿន​ហ្នឹង​វា​លើ​តែ​ក្រដាស ធ្វើ​ម៉េច​ឲ្យ​វា​ការ​ពិត​ជាក់​ស្ដែង​តែ​ម្ដង​ បើ​ថាធ្វើ​អាហ្នឹង​ធ្វើឲ្យ​វា​ច្បាស់​លាស់​តែ​ម្ដង​ បើថា​ធ្វើ​តែ​លើ​ក្រដាស​ឲ្យ​តែ​ល្អ​មើល​ទេ​ ហ្នឹង​វាមិន​មែន​ជា​យុត្តិធម៌​មួយ​សម្រាប់​ខ្ញុំ​ ហើយ​សម្រាប់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទូទៅ​ទេ​»។

ប្រតិកម្មរបស់ប្រធានគណបក្សដើម្បី​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង​​នៅ​ក្រោយ​ពេល​ដែល​​ក្រសួង​យុត្តិ​​ធ​ម៌ កាល​ពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២៥ បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ច្បាប់​ឱ្យ​ លោក គុជ គឹម​ឡុង ព្រះ​រា​​ជ​អា​ជ្ញាអម​សាលា​ដំបូង​ខេត្ត​ព្រៃវែង ពិនិត្យ និង​សម្រេច​ឱ្យ​បា​ន​ឆាប់​នូវ​បណ្តឹង​មួយ​ករណី​ដែ​​ល​ម្ចាស់​​បណ្តឹ​ង គឺ​ជាប្រ​ធាន​គណបក្ស​ដើម្បី​កម្ពុជា។

លោក កើត រិទ្ធិ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លើក​ឡើងនៅក្នុងលិខិតនេះ​បន្ថែម​ទៀត​ថា លោក​ គុជ គឹម​​ឡុង ត្រូវ​ពន្លឿន​​រឿង​ក្តី​នេះ​ឱ្យ​បាន​ឆាប់​រហ័ស និង​អនុវត្ត​ឱ្យបា​ន​ត្រឹម​ត្រូវ​តា​​មនីតិ​វិធី​ច្បាប់​ជា​ធ​រមាន​។ ​ជា​​​​ងនេះ​​ទៀត ក្នុង​ករណី​អនុវត្ត​នីតិវិធី​ទៅ ត្រូវ​ជួប​ឧបសគ្គ ឬ​មាន​បញ្ហា​លើ​ចំណាត់​ការ​នៃ​សំណុំ​​រឿង​​នេះ ត្រូវ​ផ្តល់​ព័ត៌​មានជា​បន្ទាន់​មក​គណៈ​បញ្ជា​ការ​ដឹក​នាំ​យុទ្ធនា​ការ ដើម្បី​មាន​មូល​ដ្ឋាន​ចាត់​ការ​បន្ត។

សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្វែងរកការបំភ្លឺជុំវិញ​រឿង​នេះ ពី​លោក គុជ គឹម​ឡុង ព្រះរាជ​អា​ជ្ញា​​អមតុលាការ​​ខេត្ត​ព្រៃ​វែង ដែល​ទទួល​បន្ទុក​នៅ​ក្នុង​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​នេះ​បាន​នៅ​ឡើយ​ទេ ខ​​ណៈ​​​​លោ​​ក ហូ ស៊ីឃ័រ ក្រឡា​បញ្ជី​ដែល​កាន់​រឿង​ក្តី​នេះ មិន​អាច​សុំកា​រ​អត្ថា​ធិប្បាយ​បាន ដោយ​លោក​​​អះ​​​អាង​ថា មាន​ការរំខាន និង​ស្តាប់​មិន​បា​ន​ក្នុង​ពេល​សន្ទនា។

បើទោះជាបែបណា តាមរយៈសារឆ្លើយឆ្លងគ្នាតាមទូរស័ព្ទ ដែលត្រូវបាន លោក ឯម សុខ​សុវណ្ណ ម្ចាស់​​បណ្តឹ​ងនៅ​ក្នុង​រឿង​ក្តី​នេះ បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​ខ្លួន ជាមួយ​លោក ហូ ស៊ីឃ័រ ដែល​ជា​ក្រឡា​បញ្ជី ឱ្យ​ដឹង​ថា លោក​ស្នើ​ឱ្យ​ម្ចាស់​បណ្តឹង ជួប​ជា​ថ្មី​ទៀត​ជា​តំណាង​អយ្យ​ការ លោ​ក គុជ គឹមឡុង។ ប៉ុន្តែ​ករណី​នេះ ត្រូវ​បាន​លោក ឯម សុខ​សុវណ្ណ បដិសេធ​ដោយ​អះ​អាង​ថា បើ​ទោះ​​​ជា​​ត្រូ​វ​ជួប​ជាថ្មីទៀត ក៏​គ្មាន​បាន​ផល​អ្វី​ដែរ។ ហេតុ​នេះ លោក​ស្នើ​ឱ្យ​តុលាការ​អនុវត្ត​តាម​អ្វី​ដែល​​ក្រសួ​​ង​​យុ​​​ត្តិធម៌​ចេញ​បញ្ជា គឺ​គ្រប់​គ្រាន់​ហើយ។

លោកថា៖ «(Aលោក ហូ ស៊ីឃ័រ)ឥឡូវអ៊ីចេះទៅៗ ខ្ញុំ​សុំ​បង​ថ្ងៃ​អង្គារ​បង​អាច​ទំនេរ​ទេ​ អញ្ជើញ​មក​ជួប​មេ​បាន​ទេ (Bលោក សុខសុវណ្ណ)​អត់​បាន​ទៅ​ទេ​បង​រវល់​ពេក​ជួប​ទូត​ផង​អី​ផង បង​ធ្វើ​ចំណាត់​ការ​តាម​តែហ្នឹង​ទៅ​តាម​នីតិ​វិធី​របស់ឯក​​ឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី កាញារិទ្ធ ទៅ​បង (A) ចឹង​ក៏​បាន​ដែរ​បង (B)​ ធ្វើតាម​ហ្នឹង​ទៅ​បង បើ​ទៅ​ជួប​ថ្ងៃ​មុន​និយាយ​ចុះ​ឡើង អត់​ពិត​ផង​ខ្ញុំ​មិន​ចេះ​និយាយ​ចឹង​ទេ ធ្វើ​តាម​ហ្នឹង​ទៅបង​ ធ្វើ​តាមឯក​​ឧត្តម​ឧបនាយក​រដ្ឋ​មន្ត្រី​កាញា​រិទ្ធ​ទៅ​បង (A​)ចឹង​ថ្ងៃ​អង្គារ​បង​មក​អត់​កើត (B)​អត់​ទៅ​ជូនទេប​​ងទៅ​ជួប​អី​ទៀត​ បើ​ទៅ​ជួប​ហើយ​ជួន​កាល​និយាយ​អត់​ច្បាស់​ផង ធ្វើ​ខ្ញុំ​ជួប​ម្ដង​ពីរ​ដង​ហើយ​ហ្នឹង​ធ្វើតាម​ហ្នឹង​ទៅ​បង មាន​រឿង​អី​ទាក់ទ​ង​ទៅមេ​ធាវី​ខ្ញុំ​ទៅ»។

ជុំវិញរឿងនេះ កាលពីថ្ងៃទី៨ ខែឧសភា លោក ឯម សុខសុវណ្ណ ប្រធាន​គណបក្ស​ដើម្បី​កម្ពុជា បាន​​​ដា​ក់​​​បណ្តឹង​សុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​យុត្តិ​ធម៌ ក្រោយ​តុលាការ​ខេត្ត​ព្រៃវែ​ង បាន​ផ្អិប​រឿង​ក្តី​របស់​​ខ្លួ​នទុ​​ក​​​ឥ​ត​ចាត់ការ។ នៅ​ក្នុង​រឿង​ក្តី​នេះ ដើម​បណ្តឹង​បាន​ប្តឹង​មន្រ្តី​ពន្ធដារ​ខេត្ត មន្រ្តី​សាលា​ខេត្ត និង​មន្រ្តី​​នគរ​បា​​ល​​ខេត្តចំនួន​១០ ទៅ​តុលាការ។ ក៏ប៉ុន្តែក្រោយដាក់​បណ្តឹង មាន​តែជ​ន​ជាប់​ចោទ​ចំនួន ៣​នាក់​ទេ ដែល​ត្រូវ​បាន​តុលាការ​កោះ​ហៅ​មក​ផ្តល់​សក្ខី​កម្ម រួម​មាន មន្រ្តី​​សាលា​​ខេត្ត​​ព្រៃ​​វែង និង​ម្នាក់​ទៀត ជា​​នាយ​​រង​ផ្នែ​កចរា​ចរណ៍​ផ្លូវ​គោក ព្រម​ទាំង​​​នាយ​ការិយាល័យ​គីមី​សាស្រ្ត។ ក្រៅពី​នេះ ៧នាក់​ផ្សេង​ទៀត នៅ​ក្នុ​​ង​រឿ​​ង​ក្តី​នេះ ដែលសុទ្ធ​តែ​ជា​មន្រ្តី​ពន្ធដារ​ខេត្ត គឺ​នៅ​មិន​ទាន់​ត្រូវ​បាន​តុលាការ​កោះ​​ហៅម​ក​សួ​​រនាំ​នៅ​​​ឡើ​យ​​​ទេ។

ទាក់ទិនអង្គហេតុ នៃរឿងក្តីនេះ លោក ឯម សុខសុវណ្ណ ឱ្យដឹង​ថា ដំបូង​ឡើយ ពោល​កាល​ពី​ឆ្នាំ​២០២៣ លោ​​​​ក​​​ត្រូវគេរ​ក​ឃើញ​ថា បាន​ជា​​ប់​​ពន្ធ​លើ​​មធ្យោ​បាយធ្វើ​ដំណើរ​មិន​ទាន់​បាន​ទូទាត់។ ប៉ុន្តែ​​​នៅ​​ក្នុ​ង​​ឆ្នាំ​ដ​ដែល​​ ​លោកត្រូវរង់ការ​​ចោទ​ប្រកាន់​ថា​នៅ​​ជាប់​ពន្ធ​ផ្លូវ​នេះ​ដដែល ខណៈ​​លោក​​បាន​ទូ​ទា​ត់​ពន្ធ​​​ទាំង​​ចា​ស់ និង​ថ្មី​រួ​ច​​​​រាល់​​​ហើយ ​ចំនួ​ន​សរុប​ ១លាន​៦០​ម៉ឺន​រៀល​។

ផ្ទុយទៅវិញ ក្នុងពេ​លដែល​លោ​ក​​​បង់ពន្ធរថ​យ​ន្ត ឬបង់​ព​ន្ធ​លើ​​ម​ធ្យោ​​​​បា​​​យ​ធ្វើ​ដំណើរ សម្រាប់​ឆ្នាំ​២០២៤ ចប់​សព្វ​គ្រប់ ស្រាប់​តែ​ឈ្មោះ​របស់​​លោក​ត្រូ​វ​នៅ​​ជាប់​ពន្ធ​ឆ្នាំ​ចា​ស់​មិន​ទា​ន់​​ទូទា​ត់​អស់​​នៅឡើយ ដែលមានចំនួនសរុបទាំង២ឆ្នាំ ២លាន ៤០ម៉ឺនរៀល​ទៅ​វិញ​។

ក្រោយមានភាពមិនប្រក្រតីនេះកើតឡើង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា និងថ្ងៃ​​ទី​​២ ខែធ្នូ ​ឆ្នាំ២០២៤ លោ​ក​បាន​​ដាក់​​បណ្តឹងប្រ​ឆាំង​មន្រ្តី​១០​នាក់ មក​ពី​ស្ថា​ប័​ន​ខុ​ស​ៗ​​គ្នា ក្រោម​បទ​ចោទ «កេង​យក​ផល​ប្រយោ​​​​ជន៍​ដោយ​ខុស​​​ច្បា​​ប់ រំលោភ​លើទំ​​នុកចិត្ត ការ​ជ្រៀតជ្រែក​​​ដោ​​ខុស​ច្បាប់ ក្នុង​ការ​បំពេញ​មុខ​ងារសាធា​​​ណៈ និង​ការ​ក្លែ​​​​បន្លំ »

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ ធ្លាប់​លើក​ឡើង​នៅ​ក្នុង​សំណុំ​​រឿង​នេះ​​ថា ការ​​ដែ​​ល​ម្ចាស់​បណ្តឹង​រុញ​រឿង​នេះ ចូល​ទៅ​ដល់​ដៃ​តុលាការ វា​គឺ​ជា​ជម្រើស​ល្អ​មួយ បើ​ទោះ​​​​ជា​​ល​ទ្ធផល​ចុ​ង​ក្រោយ​ ប្រែ​ប្រួល​បែប​ណា តែ​ការ​ព្យាយាម​រក​ខុស​ត្រូវ តាម​រយៈ​​ប្រព័ន្ធ​យុ​ត្តិធម៌​​បែ​ប​​នេះ​  វា​ប្រសើរជាជាង​ការ​រិះ​គន់​ដែល​គ្មាន​មូល​ដ្ឋាន។ ម្យ៉ាង​វិញ​ទៀត នេះ​គឺ​ជាកា​រ​ប្រើ​ប្រាស់​សិទ្ធិ​​ដែល​ត្រឹ​ម​​​ត្រូ​វ ដូច​​មាន​ចែង​នៅ​ក្នុង​ច្បាប់​ថែម​ទៀត៕       

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ