នៅក្នុងកិច្ចប្រជុំរដ្ឋសភាជប៉ុនកាលពីថ្ងៃទី២១ ខែឧសភា លោក ណាអូតូ សាកាហ្គុជិ បានប្រាប់សមាជិករដ្ឋសភាជប៉ុនថា ឯកអគ្គរាជទូតកម្ពុជាបានគំរាមកំហែង និងបំពានសេរីភាពនយោបាយរបស់លោក។ សមាជិកសភាជប៉ុនរូបនេះ លើកឡើងក្នុងសម្តីដើមថា «សូម្បីខ្ញុំជាសមាជិករដ្ឋសភានៅតែរងការគំរាមកំហែង ចុះទម្រាំពលរដ្ឋជប៉ុន ឬពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន ដែលបញ្ចេញមតិទាមទារឱ្យមានការគោរពសិទ្ធិមនុស្សនៅកម្ពុជា តើនឹងរងការគំរាមបែបណា?»។
ជាមួយគ្នានេះ ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ខ្លួននឹងធ្វើការកោះហៅឯកអគ្គរាជទូតកម្ពុជា ឲ្យបំភ្លឺពីករណីគំរាមកំហែងសមាជិកសភាជប៉ុននៅពេលឆាប់ៗ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន។
ប៉ុន្តែយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា បានចេញសេចក្តីបំភ្លឺមួយថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយការបកស្រាយមួលបង្កាច់ខុសពីការពិត ពាក់ព័ន្ធលិខិតរបស់លោក ទុយ រី ផ្ញើជូនលោក ណាអូតូ សាកាហ្គុជិ សមាជិកសភាជាន់ទាបជប៉ុន អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលអាចធ្វើឱ្យមានការយល់ច្រឡំលើខ្លឹមសារលិខិតរបស់ឯកអគ្គរាជទូតកម្ពុជា។
សេចក្តីបំភ្លឺបញ្ជាក់ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ពីការជួយគាំទ្រពីសំណាក់ប្រជាជនជប៉ុន ក្នុងរយៈកាលកន្លងមក ហើយទំនាក់ទំនងដ៏កក់ក្តៅ និងមានការវិវឌ្ឍទៅមុខជាវិជ្ជមានជានិច្ច បានធ្វើឱ្យប្រទេសទាំង២សម្រេចបាននូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានចាត់ទុកជប៉ុនជាមិត្តដែលមិនអាចខ្វះបាន ដែលជានិច្ចកាលបន្តផ្តល់ជំនួយគ្រប់វិស័យដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កម្ពុជា។
ប្រភពដដែល បន្តថា លិខិតរបស់លោក ទុយ រី ផ្ញើជូនសមាជិកសភាជប៉ុន គឺជាការពន្យល់បកស្រាយបំភ្លឺអំពីជំហរពីការពិតជាក់ស្តែង ស្តីពី ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា និងជាសំណូមពរតាមបែបលក្ខណៈការទូត ដោយពុំមានបង្កប់នូវន័យគំរាមកំហែង និងប៉ះពាល់ដល់កិត្តិយសរបស់សមាជិកសភាជប៉ុនរូបនោះទេ។
ក្រសួងការបរទេស គូសបញ្ជាក់ក្នុងសំណេរដើមថា «លិខិតរបស់ឯកឧត្តម ទុយ រី ត្រូវបានជនអគតិមួយចំនួនតូចយកមកធ្វើអាជីវកម្មនយោបាយបកប្រែបំផ្លើសធ្វើឱ្យមានការយល់ច្រឡំថា ឯកឧត្តម ទុយ រី បានគំរាមកំហែងសមាជិកសភាជប៉ុន។ នេះជាចេតនាមួលបង្កាច់ និងមានបំណងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសកម្ពុជាយ៉ាងច្បាស់ និងបង្កឱ្យមានការយល់ច្រឡំពីសំណាក់ជនមួយចំនួនតូច ដែលចង់បំផ្លាញទំនាក់ទំនងល្អនិងកក់ក្តៅកម្ពុជា ជប៉ុន»។
សូមបញ្ជាក់ថា លោក ទុយ រី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានផ្ញើលិខិតទៅកាន់ លោក ណាអូតូ សាកាហ្គុជិ បន្ទាប់ពីសមាជិកសភារូបនេះ បានលើកឡើងពីការកាន់តែធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្ស និងការរួមតូចទៅៗនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ថែមទាំងមានមន្ត្រីរដ្ឋាភិបាលកម្ពុជា តាមធ្វើទុក្ខបុកម្នេញដល់សកម្មជនគណបក្សប្រឆាំងកម្ពុជា ដែលកំពុងជ្រកកោណនៅប្រទេសជប៉ុន ប្រាប់ទៅគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាជប៉ុន នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៦ខែមេសា។
នៅផ្នែកខាងដើមនៃលិខិត៤ទំព័ររបស់ លោក ទុយ រី ផ្ញើទៅកាន់លោក ណាអូតូ សាកាហ្គុជិ បានលើកឡើងថា ការលើកឡើងរបស់សមាជិកសភារូបនេះ ប្រាប់ទៅគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាជប៉ុន អាចមានឥទ្ធិពលជាចម្បង ដោយការចូលរួមជាមួយបុគ្គលខ្មែរមួយចំនួនរស់នៅក្នុងប្រទេសជប៉ុន ក្នុងនោះមានអ្នកខ្លះបានចូលរួមយ៉ាងសកម្មក្នុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក្តី នៅលើ Page របស់លោក ណាអូតូ សាកាហ្គុជិ លោកបានទទូចស្នើសុំឱ្យនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា និងរដ្ឋមន្ត្រីការបរទេសលោក IWAYA Takeshi Iwaya ពិភាក្សាដោយស្មោះត្រង់ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពីសារៈសំខាន់នៃលទ្ធិប្រជាធិបតេយ្យ ក្នុងការការពារសិទ្ធិបុគ្គលគ្រប់រូប សិទ្ធិមនុស្សជាមូលដ្ឋាន ហើយលោកគិតថា លោកហ៊ុន ម៉ាណែត នឹងយល់។
សមាជិកសភាជប៉ុនរូបនេះ សរសេរថា សន្តិភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាប្រធានបទដែលលោកបានតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ហើយលោកតែងតែនិយាយថា សន្តិភាព និងលទ្ធិប្រជាធិបតេយ្យ គឺជាការចាំបាច់ដើម្បីធ្វើឱ្យប្រជាជនកម្ពុជាទទួលបានសុខសប្បាយ។
សមាជិកសភាជប៉ុនរូបនេះ ក៏បានជំរុញឱ្យរដ្ឋាភិបាលជប៉ុន លើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ទៅកាន់លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ច៤ថ្ងៃនៅប្រទេសជប៉ុន នាចុងខែឧសភានេះ ដើម្បីជាលក្ខខណ្ឌសម្រាប់ការផ្តល់ជំនួយអភិវឌ្ឍន៍បន្តទៅទៀត។
លោកក៏បានរិះគន់សកម្មភាពនានារបស់ លោក ទុយ រី ចំពោះការឃ្លាំមើល និងដាក់សម្ពាធលើប្រជាជនខ្មែរដែលកំពុងរស់នៅក្នុងប្រទេសជប៉ុនផងដែរ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងទៅបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅជប៉ុនចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនលើកនេះ ក៏ដូចកាលពីលើកមុនដែរ គឺនឹងមានប្រជាពលរដ្ឋខ្មែរមួយក្រុមរងចាំគាំទ្រ និងពលរដ្ឋខ្មែរមួយក្រុមទៀត ធ្វើបាតុកម្មប្រឆាំងទាមទារឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ និងស្តារប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា ត្រូវបានវិទ្យុបារាំងអន្តរជាតិស្រង់សម្តីថា លោកមិនអាចទាញការសន្និដ្ឋានចំពោះការប៉ះទង្គិចពាក្យសម្តីគ្នា រវាងឯកអគ្គរាជទូតកម្ពុជា និងអ្នកតំណាងរាស្ត្រជប៉ុនបែបណានោះទេ។
ប៉ុន្តែលោកថា ក្នុងនាមជាតំណាងរដ្ឋាភិបាលកម្ពុជា លោកឯកអគ្គរាជទូត គឺមានសិទ្ធិការពារអធិបតេយ្យភាពរបស់កម្ពុជា ប្រសិនបើសមាជិកសភាជប៉ុន ធ្វើសកម្មភាពឬក៏ធ្វើសេចក្តីអត្ថាធិប្បាយណាមួយ ដែលប៉ះពាល់ដល់កម្ពុជាដែលជារដ្ឋឯករាជ្យ។
លោកថា៖ «ខ្ញុំក៏មិនបានដឹងថា តើលិខិតរបស់ឯកឧត្តមអគ្គរាជទូតកម្ពុជា ដែលផ្ញើទៅកាន់អ្នកតំណាងរាស្ត្រជប៉ុនមានខ្លឹមសារបែបណាទេ ដូច្នេះយើងពិបាកក្នុងការធ្វើការវិនិច្ឆ័យ ឬក៏នាំទៅដល់សេចក្តីសន្និដ្ឋានណាមួយថា ជាការគំរាមកំហែងដល់អ្នកតំណាងរាស្ត្រ ឬក៏សមាជិកសភាជប៉ុនរូបនោះ។ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំគិតថា ទាំងជប៉ុននិងកម្ពុជា គឺជារដ្ឋឯករាជរដ្ឋអធិបតេយ្យហើយ យើងតែងតែគោរពនូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក»។
ប៉ុន្តែលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ថ្លែងថា សកម្មភាពរបស់ លោក ទុយ រី បានធ្វើហួសព្រំដែន ដែលហ៊ានគំរាមកំហែងសិទ្ធិសេរីភាពរបស់តំណាងរាស្ត្រជប៉ុន។
លោកថា ការព្រួយបារម្ភពីស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ជុំវិញការបិទសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ ការគំរាមកំហែងឆ្លងដែន ដែលសមាជិកសភាជប៉ុនបានលើកឡើង គឺជារឿងត្រឹមត្រូវ ព្រោះកម្ពុជាពិតជាញាំញីទៅដោយការរំលោភបំពានសិទ្ធិពលរដ្ឋប្រាកដមែន។
លោកថា៖ «ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន បានធ្វើការហួសព្រំដែនកំណត់របស់ខ្លួន គាត់បែរជាទៅគំរាមកំហែងតំណាងរាស្ត្ររបស់ជប៉ុន គាត់គ្រាន់តែសម្តែងមតិរបស់គាត់។ នៅប្រទេសជប៉ុនគេសម្តែងមតិដោយសេរីហី នៅប្រទេសកម្ពុជាយើងអ្នកណាសម្តែងមតិ គឺចាប់ដាក់គុកអស់ហើយ។ ឥឡូវនេះគាត់ធ្លាប់តែគំរាមកំហែងគេនៅស្រុកខ្មែរមេដឹកនាំខ្មែរ គំរាមប្រជាពលរដ្ឋខ្មែរខ្លួនឯង ឥឡូវនៅពេលដែលតំណាងរាស្ត្រប្រទេសជប៉ុនរិះគន់រដ្ឋាភិបាលកម្ពុជា បែរជាឯកអគ្គរាជទូតកម្ពុជាទៅគំរាមកំហែងនៅដល់ប្រទេសជប៉ុនទៀត ដូច្នេះអាហ្នឹងបង្ហាញឱ្យសហគមន៍អន្តរជាតិឃើញថា គឺនៅកម្ពុជានឹងបំបិទសិទ្ធិសេរីភាពសម្តែងមតិ»។
ជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិតស៊ូ បានប្រកាសលើបណ្តាញសង្គមថា ខ្លួនគាំទ្ររដ្ឋាភិបាល ក៏ដូចជាក្រសួងការបរទេសជប៉ុន ក្នុងការកោះហៅឯកអគ្គរាជទូតរដ្ឋាភិបាលគ្រួសារហ៊ុន ឲ្យចូលបំភ្លឺ ព្រោះទង្វើរបស់ឯកអគ្គរាជទូតរូបនេះ គឺជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សមាជិកសភាជប៉ុន ក៏ដូចជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុនផងដែរ។
ក្រុមប្រឹក្សាជាតិតស៊ូ ស្នើឲ្យរដ្ឋាភិបាលជប៉ុន ដាក់សម្ពាធឲ្យបានធ្ងន់ធ្ងរបំផុតដល់ឯកអគ្គរាជទូតរូបនេះ ឬក៏អាចឈានដល់ការបណ្តេញចេញពីប្រទេសជប៉ុន ដើម្បីជាការព្រមានដល់ឯកអគ្គរាជទូតត្រកូល ហ៊ុន នៅជប៉ុន និងនៅបណ្តាប្រទេសផ្សេងៗទៀត ឲ្យបញ្ឈប់នូវការគំរាមកំហែងដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងបណ្តាប្រទេសនានានៅជុំវិញពិភពលោក។
សម្រាប់លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានថ្លែងថា ប្រសិនបើឯកអគ្គរាជទូតកម្ពុជាបានគំរាមកំហែងលើសិទ្ធិសេរីភាពរបស់អ្នកតំណាងរាស្រ្តជប៉ុន ដូចដែលសារព័ត៌មាននានាបានចុះផ្សាយមែន នោះ វាជាការរំលោភយុត្តាធិការនៃប្រទេសមួយទៅប្រទេសមួយទៀត។
ប្រសិនបើមានករណីគំរាមកំហែងទៅលើសមាជិកសភាជប៉ុន គឺជាការល្មើសទៅនឹងច្បាប់ជាតិ ច្បាប់អន្តរជាតិ និងជារឿងជ្រុលហួសហេតុធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា។
លោកលើកឡើងថា ជប៉ុនជាប្រទេសដែលជួយកម្ពុជាដ៏ច្រើនលើសលប់ ក្នុងការកសាងនិងអភិវឌ្ឍន៍តាំងពីឆ្នាំ១៩៩៣ ក្រោយពីកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស មានការបោះឆ្នោតគ្រប់គ្រងឡើងដោយអង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ តាំងពីឆ្នាំ១៩៩៣មក គឺថា ទឹកលុយដែលប្រទេសជប៉ុនជួយដល់កម្ពុជាក្នុងរយៈមួយឆ្នាំៗ មកដល់ពេល៣០ឆ្នាំជាងនេះ គឺមានមិនតិចជាងពី៥ទៅ៦ពាន់លានដុល្លារនោះទេ នេះមិនទាន់និយាយពីប្រាក់កម្ចីផង។
លោកថា៖ «ចឹងខ្ញុំថាយើងធ្វើអ្វីកុំរំលោភបំពាន គ្រាន់តែប្រទេសកម្ពុជាយើងត្រូវបានគេមើលឃើញពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថា បានធ្វើឱ្យលំហូរនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិធ្វើនយោបាយនឹងមានការរួមតូចចង្អៀតទៅៗ។ ចឹងហើយការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា វាបានកើតមានជាបន្តបន្ទាប់មកហើយ យើងមិនអាចប្រើសិទ្ធិហួសយុត្តាធិការរបស់ខ្លួនក្នុងនាមគ្រាន់តែជាឯកអគ្គរាជទូតមួយទៅប្រចាំនៅប្រទេសគេ យើងអត់មានសិទ្ធិអំណាចណាដែលទៅគំរាមលើរដ្ឋាភិបាលប្រទេសគេបានទេ ខ្មាស់អៀនដល់ប្រទេសគេផង»។
ជាមួយគ្នានេះ មន្ត្រីកម្មវិធីប្រចាំតំបន់អាស៊ីរបស់អង្គការ Human Rights Watch លោក តេប៉ៃ កាហ្សៃ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ប្រាប់ទៅរដ្ឋាភិបាលជប៉ុនថា ក្នុងនាមជាម្ចាស់ជំនួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា រដ្ឋាភិបាលជប៉ុនត្រូវតែផ្ញើសារច្បាស់លាស់ទៅកាន់រដ្ឋាភិបាលកម្ពុជាថា ការគោរពសិទ្ធិមនុស្សគឺជាស្នូលនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងជប៉ុន។
លោកលើកឡើងថា ការឱបដៃ ឬការធ្វើមិនដឹងមិនលឺរបស់រដ្ឋាភិបាលជប៉ុន ចំពោះការរំលោភសិទ្ធិមនុស្សនៅកម្ពុជា គឺជាការបើកភ្លើងខៀវឲ្យរដ្ឋាភិបាលកម្ពុជា បន្តយុទ្ធសាស្ត្រកៀបសង្កត់ និងរំលោភបំពានសិទ្ធិមនុស្សខ្លាំងឡើងៗ៕









