វប្បធម៌ហៃ​អើកំពុង​រុញ​កម្ពុជា​ធ្លាក់​ក្នុង​បណ្តេញ​ឧក្រិដ្ឋ​កម្ម​​ឆ្លង​​ដែន​​បង្ក​គ្រោះ​ថ្នាក់​ដល់​ពលរដ្ឋ

ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ បើ​ទោះ​បី​មាន​ការ​រក​ឃើញ​ថា បន្ទាត់​នយោបាយ​បក្ស​កាន់​អំណាច រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ អំពើ​ពុក​រលួយ​ខ្ពស់ បែប​ប្រទាក់​ក្រឡា​គ្នា ​​ពីសំណាក់​អ្នក​មាន​អំណាច​កំពូលៗ​ក្តី ប៉ុន្តែ​មន្ត្រីដែល​ត្រូវ​បាន​គេ​ពង្រាយ​នៅ​តាម​ក្រសួង​សំខាន់ៗ បាន​បញ្ចេញ​ប្រតិកម្ម​បដិ​សេធ។

ការបដិសេធ​របស់​ពួក​គេ​ហាក់​មាន​ខ្លឹម​សារ​ដូចៗ​គ្នា ដោយ​វាយ​បក​ថា ការ​រក​ឃើញ​ទាំង​នោះ​ ជា​ព័ត៌​មានមិន​ពិត មួល​​បង្កាច់ មាន​ចរិត​​នយោ​បាយ បម្រើ​ឱ្យ​ក្រុម​​ឧទ្ទាម​​មួយ​ក្តាប់​​តូច បង្ខូច​​កេរ្តិ៍ ចង់​​ផ្តួល​រំលំ​រដ្ឋាភិ​បាលស្របច្បាប់ ដែលប្រឹងប្រែងការពារសន្តិភាព ជាដើម។

ការបដិសេធ និងចោទប្រកាន់ត្រឡប់ទៅវិញនេះ បានធ្វើឡើងតាំងពី​ការចេញ​របាយ​ការណ៍ របស់​ក្រុម​អង្គ​ការសង្កម​​ស៊ីវិល​ដែល​សកម្ម​នៅ​ក្នុ​ងស្រុក រហូត​ដល់​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គ​ការ​សហ​ប្រជា​ជាតិ ​ដែល​ពិភព​លោក​ផ្តល់​ត​ម្លៃ​ថា ជា​បុគ្គ​ល​ឯករាជ្យ​ក្តី ក៏​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ជា​របាយ​ការណ៍​បែប​ប្រឌិត​ដែរ។

ប៉ុន្តែ បើគេសង្កេត​ជាក់ស្តែងវិញ វិបត្តិកសិករបាន​កើត​ឡើង​ជិត​មួយ​ទសវត្សរ៍​ឬ​ជិត​១០​ឆ្នាំ ពលរដ្ឋ​ជាង​៥លាននាក់​ត្រូវ​គេរក​ឃើញ​ថា រ​ស់​នៅ​ក្នុ​ង​សម្ពាធ​បំណុល ចំណាក​ស្រុក​យ៉ាង​គំហុក​ ភាគ​ច្រើន​ប្រថុយ​នឹង​គ្រោះ​ថ្នាក់។

លើសពីនេះ បទឧក្រិដ្ឋឆ្លងដែនច្រើនទម្រង់ ដូចជា អំពើ​ឆបោក​តាម​អន​ឡាញ បទ​ឧក្រិដ្ឋ​លាង​លុយ​កខ្វក់ ឬ​លុយខុស​ច្បាប់ ពាក់​ព័ន្ធយ៉ាងជ្រៅជាមួយខ្សែបណ្តាញមេដឹកនាំកំពូលជាដើម ប្រព័ន្ធច្បាប់មិនកម្រើក ដើម្បី​បង្ហាញ​ឆន្ទៈ ក្នុង​ការ​វែក​មុខ​ចាប់​មេខ្លោង នៅពីក្រោយបណ្តាញឧក្រិដ្ឋ​ជន​ទាំងនោះទេ ដូចជា ការ​ពាក់ព័ន្ធនឹង លោក ហ៊ុន តូ បង​ប្អូនជីដូនមួយរបស់នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាដើម។

ទាំងអស់នេះជាជ្រុងមួយដែលគេមើលឃើញថា វប្បធម៌ហៃអើ កំពុងរុញកម្ពុជាធ្លាក់ជ្រោះនៃបណ្តាញឧក្រិ​ដ្ឋ​កម្ម បង្កការគំរាមដល់ជីវភាពពលរដ្ឋទូទាំងប្រទេស និងតំបន់។

ជ្រុងមួយនេះបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់​ទំនង​​​អន្តរជាតិ​​នៃរាជ​បណ្ឌិត​សភាកម្ពុជា​ដែ​ល​គាំទ្រ​​រដ្ឋាភិបាល ​បាន​​លើក​ឡើងលើហ្វេស​ប៊ុក​របស់​លោក​ថា ​«ការ​លើកតម្កើងបញ្ចើច​​បញ្ចើ​ថ្នាក់​​ដឹក​​នាំ​ជ្រុ​ល​​ហួស​ហេតុ​​ពេក​​ធ្វើ​ឱ្យ​ស្លក​​ពណ៌​​គុណវុឌ្ឍិ​ជាក់ស្តែង​​របស់​ថ្នាក់​ដឹកនាំទៅ​វិញ​ទេ»។

លោក​បញ្ជាក់ថា​​៖ «ការបង្កើតភាព​អច្ឆរិយៈ​ហួស​ពី​ការ​ពិត នាំ​ឱ្យ​​ការពិតត្រូវបាន​គេ​សង្ស័យ»​។

សំណេរ​របស់​លោក​បណ្ឌិត គិន ភា នេះ​បាន​ធ្វើឱ្យអ្នក​ប្រើប្រាស់​បណ្តាញសង្គម​ជាច្រើន ​ចូល​ទៅ​បញ្ចេញ​ម​តិ​​​ព្រោង​ព្រាត​​ថា ការដែល​មន្ត្រី​ចូលចិត្ត​និយាយ​​លើកសរសើរ​លើកតម្កើង​មេដឹក​នាំ រហូតហួសក្បាលដាក់លើ​​ហ៊ឹង ផុតដៃផុត​ជើង​​ ប្រាស​ចាក​ពី​​ការ​ពិតដូច​ពេល​បច្ចុប្បន្ន​នេះ​​ ក៏ព្រោះ​តែ​ថ្នាក់​ដឹកនាំ​ជោរដែរ​ ​ចូលចិត្តតែពាក្យបញ្ចើចបញ្ចើរ បញ្ជោ​រ ហើយ​តែងតែផ្តល់លាភ​​យស ដល់​មន្ត្រី​​ដែល​តែង​តែបញ្ជោរ​លើកជើង​ទាំងនោះ។ មេដឹកនាំស៊ី​ជោរ​ ប្រាកដជា​ពោរពេញដោយ​បរិវារ​អែបអប។

ក្នុងចំណោម​នោះ​ហ្វេសប៊ុកឈ្មោះ Thavy​DY បាន​បញ្ចេញ​មតិថា «ថ្នាក់ដឹកនាំខ្លះស៊ីជោរ​ អ្នកដែល​ខំ​និយា​យ​​ប្រាប់ត្រង់ៗ មិនសូវជឿទេ ជឿតែអ្នកលើកជើង​  ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យជាតិប្រឈមនឹងគ្រោះថ្នាក់» ។

ជាមួយគ្នា​នេះ ហ្វេសប៊ុកឈ្មោះ ​គីម អរុណ ​បាន​ចាត់​ទុក​ការលើកឡើង​របស់​​លោក​បណ្ឌិត​ គិន​ ភា ថា​ ជា​ពាក្យដែលមនុស្ស​រាប់លាននាក់ ចង់និយាយ តែ​មិន​ហ៊ាន​និយាយ ​បានត្រឹមតែ​លាក់ទុកក្នុង​ពោះ។

ប៉ុន្តែយ៉ាងណាក្តី លោក ​ប៉ែន បូណា ប្រធាន​អង្គភាពអ្នក​នាំពាក្យ​រដ្ឋាភិបាល​​ ដែល​ត្រូវបាន​គេ​មើល​ឃើញ​ថា គឺជាអ្នក​ដែល​និយាយ​លើក​ជើង​ ​មេដឹកនាំគ្រួសារ​ហ៊ុន​ខ្ពស់​លើស​ព្រះ​ទៅទៀតនោះ​ មិន​យល់​ស្រប​ទៅនឹងការ​លើកឡើង​របស់​លោក​បណ្ឌិត ​គិន ភា នេះឡើយ។​

លោក ប៉ែន បូណា ​បាន​ចូល​ទៅ​បញ្ចេញមតិ​នៅខាងក្រោម​​សារ​របស់លោក​​បណ្ឌិត គិន ភា ថា៖ «ខ្ញុំគិតថា មេដឹកនាំរបស់​យើងត្រូវទទួលការផ្តល់តម្លៃយ៉ាងខ្ពស់ ឱ្យសមស្របនឹងគុណសម្បត្តិរបស់លោក ដែលបានលះ​បង់​​សម្រាប់ប្រទេស​​ជាតិ និងប្រជាជន»។

សម្រាប់លោក បែន បូណា ការមិនហ៊ាននិយាយការពិត ហើយទុកឱ្យគេ​វាយប្រហារ ជេរប្រមាថ មាក់ងាយ ជាន់ឈ្លីមេដឹក​នាំ តាមអំពើចិត្ត​ គឺជាភាពអន់ខ្សោយ​របស់យើងទៅវិញទេ។ លោកថា ពេលដែលយើងស៊ាំត្រ​ចៀកនឹងការ​ជេរ​ប្រមាថ យើង​អាចចាត់ទុក​ការ​និយាយការពិត ដើម្បីការពារមេដឹកនាំយើងថា ជាការលើ​កតម្កើងជ្រុលក៏ថាបាន។ តែ​សូម​កុំ​ភ្លេចថា បើនិយាយពីគុណសម្បត្តិរបស់មេដឹកនាំយើង ទោះបីនិយាយ ១០០០ មួយ​យប់​ក៏មិន​អស់ផង។

លើស​ពី​នេះ​នៅក្នុងសំណេរមួយកាលពីថ្ងៃទី​៩​ ខែ​ឧសភា ​ឆ្នាំ២០២៥ ក្នុងពេល​លោក ហ៊ុន សែន​ ទៅបំពេ​ញ​​ទស្សន​កិច្ចនៅ​​ប្រទេស​ឥណ្ឌូ​នេស៊ី និងទីម័រឡេស្តេ លោក ​ប៉ែន​ បូណា បាន​​លើក​​តម្កើង ​លោក ​ហ៊ុន សែន ​ក្នុង​អត្ថបទ​មួយ​ថា កេរ្តិ៍​ឈ្មោះ​និងឥទ្ធិពលរបស់ លោក ហ៊ុន សែន មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ​ប៉ុណ្ណោះទេ តែបាន​ហៀរ​ចេញ​ពីព្រំដែនកម្ពុជា ជ្រាបចូលទៅក្នុងតំបន់ និងក្នុងពិភពលោក តាមរយៈការចូលរួម​ចំណែក​យ៉ាង​សំខាន់របស់លោក ក្នុងការកសាងសន្តិភាព​សម្រាប់មនុស្សជាតិ​នៅលើភព​ផែនដី។

លោកថា ស្នាដៃនិងគុណតម្លៃរបស់មេដឹកនាំ ដែលជាធនធានមិនចេះរីង​ស្ងួត​ សម្រាប់​មនុស្សជាតិ ពិតជាស័ក្តិសមណាស់​​​ក្នុងការទទួលបាន​នូវមហាកិត្តិយស​ ​ដែល​ផ្តល់ជូន​ដោយ​ប្រជាពលរដ្ឋខ្មែរ និង​ថ្នាក់ដឹកនាំ​ក្នុងតំបន់ និងពិភព​​​លោក។

លើសពីនេះ​ លោក ​ប៉ែន បូណា ​ធ្លាប់​បាន​លើក​តម្កើង​ លោក ​ហ៊ុន សែន ​ថា​បាន​កសាង​ស្នាដៃ​ធំធេង​ដល់​កម្ពុជា​ជាង​សម័យ​​ណាៗ​ទាំង​អស់​ ក្នុង​រយៈពេល៥០០ឆ្នាំ​ចុង​ក្រោយ​នេះ។

ចំពោះ​​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត​ វិញ ​លោក ប៉ែន បូណា តែង​តែលើកតម្កើង​ថា​​ ជា​​មេដឹកនាំ​ជំនាន់​ថ្មីមួយរូបដែលមាន​ចំណេះដឹងខ្ពង់ខ្ពស់ ជាអ្នកយុទ្ធសាស្ត្រ​ដែល​មាន​ទស្សនវិស័យវែងឆ្ងាយ និងពេញទៅដោយភាពប្រាកដប្រជា​ជាដើម​។

តែអ្នកតាមដានសង្គមវិញ មើលឃើញផ្ទុយពី លោក ប៉ែន បូណា ដាច់ស្រលៈ។ ពួកគេ​បា​ន​និយយា​យ​ថា ក្រោមការ​​ដឹក​​នាំ​របស់គ្រួសារ​ហ៊ុន ជាង៤០ឆ្នាំទៅនេះ ធ្វើឱ្យសម្បត្តិជាតិ ក្លាយជាកម្ម​សិទ្ធិគ្រួ​សារ អ្នក​មានអំ​ណាច កម្ពុជាបា​ត់​បង់​ទឹ​ក​​ដី​​​ទៅ​ប្រទេស​ជិតខាង និងបន្សល់ទុកជនរងគ្រោះរាប់លាននាក់ ពីប្រព័ន្ធ​​យុត្តិធម៌ និងពុ​ករលួ​​យជាដើម។

ផ្តើមចេញពី ​លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស​ជំនាន់ថ្មី​​ ថ្លែងថា ការនិយាយ​លើកតម្កើង​មេដឹក​នាំ​ហួ​ស​ពីការពិត​ ឬការរាយការណ៍​ព័ត៌មាន​មិន​ពិត បំប៉ោង​បំភ្លើស​​​ ប្រាប់មេដឹកនាំ​​​អាច​ធ្វើ​ឱ្យ​មេដឹកនាំយល់ខុស និង​ក៏រៀបចំផែនការ​អភិវឌ្ឍ​ជាតិខុស​ផងដែរ។

បន្ថែមពី​នេះ ​បើសិន​ជា​​មេដឹកនាំ​ត្រូវការការបញ្ចើច​បញ្ចើ​ លើកសរសើរ ​លើកតម្កើង​ហួសពីការ​ពិត​ វាក៏​ជារឿង​គ្រោះ​ថ្នាក់​​ដែល​នឹងធ្វើ​ឱ្យប្រទេសជាតិ​​ជួប​នូវហានីភ័យ ធ្វើឱ្យការ​ដឹកនាំមិន​គោរព​​នីតិរដ្ឋ ងាយ​ធ្លាក់​​ចូលទៅ​ក្នុង​ភាពអាណា​ធិបតេយ្យ​ កើតមាន​អំពើ​ពុករលួយ​ បក្ខពួកនិយម​គ្រួសារ​និយម​កាន់​តែខ្លាំង​ ដែល​នឹងធ្វើឱ្យប្រទេសជាតិ​អន់​ថយ ​ប្រជាពល​រដ្ឋ​រស់នៅមិន​បានសុខ​រងទុក្ខ។

លោកថា៖ «ការទទួលបាន​នូវព័ត៌មាន​កុហក់ ព័ត៌មាន​លើក​តម្កើងបញ្ចើចបញ្ចើរ ភូតភរនឹង​ហើយ​ ដែល​ជាការរងគ្រោះ ហើយនៅទីបំផុត អ្នកដឹកនាំ​អាចគ្រប់គ្រងស្ថានការណ៍នយោបាយ​ឱ្យ​មាន​សណ្តាប់ធ្នាប់​ ឱ្យមា​ន​​ការគោរពច្បាប់ គឺ​វាហួស​ពេល​ ដោយ​សារ​តែអ្នក​ដឹកនាំ​អត់​បាន​ស្វែង​រក​ការពិត​ ហើយអត់បានកម្ទេចនូវអំពើភូតភរកុហក់អំពើ​​បោក​ប្រាស​ណា​ដែល​មិន​មែនជាការ​ពិត​ ហើយ​ការ​ពិត​នេះ​ហើយ ​ការ​មិន​ពិត​នេះ​ហើយ ​វា​អត់​មាន​ទៅ​ជា​តម្លាភាព​​ ទៅជា​សុចរិតភាព ​គណ​នេយ្យភាព ក្នុងការ​ដឹកនាំប្រទេស​ទៅតាម​​ការគោរពនីតិរដ្ឋ​នៃសង្គម​ប្រជា​ធិប​តេយ្យ ការ​​គោរពសិទ្ធិមនុស្សអីហ្នឹងគឺថា​ វាជួបនូវភាពខ្មៅងងឹត ភាពអយុត្តិធម៌​អំពើ​អបាយមុខកើតឡើង ដោយ​សារ​​យើង​បាត់​នូវ​ភាព​ស្មោះត្រង់​នូវសច្ចៈ​ខន្តីកត្តញូ​ សម្រាប់​ការដឹកនាំក្នុងភាពជាអ្នក​ដឹក​នាំ»

សម្រាប់ ​លោក គឹម សុខ ​អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​តស៊ូ​ បានលើកឡើងថា លោក ​ហ៊ុន សែន និង​គ្រួសារ​ហ៊ុន ​​គឺ​ជា​ត្រកូល​​​ក្បត់ជាតិ​ដែល​​ដឹកនាំ​កម្ពុជា ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​ឱ្យ​វៀតណាម។

លោក​បន្តថា រដ្ឋាភិបាល​ក្រោមការដឹកនាំដោយគ្រួសារ​ហ៊ុន ​បាន​បន្តធ្វើទុក្ខបុកម្នេញ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ តាម​​រយៈ​ការ​​​បំ​ផ្លា​ញ​ធនធានធម្មជាតិ​ ការ​រំលោភ​បំពាន​យកដីធ្លីពី​ប្រជាពលរដ្ឋ​​ ការ​ធ្វើឱ្យ​ទីផ្សារ​កសិផល​របស់​កសិករ​ចុះ​ថោក ​និង​ការ​បង្កើតក្រុមហ៊ុន​ឆបោក​គ្រប់​ទម្រង់​​ជាដើម ​ដែល​​​ទីបំផុត​ធ្វើឱ្យ​ប្រជាពលរដ្ឋ​​កាន់​តែធ្លាក់ខ្លួនក្រីក្រ​​ជំ​ពាក់​បំណុលគេវ័ណ្ឌក​ ហើយ​ធ្វើ​ចំណាក​ស្រុកឡើងស្ងាត់​ស្រុក​ ហើយ​ជន​ជាតិ​វៀតណាម​ក៏​​បន្តសម្រុកចូល​​មក​រស់នៅ​ស្រុក​​ខ្មែរ​ ដែល​នេះជាយុទ្ធសាស្ត្រ​លេបទឹកដីតាម​វិធីត្រជាក់។

លោកថា៖ «ក្រុមប្រឹក្សា​ជាតិ​តស៊ូមើល​ឃើញ​ថា ប្រទេសកម្ពុជា​កំពុងស្ថិតនៅក្នុងស្ថានភាព​ប្រកាស​អាសន្ន។ នៅឯវេទិកាអន្តរជាតិក្នុងប្រទេស​ឥណ្ឌូនេស៊ីថ្មីៗនេះ លោក​ ហ៊ុន សែន​ បាន​រំលឹក​ពីការ​ពេញចិត្ត​របស់គាត់​ទាំងស្រុង លើចលនា​ឈ្លានពាន​របស់​កងទ័ព​វៀតណាម​ជិត២០​ម៉ឺន​នាក់​ ដែល​បាន​ជោគជ័យក្នុងការ​គ្រប់គ្រង​​ប្រទេសកម្ពុជាកាល​ពីថ្ងៃទី​៧​ ខែមករា ឆ្នាំ​១៩៧៩។ ការប្រកាសរបស់​ លោក ​ហ៊ុន សែន ​គាំទ្រការឈ្លានពាន​​របស់​​កង​ទ័ព​វៀត​ណាម​​លើ​​ប្រទេស​​កម្ពុជា​៧មករា​១៩៧៩ នៅឯវេទិកា​អន្តរជាតិ​បែបនេះ​ មាន​ន័យ​ថា អ្នក​កាន់​អំណាចក្រុមគ្រួសារ​ហ៊ុន​ ក៏ប្រកាសបំផ្លាញចោល​ទាំងស្រុង​​នូវកិច្ច​ព្រមព្រៀងសន្តិភាព​ទីក្រុង​ប៉ារិស​២៣តុលា​១៩៩១ នៅ​ឯវេទិកាអន្តរ​ជាតិ​​ដែរ»

លោក​ គឹម សុខ​ បាន​លើកឡើងថា​ មូលហេតុចំបងនៃការ​ជំរុញ​ឱ្យមាន​កិច្ច​ព្រម​ព្រៀង​​សន្តិ​ភាពទីក្រុងប៉ារីស គឺដើម្បី​ឱ្យដក​កងទ័ព​វៀតណាម ​ដែល​ឈ្លានពានប្រទេស​កម្ពុជា​ចេញពីទឹក​ដី​​កម្ពុជា និង​ស្តារ​ប្រទេសកម្ពុ​ជាឡើង​វិញ​ ធានា​ឱ្យកម្ពុជាមាន​សន្តិភាព ​មានអធិបតេយ្យភាព ​ឯករាជ្យ​បូរណភាពទឹកដី​ និង​ភាពមិន​អាច​រំលោ​​ភបាន​​នៃ​ដែន​​​ដី​អព្យា​ក្រឹតភាព ការបង្រួប​បង្រួមជាតិកម្ពុជា ​និងធានាឱ្យប្រជាពលរដ្ឋ​ខ្មែរ ​មានសិទ្ធិស្វ័​យ​​សម្រេច​លើជោគ​វាសនា​​ជាតិ ​តាម​រយៈការបោះឆ្នោត​ដោយសេរីនិងត្រឹមត្រូវ។

ប៉ុន្តែគ្រួសារ​ហ៊ុន ​បាន​​និងកំពុង​បន្ត​បំផ្លាញ​កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងប៉ារីស​​ ​ក្នុង​​ផែនការ​ដើម្បី​ដាក់​ឱ្យ​កម្ពុ​​ជា​ស្ថិត​​នៅក្រោមការ​គ្រប់គ្រង​របស់​វៀត​ណាម​។

 បន្ថែមពីនេះ​ នៅក្នុង​សេចក្តីថ្លែងការ​ណ៍​មួយ​ផ្សេង​ទៀត​ របស់​ក្រុមប្រឹក្សាជាតិតស៊ូ កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​ ២០២៥ ក្រុមប្រឹក្សានេះ​បាន​អំពាវ​នាវ​ដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និង​ក្រៅប្រទេស ត្រៀមខ្លួន ដើម្បីដណ្ដើម​យកប្រទេស​កម្ពុជា ពីរដ្ឋាភិបាលគ្រួសារហ៊ុន និង​គណបក្សប្រជាជនកម្ពុជា។

ក្រុ​មប្រឹក្សា​ជាតិតស៊ូ​ បន្តថា មិនអាចបន្តបណ្ដោយឲ្យក្រុមមនុស្ស នៃ​គណបក្សប្រជាជនកម្ពុជា ពីគ្រួសារលោក ហ៊ុន សែន បន្តកាន់អំណាចយូរទៀតឡើយ ពីព្រោះពួកគេគឺជាមេខ្លោងឧក្រិដ្ឋជនម៉ាហ្វីយ៉ាឆ្លងដែន ។

 របាយការណ៍ស្រាវជ្រាវជាង ៧០ទំព័រ របស់វិទ្យាស្ថាន Humanity Research Consultancy (HRC) ចេញផ្សាយថ្ងៃទី១៩ ខែ​ឧសភា បង្ហាញថា ប្រទេសកម្ពុជា នៅក្រោមអំណាច​រដ្ឋា​ភិបាលគ្រួសារហ៊ុន គឺជាទីតាំងស្នូលនៃការប្រព្រឹត្តិ​ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ឧក្រិដ្ឋកម្ម​អនឡាញ។ គ្រួសារ​ហ៊ុន ដើរតួនាទី​ជាអ្នក​ការពារពួកអ្នកមានអំណាច ឱ្យគប់គិតជាមួយ​បណ្តាញឧក្រិដ្ឋកម្មបរទេសដើម្បីប្រមូលប្រាក់ យកទៅចិ​ញ្ចឹម​គណបក្សកាន់អំណាច ដោយ​ពួកគេអាចរកចំណូល​បានពីឧក្រិដ្ឋកម្មអនឡាញប្រមាណពី ១២,៥ពាន់លាន ទៅ ១៩ពាន់​លានដុល្លារនៅក្នុង១ឆ្នាំ។នេះ​បើតាមក្រុមប្រឹក្សា​ជាតិតស៊ូ។

សម្រាប់​លោក សម រង្ស៊ី ​អតីតមេដឹកនាំគណបក្ស​ង្គ្រោះជាតិ​ និងបញ្ញវន្ត​ខ្មែរ​​ជាច្រើន​ លោក​ហ៊ុន សែន​ក្រៅពី​ធ្វើ​ឱ្យ​កម្ពុជា​បាត់​បង់ទឹកដី​និងកោះត្រល់ទៅ​ប្រទេសវៀតណាម​ព្រមទាំង​បើកដៃ​ឱ្យមាន​ការ​បំផ្លិចបំផ្លាញធនធានធម្មជាតិ​​ខ្មែរ​ស្ទើតែវិនាសអន្តរាយ​ទាំងស្រុង។

លើសពីនេះលោកថា ប្រធានគណបក្ស​ប្រជាជនកម្ពុជា ​ដែល​លើក​បន្តុបដោយ​វៀតណាម​រូបនេះ ក៏ជាមេដឹកនាំ​ដែល​នៅពីក្រោយ​អំពើ​ឧកិ្រដ្ឋកម្មព្រៃ​ផ្សៃ​សម្លាប់​អ្នកស្នេហា​ជាតិខ្មែរ​ជាច្រើន​ផងដែរ តាម​រយៈ​​ការ​ធ្វើរដ្ឋប្រហារ​ ទម្លាក់​សម្តេចក្រុមព្រះ​នរោត្តម រាណាឫទ្ធិ​ពីអំណាច​​កាលពីថ្ងៃទី​៥-៦ខែកក្កដា​ឆ្នាំ១៩៩៧ ដោយ​បាន​សម្លាប់មន្ត្រី​និង​​មេទ័ព​គណបក្ស​ហ្វ៊ិនស៊ិនប៉ិច​រាប់​ស៊ឹបនាក់ សម្លាប់តារាភាពយន្តល្បីឈ្មោះ​ពិសិដ្ឋ ពិលីការ មេដឹកនាំសហជីពលោកជា វិជ្ជា សកម្ម​ជន​ព្រៃឈើ​លោកឈុត វុទ្ធី​ អ្នក​វិភាគនយោបាយ​លោក​បណ្ឌិត កែម ឡី និង​សម្លាប់អ្នក​នយោ​បាយ​និង​អ្នក​កាសែត​ប្រឆាំង​រាប់​ស៊ឹបនាក់​ចាប់តាំង​ពីក្រោយការ​បោះ​ឆ្នោត​ឆ្នាំ១៩៩៣មក​។

ទាំងនេះ សម្រាប់អ្នកឃ្លាំមើលការវិវឌ្ឍនយោបាយនៅកម្ពុជា ដែលមិនចំណុះឱ្យរដ្ឋាភិបាល ចាត់ទុកពេលនេះកម្ពុជាត្រូវបានគេមើលឃើញថា ជាទីតាំងបណ្តាញឧក្រិដ្ឋកម្មអន្តរជាតិ គំរាមកំហែងពិភពលោកទាំ​ង​មូល ធ្វើឱ្យកម្ពុជាស្អុយឈ្មោះជាតិសម័យណាទាំងអស់ ក្រោមការដឹមនាំរបស់គ្រួសារហ៊ុន ។

មួយវិញទៀត ពួកគេថា វប្បធម៌ហៃអើនេះ កំពុង​រុញ​កម្ពុ​ជា​ក្លាយ​ជា​ដែន​ដី​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ខ្នាត​អន្តរ​ជាតិ ដែលជា​​ការ​គំរាម​កំហែង​ពលរដ្ឋ​កម្ពុជា​ ទូទាំង​ប្រទេស ក្រោម​វិធាន​ការ​ឆ្លើយ​តប​របស់​អន្តរ​ជាតិ ជុំវិញ​វិធាន​តាម​បោស​សម្អាត​ក្រុម​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន​ទាំង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ