ចលនាមាតាធម្មជាតិ រកឃើញថា ទូកវៀតណាមជាង ១០០០គ្រឿង បានឆ្លងដែននេសាទក្នុងសមុទ្រកម្ពុជានៅខេត្តព្រះសីហនុ ខេត្តកំពត និងកែប ជាក្តីបារម្ភពីវិនាសកម្មធនធានធម្មជាតិនៅបាតសមុទ្រ បើរដ្ឋាភិបាលមិនមានវិធានការទប់ស្កាត់បន្ទាន់ទេនោះ។
នេះបើតាមវីឌីអូជាង៣នាទីរបស់ចលនាមាតាធម្មជាតិ ដែលVODទទួលបាននៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
ប្រភពនោះ បានដកស្រង់ទិន្នន័យដែលខ្លួនស្រាវជ្រាវពី គេហទំព័រ Global Fishing Watch, Marrin Traffic, Vessel Finder និង Starboard ជាដើមដែលបានបង្ហាញជាសាធារណៈ។
ហើយទិន្នន័យទូកទាំងនេះទទួលបានពីប្រព័ន្ធ AIS ដែលមានភ្ជាប់ជាមួយទូកនីមួយៗ ដែលបានបញ្ជាក់ពីទង់ជាតិ ទំហំ ប្រភេទ និងទីតាំងនៃកប៉ាល់ ផងដែរ។
ក្នុងវីឌីអូនោះ ចលនាមាតាធម្មជាតិ បានដកស្រង់របាយការណ៍របស់អង្គការ ENVIRONMENTAL JUSTICE FOUNDATION បង្ហាញថា ចាប់ពីខែមករា ឆ្នាំ២០២១ ដល់ខែមីនា ឆ្នាំ២០២៥ មានទូកនេសាទវៀតណាមយ៉ាងហោចណាស់ ១០៦៦គ្រឿង បានចូលមកដែនសមុទ្រកម្ពុជាយ៉ាងតិចម្តង។
សំឡេងវីឌីអូ៖ «តាមរយៈទិន្នន័យដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីអង្គការ ENVIRONMENTAL JUSTICE FOUNDATION បានបង្ហាញថា សកម្មភាពទូកនេសាទវៀតណាម មានការកើនឡើងរហូតដល់ ១៨៥៣ភាគរយ បើប្រៀបធៀបពីឆ្នាំ២០២១ នៅឆ្នាំ២០២៤។ រាប់ចាប់ពីដើមឆ្នាំ២០២១ រហូតដល់ចុងខែមីនា ឆ្នាំ២០២៥នេះ ទូកនេសាទវៀតណាមយ៉ាងហោចណាស់ចំនួន ១០៦៦គ្រឿង បានចូលមកក្នុងដែនសមុទ្រកម្ពុជាយ៉ាងតិចម្ដង»។
ចលនាមាតាធម្មជាតិ ក៏បានទាមទារឱ្យស្ថាប័នពាក់ព័ន្ធបកស្រាយជុំវិញមន្ទិលថា តើការនេសាទនេះស្របច្បាប់ដែរឬទេ? បើសិនជាស្របច្បាប់តើរដ្ឋទទួលបានចំណូលប៉ុន្មាន តាមរយៈសួយសារពន្ធ និងចំណូលផ្សេងៗក្នុងមួយឆ្នាំៗ? ហើយប្រសិនជាមិនស្របច្បាប់ តើរដ្ឋមានវិធានការបែបណា?
បន្ថែមលើនេះ សកម្មជនចលនាមាតាធម្មជាតិ អ្នកស្រី ស៊ុន រដ្ឋា ប្រាប់VODនៅថ្ងៃទី២៦ ខែឧសភាថា វត្តមានទូកនេសាទទាំងនោះ កំពុងបង្កផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងសមុទ្រកម្ពុជាទ្រង់ទ្រាយធំ។
ប្រភពដដែល បញ្ជាក់ថា ទូកនេសាទទាំងនោះចេញពីកំពង់ផែកោះត្រល់ ឆ្លងដែនចូលសមុទ្រកម្ពុជាដោយផ្ទាល់ និងទូកនេសាទខ្លះទៀត ចេញពីដែនសមុទ្រអន្តរជាតិទើបចូលមកកម្ពុជា នៅក្នុងខេត្តព្រះសីហុន កំពត និងខេត្តកែប។
អ្នកស្រីថា៖ «ខណៈពេលដែលយើងកំពុងតែបាត់ធនធានធម្មជាតិហើយ យើងបាត់បង់ចំណូលចូលរដ្ឋទៀតដែលធ្វើឲ្យវៀតណាមបាននាំផលនេសាទហ្នឹង! ទៅសហរដ្ឋអាមេរិកទៅឲ្យបណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុប និង EU ហ្នឹងច្រើនមែនទែន នៅក្នុងមួយឆ្នាំៗ ខណៈពេលដែលផលនេសាទមួយផ្នែកនៃអាចំណូលរបស់វៀតណាម នោះគឺចេញមកពីប្រទេសកម្ពុជា ដូចគ្នាហើយតើហេតុអីបានជាប្រទេសកម្ពុជា អត់មានលទ្ធភាពនាំចេញខ្លួនឯង បែរជាឲ្យវៀតណាមចូលមកនេសាទដោយខុសច្បាប់អ៊ីចឹងទៅវិញ»។
បើតាមអ្នកស្រី ស៊ុនរដ្ឋា កន្លងទៅ កម្ពុជាបាននាំផលនេសាទពីសមុទ្រទៅសហគមន៍អឺរ៉ុបដែរ តែដោយសារកម្ពុជារំលោភលើលក្ខខណ្ឌសហគមន៍អឺរ៉ុប ដោយបាននេសាទខុសច្បាប់ គ្មានការរាយការណ៍ និងមានភាពមិនប្រក្រតី ទើបកម្ពុជាលែងជាដៃគូពាណិជ្ជកម្មជាមួយសហគមន៍អឺរ៉ុបតទៅទៀត តាំងពីឆ្នាំ២០១២មក។
ក្នុងន័យនេះ អ្នកស្រីបានជំរុញឱ្យកម្ពុជាចរចាជាមួយសហគមន៍អឺរ៉ុបឡើងវិញ ដើម្បីទទួលបានការអនុគ្រោះនាំចូលផលនេសាទពីសមុទ្រឡើងវិញ ជាជាងបើកដៃឱ្យទូកវៀតណាមច្បាមយកផលនេសាទពីធនធានសមុទ្រកម្ពុជាបែបនេះ។
VOD មិនអាចសុំការឆ្លើយតបពី រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្របានទេ។ រីឯអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មិនទទួលទូរសព្ទនៅថ្ងៃទី២៦ខែឧសភានេះ។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្រ្ទ យល់ថា ប្រទេសវៀតណាម ជាអ្នកលើកបន្តុប លោក ហ៊ុន សែន ឱ្យកាន់អំណាច ទើបបើកផ្លូវឱ្យវៀតណាមរំលោភបំពានលើបូរភាពទឹកដីកម្ពុជាទាំងដែនគោក និងសមុទ្របែបនេះ។
លោកថា៖ «វៀតណាមជាចៅហ្វាយរបស់ប្រទេសកម្ពុជា ទោះអាជ្ញាធរដែនដី ទោះកងពល ទាហ៊ាន ទប់ស្កាត់យ៉ាងណាក៏ដោយមិនអាចទប់ស្កាត់រារាំង! រារាំងយ៉ាងណាក៏ដោយ ក៏ត្រូវតែដោះលែងវិញហើយ ព្រោះគេបញ្ជាពីថ្នាក់លើមក ដោយសារវៀតណាមជាសម្ព័ន្ធមិត្តរបស់ថ្នាក់ដឹកនាំ ជាពិសេសជាមេរបស់ថ្នាក់ដឹកនាំកម្ពុជាទៀត។ ប៉ះពាល់ធំ ទី១គឺ ដែនដីរបស់យើង! ខ្មែរយើងអត់មានអធិបតេយ្យភាពត្រឹមត្រូវទេ គឺគេរំលោភឈ្លានពានស្រេចតែចិត្ត ធ្វើអីស្រេចតែចិត្តគ្មានញញើតទេ មានន័យថា គេមើលស្រាលប្រទេសកម្ពុជាយើង ហើយទី២ មិនតែតាមផ្លូវទឹកទេ តាមផ្លូវគោកក៏អ៊ីចឹងដែរ បណ្តោយឱ្យគេធ្វើស្រេចតែចិត្ត បើនៅបណ្តោយតែអ៊ីចឹងទៀត គឺប្រទេសខ្មែរយើងនឹងសាបរលាបកេរ្តិ៍ឈ្មោះ»។
កាលពីខែសីហា ឆ្នាំ២០២០ កម្មវិធីគម្រោងផ្តួចផ្តើមគំនិតអង្កេតលើស្ថានភាពយុទ្ធសាស្រ្តក្នុងតំបន់សមុទ្រចិនខាងត្បូង ហៅកាត់ថា SCSPI បានចេញរបាយការណ៍មួយ ស្តីពីទូកនេសាទខុសច្បាប់របស់វៀតណាម ចូលដល់ដែនសមុទ្រចិន និងដែនសមុទ្រនៃប្រទេសមួយចំនួនទៀត ក្នុងអាស៊ាន រួមមាន ដែនសមុទ្រម៉ាឡេស៊ី ដែនសមុទ្រឥណ្ឌូណេស៊ី និងដែនសមុទ្រកម្ពុជា។
តាមរយៈរបាយការណ៍របស់ខ្លួន SCSPI ដែលជាកម្មវិធីគម្រោងផ្នែកស្រាវជ្រាវ មានមូលដ្ឋានក្នុងសាកលវិទ្យាល័យមួយនៃទីក្រុងប៉េកាំង ប្រទេសចិន បានសរសេរថា គិតត្រឹមតែខែកក្កដា ឆ្នាំ២០២០ ទូកនេសាទវៀតណាម១០០គ្រឿង បានចូលមកដែនសមុទ្រកម្ពុជា។
SCSPI ចោទថា ទូកនេសាទវៀតណាមទាំងនោះ បានចូលទៅនេសាទដោយមិនបានរាយការណ៍ជាមុននិងគ្មានការអនុញ្ញាត៕