កម្មករជិត​​១ពាន់​នាក់​នៅ​រោង​​ចក្រ​មួយ​​ក្នុង​​​ខេត្ត​ស្វាយ​​រៀង​​តវ៉ា​​​​ទាម​ទារ​​លក្ខ​ខណ្ឌការ​ងារ​

កម្មករ-កម្មការិនីជិត ១០០០នាក់ ធ្វើការ​​​នៅ​​រោង​ចក្រ WP SPORTS​ ផលិត​​សម្ភារៈ​​កីឡា​ WP SPORTS​ (CAMBODIA) CO,.LTD ស្ថិ​ត​នៅភូ​មិ​​​ព្រៃ​តាអី ឃុំ​​ព្រៃ​​តាអី ស្រុក​​ស្វាយ​​ទាប ខេត្ត​ស្វាយ​​រៀង បាន​ផ្ទុះកា​រ​តវ៉ា​ទាម​ទារ​លក្ខ​ខណ្ឌ​​ការ​​ងារ​​មួយ​ចំនួន ក្រោយ​​ខាង​រោង​​ចក្រ​​បាន​​បញ្ឈប់​កម្មករ​​​ជា​​ច្រើន​នាក់ និង​មិនគោ​រព​លក្ខ​ខណ្ឌ​​ការ​​ងារ​។

ប្រធានសម្ព័ន្ធ​​សហជីពចល​នាកម្មករ លោក ប៉ាវ ស៊ីណា ឱ្យ​​ដឹ​ង​ថា កម្មករ​​រោង​​ចក្រ​ WP SPORTS ​បានប្រមូល​ផ្តុំធ្វើ​កូ​ដ​កម្ម​​ នៅ​​​ថ្ងៃ​​​ទី​​២៦ ខែ​ឧសភា ឆ្នាំ​​២០២៥​នេះ ដោយ​​ទាម​ទារ​​លក្ខ​ខណ្ឌ​​ការ​​ងារ​​ចំនួន ៣ចំណុច ក្នុង​នោះមា​ន ស្នើ​សុំឱ្យ​​ក្រុម​ហ៊ុន​ផ្តល់​ប្រាក់​ថ្លៃ​ទឹក​ដោះ​គោ​កូន, អនុញ្ញាត​ឱ្យ​ស្ត្រី​មាន​​មាន​ផ្ទៃ​ពោះ និងទើប​សម្រា​ល​កូន ចេញ​មុន​ម៉ោង​ការ​ងារ​ចំនួន​ ៣០​នាទី និង​​​​​ស្នើសុំ​ឱ្យ​ក្រុម​ហ៊ុន​រៀប​ចំ​ផ្គត់​ផ្គង់​ទឹក​ហូប​ឱ្យ​បាន​​គ្រប់​គ្រាន់។

លោក​​បន្ត​ថា៖ «កូដកម្មគឺ​ដោយ​សារតែ​ទី១ រោង​ចក្រ​ហ្នឹង គឺ​ពុំមានទឹក​ឱ្យ​កម្មករ​គ្រប់គ្រាន់ សម្រាប់​​ហូប​ចុក ហើយ​ទី​២ហ្នឹង​គឺ​​ការ​មិនអនុញ្ញាតឱ្យ​កម្មករដែល​ជា​ស្ត្រី​មានផ្ទៃពោះ​ហ្នឹង​​​ បានឈប់​​ចេញមុន ៣០នាទី ហើយ​​និង​ទី៣ គឺ​​រោង​ចក្រ​ពុំមាន​​ទារកដ្ឋានសម្រាប់ដាក់ក្មេង ដូច្នេះហើយកម្មករ​គាត់​ទាមទារ​ឱ្យ​​រោង​ចក្រ​ហ្នឹង ចេញថ្លៃទឹក​ដោះគោជំនួសកន្លែង​សម្រាប់​​​​​​ដាក់​​ក្មេង ហើយ​​ទី២ ទាម​ទារឱ្យស្ត្រីមានផ្ទៃ​ពោះហ្នឹង​ ចេញ​មុន៣០នាទី ហើយនិងទី​៣ហ្នឹង​គឺ​​​ផ្តល់ទឹកឱ្យកម្មករ​ហូប​ចុកឱ្យបានគ្រប់គ្រាន់ នេះជា​អ្វីដែលគាត់ទាមទារ»។

កម្មការិនីធ្វើការ​នៅ​​រោង​ចក្រ WP SPORTS​ ដែលសុំមិនបញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍ថា ការ​ដែលកម្មករ​នាំ​គ្នា​​​ធ្វើ​កូដ​កម្ម ដោយ​សារ​​​តែ​​ខាង​រោង​​ចក្រ​​បាន​បញ្ឈប់កម្មករ​ដោយគ្មានមូលហេតុ និងមាន​ការ​គាបសង្កត់ទៅលើកម្មករ ខណៈកម្មការិនីដែលមានផ្ទៃពោះ ខាងក្រុមហ៊ុនអនុញ្ញាតឱ្យចេញ​មុនម៉ោង​៥នាទី ដែល​មិន​ស្របទៅតាមច្បាប់ជាដើម​​។

អ្នកស្រីថា៖ «[ខាង​រោ​ងចក្រ​​]​គេរឹតបន្តឹង​យើង​ពេក​ ធ្វើ​​ការ​​ដូច​ថា​​ទើស​​ចិត្ត​​អីចឹង គេដ​ក​ភ្លាម​ៗ​អត់​មាន​ថា ធ្វើ​ព្រមាន​អី​លើក​ទី​២​ទី​បី​ទេ គឺ​​ដក​ភ្លាម​​ៗ​តែ​ម្តង​​តាម​​​​​តែ​​​ចិត្ត​​របស់​​គេ​​​តែ​ម្តង​ ដូច​អត់​មាន​ច្បាប់​​ទម្លាប់​អីផង​​រោង​​ចក្រ​​ហ្នឹង ដូច​ថា​​ ដើរ​​មើល​​​​កម្មករ​ធ្វើ​​អី​​រៀង​មិន​​ទំនង​​ចឹង​ ហើយ​វា​​មិន​​ទាន់​​មាន​​ស្អី​​សម្បូរ​​ធ្វើ​​ផង​​​ ការ​ងារក្នុង​ហ្នឹង​​​​អត់ទាន់​សម្បូរ​ទេ មាន​តិចៗ​ អ្នក​ណា​ធ្វើ​ដូច​មិនទំនង​​​ គេ​ដក​ភ្លាមៗ […] ខ្ញុំសំណូមពរ​ចង់​ឱ្យថៅកែ​​កែប្រែ​រឿង​ហ្នឹ​ង​ដែរ ដូចថាអ្នកណា​ខុសចឹង ព្រមានគេ​លើកទី​មួយ​​ទីពីរ​ចឹង​ទៅ​ មិន​ត្រូវ​ដាក់​គេបញ្ឈប់​តែ​ម្ត​ងទេ​ គេចេះកែប្រែដែរតើមនុស្ស ដូចថា​និយាយ​ទៅ​គេ​ស្តាប់​យើងបាន​តើ​»។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហានេះ ពីតំណាង​ខាង​ក្រុមហ៊ុន WP SPORTS​ បាន​ទេ​នៅថ្ងៃ​ទី​២៦ ខែ​ឧសភានេះ។​

ប្រធានមន្ទីរ​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ស្វាយ​រៀង លោក អ៊ូ សុខឿន មានប្រសាសន៍​​​​​​ថា មន្ត្រីមន្ទីរ​ការ​ងារ​​ខេត្ត​ បាននិង​កំពុង​សម្រប​សម្រួល​រកដំ​ណោះស្រា​យ​ជុំ​វិញ​​ប​ញ្ហា​​នេះ​​ហើយ តែ​​គិត​​មក​ដល់ម៉ោង​​ជិត​២​រសៀល​នេះ ភាគីទាំង២​នៅមិន​ទាន់ចរចា​​​សះជា​នៅឡើយ។

លោកថា៖ «កម្មករគាត់មានការ​តវ៉ា៣ចំណុច​ ដូចលើក​ឡើង​ខាង​លើ​នោះ​​ ហើយឥលូវ​មន្ត្រី​មន្ទីរ​​​កំពុង​ដំណើរ​កា​រ​​ផ្សះផ្សាតាម​នីតិវិធី តែ​​​មិន​ទាន់​​បាន​​លទ្ធ​ផល​សះជា​នៅឡើយ​​ទេ កំពុងបន្តធ្វើ​ការ​​ផ្សះ​ផ្សា​បន្ត​ទៀត»។

ចំណែក លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា ដែលតាមដានករណីនេះ​ដែរ មានប្រសាសន៍ថា បើតាម​សហជីពខ្លះលើកឡើងថា កម្មករ​ដែលតវ៉ានោះ ទាមទារលក្ខ​ខណ្ឌ​​​ការងារ​ចំនួន​​ ៣ចំណុច ខណៈ​សហជីពខ្លះថាកម្មករទាមទារ ៦ចំណុច ក្នុងនោះមានដូចជា ការ​ស្នើសុំឱ្យថៅកែទទួលយកកម្មការិនីចំនួន ៣០នាក់ ដែលខាង​រោង​ចក្រ​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើការ​វិញ ហើយនៅពេល​កម្មករចូលធ្វើការ​ថ្មី ត្រូវ​បង្រៀនជំនាញពួកគេ​បន្ថែម។

ក្រៅពីនោះ ពួកគេក៏បានស្នើ​ឱ្យ​ខាង​រោង​ចក្រអនុញ្ញាតឱ្យ​កម្មករ​​អាចធ្វើការ​ថែម​ម៉ោង​នៅ​ថ្ងៃ​បុណ្យ​ជាតិ​បាន ដោយ​​​កំណត់ការ​​បើកប្រាក់ឱ្យបានជាក់លាក់ ស្នើ​សុំ​ប្រាក់ថ្លៃសុខភាព៥ដុល្លារបន្ថែម ហើយ​សុំឱ្យ​មានការ​កាត់ពន្ធ​​លើ​ប្រាក់​បៀវត្ស​​សម្រាប់​កម្មករ​កម្មការិនី​ដែល​ទទួល​បាន​ប្រាក់​បៀវត្ស​ខ្ពស់ និង​​ស្កេន​មុខចេញចូល ៣ដងក្នុងមួយថ្ងៃ។

លោក​ស្រីបន្តថា ​ជាទូទៅ កម្មករ​មានសិទ្ធិទាមទារ​នូវ​លក្ខខណ្ឌ​ការ​ងារ ដោយកា​រដាក់សំណើរ​ទៅ​ខាងក្រុមហ៊ុន​ដើម្បី​ចរចាគ្នាជាមុន ហើយបើសិនជាខាងក្រុមហ៊ុន និង​ភាគីកម្មករ​មិនមានការ​ឯកភាព នោះកម្មករ​អាចដាក់សំណើរ​សុំ​ធ្វើកូដកម្មបាន។

តែយ៉ាងណា លោកស្រីថា ជាដំណោះស្រាយ ពុំមានអ្វីក្រៅពីភាគី​ទាំងពីរ​​យកបញ្ហា និង​សំណើរ​ទាំងនោះ​​ដាក់លើតុ ដើម្បី​ជជែកចរចាគ្នា​ដោយសន្តិវិធីនោះទេ។

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលជា​ទិវា​​​ពលកម្ម​អន្ត​រ​ជាតិ ក្រុមអង្គការសង្គមស៊ីវិល រួម​ទាំង​សមាគម​​ការ​ពារ​​សិទ្ធិ​មនុស្ស​​អាដ​​​ហុក បាន​​ផ្ញើ​​​សារឱ្យមាន​ការ​គោរ​ព​សិទ្ធិ​ការងារ​នៅ​កម្ពុជា ខណៈ​សិទ្ធិ​នេះ​​ជា​​មូល​​ដ្ឋាន​​​គ្រឹះ​​នៃ​​ការ​​គោរព​​​សិទ្ធិ​​មនុស្ស និង​​គោល​​ការណ៍​​ប្រជា​​ធិប​​តេយ្យ​ប្រកប​​ដោយ​​បរិយា​បន្ន និង​បាន​អំពាវ​នាវ​ឱ្យ​បញ្ឈប់​ការ​កេង​​ប្រវ័ញ្ច និង​​រើស​អើង​​នៅ​ក្នុងសហជីព​​។

ក្រុមអង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ ​បាន​​​សង្កត់​ធ្ងន់​​ថា ការ​​ខិត​ខំ​​ប្រឹង​​ប្រែង​​របស់​​កម្មករ ជំរុញ​ឱ្យ​មាន​​​ការ​រីក​ចម្រើន និង​លើក​​ទឹក​​​ចិត្ត ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ